Connect with us

សេដ្ឋកិច្ច

កម្ពុជាចាត់ទុកចិនជាទីផ្សារធំ នៅពេលអនាគត

បានផុស

នៅ

លោក ប៉ែន សុវិជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​ថា កម្ពុជា​តែង​ចាត់​ទុក​ ប្រទេសចិន គឺជាទីផ្សារធំ ដែល​មាន​កម្លាំង​ទិញ​នៃ​អ្នក​ប្រើប្រាស់​​ មិន​ចាញ់​ទីផ្សារ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វេទិកា​អំពី​ «ទំនាក់ទំនង​កម្ពុជា-ចិន ក្នុង​បរិបទ​ថ្មី» នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ថ្វីត្បិត​តែ​កម្លាំង​ទិញ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លង​មក​មាន​ទំហំ​ធំ ប៉ុន្តែ​ចិន ក៏​ជា​ទីផ្សារ​មួយ​ដែល​មាន​ទំហំ​ធំ​នៃ​ការ​នាំ​ចេញ​ដូច​គ្នា​ដែរ។

លោក បាន​លើក​ឡើង​ថា ទាំង​ចិន និងកម្ពុជា ​សុទ្ធតែ​ជា​សមាជិក​នៃ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (RCEP) ដែលកិច្ចព្រមព្រៀងនេះ បាន​រួម​ចំណែក​នៅ​ក្នុង​​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​​​ប្រមាណ ៦៣% នៃ​ចំណែក​នៃ​ការ​នាំ​ចេញ​ទំនិញ​ទាំង​មូលរបស់កម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែម​ថា៖ «​កំណើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ មាន​កំណើន​រហូត​ចាប់​តាំង​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ក្នុង​នោះ​ប្រទេស​ចិន​បាន​ទទួល​ទិញ​ទំនិញ​កសិផល​របស់​កម្ពុជា ដែល​រួម​មាន​ អង្ករ ត្រី ដំឡូង​មី ជា​ការ​ទទួល​ទិញ និង​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​កែច្នៃ មានន័យ​ថា សេចក្តី​ត្រូវ​​ការ​របស់​ទីផ្សារ បាន​បង្រៀន​​ឱ្យ​យើង​ចេះ​កែច្នៃ​ផលិត​ផល​ដើម​ឱ្យ​ទៅ​ជា​ផលិត​ផល​សម្រេច​ ហើយ​ត្រូវ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​»។

លោក ប៉ែន សុវិជាតិ​ បន្ថែមថា បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ខិតខំ​ជំរុញ​នូវ​ម៉ាក​ទំនិញ​របស់​កម្ពុជា​ និង​លើក​តម្កើង​​កេរ្តិ៍​ឈ្មោះ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស ក្រៅ​តែ​ពី​ផលិត​ផល​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ និង​ការ​ទទួល​ស្គាល់​​ស្រាប់ យើង​ក៏​នៅ​មានទំនិញ​កសិផល​មួយ​ចំនួន​ទៀត​ដែល​តម្រូវ​ឱ្យ​ការ​តម្កល់​ឈ្មោះ ការ​ផលិត​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ទូទាំង​សកល​លោក​ ក៏​ដូច​​ជា​ការ​ទទួល​ស្គាល់​នៅ​គ្រប់​ទីផ្សារ​ផ្សេង​ៗ​ទៀត ក្រៅ​តែ​ពី​ទីផ្សារ​មាន​ស្រាប់​។

លោក​បាន​អះអាង​ថា កម្ពុជា​​តែង​គិត​​ថា សហគមន៍​រួម​វាសនា​តែ​មួយ​ ដែល​កម្ពុជា និង​ភាគី​ចិន​ បាន​ពួត​ដៃ​គ្នា​នៅ​ក្នុង​ការ​កសាង​កន្លង​មក​ គឺ​ជា​ផល​ប្រយោជន៍​សំខាន់​នៅ​ក្នុង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ដែល​មាន​ការ​វិនិយោគ​ជាមួយ​គ្នា និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ដើម​។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ រំពឹង​ទុកថា ដំណើរ​ទៅ​មុខ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន នឹង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ ដោយ​រីកចម្រើន​ក្នុង​លក្ខណៈ​ជា​សហគមន៍​រួម​ទាំង​គ្នា​ ទាំង​ប្រពៃ​ណី សិល្បៈ វប្បធម៌ និង​ផ្នែក​សន្តិសុខ​ និង​រីក​ចម្រើន​រួម​គ្នា​ទាំង​វិស័យ​ផ្សេង​ៗ ក៏​ដូច​ជា​វិស័យ​ពាណិជ្ជកម្ម​នេះ​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​សម្រេចបានប្រមាណ ១៥ ពាន់​​លាន​ដុល្លារកើនឡើង ២៣,៨៤​% បើ​ធៀប​ទៅ​និង​ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម