Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ក្មេងជំនាន់ Gen Z មាន​ទំនោរវិនិយោគ​ពីក្មេង

បានផុស

នៅ

របាយការណ៍ស្ទង់មតិ​របស់អង្គការ​វេទិកាសេដ្ឋកិច្ចពិភព​លោក ដែលចេញ​ផ្សាយ​នៅថ្ងៃពុធនេះ បាន​បង្ហាញថា ក្មេង​ជំនាន់ Gen Z មានទំនោរ​លើការវិនិយោគពីក្មេង ធៀប​នឹង​ក្មេងកើតជំនាន់មុនៗ ដែល​នេះ​ឆ្លុះបញ្ចាំង​ធំពីការផ្លាស់ប្ដូរ​ប្រកបដោយនិរន្តរភាព ឆ្ពោះទៅរក​វិនិយោគិនវ័យក្មេងក្នុងលក្ខណៈជាបុគ្គល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ «អ្នកវិនិយោគជាបុគ្គលសកលឆ្នាំ ២០២៤» ដែល​ធ្វើការស្ទង់មតិទៅលើមនុស្សប្រមាណ ១៣ ០០០ នាក់ ពីប្រទេស​ចំនួន ១៣ បាន​បង្ហាញថា​ ៣០ ភាគរយ​ នៃក្មេងជំនាន់ Gen Z បានចាប់ផ្ដើមធ្វើការវិនិយោគពីក្មេងៗទៅ ធៀប​នឹង​ ១៥ ភាគរយ នៃក្មេងជំនាន់ Millennials, ៩ ភាគរយ នៃក្មេងជំនាន់ Gen X, និង ៦ ភាគរយ នៃក្មេង​ជំនាន់ Baby Boomers។

របាយការណ៍បន្តថា៖ «ពេល​ចូល​ធ្វើការ​​ ​៨៦ ភាគរយ នៃក្មេងជំនាន់ Gen Z បាន​សិក្សា​អំពី​ការវិនិយោគផ្ទាល់ខ្លួនរួច​ហើយ ធៀប​នឹង​ ៤៧ ភាគរយ នៃក្មេងជំនាន់ Boomers ដែល​នេះ​គូសបញ្ជាក់​ពីការផ្លាស់ប្តូរតាម​​ជំនាន់​នៃ​​ទម្លាប់ហិរញ្ញវត្ថុ»។

លើសពីនេះ របាយការណ៍ស្រាវជ្រាវសកលដដែល​ក៏បង្ហាញផងដែរ អំពីនិន្នាការ​រីកចម្រើន​នៃបច្ចេកវិទ្យា ក្មេងជំនាន់ក្រោយៗ ​កាន់តែបើកចំហចំពោះដំបូន្មានផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ​ដោយ ៤១ ភាគរយ​ នៃក្មេង​ជំនាន់​ Gen Z និង Millennials ​មាន​ទំនោរ​អនុញ្ញាតឱ្យ​ AI ជួយ​គ្រប់គ្រងការវិនិយោគរបស់ពួកគេ ខណៈ​មានតែ ១៤ ភាគរយ​ នៃក្មេងជំនាន់ Baby Boomers ប៉ុណ្ណោះដែល​ធ្វើដូចគ្នា​នេះ។​

គួរគូស​បញ្ជាក់ថា​ ក្មេងជំនាន់ Gen Z សំដៅលើក្មេងដែលកើតនៅចន្លោះពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០១០, ជំនាន់ Millennials គឺចន្លោះពី ១៩៨១-១៩៩៥, ជំនាន់ Gen X គឺចន្លោះពី ១៩៦៥-១៩៨០ និងជំនាន់ Baby Boomers គឺអ្នកដែល​កើត​ក្រោយ​សង្រ្គាមលោកលើកទី២ ដល់ឆ្នាំ ១៩៦៤។

ប្រធានទីផ្សារហិរញ្ញវត្ថុ និងភាពធន់របស់​វេទិកាសេដ្ឋកិច្ចពិភពលោក លោកស្រី Natalya Guseva ​បាននិយាយថា៖ «មនុស្សជំនាន់ក្រោយៗ និងបុគ្គល​នៅប្រទេស​មាន​ទីផ្សារកំពុងរីកចម្រើន ចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ​​លើ​ការវិនិយោគដើម្បីបង្កើតទ្រព្យសម្បត្តិ និងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ»។

លោក​ស្រី​បាន​បន្តថា​៖ «ដោយសារការផ្លាស់ប្តូរជានិរន្តរភាពនៃប្រជាសាស្រ្ត​វិនិយោគ វាគឺជារឿងសំខាន់សម្រាប់អ្នកដឹកនាំ​ក្នុងការ​វាយតម្លៃឡើងវិញនូវទិដ្ឋភាពនៃការវិនិយោគ​ជាលក្ខណៈបុគ្គល និងធានាថាអ្នកវិនិយោគម្នាក់ៗ​ទទួល​បាន​ការអប់រំហិរញ្ញវត្ថុត្រឹមត្រូវ និង​មាន​ឧបករណ៍វិនិយោគដែលគាំទ្រដល់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ​»។

ការណ៍គួរ​ឱ្យ​កត់​សម្គាល់នោះគឺថា​ អ្នក​វិនិយោគិន​ជាលក្ខណៈបុគ្គល​កាន់តែយល់ថា​ ការវិនិយោគលើ​គ្រីបតូ គឺងាយស្រួលយល់ ជាង​​ការវិនិយោគបែបប្រពៃណីដូចជា ETFs ​មូលនិធិសង្គហៈ មូលបត្របំណុល និងភាគហ៊ុនជាដើម​។ នេះបើតាម​ការស្ទង់មតិនៃរបាយការណ៍ដដែលរបស់​វេទិកាសេដ្ឋកិច្ចពិភព​លោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម