Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម និងអាមេរិក ព្រមគ្នាចរចាពាណិជ្ជកម្ម ក្រោយ ត្រាំ ផ្អាកពន្ធ​ ៩០ ថ្ងៃ

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយ​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា សហរដ្ឋអាមេរិក និងវៀតណាម បានយល់ព្រមចាប់ផ្តើមការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដោយ​ត្រឹមតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ផ្អាក​ការអនុវត្តពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ​ដោយ​បន្ថយវាមកត្រឹម ១០ ភាគរយ ក្នុងរយៈពេល​ ៣ ខែនេះ​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​និយាយ​ក្នុងសេចក្តីថ្លែងការណ៍​ ដែល​ចេញផ្សាយបន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Ho Duc Phoc និងតំណាងពាណិជ្ជកម្មអាមេរិក លោក​ Jamieson Greer នៅទីក្រុងវ៉ាស៊ីនតោន ថា​ ប្រទេសទាំង ២ នឹងពិចារណាដករបាំងមិនមែនពន្ធឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

កាលពីឆ្នាំមុន វៀតណាម ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើននោះ​មានអតិរេកពាណិជ្ជកម្ម​ជាង ១២៣ ​ប៊ីលានដុល្លារ ​ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់​ខ្លួន​។ ប្រទេស​អាស៊ីអាគ្នេយ៍មួយ​នេះ ត្រូវបាន​ជាប់ក្នុងបញ្ជីពន្ធគយបដិការរបស់ ត្រាំ ជាមួយ​នឹង​អត្រាខ្ពស់ធ្ងន់ធ្ងរ ដល់ ៤៦ ភាគរយ អមដោយ​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏ដូចជាថៃ។

សេចក្តីថ្លែងការណ៍រដ្ឋាភិបាល​វៀតណាម បន្តថា​ វៀតណាមនឹងសម្របសម្រួលការវិនិយោគ​របស់​វិនិយោគិន​អាមេរិកនៅក្នុងប្រទេស​ខ្លួន ​ខណៈ​នឹងបង្កើនការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្មផងដែរ។

គួររំឭកថា ក្រោយ ត្រាំ ប្រកាសពន្ធគយបដិការកាលពីថ្ងៃទី ២ មេសា (៣ មេសា នៅកម្ពុជា) មន្រ្តីវៀតណាម​បាន​ខ្នះខ្នែង​លើការចរចាជាមួយ​រដ្ឋបាល ដូណាល់ ត្រាំ រួមទាំងសំណើទម្លាក់ពន្ធនាំចូលពីអាមេរិក រហូតដល់ ០ ភាគរយ រួមជាមួយ​ការប្ដេជ្ញាផ្សេងៗ ដូចជាបង្កើនការនាំចូលពីអាមេរិកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម