ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថៃ៖ ពន្ធ ៣៦ ភាគរយ របស់ ត្រាំ មិនប៉ះពាល់ GDP ថៃ ទេ
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា នាថ្ងៃព្រហស្បតិ៍នេះ បានផ្ដល់ការធានាថាកុំឱ្យមានក្ដីបារម្ភចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា អត្រាពន្ធ ៣៦ ភាគរយ លើទំនិញនាំចូលពីប្រទេសថៃ មិនប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ខណៈរដ្ឋាភិបាលបានចេញវិធានការដោះស្រាយរួចហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

អ្នកស្រី ផែតងតាន បានអះអាងប្រាប់អ្នកសារព័ត៌មានថា ដំណោះស្រាយទាំងនោះ រួមមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធពន្ធលើទំនិញនាំចូល និងការបង្កើតក្រុមចរចាជាមួយរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលប្រកបដោយទំនុកចិត្ត និងអាចពាំនាំមកនូវផលវិជ្ជមានសម្រាប់ប្រទេសថៃ។
នាយករដ្ឋមន្រ្តីដដែលបានថ្លែងបន្ថែមយ៉ាងដូច្នេះថា៖ «យើងនឹងមិនធ្វើឱ្យ GDP ខកគោលដៅនោះទេ។ យើងមានផែនការរឹងមាំ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីបានកត់សម្គាល់ថា ពន្ធខ្ពស់អាចធ្វើឱ្យថៃស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ដូច្នេះ ទាំងផែនការរយៈពេលខ្លី និងរយៈពេលវែង កំពុងត្រូវបានរៀបចំឡើង។ អ្នកស្រីនាយករដ្ឋមន្រ្តីដដែលបញ្ជាក់ថា សម្រាប់រយៈពេលខ្លី ការចរចានឹងផ្តោតលើការជួយអ្នកនាំចេញ និងកាត់បន្ថយផលប៉ះពាល់ ហើយបច្ចុប្បន្នក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មថៃ កំពុងធ្វើការលើបញ្ហានេះ។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក ដែលចេញផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ដូចគ្នា អ្នកស្រី ផែតងតាន បានលើកឡើងថា៖ «រដ្ឋាភិបាលថៃទទួលស្គាល់ និងយល់ពីភាពចាំបាច់សម្រាប់សហរដ្ឋអាមេរិកក្នុងការដោះស្រាយអតុល្យភាពពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មជាច្រើនរបស់ខ្លួន តាមរយៈគោលនយោបាយពាណិជ្ជកម្ម និងពន្ធឆ្លើយតបឱ្យស្មើគ្នា»។ អ្នកស្រីបានបន្តថា៖ «វិធានការទាំងនេះ បានជះឥទ្ធិពលដល់ដៃគូពាណិជ្ជកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ហើយវិធីសាស្រ្តរបស់ប្រធានាធិបតី ត្រាំ បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីរដ្ឋបាលមុនៗ»។

សេចក្ដីថ្លែងការណ៍ដដែលរបស់អ្នកស្រី ផែតងតាន បានបន្តថា ពន្ធរបស់រដ្ឋបាល ត្រាំ នឹងជះឥទ្ធិពលដោយជៀសមិនរួចដល់ដៃគូពាណិជ្ជកម្មទាំងអស់ ជាពិសេសលើអំណាចទិញរបស់អ្នកប្រើប្រាស់នៅអាមេរិក ដែលអាចប្រឈមនឹងកំណើនតម្លៃទំនិញខ្លាំង និងយ៉ាងឆាប់រហ័ស។ អ្នកស្រីបានបន្តថា៖ «អ្នកនាំចេញរបស់ថៃ គួរតែស្វែងរកទីផ្សារសក្តានុពលថ្មី ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើទីផ្សារតែមួយ។ រដ្ឋាភិបាលថៃទទួលស្គាល់សារៈសំខាន់នៃបញ្ហានេះ ហើយបានរៀបចំវិធានការដើម្បីជួយ និងកាត់បន្ថយផលប៉ះពាល់លើអ្នកនាំចេញថៃ ដែលមានទីផ្សារសហរដ្ឋអាមេរិកចម្បង»។
គួរគូសបញ្ជាក់ថា ពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ ត្រាំ កំណត់គោលដៅលើប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងពិភពលោក រួមទាំងថៃ។ ពន្ធមូលដ្ឋាន ដែលមានអត្រាត្រឹម ១០ ភាគរយ នឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ខណៈពន្ធដែលខ្ពស់ជាងនេះលើប្រទេសផ្សេង នឹងចូលជាធរមាននៅថ្ងៃពុធសប្ដាហ៍ក្រោយ។
លោក ត្រាំ បានអះអាងថា កន្លងមក បណ្ដាប្រទេសនានាបានដាក់ពន្ធលើទំនិញអាមេរិកខ្ពស់ជាងអត្រាពន្ធដែលអាមេរិកដាក់លើពួកគេ ដែលជាផ្នែកមួយបង្កឱនភាពពាណិជ្ជកម្មអាមេរិកខ្ពស់។ ឆ្នាំមុន រដ្ឋាភិបាលថៃកត់ត្រាពីអតិរេកពាណិជ្ជកម្ម ៣៥,៤ ប៊ីលានដុល្លារ ប៉ុន្តែរដ្ឋបាល ត្រាំ ដាក់តួលេខនេះដល់ ៤៥ ប៊ីលានដុល្លារ។
បើតាមការអះអាងរបស់រដ្ឋបាល ត្រាំ ថៃបានដាក់ពន្ធលើទំនិញអាមេរិកជាមធ្យម ៧២ ភាគរយ។ ប៉ុន្តែអ្នកស្រី ផងតងតាន ថា ជាក់ស្ដែងពន្ធថៃមានត្រឹមតែ ៩ ភាគរយ ប៉ុណ្ណោះជាមធ្យម ហើយថា តួលេខរបស់រដ្ឋបាល ត្រាំ គឺផ្អែកលើវិធីសាស្រ្តគណនារបស់រដ្ឋបាល៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល