ព័ត៌មានអន្ដរជាតិ
EU គ្រោងបង្កើនវិធានការវាយបក ទៅនឹងពន្ធចុងក្រោយរបស់ ត្រាំ
ក្នុងសេចក្ដីសេចក្ដីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រកាសថា សហភាពអឺរ៉ុប (EU) នឹងចាត់វិធានការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក។

ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស «ពន្ធឆ្លើយតបឱ្យស្មើគ្នា» លើប្រទេសជាច្រើនជុំវិញពិពភលោក រួមទាំង EU ដោយដំឡើងពន្ធ ២០ ភាគរយ លើប្លុកមួយនេះ ជាថ្នូរនឹងការណ៍ដែលប្លុកដាក់ពន្ធ ៣៩ ភាគរយ លើទំនិញអាមេរិក នាពេលកន្លងមក។
លោកស្រី វ៉ុនឌែរ ឡេយែន បានថ្លែងយ៉ាងដូច្នេះថា៖ «តាំងពីដើមដំបូងមក យើងតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីដកចេញនូវឧបសគ្គដែលនៅសេសសល់ចំពោះពាណិជ្ជកម្មអន្តរអាត្លង់ទិក»។ ក្នុងពេលជាមួយគ្នានេះ លោកស្រីបន្តថា៖ «យើងត្រៀមក្នុងការឆ្លើយតប។ យើងកំពុងបញ្ចប់កញ្ចប់ដំបូងនៃវិធានការតបតរួចហើយ ដើម្បីឆ្លើយតបនឹងពន្ធលើដែកថែប។ ហើយឥឡូវនេះ យើងកំពុងរៀបចំសម្រាប់វិធានការតបតបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ និងអាជីវកម្មរបស់យើង ប្រសិនបើការចរចាបរាជ័យ»។

បន្ថែមពីលើនេះ លោកស្រី វ៉ុនឌែរ ឡេយែន ហៅចំណាត់ការរបស់ ត្រាំ ថាជាផលប៉ះពាល់ដ៏ធំសម្រាប់សេដ្ឋកិច្ចសកល ហើយបន្តយ៉ាងដូច្នេះថា៖ «ភាពមិនប្រាកដប្រជានឹងកាន់តែអាក្រក់ទៅៗ ហើយបង្កកំណើននៃវិធានការការពារនិយម។ ផលវិបាក នឹងធ្ងន់ធ្ងរសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ក៏ដូចជាប្រទេសដែលងាយរងគ្រោះបំផុត ដែលឥឡូវនេះទទួលរងនូវពន្ធខ្ពស់បំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក»។
លោកស្រីបន្តថា៖ «ពន្ធគយក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ជុំវិញពិភពលោកផងដែរ។ ប្រជាពលរដ្ឋរាប់លាននាក់ នឹងប្រឈមមុខនឹងតម្លៃទំនិញខ្ពស់។ អតិផរណានឹងកើនឡើង ហើយគ្រប់អាជីវកម្មតូចធំ នឹងរងផលប៉ះពាល់ចាប់ពីថ្ងៃទី ១ តទៅ ដោយរាប់តាំងពីកំណើនភាពមិនប្រាកដប្រជា រហូតដល់ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបន្ទុកនៃការិយាធិបតេយ្យ។ ថ្លៃធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកនឹងហក់ឡើងខ្លាំង»។

ក្រោមការវិវត្តចុងក្រោយផងដែរ លោកស្រី វ៉ុនឌែរ ឡេយែន បន្ថែមថា អឺរ៉ុបកំពុងឃ្លាំមើលយ៉ាងដិតដល់នូវផលប៉ះពាល់ដោយប្រយោលពីពន្ធរបស់ ត្រាំ «ពីព្រោះយើងមិនអាចទទួលយកនូវការផ្គត់ផ្គង់លើសតម្រូវការរបស់សកល ឬការលក់បង្ខូចតម្លៃក្នុងទីផ្សាររបស់យើងនោះទេ»។
លោកស្រីថ្លែងទៀតថា៖ «ក្នុងនាមជាជនជាតិអឺរ៉ុប យើងនឹងតែងតែលើកកម្ពស់ និងការពារផលប្រយោជន៍ និងតម្លៃរបស់យើង។ វាមិនយឺតពេលទេក្នុងការដោះស្រាយកង្វល់តាមរយៈការចរចា។ អឺរ៉ុបមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីឆ្លងកាត់ព្យុះនេះ។ អឺរ៉ុបមានទីផ្សារតែដ៏ធំបំផុតមួយនៅលើពិភពលោក ជាមួយអ្នកប្រើប្រាស់ ៤៥០ លាននាក់ ដែលជាទីសុវត្ថិភាពរបស់យើងក្នុងគ្រាដ៏ច្របូកច្របល់»។
គួរគូសបញ្ជាក់ថា ត្រាំ តែងតែគំរាមដាក់ពន្ធលើសហភាពអឺរ៉ុបនាពេលកន្លងមក ដោយចោទប្រកាន់ប្លុកនេះថា មិនសូវនាំចូលទំនិញពីអាមេរិក ខណៈកាលពីឆ្នាំមុន ឱនភាពអតិរេកពាណិជ្ជកម្មរបស់អាមេរិកជាមួយសហភាពអឺរ៉ុប រហូតដល់ ២៣៦ ប៊ីលានដុល្លារ។ កាលពីខែមីនា សហភាពអឺរ៉ុបបានប្រកាសពន្ធសងសឹងលើទំនិញ ២៨ ប៊ីលានដុល្លារ លើទំនិញសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយ របស់ត្រាំ លើដែកថែប អាលុយមីញ៉ូម និងរថយន្តនាំចូលពីគ្រប់ប្រទេស រួមទាំងសហភាពអឺរ៉ុប៕

-
ចរាចរណ៍២៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់