Connect with us

ព័ត៌មានអន្ដរជាតិ

អ្វីទៅ ជា «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ឬ​ Reciprocal Tariff របស់ ត្រាំ?

បានផុស

នៅ

ក្នុងជំហានដើម្បីបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មពិភពលោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធទ្រង់ទ្រាយធំ លើប្រទេស និងតំបន់ចំនួន ១៨០ នៅជុំវិញ​ពិភពលោក ដោយ​លើសពីចិន កាណាដា និងម៉ិកស៊ិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្ធនោះមាន​ឈ្មោះថា «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ឬ​ Reciprocal Tariff ដោយ​កំណត់ដាក់លើប្រទេស ឬតំបន់ដទៃ សូម្បីតែកូនកោះគ្មានមនុស្សរស់នៅ ឬប្រទេសកោះមាន​មនុស្សរស់នៅតិចតួច ក៏ដូចជា​ប្រទេសដែលដុនដាបដោយសង្រ្គាមដូចជា​មីយ៉ាន់ម៉ា និងអ៊ុយក្រែន​ ជាដើម។ សម្ព័ន្ធមិត្តទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដូចជាសហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន ក៏មិនត្រូវបានលើកលែងដែរ។

ពន្ធនេះ​ ត្រូវបាន​ដាក់ក្នុងអត្រារៀងៗខ្លួន ជាមួយ​នឹង​អត្រាមូលដ្ឋាន ១០ ភាគរយ លើគ្រប់មុខទំនិញនាំចូលសហរដ្ឋអាមេរិក​​ និងខ្ពស់បំផុតរហូតដល់ ៥០ ភាគរយ (លើប្រទេស​ឡេសូថូ នៅអាហ្រ្វិក) ៤៩ ភាគរយ (លើកម្ពុជា) និង ៤៨ ភាគរយ (លើឡាវ) ជាដើម​។

១. តើអ្វីជាពន្ធឆ្លើយតបឱ្យស្មើគ្នា?

ពន្ធឆ្លើយតបឱ្យស្មើគ្នា សំដៅលើពន្ធដែលសហរដ្ឋអាមេរិក​ដាក់​លើប្រទេសដទៃ ក្នុងអត្រាដែល​ប្រទេស​ដទៃដាក់មកលើខ្លួន​។ យ៉ាងណាមិញ​ អត្រាពន្ធ ដែលលោក ត្រាំ បាន​ប្រកាសឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកម្ពុជា) ត្រូវបាន​បន្ធូរបន្ថយមួយភាគធំ ក្នុងអ្វីដែលលោកហៅថា «ពន្ធ​សប្បុរស» ព្រោះវានៅតែទាបជាងអត្រាពន្ធ ឬរបាំងពាណិជ្ជកម្ម ដែលប្រទេសដទៃដាក់លើទំនិញអាមេរិក។

លោក ត្រាំ បាន​ទទូចម្ដងហើយម្ដងទៀតថា អាមេរិក​បាន​រងនូវភាពអយុត្តិធម៌នៅលើពាណិជ្ជកម្មសេរីរបស់ពិភពលោក ដោយ​ប្រទេសជាច្រើនមិនសូវនាំចូលទំនិញអាមេរិក ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មជាមួយអាមេរិករាប់ពាន់លានដុល្លារ។

​លោក​ ត្រាំ ថា លោក​ដាក់ពន្ធនេះឡើង ដើម្បី​កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក​ ហើយជំរុញមកវិញ​នូវផលិតកម្មក្នុងស្រុក តាមរយៈបង្កើនការវិនិយោគពីបរទេស និងបង្កើតការងារ ដែលជួយលើកកំណើនសេដ្ឋកិច្ចជាតិ​។ របាំងពាណិជ្ជកម្មផ្សេងៗលើទំនិញអាមេរិក ក៏ដូចជា​គោលនយោបាយអត្រាការប្រាក់របស់ប្រទេសដទៃដើម្បីជំរុញការនាំចេញរបស់ប្រទេសពួកគេ ក៏ជា​កត្តាបន្ទាប់បន្សំ ដែល​មន្រ្តី រដ្ឋបាល ត្រាំ បាន​លើកឡើងនាពេលកន្លងមកផងដែរ។

បើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាល ត្រាំ ពន្ធឆ្លើយតបឱ្យស្មើភាពគ្នាមូលដ្ឋាន ១០ ភាគរយ នឹង​ចូលជាធរមាននៅថ្ងៃសៅរ៍ ទី ៥ ​មេសា នេះ ខណៈអត្រាខ្ពស់ជាងនេះ​ នឹងចូលជាធរមាននៅថ្ងៃពុធ ទី ៩ មេសា។

ពន្ធថ្មីដដែល គឺបន្ថែមពីលើពន្ធដែលមានស្រាប់ ក៏ដូចជាពន្ធផ្សេងៗទៀត ដែលមេដឹកនាំអាមេរិក​ដដែល​បាន​ប្រកាសក្រោយ​ឡើងកាន់អំណាចនៅអាណត្តិទី ២ កាលពីខែមករា រួមមាន​ពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត និងគ្រឿងបន្លាស់នាំចូល។

២. តើវាជះឥទ្ធិពលបែប​ណា​ដល់សេដ្ឋកិច្ចពិភព​លោក?

ខណៈ ត្រាំ និងមន្រ្តីរដ្ឋបាល​ ត្រាំ ខ្លួនឯងផ្ទាល់ច្រានចោលការណ៍ដែលថា វិធានការពន្ធរបស់ខ្លួនអាច​ធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក​ធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋវិទូនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក​ផ្ទាល់ បាន​ព្រមាន​ថា​ វិធានការពន្ធនឹង​បង្កើន​សម្ពាធ​អតិផរណា ដោយ​នឹង​បង្កើនតម្លៃគ្រប់មុខទំនិញ​សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក ស្របពេលដែល​បង្កើតភាពមិនប្រាកដប្រជាសេដ្ឋកិច្ចផ្សេងៗទៀត។

ក្នុងមាត្រដ្ឋានធំវិញ អ្នកជំនាញសេដ្ឋកិច្ចបាន​លើកឡើងថា ពន្ធថ្មីនឹង​បង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មសកល ដោយ​នឹង​ទម្លាក់ទំហំ​ពាណិជ្ជកម្ម ហើយជះឥទ្ធិពលដោយផ្ទាល់លើ​កំណើនសេដ្ឋកិច្ចពិភព ឬ​ក៏អាចឈាន​ដល់វិបត្តិសេដ្ឋកិច្ចផង ក៏មាន​។ បើមើលពីបញ្ជីពន្ធ​របស់ ត្រាំ ប្រទេសកំពុងអភិវឌ្ឍ ឬ​ប្រទេស​មាន​ទីផ្សារកំពុងរីកចម្រើន ទាំងតូច និងធំ​ ដែល​ពឹង​ផ្អែកខ្លាំងលើ​ការនាំចេញ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុទ្ធតែជាប់ពន្ធ​អាមេរិក ក្នុងអត្រាខ្ពស់។

ការដាក់ពន្ធខ្ពស់ មាន​ន័យថា​ នឹង​បន្ថយ​ការប្រកួតប្រជែងនៃ​ទំនិញរបស់ប្រទេស​​ទាំងនោះក្នុងស្រុកអាមេរិក ដែល​នឹង​ធ្វើឱ្យ​ការលក់ ឬ​ការនាំចេញ​ចុះខ្សោយ ប៉ះពាល់ដល់ដំណើរការផលិតកម្ម កាត់បន្ថយការងារ ហើយ​ទម្លាក់កំណើនសេដ្ឋកិច្ចទាំងមូលជាដើម។

ក្នុងសេណារីយ៉ូដ៏អាក្រក់មួយ​ នោះគឺប្រទេសដទៃបង្កើនរបាំងពាណិជ្ជកម្មដើម្បីឆ្លើយតបនឹង​ពន្ធរបស់ លោក ត្រាំ ផ្ទាល់ ឬក៏ដើម្បីទប់ស្កាត់ទំនិញ​ដែល​ស្វែងរកទីផ្សារជំនួសអាមេរិក ដែល​នឹង​ប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មសេរីរបស់​ពិភព​លោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម