ព័ត៌មានអន្ដរជាតិ
រញ្ជួយដីបង្កើនបញ្ហាសម្រាប់ការផ្គត់ផ្គង់ខុនដូលើសតម្រូវការនៅក្រុងបាងកក
ការផ្គត់ផ្គង់លើសតម្រូវការនៃខុនដូរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ក្រោយគ្រោះរញ្ជួយដី ៧,៧ រុិចទ័រ វាយប្រហារមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយនឹងរលករំញ័រដល់ក្រុងបាងកក ដែលបង្កផលប៉ះពាល់ដល់សំណង់អាគាររាប់ពាន់ រួមទាំងអាគារខ្ពស់ៗ ក្នុងរាជធានីរបស់ប្រទេសថៃមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ការរញ្ជួយបានសម្លាប់មនុស្សជិត ២ ៩០០ នាក់ នៅមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃពុធនេះ និងបង្កការបាក់រលំអាគារកម្ពស់ ៣០ ជាន់កំពុងសាងសង់នៅទីក្រុងបាងកក ដោយសម្លាប់មនុស្សជាង ១០ នាក់ និងរាប់សិបនាក់ ជាប់ក្នុងគំនរបាក់បែក ដោយមិនដឹងជាស្លាប់ ឬរស់។ ហេតុការណ៍ដដែលធ្វើឱ្យអាគារនៅក្រុងបាងកកយោគយោល និងបង្កើតស្នាមប្រេះនៅតាមបណ្ដាអាគារជាច្រើនទូទាំងរាជធានី។ នេះមានឥទ្ធិពលដោយផ្ទាល់លើទំនុកចិត្តរបស់អ្នកទិញអចលនទ្រព្យ ជាពិសេសខុនដូ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ រួមទាំងក្រុមហ៊ុន Colliers Thailand បានព្រមានថា ការធ្លាក់ទំនុកចិត្តរបស់អ្នកទិញ នឹងប៉ះពាល់ដល់ការលក់ខុនដូក្នុងរយៈពេលខ្លី ដោយធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការតាមតំបន់មួយចំនួននៃក្រុងបាងកក ក៏ដូចជាជាយក្រុងនេះ កាន់តែអាក្រក់ទៅៗ។
នាយកស្រាវជ្រាវ និងទំនាក់ទំនងនៃក្រុមហ៊ុន Colliers Thailand លោក Phattarachai Taweewong បាននិយាយថា៖ «ការរញ្ជួយដីបង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់វិស័យខុនដូរបស់ទីក្រុងបាងកក ជាពិសេសនៅពេលដែលទីផ្សាររបស់វិស័យនេះ កំពុងទទួលបន្ទុកលក់មិនចេញច្រើន រួចស្រេចទៅហើយ»។

សមាគមខុនដូថៃ បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ក្រុងបាងកកធំ មានលំនៅឋានប្រហែល ២៣៥ ០០០ យូនីត ដែលមិនទាន់បានលក់ចេញ គិតត្រឹមចុងឆ្នាំមុន និងជាចំនួនច្រើនបំផុត រាប់តាំងពីទិន្នន័យបែបនេះចាប់ផ្ដើមប្រមូលដំបូងក្នុងឆ្នាំ ២០១៨។ ការលក់វិញ បានធ្លាក់ចុះ ៣៧ ភាគរយ មកនៅប្រហែល ៥៣ ០០០ យូនីត ក្នុងឆ្នាំ ២០២៤។
នាយកផ្នែកលក់នៅវេទិកាអចលនទ្រព្យ PropertyScout លោក Pierre Lung បាននិយាយថា៖ «យើងបានឃើញអ្នកទិញខុនដូមួយចំនួន ផ្អាកការស្វែងរករបស់ពួកគេជាបណ្តោះអាសន្ន។ អ្នកទិញមួយចំនួន ឥឡូវមានការស្ទាក់ស្ទើរពេលនិយាយអំពីអគារខ្ពស់ៗ ជាពិសេសគម្រោងថ្មីៗ»។
គួរគូសបញ្ជាក់ថា វិស័យអចលនទ្រព្យថៃ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ខណៈយុទ្ធសាស្រ្តលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការបន្ធូរបន្ថយពន្ធ ដើម្បីជំរុញវិស័យនេះរបស់ថៃ បានបរាជ័យក្នុងការបង្កើនសន្ទុះឡើងវិញ។

ក្រុមហ៊ុន Kiatnakin Phatra Securities បាននិយាយថា ការរញ្ជួយដីទំនងជាកាត់បន្ថយតម្រូវការខុនដូរយៈពេលពី ៣-៦ ខែ តទៅ។ ខុនដូខ្ពស់ៗ នឹងត្រូវប្រឈមមុខនឹងការចំណាយលើការត្រួតពិនិត្យ និងជួសជុលបន្ថែម ជាពិសេសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដូចជា Ananda Development និង Origin Property ដែលផ្តោតខ្លាំងលើការសាងសង់ខុនដូ។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមខុនដូមើលឃើញថា ផលប៉ះពាល់ណាមួយពីការរញ្ជួយដីលើតម្រូវការខុនដូ អាចមានរយៈពេលខ្លីដោយសារតែគ្មានការខូចខាតគ្រោងរចនាសម្ព័ន្ធអាគារខុនដូ ឬស្លាប់មនុស្សនោះទេ ខណៈមានសេចក្ដីរាយការណ៍ពីស្នាមប្រេះអាគារនានាជាច្រើនកន្លែង។
កាលពីថ្ងៃអាទិត្យ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានអំពាវនាវដល់ម្ចាស់អគារប្រមាណ ១១ ០០០ កន្លែងទូទាំងក្រុង ឱ្យវាយតម្លៃសុវត្ថិភាពរបស់ខ្លួនក្រោយគ្រោះរញ្ជួយដី ដោយសង្កត់ធ្ងន់ថា សំណើនេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរត្រួតពិនិត្យ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក