ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាពនៃការធ្លាក់ចុះតម្លៃប្រេងយូរ
ធនាគារកណ្តាលរបស់រុស្ស៊ីបានព្រមានអ្នកបង្កើតគោលនយោបាយរបស់វិមានក្រឹមឡាំង ថា សហរដ្ឋអាមេរិក និងអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) អាចមានសមត្ថភាពពន្លិចទីផ្សារនូវការផ្គត់ផ្គង់ប្រេងរបស់ពួកគេ ដែលអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះថោកក្នុងរយៈពេលយូរដូចនៅទសវត្សរ៍ឆ្នាំ ១៩៨០ ដែលរួមចំណែកដល់ការដួលរលំនៃសហភាពសូវៀត។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្ដាហ៍មុន។

ការព្រមាននេះ បានធ្វើឡើងនៅប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមពិភាក្សាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក ត្រាំ បានព្រមានថា លោកអាចដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាព ហើយបានសន្យាថានឹងបង្កើនផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យOPEC បង្កើនផលិតកម្មដូចគ្នា ដើម្បីជួយដល់សេដ្ឋកិច្ចពិភពលោក។
ធនាគារកណ្តាលរុស្ស៊ី ដែលឃ្លាំមើលហានិភ័យសេដ្ឋកិច្ចនៅក្នុងរបាយការណ៍សម្ងាត់យ៉ាងហោចណាស់ម្តងក្នុង ១ ឆ្នាំ មិនបានប្រាប់ទេ ថាតើនៅក្រោមសេណារីយ៉ូណាបែបណា ដែល OPEC និងសហរដ្ឋអាមេរិកអាចបង្កើនការផ្គត់ផ្គង់ប្រេងរហូតដល់ជន់លិចទីផ្សារ ហើយក៏មិនបានបញ្ជាក់ដែរ ថាតើហានិភ័យទាំងនោះស្ថិតនៅកម្រិតណា។
ក្នុងរបាយការណ៍លើកមុន ធនាគារដដែលបានលើកឡើងពីតម្លៃប្រេង ថាជាហានិភ័យមួយសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែមិនបានលម្អិតប្រាប់ថា តម្លៃប្រេងអាចធ្លាក់ចុះថោកក្នុងរយៈពេលអូសបន្លាយនោះទេ។

ដោយឡែកក្រសួងសេដ្ឋកិច្ចរុស្ស៊ីវិញ បានធ្វើបទបង្ហាញសម្រាប់កិច្ចប្រជុំមួយ ដោយលើកឡើងពីហានិភ័យផ្សេងទៀតចំពោះសេដ្ឋកិច្ច ដូចជាកម្សោយនៃសកម្មភាពវិនិយោគិន ការកើនឡើងថ្លៃដើមផលិតកម្ម និងបំណុលពិបាកទារជាដើម។
បច្ចុប្បន្ននេះ គេមិនឃើញមានសញ្ញាណាមួយដែលថា OPEC កំពុងរៀបចំផែនការផ្លាស់ប្តូរគោលនយោបាយផ្គត់ផ្គង់ ដោយបង្កើនផលិតកម្មប្រេងទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែខណៈសហរដ្ឋអាមេរិកអាចបង្កើនផលិតកម្ម ប្រទេសក្រៅ OPEC ផ្សេងទៀតដូចជា គុយយ៉ាន ប្រេស៊ីល និងកាហ្សាក់ស្ថាន អាចនឹងដើរក្នុងគន្លងដូចគ្នា។
សម្រាប់រុស្ស៊ី ប្រេង និងឧស្ម័ន បង្ហាញទាំងភាពខ្លាំង និងខ្សោយរបស់ប្រទេស ចាប់តាំងពីសូវៀតបានរកឃើញអាងអ៊ីដ្រូកាបូនដ៏សំខាន់នៅភាគខាងលិចស៊ីបេរី ក្រោយសង្រ្គាមលោកលើកទី២។ តម្លៃប្រេងខ្ពស់បានជួយឱ្យវិមានក្រឹមឡាំងជួយដល់សេដ្ឋកិច្ច និងផ្តល់មូលនិធិដល់យុទ្ធនាការនយោបាយនៅបរទេសជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ សេដ្ឋកិច្ចរុស្ស៊ីបានរងទុក្ខ ដែលនាំឱ្យមានផលវិបាកភូមិសាស្ត្រនយោបាយសំខាន់ៗ ដូចជាការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ជាដើម។

ការធ្លាក់ថ្លៃប្រេងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បានធ្វើឱ្យសហភាពសូវៀតមិនអាចប្រកួតប្រជែងផ្នែកសព្វាវុធជាមួយសហរដ្ឋអាមេរិក ដោយវារួមចំណែកដល់ការលំបាកផ្នែកហិរញ្ញវត្ថុ និងការដួលរលំ ដែលលោក ពូទីន ចាត់ទុកថាជា «សោកនាដកម្ម»។
បច្ចុប្បន្ន តម្លៃប្រេងអន្តរជាតិ កំពុងជួញដូរប្រហែល ៧០ ដុល្លារ/បារ៉ែល ដែលជាកម្រិតគ្រប់គ្រងបានសម្រាប់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះបានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ដែលទាក់ទងនឹងតម្លៃប្រេងទាបជាច្រើនដងរួចហើយ ចាប់តាំងពីឆ្នាំ ១៩៩១ មក រួមទាំងការគ្មានលទ្ធភាពសងបំណុលបរទេសនៅឆ្នាំ ១៩៩៨ នៅពេលតម្លៃបានធ្លាក់ចុះមកត្រឹម ១០ ដុល្លារ/បារ៉ែល។ ក្នុងឆ្នាំ ២០០៨ រុស្ស៊ីត្រូវប្រើទុនបម្រុងសារពើពន្ធរបស់ខ្លួនដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចខ្លួន បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី