Connect with us

ព័ត៌មានអន្ដរជាតិ

ការរញ្ជួយដី​ បង្កើន​ការ​គំរាមកំហែងដល់ទេសចរណ៍​ថៃ

បានផុស

នៅ

ក្រុម​អ្នកជំនាញបាន​​លើកឡើង​ថា​ គ្រោះរញ្ជួយដី ៧,៧ រុិចទ័រ ដែល​វាយ​ប្រហារ​ប្រទេស​​មីយ៉ាន់ម៉ា​ ហើយ​បណ្ដាល​ឱ្យ​មាន​រលករំញ័រដល់ក្រុងបាងកក​នៃប្រទេស​ថៃ កាលពីថ្ងៃសុក្រនោះ នឹង​បង្កើន​ការគំរាមកំហែងថ្មី​ដល់​វិស័យ​ទេសចរណ៍របស់​ថៃ។ នេះបើតាម​ការចុះ​ផ្សាយរបស់​​សារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងក្ដីបារម្ភ​បែប​នេះ សមាគមសណ្ឋាគារថៃបាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ​រំពឹងថានឹងធ្លាក់ចុះពី ១០-១៥ ភាគរយ ឬ​ច្រើន​ជាង​នេះ ក្នុងរយៈពេល​ ២ សប្ដាហ៍ខាង​មុខ​ ​ខណៈ​​ឥទ្ធិពល​នៃ​ការរញ្ជួយ​លើ​ទីក្រុង​បាងកក និង​កន្លែងទេសចរណ៍ផ្សេងៗទៀត បង្កើន​ក្ដីបារម្ភ​ផ្នែក​សុវត្ថិភាព​ និង​មនោសសញ្ចេតនារបស់​ភ្ញៀវទេសចរ។ ​

ប្រធានសមាគម លោក Thienprasit Chaiyapatranun បាននិយាយថា ប្រហែល ១០ ភាគរយ​ នៃភ្ញៀវ​ទេសចរបរទេស បាន​​ចេញ​ពីសណ្ឋាគារភ្លាមៗបន្ទាប់ពីការរញ្ជួយដី។ យ៉ាងណាមិញ លោក​និយាយថា​ ​​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ក្រោយ​មក​ បាន​ត្រឡប់​មកវិញ​ ដោយសារតែគ្មាន​ជម្រើសផ្សេងទៀត​។

លោក​បន្តថា​ ផលប៉ះពាល់រយៈពេល​ខ្លី​សម្រាប់វិស័យទេសចរណ៍ថៃនោះ បណ្ដាល​មក​ពីក្ដីបារម្ភសុវត្ថិភាព​ ហើយ​នឹង​ប៉ះពាល់ដល់​សេដ្ឋកិច្ចទេសចរណ៍របស់​ថៃ ជា​ពិសេស​វិស័យការងារ។

គួរគូស​បញ្ជាក់ថា​ គ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ (២៨ មីនា) បាន​សម្លាប់មនុស្ស​ប្រមាណជិត ៣ ០០០ នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ​និង​ប្រមាណ ១០ នាក់ នៅក្នុងប្រទេស​ថៃដោយសារការបាក់រលំអាគារកម្ពស់ ៣០ ជាន់ ដែល​គេ​កំពុងសាងសង់​ ខណៈមនុស្ស​​រាប់ពាន់​នាក់​បាន​បាត់ខ្លួន ​ភាគច្រើន​នៅមីយ៉ាន់ម៉ា​ ឬ​មិនទាន់ជួយសង្រ្គោះពីក្នុងគំនរបាក់បែក។

ភាពចលាចល​ក្នុងទីក្រុង​បាងកក ក្រោយ​ការរញ្ជួយដីនៅថ្ងៃសុក្រ

ក្រោយ​ហេតុការណ៍នេះ​កើតឡើង អាជ្ញាធរ​ថៃ​បាន​ធានា​ដល់​ភ្ញៀវ​ទេសចរ​បរទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ដោយបន្ថែមថា រដ្ឋាភិបាលបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យ​សុវត្ថិភាពនៃសណ្ឋាគារ និងតំបន់ទេសចរណ៍សំខាន់ៗ។

គួររំឭកថា​ អ្នកជំនាញថៃ​បាន​ព្រួយបារម្ភខ្លាំង​រួច​ម្ដង​ហើយកាលពីដើមឆ្នាំនេះ នៅពេល​ភ្ញៀវទេសចរចិន​ជាច្រើន​លុបចោលដំណើរកំសាន្តរបស់​ខ្លួន​ក្នុងប្រទេស​នេះ ជុំវិញ​ករណី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្សទៅមីយ៉ាន់ម៉ាដោយ​ប្រើប្រាស់ថៃ​ជា​ច្រក​ផ្លូវ ពាក់ព័ន្ធ​នឹង​ករណីចាប់ខ្លួន​តួសម្ដែង​ និងម៉ូដែលចិន​។ ក្រោយ​ការណ៍នេះ​ អាជ្ញាធរ​ថៃបាន​បើក​ការបង្រ្កាប​ទ្រង់ទ្រាយធំលើកន្លែង​បោកប្រាស់អនឡាញ​តាមបណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ និងបាន​កាត់បន្ថយ​ចំនួន​ថ្ងៃ​នៃការ​ចូលមក​ប្រទេស​ថៃ​ដោយ​គ្មាន​ទិដ្ឋាការជាដើម។

លោក Thienprasit ​បាន​និយាយថា​ ការ​កក់​សណ្ឋាគារ​ក្នុង​អំឡុង​ពេល​ពិធីសង្រ្កាន្តថៃ​​នៅ​ខែ​ក្រោយ​ ​ក៏ស្ថិត​នៅក្នុងស្ថានភាព​មិន​ល្អ​ទេ​បើ​ធៀប​នឹង ២ ​ឆ្នាំ​មុន ហើយ​ការ​ព្រួយ​បារម្ភ​សុវត្ថិភាព​ក្រោយ​រញ្ជួយ​ដី​អាច​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ភ្ញៀវ​បរទេស​ថែម​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម