ព័ត៌មានអន្ដរជាតិ
ទ្រព្យសម្បត្តិ អេឡុន ម៉ាសក៍ ធ្លាក់ចុះក្រោម ៣០០ ប៊ីលានដុល្លារ ជំរុញបន្ថែមដោយពន្ធ ត្រាំ
ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Tesla Inc លោកមហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ធ្លាក់ចុះក្រោម ៣០០ ប៊ីលានដុល្លារ ជាលើកដំបូងរាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន ជួយជំរុញការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

លោក ម៉ាសក៍ បានបាត់បង់ ៤,៤ ប៊ីលានដុល្លារ បន្ថែមកាលពីថ្ងៃចន្ទ នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបន្តធ្លាក់ចុះ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះដល់ ២៩៧,៨ ប៊ីលានដុល្លារ ក្នុងតារាងសន្ទស្សន៍មហាសេដ្ឋី Bloomberg គិតត្រឹមថ្ងៃអង្គារនេះ (ម៉ោងនៅកម្ពុជា)។
គិតតែថ្ងៃព្រហស្បតិ៍ និងសុក្រសប្ដាហ៍មុន ទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ បានធ្លាក់ចុះ ៣១ ប៊ីលានដុល្លារ។ គិតពីដើមឆ្នាំមកទល់ពេលនេះ លោក ម៉ាសក៍ បានខាតបង់ទ្រព្យប្រមាណ ១៣៥ ប៊ីលានដុល្លារ។
ទោះបីជាលោកបន្តជាមហាសេដ្ឋីកំពូលរបស់ពិភពលោកក្ដី លោក ម៉ាសក៍ គឺជាអ្នកខាតបង់ទ្រព្យធំជាងគេបំផុតទី៦ ក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០០ របស់ Bloomberg កាលពីថ្ងៃចន្ទ។ សន្ទស្សន៍មហាសេដ្ឋីដដែល បានបង្ហាញពីការធ្លាក់ចុះនៃទ្រព្យសម្បត្តិ ២៧១ ប៊ីលានដុល្លារ ដែលជាកំណត់ត្រាអាក្រក់បំផុតទី៣ ក្នុងប្រវត្តិសាស្រ្ត។

គេមើលឃើញថា ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ ត្រូវបានជំរុញដោយការធ្លាក់ចុះនៃផ្សារភាគហ៊ុនរបស់ Tesla។ ភាគហ៊ុន Tesla បានកើនឡើងខ្ពស់ បន្ទាប់ពីជាប់ឆ្នោតរបស់លោក ត្រាំ ដែលធ្វើឱ្យទ្រព្យរបស់លោក ម៉ាសក៍ កើនដល់ជាង ៤៨៦ ប៊ីលានដុល្លារ។
យ៉ាងណាមិញ ការធ្លាក់ចុះបានចាប់ផ្ដើមឡើង ក្រោយលោក ត្រាំ ឡើងកាន់អំណាច ហើយតែងតាំងលោក ម៉ាសក៍ ជាទីប្រឹក្សារបស់លោក។ កិរិយាគាំទ្របក្សណាហ្ស៊ីរបស់លោក ម៉ាសក៍ និងការជាប់ពាក់ព័ន្ធរបស់លោកក្នុងនយោបាយសហរដ្ឋអាមេរិក និងក្រុមស្ដាំនិយមនៅអឺរ៉ុប បានបង្កជាចលនាស្អប់ក្រុមហ៊ុនរបស់លោក រួមទាំង Tesla រហូតដល់មានការបំផ្លិចបំផ្លាញសាធារណៈ។ ជាមួយគ្នានោះ កម្សោយនៃការលក់នៅអឺរ៉ុប និងចិនលើរថយន្ត Tesla និងកំណើននៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃ ក៏ជាមូលហេតុធ្វើឱ្យផ្សារហ៊ុនរបស់ Tesla ធ្លាក់ចុះផងដែរ។
ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះជាង ៥០ ភាគរយ ចាប់តាំងពីបានហក់ដល់កំណត់ត្រាខ្ពស់បំផុតនៅពាក់កណ្តាលខែធ្នូ ឆ្នាំមុន។

ការធ្លាក់ចុះនេះបានបន្តធ្ងន់ធ្ងរ នៅពេលទីផ្សារហិរញ្ញវត្ថុសកលប្រឈមមុខនឹងការលក់ហ៊ុនចេញ ដោយវិនិយោគិនព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច ជុំវិញវិធានការពន្ធគយបដិការ ដែលលោក ត្រាំ ប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
កាលពីចុងសប្តាហ៍ លោក ម៉ាកស៍ បាននិយាយថា លោកសង្ឃឹមនឹងមានប្រព័ន្ធ «ពន្ធសូន្យ» រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលនឹងបង្កើត «តំបន់ពាណិជ្ជកម្មសេរី» ប្រកបដោយប្រសិទ្ធភាព។ ប្អូនប្រុសរបស់លោក ម៉ាសក៍ ឈ្មោះ Kimbal កាលពីថ្ងៃចន្ទ បានរិះគន់ពន្ធរបស់ ត្រាំ ថាជា «ពន្ធរចនាសម្ព័ន្ធ និងជាអចិន្ត្រៃយ៍ លើអតិថិជនអាមេរិក»។
លោក Kimbal Musk ដែលជាសមាជិកក្រុមប្រឹក្សាក្រុមហ៊ុន Tesla បាននិយាយក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ទោះបីជាលោក(ត្រាំ)ទទួលបានជោគជ័យក្នុងការនាំយកការងារពីបរទេស តាមរយៈពន្ធគយក៏ដោយ តម្លៃនឹងនៅតែខ្ពស់ ហើយពន្ធលើការប្រើប្រាស់ នឹងនៅតែធ្វើឱ្យតម្លៃខ្ពស់ជាងមុន ពីព្រោះយើងមិនពូកែគ្រប់យ៉ាងនោះទេ»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា