Connect with us

ព័ត៌មានអន្ដរជាតិ

តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក?

បានផុស

នៅ

ពន្ធគយបដិការរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាន​នៅថ្ងៃពុធនេះ ដោយ​លោកបាន​​ដាក់ពន្ធបន្ថែម ៥០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូល​ពីចិន​ ដែលធ្វើឱ្យអត្រាពន្ធសរុបឡើងដល់ ១០៤ ភាគរយ។ ការណ៍នេះ កើតឡើងក្រោយចិន​ប្ដេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់» ដោយ​មិនទម្លាក់ចោលនូវពន្ធសងសឹក ៣៤ ភាគរយ លើទំនិញរបស់អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះបង្ហាញពីភាពកាន់តែតានតឹង​នៃសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន​ ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលៗរបស់​ពិភព​លោក​។ ចិន​ ក៏ដូចជាប្រទេស​ដែលរងគ្រោះដោយ​ពន្ធគយបដិការ និងពន្ធផ្សេងៗទៀតរបស់លោក ត្រាំ បាន​ព្រមាន​នាពេលកន្លងមក​ថា គោលនយោបាយការពារនិយមរបស់​សហរដ្ឋអាមេរិក នឹង​ធ្វើឱ្យប៉ះពាល់ដល់​ភាគីពាក់ព័ន្ធទាំងអស់ ហើយធ្ងន់កទាំងសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។

មែនទែនទៅ ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយ​មាន​ទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈ​សហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ​ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ អ្នកវិភាគមើលឃើញថា ការដាក់ពន្ធគយ​គ្នាទៅវិញទៅមក​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុករៀងៗខ្លួន ​ហើយនឹង​ឈាន​ដល់​ការ​បញ្ឈប់​ ឬកាត់បន្ថយការងារ​។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺផលប៉ះពាល់ជាអវិជ្ជមាន​ដល់ក្រុមហ៊ុនអាជីវកម្ម​នៃភាគីទាំងសងខាង​ ខណៈបណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើន ចង់ឱ្យអាមេរិកបន្ត ឬបង្កើនទំនាក់ទំនងជាមួយចិន​។ នេះបើតាម​លទ្ធផលស្ទង់មតិរបស់មូលនិធិសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលចេញផ្សាយនាពេលថ្មីៗនេះ។

តើមាន​ក្រុមហ៊ុនសហរដ្ឋអាមេរិកប៉ុន្មាន កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន​? ហើយមានក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិកវិញ?

គិតត្រឹមឆ្នាំ ២០២៤ មាន​ក្រុមហ៊ុនអាមេរិកជាង ៧៣ ០០០ បានបង្កើតអាជីវកម្មនៅក្នុងប្រទេសចិន​ជាមួយនឹងការវិនិយោគសរុបលើសពី ១,២ ​ទ្រីលានដុល្លារ ដែលគ្របដណ្តប់លើវិស័យដូចជាអេឡិចត្រូនិក និងទំនាក់ទំនង ការផលិតរថយន្ត ទំនិញប្រើប្រាស់ និងសេវាកម្មហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់កាសែតបក្សកុម្មុយនិស្តចិន​ People’s Daily កាលពីដើមឆ្នាំ ២០២៥។

កាសែតដដែល​បន្តថា អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកនៅចិន​ ផ្ដល់ប្រាក់ចំណេញដោយផ្ទាល់ ​និង​ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២​។ ខណៈចិន​ជំរុញទំនើបកម្មរបស់ចិន ហើយសហរដ្ឋអាមេរិក​ធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើក ​ប្រទេសទាំង២ត្រូវការកិច្ចសហប្រតិបត្តិការទ្វេភាគី។

យោងតាមទស្សនាវដ្តី China Briefing ឯណោះវិញ គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនចិនប្រមាណ ៥ ០០០ កំពុងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដែលគ្របដណ្ដប់លើ​ឧស្សាហកម្មផ្សេងៗ រួមទាំងបច្ចេកវិទ្យា ការផលិត ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ​យ៉ាងណាមិញ និន្នាការថ្មីៗបង្ហាញពីការធ្លាក់ចុះទាំងចំនួន និងកម្រិតសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនេះ។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញថា ការវិនិយោគក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិករបស់ចិន​ បានធ្លាក់ចុះ ៥,២ ភាគរយ ​ក្នុងឆ្នាំ ២០២៣ ទោះបីជា​ការវិនិយោគទៅកាន់ប្រទេសផ្សេងទៀតទាំងអស់ បាន​កើនឡើង ៨,៧ ភាគរយ ក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg កាលពីសប្ដាហ៍មុន ដែលស្រង់ព័ត៌មាន​ថា​ ក្រុមហ៊ុនចិនបានវិនិយោគ ៦,៩ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក គិតតែក្នុងឆ្នាំ ២០២៣។ Bloomberg បានរាយការណ៍បន្តថា ​ចិនបានចាត់វិធានការដើម្បីរឹតបន្តឹងក្រុមហ៊ុនក្នុងស្រុក ពីការបណ្តាក់ទុននៅសហរដ្ឋអាមេរិក ដើម្បី​ជាវិធានការ​​ចរចាពាណិជ្ជកម្មមួយ ជាមួយ​លោក ត្រាំ។​

តើវិធានការពន្ធគយចុង​ក្រោយ នឹងប៉ះពាល់ដល់ក្រុមហ៊ុនទាំងសងខាង បែបណា?

ជាទូទៅវិធានការ​ពន្ធគយប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មក្នុងរបៀបផ្សេងៗ ដូចជា​ការបង្កើនថ្លៃដើម រំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ​និង​ការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារ​ ខណៈការដំឡើងតម្លៃនាំចូលដោយសារពន្ធ នឹង​ប៉ះពាល់ដល់​ការប្រកួតប្រជែងជាដើម។

​ការវិវត្តចុង​ក្រោយ ​បង្កផល​អវិជ្ជមាន​ទាំងសម្រាប់ក្រុមហ៊ុនអាមេរិក​ក្នុងស្រុក និងនៅចិន​ផ្ទាល់។ ចំពោះក្រុមហ៊ុនក្នុងស្រុកដែលនាំចេញទៅចិន ​ត្រូវប្រឈមមុខ​នឹង​វិធានការសងសឹកពីរដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែលកន្លងមក បាន​កំណត់គោលដៅខ្លាំង​ជាពិសេសលើ​ផលិតកម្មកសិកម្មអាមេរិក ដែលមាន​ចិន​ជាទីផ្សារនាំចេញកំពូល។

ខណៈចិន​ដាក់ពន្ធសងសឹក ៣៤ ភាគរយ លើគ្រប់មុខទំនិញ​អាមេរិក ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​បាន​ផ្សាយ​នៅថ្ងៃពុធ (៩ មេសា) នេះថា ក្រុមហ៊ុនក្នុងស្រុកអាមេរិក​ដែល​ងាយរងគ្រោះជាងគេ គឺក្រុមហ៊ុនមកពីវិស័យអាកាសចរណ៍ (ក្រុមហ៊ុនផលិតយន្តហោះ) បន្ទះឈីប​ ឧបករណ៍កសិដ្ឋាន និងកសិកម្មជាពិសេស។ ការសងសឹករបស់ចិន នឹងផ្ដល់ប្រយោជន៍ទៅវិញ សម្រាប់ក្រុមហ៊ុនចិន​ក្នុងវិស័យទាំងនោះ។

ក្រុមហ៊ុនអាមេរិក​ប្រតិបត្តិការនៅចិន​ ក៏កាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសក្រុមហ៊ុនដែល​ធ្វើការនាំចេញទៅសហរដ្ឋអាមេរិក។ ជាឧទាហរណ៍ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ពឹង​ផ្អែកខ្លាំង​លើផលិតកម្មទូរស័ព្ទ iPhone និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត​ក្នុងប្រទេសចិន​ ដែល​នេះ​នឹងធ្វើឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ដល់ការផ្គត់ផ្គង់ និងការប្រកួតប្រជែង​នៅសហរដ្ឋ​អាមេរិក ដែលជាទីផ្សារធំរបស់ Apple។ ក្រុមហ៊ុនស្បែកជើង Nike ដែលពឹងផ្អែកខ្លាំង​លើផលិតកម្មធំនៅចិន និងក្រុមហ៊ុនលក់រាយ Walmart ដែលអាស្រ័យលើទំនិញប្រើប្រាស់ផលិតនៅចិន ក៏នឹង​ជួបប្រទះនូវបញ្ហា​ប្រឈមដូចគ្នា ​ដោយ​ពន្ធរបស់ ត្រាំ ​​នឹង​បង្កើនតម្លៃមុខទំនិញ​ពីក្រុមហ៊ុនទាំងនេះ​ សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ​

​ពន្ធលើទំនិញ​នាំចូលពីបរទេស រួមទាំងចិន របស់​ ត្រាំ ក៏នឹង​បង្កើនបន្ទុកចំណាយផងដែរ សម្រាប់​ក្រុមហ៊ុនដែលត្រូវការវត្ថុធាតុដើម ឬ​គ្រឿងផលិតកម្មបន្ទាប់បន្សំពី​បរទេស​។ តួយ៉ាង ក្រុមហ៊ុន Tesla ផលិតរថយន្តលក់ក្នុងស្រុកអាមេរិកច្រើន ប៉ុន្តែត្រូវការគ្រឿងបន្លាស់រថយន្តពីបរទេស ដែលត្រូវជាប់ពន្ធ ២៥ ភាគរយ ក្រោមពន្ធលើរថយន្ត និងគ្រឿងបន្លាស់នាំចូល ដែល​ ត្រាំ ប្រកាសឡើងកាលពីចុងខែមីនា។

សូម្បីតែក្រុមហ៊ុនអាមេរិក ដែល​ដាក់ផលិតកម្ម ឬប្រតិបត្តិការ​នៅចិន សម្រាប់ទីផ្សារយក្ស​ក្នុងស្រុក​ចិន ក៏អាច​ទទួល​រង​នូវសម្ពាធ​ពីសង្រ្គាមពាណិជ្ជកម្មផងដែរ។ ជាទូទៅ លក្ខខណ្ឌបែបនេះ តែងតែ​បង្កើន​ទំនោរ​ជាតិនិយម ដែលបង្កការធ្វើពហិការផ្សេងៗលើ​ផលិតផល​ក្រុមហ៊ុនអាមេរិក​ (ជាឧទាហរណ៍ ការធ្វើពហិការប្រឆាំងក្រុមហ៊ុន Tesla ​នៅកាណាដា និងសហភាពអឺរ៉ុបជាដើម។ ការលក់ Tesla នៅចិន​ក៏ធ្លាក់ចុះផងដែរ នាដើមឆ្នាំនេះ)។ នេះមិនរាប់បញ្ចូលការណ៍ដែលថា​ ក្រុមហ៊ុនរបស់​អាមេរិកក្នុងស្រុកចិន​ ងាយនឹងរងចំណាត់ការណាមួយ​ពីរដ្ឋាភិបាល​ចិន​ផង។

កន្លងមក ចិន​បាន​បើកការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខលើក្រុមហ៊ុនអាមេរិក និងដាក់ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិករាប់សិប ទៅក្នុងបញ្ជី​គ្រប់គ្រង​ការនាំចេញ។ ក្រៅពីនេះ ការរឹតត្បឹត​របស់ចិនលើរ៉ែកម្រនាំចេញទៅអាមេរិក ដើម្បីឆ្លើយតប​នឹង​វិធានការពន្ធរបស់ ត្រាំ ក៏បង្កឧបសគ្គដល់​ក្រុមហ៊ុនអាមេរិក ដែលមាន​ចិន​ជាប្រភព​ផ្គត់ផ្គង់ផងដែរ។ ទោះយ៉ាងណាក៏ដោយ កាលពីខែមីនា ប្រធានាធិបតី ស៊ី ជិនពីង បាន​ជួបប្រជុំជាមួយក្រុមហ៊ុនបរទេស និងអាមេរិកធំៗជាច្រើន ដោយផ្ដល់ពួកគេនូវការធានាផ្សេងៗ ចំពោះប្រតិបត្តិការនៅចិនថាជាកន្លែងសុវត្ថិភាព។

ចិនក៏នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ ដោយសារតែកម្សោយតម្រូវការក្នុងស្រុក និងបញ្ហាសេដ្ឋកិច្ច​មួយចំនួនទៀត​ ចិន​ត្រូវពឹង​ផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់បំផុតមួយ​។

ទោះបីជា​ចិន​អាចធ្វើពិពិធកម្មទីផ្សារក៏ដោយ​ អ្នកជំនាញ​លើកឡើងថា ការដាក់ពន្ធធ្ងន់ធ្ងរលើចិន នឹងធ្វើឱ្យផលិតកម្មចុះខ្សោយ និងអាច​ឈានទៅដល់ការបញ្ចប់ ឬកាត់បន្ថយការងារ ចំពេលដែល​ការ​អត់ការងារធ្វើសម្រាប់យុវជនជាច្រើន​នៅចិន គឺជាបញ្ហា​រួចស្រាប់ទៅហើយ។

អ្នកជំនាញបាន​គូសបញ្ជាក់ថា ក្រុមហ៊ុនរបស់​ចិន​ក្នុងវិស័យដូចជាអេឡិចត្រូនិក វាយនភណ្ឌ និងទំនិញប្រើប្រាស់ នឹង​ឡើងថ្លៃលើទីផ្សារអាមេរិក ដែលប៉ះពាល់ដល់តម្រូវការ និង​​ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនចិន។ ការណ៍នេះ ឆ្ពោះទៅការចុះខ្សោយនៃសកម្មភាពរោងចក្រ​ ចំពេលការប្រកួតប្រជែងនៅទីផ្សារនាំចេញអន្តរជាតិផ្សេងៗក៏កាន់តែ​ខ្លាំងឡើងៗ ​ក្នុងបរិបទ​ដែល​វិធានការការពារនិយមរបស់ ត្រាំ ផ្លាស់ប្ដូរលំនាំពាណិជ្ជកម្មសកល ពោលគឺខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។​

ក្រុមហ៊ុនអាមេរិកសំខាន់ៗនៅចិន៖

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធំៗជាច្រើន​ដាក់ប្រតិបត្តិការនៅចិន ឬមាន​ទំនាក់ទំនងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីក្នុងប្រទេសចិន ដោយ​គ្របដណ្ដប់លើវិស័យជាច្រើន រាប់តាំងពីបច្ចេកវិទ្យា រហូតដល់រថយន្តយន្ត វាយនភណ្ឌ និងចំណីអាហារ។

  • Apple: ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មួយនេះ​មាន​រោងចក្រផលិតកម្ម និងដំឡើង​ជាច្រើននៅក្នុងប្រទេសចិន រួមទាំងផលិតកម្មទូរស័ព្ទម៉ាក iPhone។ ក្រុមហ៊ុននេះមានអាមេរិកជា​ទីផ្សារនាំចេញសំខាន់ ខណៈចិន​ក៏ជាទីផ្សារយក្សសម្រាប់ខ្លួនផងដែរ។
  • Tesla: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក អេឡុន ម៉ាសក៍ Tesla មាន​រោងចក្រផលិត និងដំឡើង​ក្នុងស្រុកចិន ដែលមាន​សមត្ថភាពផលិតរថយន្ត​ប្រមាណ ៩៥០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៣។
  • General Motors (GM): ប្រតិបត្តិការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន ជាច្រើន​ដូចជា SAIC Motor និង Wuling Motors ដោយ​ផលិតរថយន្តជាច្រើនប្រភេទ រួមទាំងរថយន្តអគ្គិសនីផងដែរ ភាគច្រើនសម្រាប់ទីផ្សារចិន។
  • ក្រុមហ៊ុន Microsoft មានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសចិន តាមរយៈសេវាកម្មសុសវ៉ែររបស់ខ្លួន រួមមានបច្ចេកវិទ្យាពពក​ ហ្គេម​ និងការលក់កម្មវិធី Windows និង Office ជាដើម​។ កម្មវិធី និងសេវាកម្មពពករបស់ Microsoft គឺផ្តោតជាចម្បងលើទីផ្សារពិភពលោក ​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត។
  • ​Nike: ក្រុមហ៊ុន​នេះ​មានប្រតិបត្តិការផលិតកម្ម និងលក់រាយយ៉ាងច្រើននៅ​ចិន។ ផលិតផលស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍ជាច្រើន ត្រូវបានផលិតនៅក្នុងប្រទេសចិន ឬមានប្រភពមកពីអ្នកផ្គត់ផ្គង់ចិន។ ​Nike នាំចេញផលិតផលរបស់ខ្លួនទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុត។
  • Starbucks មានហាងរាប់ពាន់នៅទូទាំងប្រទេសចិន ដែលធ្វើឱ្យចិន ក្លាយជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាហ្វេ នៅខាងក្រៅសហរដ្ឋអាមេរិក។
  • ក្រៅពីនេះ គឺឃើញមាន​ក្រុមហ៊ុនសំខាន់ៗជាច្រើនដូចជា Amazon, Intel, McDonald’s, Caterpillar, Johnson & Johnson និង Boeing ជាដើម​។

ក្រុមហ៊ុនចិនសំខាន់ៗនៅសហរដ្ឋអាមេរិក​៖

ក្រុមហ៊ុនចិន មានប្រតិបត្តិការសំខាន់ៗនៅសហរដ្ឋអាមេរិក រាប់ចាប់ពីវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់រថយន្ត ថាមពល និងគ្រឿងអេឡិចត្រូនិក។

  • Alibaba ប្រតិបត្តិការនៅសហរដ្ឋអាមេរិក តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា AliExpress ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាមេរិកទិញផលិតផលដោយផ្ទាល់ពីក្រុមហ៊ុន​ផ្គត់ផ្គង់ចិន។ ​ក្រុមហ៊ុននេះ ប្រតិបត្តិការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យ រួមទាំងសេវាកម្មបច្ចេកវិទ្យាពពក​ នៅសហរដ្ឋអាមេរិក ​ខណៈផ្តោតលើការទាក់ទាញអាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ ​​CNBC ។
  • Lenovo គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រផ្ទាល់ខ្លួនដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ហើយមានវត្តមានយ៉ាងសំខាន់នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន​នេះ​នាំចេញផលិតផលរបស់ខ្លួនទៅទូទាំងពិភពលោក ដោយ​មាន​ចំណែកទីផ្សារដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។
  • BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែល​មានរោងចក្រផលិតរថយន្ត​ក្រុងនៅទីក្រុង Lancaster រដ្ឋកាលីហ្វ័រញ៉ា ដែលជារោងចក្ររថយន្ត​ក្រុងអគ្គិសនីធំជាងគេនៅអាមេរិកខាងជើង និងជារោងចក្ររថយន្តក្រុងដែលគ្រប់គ្រងដោយចិនដំបូងគេ នៅសហរដ្ឋអាមេរិក។
  • TCL: ជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយនៅក្នុងប្រទេសចិន ដែលផលិតទូរទស្សន៍ ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុននេះ​ មានវត្តមានលក់រាយដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក ដោយលក់ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតរបស់ខ្លួន តាមរយៈអ្នកលក់រាយធំៗនៅសហរដ្ឋអាមេរិក។
  • ក្រៅពីនេះ មាន​ក្រុមហ៊ុនផ្សេងៗទៀត ដូចជាក្រុមហ៊ុនក្នុងវិស័យហ្គេមដូចជា Tencent និង​ក្រុមហ៊ុនបណ្ដាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក TikTok របស់ Bytedance និងក្រុមហ៊ុនផលិតដ្រូន Autel Robotics ជាដើម៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក?

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យា ប៊ីសឃ្វែរ ចូលរួមក្នុងបរិស្ថាន សាកល្បងបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ

កីឡា១៥ នាទីutes មុន

Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន

គ្រឿងញៀន
សន្តិសុខសង្គម២៥ នាទីutes មុន

បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស​២​នាក់ រឹបអូសសារធាតុញៀនប្រភេទជ័រអាភៀនជាង៤៧គីឡូក្រាម

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ

Sokha Hotels

ព័ត៌មានពេញនិយម