ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប ដោយសម្ពាធពីអាមេរិក
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាឡេស៊ីគ្រោងនឹងរឹតបន្តឹងការគ្រប់គ្រងលើបន្ទះឈីប ក្រោមសម្ពាធពីសហរដ្ឋអាមេរិកដែលព្យាយាមរឹតត្បឹងចិនពីការប្រើប្រាស់បន្ទះឈីបរបស់ខ្លួន តាមមធ្យោបាយជាច្រើន រួមទាំងបិទការនាំចេញជាដើម។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Zafrul Aziz បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារឱ្យម៉ាឡេស៊ីតាមដានយ៉ាងដិតដល់នូវលំហូរនៃការផ្គត់ផ្គង់បន្ទះឈីបទំនើបរបស់ក្រុមហ៊ុនអាមេរិក Nvidia ក្រោយមានសេចក្ដីរាយការណ៍ថា ផលិតផលបច្ចេកវិទ្យាមួយចំនួនដែលប្រើបន្ទះឈីបប្រភេទនេះបានធ្លាក់ទៅដល់ដៃចិន ដែលអាចឱ្យចិនប្រើសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួន។
លោក Aziz បានប្រាប់ Financial Times ថា៖ «[សហរដ្ឋអាមេរិក] កំពុងស្នើសុំឱ្យយើងធ្វើឱ្យប្រាកដថា យើងត្រួតពិនិត្យរាល់ការដឹកជញ្ជូនចូលម៉ាឡេស៊ី ពេលវាពាក់ព័ន្ធនឹងបន្ទះឈីប Nvidia»។

គេមើលឃើញថា សេចក្ដីរាយការណ៍ពីបញ្ហានេះធ្វើឡើង ខណៈសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek បានប្រើបន្ទះឈីបអាមេរិកក្នុងម៉ូឌែល AI ដែលខ្លួនបានដាក់ចេញកាលពីខែមករា ហើយធ្វើឱ្យកក្រើកវិស័យ AI សកល ដែរឬអត់។
ការស៊ើបអង្កេតរបស់អាមេរិកធ្វើឡើងក្រោយ មានសេចក្ដីរាយការណ៍ថា សិង្ហបុរីបានបើកការស៊ើបអង្កេតលើលទ្ធភាពនៃការរត់ពន្ធតាមរយៈម៉ាឡេស៊ី នូវបន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិកចេញការរឹតត្បឹតបិទការនាំចេញទៅចិន។
ការស៊ើបអង្កេតរបស់សិង្ហបុរី ធ្វើឡើងលើម៉ាស៊ីនមេ (servers) ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា Dell Technologies Inc. និង Super Micro Computer Inc. ដែលអាចមានផ្ទុកបន្ទះឈីបរបស់ Nvidia និងត្រូវបាននាំចេញទៅម៉ាឡេស៊ី។ ការណ៍នេះកើតឡើង ក្រោយប៉ូលិសសិង្ហបុរីបានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញតួនាទីរបស់ពួកគេលើការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើការរឹតត្បឹតរបស់សហរដ្ឋអាមេរិក។ មនុស្សទាំងនោះ រកការចោទប្រកាន់ពីបទបំភាន់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃម៉ាស៊ីនមេ ដែលដឹកពីសិង្ហបុរីទៅម៉ាឡេស៊ី៕

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម