Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងអាចចុះហត្ថលេខាលើមុខទំនិញនាំចេញសំខាន់ៗ ២ មុខទៀត ទៅទីផ្សារចិន

បានផុស

នៅ

លោក​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​កិច្ច​កុងត្រា ក្នុង​ការ​នាំ​ចេញ​សំបុក​ត្រចៀក​កាំកម្ពុជា ទៅកាន់ទីផ្សារចិន កម្ពុជា​នឹង​អាច​ចុះ​ហត្ថលេខា​លើ​ការ​នាំ​ចេញ​មុខ​ទំនិញ​សំខាន់​ៗ​ ២ មុខ បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ ថ្លែង​ប្រាប់កម្ពុជា​ថ្មី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ​​ថា ពាក់ព័ន្ធ​និង​កិច្ច​ព្រមព្រៀងភូតគាមអនាម័យ (SPS) សម្រាប់​ការនាំចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន កម្ពុជា តាម​រយៈ​ក្រសួង​កសិកម្ម​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ភាគី​ចិន និង​បាន​ឯកភាព​គ្នា​រួច​រាល់​អស់ហើយ។

ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​យើង​នឹង​អាច​ចុះ​ហត្ថលេខា​ជា​មួយ​ភាគី​ចិន ពាក់ព័ន្ធ​ទៅ​នឹង​ពិធី​សារ​ផ្សេងៗ​ទៀត​ផង​ដែរ ដូចជា ទុរេន ក្រពើ ជាដើម។

លោក​បាន​ បន្ថែម​ថា ជា​គោលការណ៍​លុះ​ត្រា​តែ​មានកិច្ច​ព្រម​ព្រៀង​ទើប​អាច​រុញ​ការងារ​នេះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ ហើយ​កន្លង​មក​ចិន​គឺ​ជា​ទីផ្សារ​សំខាន់ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ការ​ចរចា​នេះ​ចំណាយ​ពេល​យូរ។

លោក​បាន​សង្កត់​ធ្ងន់​ថា ឱ្យ​តែ​បាន​ការ​ចរចា​នេះ​ត្រឹម​ត្រូវ​ និង​ចុះ​ហត្ថលេខា​ហើយ គឺ​យើង​អាច​មាន​លទ្ធភាព​ធ្វើករ​នាំ​ចេញ​ដែល​អាច​ពង្រីក​ទីផ្សារ​កសិផល​របស់​កម្ពុជា​ហើយ​។

ជា​មួយ​គ្នា​នេះ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន បាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​បន្ថែម​ដែរ​ថា ជា​ការ​កត់សម្គាល់​របស់​លោក​ជុំ​វិញ​ការ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​នេះ លោកមើលឃើញ ៥ ចំណុច ដែលបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជាប្រសិនបើកម្ពុជាយើង​អាច​សម្រេច​ការ​នាំ​ចេញ​ទៅ​បាន​។

ចំណុចទី១ គឺ កម្ពុជា​អាច​ធានា​បាន​នូវ​ទីផ្សារ​មួយ​បន្ថែម​ទៀត​ ដែល​នេះ​ជា​កត្តា​សំខាន់ និង​ជា​អ្វី​ដែល​ប្រជាកសិករ​ចង់​បាន​បំផុត​ ព្រោះ​បច្ចុប្បន្ន​នេះ​យើងបាន​ដឹង​ហើយ​ថា មិន​ត្រឹម​តែ​ទីផ្សារ​ទុរេន​នោះ​ទេ ទីផ្សារ​អ្វី​ក៏​ដោយ នៅ​ពេល​ដាំ​ដុះ​បាន​អ្វី​ដែល​ព្រួយ​បារម្ភ​បំផុត​គឺ​បញ្ហា​ទីផ្សារ​នេះ​តែ​ម្តង។ ទី​២ ពាក់​ព័ន្ធ​និង​តម្លៃ​ កាល​ណា​កម្ពុជា​មាន​ជម្រើស​ទីផ្សារ​កាន់​តែ​ច្រើន នោះ​តម្លៃ​ក៏​នឹង​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ​។

ដោយឡែកទី​៣ គឺ​អាច​លើក​កម្ពស់​ស្តង់ដារ​នៃ​ការ​ផលិត​ទុរេន​នៅ​កម្ពុជា ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​ហាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​ ដោយសារផលិតលក់​នៅក្នុង​ស្រុក​។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​គឺ​ពាក់ព័ន្ធ​ទៅ​និង​រូបរាង សុវត្ថិភាព និង​កត្តា​ចាំ​បាច់​មួយ​ចំនួន​ទៀត​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ ដូច្នេះ​ប្រសិន​អាច​បើក​ទីផ្សារ​នេះ​ នឹង​ជួយ​លើក​កម្ពស់​ស្តង់ដារ​វិស័យ​ទុរេន​របស់​កម្ពុជា​ទាំង​មូល រាប់​តាំង​ពី​ការ​ដាំ​ដុះ ការ​វ៉ិច​ខ្ចប់ និងការ​នាំចេញ​ជា​ដើម​​។

ទី៤ តាមរយៈនេះច្បាស់​ជា​អាច​ទាញ​យក​ការ​វិនិយោគ​ពី​ក្រៅ​ស្រុក និង​ក្នុង​ស្រុក ចូល​ទៅ​ក្នុង​វិស័យ​មួយ​នេះកាន់តែល្អប្រសើរបន្ថែមទៀត​ទាំង​ការ​ដាំ​ដុះ​ និង​ការ​ពង្រីក​បន្ថែម​ទៅ​លើ​ផ្ទៃដី​ដាំ​ដុះ​ ព្រោះ​កម្ពុជា​មាន​ផ្ទៃដី​ដែល​បាន​ធំធេង​បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង​កម្ពុជា​​មាន​សក្ដានុពល​ច្រើន​ ហើយ​និង​ការ​វិនិយោគ​ទៅ​កាន់​ការ​កែច្នៃ​នៅ​ក្នុង​សង្វាក់​ផលិត​កម្ម​ទុរេន​មាន​ច្រើន​ ដែល​ទាញការវិនិយោគ ​ឱកាស​ការងារ និង​មូលធន​ចូល​ក្នុង​ប្រទេស​យើង​ដូច​គ្នា​ដែរ​។

ទី៥ ប្រសិន​បើ​យើង​រៀប​ចំ​ឱ្យ​បាន​កាន់​តែ​ច្រើន ទុរេន​ក៏ជា​ផ្នែក​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មួយ​ដែរ ជា​ពិសេស​ទេសចរ​ចិន​ ក៏​ដូច​ជា​ទេសចរ​នៅ​ក្នុង​ប្រទេស​ក្នុង​អាស៊ាន​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ លោក ឃឹម ប៊ុនឡែន ​ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករបន្ថែមផងដែរ សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​​ការ​លើក​កម្ពស់​គុណភាព​ សុវត្ថិភាព និង​ការ​ផលិត​ផ្លែ​ទុរេន​ឱ្យ​បាន​ល្អ ដោយ​សារប្រទេស​ថៃ និង​វៀតណាម​កំពុង​ប្រឈម​បញ្ហា​នេះ​ ដូច្នេះ​យើង​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ហើយ​​ គួរ​តែ​បន្ត​ពង្រឹង​គុណភាព និង​រសជាតិ សម្រាប់​អ្នក​បរិភោគ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ មួយវិញទៀត កសិករ​គួរ​តែ​ផ្ដួចផ្ដើម​ចងក្រង​ជា​ក្រុម​ ដើម្បី​អាច​រុញ​ច្រាន​ឱ្យ​ក្លាយ​ជា​សហគមន៍ និង​ឈាន​​ទៅ​កសិកម្ម​ទំនើប​ ដើម្បី​ក្លាយ​ជា​កម្លាំង​មួយ​ក្នុង​ការ​រួម​​គ្នា​ផលិត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​។

ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ​ប្រទេស គិត​ជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក។ នេះ​បើតាម​ការ​គូស​បញ្ជាក់​របស់លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និងនេសាទ ថ្លែងនៅ​ក្នុង​ពិធីបើកវេទិកា និង​ពិព័រណ៍កសិកម្មកម្ពុជាកាលពីថ្ងៃទី៧ខែមេសា។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃ​ផលិតផល​សរុប​ក្នុងស្រុក គិត​ជាតម្លៃបច្ចុប្បន្ន ជាមួយ​នឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើង​ដល់ជាង ៧,៨២ ពាន់​លានដុល្លារ ក្នុងនោះ ការ​រួមចំណែក​របស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យ​ផលិតកម្ម​សត្វ ១៥,៤%, អនុវិស័យ​ជលផល ២០%, និង​អនុវិស័យព្រៃឈើ ៣,៣%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម