ព័ត៌មានជាតិ
កម្ពុជាបើកការតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹក លើកទី១ ក្នុងប្រវត្តិសាស្រ្ត
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា ដោយនេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាអាចតភ្ជាប់ ដោយមិនកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅក្នុងកម្មវិធីនៃការតភ្ជាប់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍កោះនរាថ្មីរបស់ក្រុមហ៊ុន OCIC ។
គម្រោងនេះនឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន ២ ខ្សែប្រវែង ១.៦០០ម៉ែត្រ។

តាមការសិក្សាកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់។

ជុំវិញការងារនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរិះរកវិធីសាស្ត្រ បញ្ជៀសការកាត់ផ្តាច់សេវា ឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត នៅពេលអនុវត្តការតភ្ជាប់នេះ។ ជាលទ្ធផល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ក្នុងឱកាសនោះដែរ លោកឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។

ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា ដែលត្រូវការទឹកស្អាត បន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គម្រោងនេះក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល