Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតកង់រថយន្តនៅស្វាយរៀង បោះទុន​វិនិយោគ $១១០លាន បង្កើតរោងចក្រមួយទៀតនៅខេត្តកំពត

បានផុស

នៅ

ក្រុមហ៊ុនផលិតកង់រថយន្ត Sailun បានបោះទុនវិនិយោគនូវទំហំទឹកប្រាក់ចំនួន ១១០ លានដុល្លារ បង្កើតរោងចក្រគ្រឿង​បង្គុំ​នៅក្នុងវិស័យសំបកកង់រថយន្ត នៅក្នុងខេត្តកំពត ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ពេលនេះ ក្រុមហ៊ុន Sailun បានបោះទុនវិនិយោគជាង ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ នៅខេត្តស្វាយរៀងនៅលើទំហំផ្ទៃដីជាង ១២០ ហិកតា។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជា បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ លោក​​ថា កន្លងមកកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារនាំចេញ ប៉ុន្តែបច្ចុប្បន្នវត្តមាន​រោង​ចក្រ​ផលិត​​សំបកកង់រថយន្តកាន់តែច្រើន នឹងធ្វើឱ្យតម្លៃទីផ្សារជ័រកៅស៊ូកម្ពុជា​មានភាពល្អប្រ​សើរ។

លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបាន​ប្រើ​ប្រាស់​កៅស៊ូក្នុង​ស្រុក​រហូត​ដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺន​តោន​​នៅ​ឆ្នាំ ២០២៥ សម្រាប់​លក់ក្នុងស្រុក និងនាំចេញ»។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣​ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។

សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម