Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃ ១ ០០០ នាក់ ធ្វើបាតុកម្មប្រឆាំងការនាំចូលសាច់ជ្រូកពីអាមេរិក

បានផុស

នៅ

កសិករចិញ្ចឹមជ្រូកថៃជាង ១ ០០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខ​ក្រសួងហិរញ្ញវត្ថុ​​ក្នុងទីក្រុងបាងកក​ នាថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឱ្យមានការការពារឧស្សាហកម្មសាច់ជ្រូក​ក្នុងស្រុក ប្រឆាំងនឹងការនាំចូលសាច់ជ្រូក និង​គ្រឿងក្នុងជ្រូកពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុកម្មតវ៉ានេះ បានធ្វើឡើង​ក្រោយ​​គណៈរដ្ឋមន្ត្រីថៃអនុម័តលើការនាំចូលសាច់ជ្រូក​ពី​សហរដ្ឋអាមេរិក ​ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​បន្ធូរបន្ថយផលប៉ះពាល់នៃពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញ​ថៃនាំចេញទៅសហរដ្ឋអាមេរិក​របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ​

កាលពីថ្ងៃអង្គារ ​សមាគមអ្នកចិញ្ចឹមជ្រូកថៃ (SRAT) និងបណ្តាញកសិករពាក់ព័ន្ធ បានដាក់ការជំទាស់ជាផ្លូវការនៅឯវិមានរដ្ឋាភិបាល។

ប្រធាន SRAT លោក Sitthiphan Thanakiatpinyo ​បាន​ថ្លែងថា ការចិញ្ចឹមជ្រូក គឺជាផ្នែកសំខាន់មួយនៃកសិកម្មថៃតាំងពីយូរយារណាស់មកហើយ ​ដោយវាផ្តល់ប្រាក់ចំណូលដល់គ្រួសារកសិករនៅគ្រប់ជំនាន់។

លោក​បាន​បន្ត​ថា​៖ «​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​​ក៏ដោយ កសិករ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការកែលម្អ និង​អភិវឌ្ឍ​វិស័យ​នេះ​ ដើម្បី​ផលិត​សាច់ជ្រូក​ស្អាត និង​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ថៃ​»​។

លោក Sitthiphan បានព្រមានថា ការនាំចូលសាច់ជ្រូក និង​គ្រឿងក្នុងពីសហរដ្ឋអាមេរិក នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករក្នុងស្រុក និងឧស្សាហកម្មពាក់ព័ន្ធ។ លោក​អំពាវនាវ​ឱ្យរដ្ឋមន្ត្រី​​ក្រសួងហិរញ្ញវត្ថុ​ការពារ​ការ​ចិញ្ចឹម​ជ្រូក​ជា​មធ្យោបាយ​រក្សា​សន្តិសុខ​ស្បៀង​ជាតិ។

យ៉ាងណាមិញ លោក​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​នាំ​ចូល​ពីសហរដ្ឋអាមេរិក​ នូវគ្រឿង​ផ្សំ​ចំណី​សត្វ​សំខាន់ៗ​ដែល​កំពុង​មាន​ការ​ខ្វះខាត​ដូច​ជា​ពោត និង​សណ្ដែក​ជាដើម។ លោកបានអះអាងថា គោលនយោបាយនេះ នឹងបង្កើតពាណិជ្ជកម្មដែលមានតម្លៃ ៨៤ ប៊ីលានបាត ជារៀងរាល់ឆ្នាំសម្រាប់សហរដ្ឋអាមេរិក ខណៈ​មិនបង្កគ្រោះថ្នាក់ដល់កសិករដំណាំថៃ។

លោកបានបន្ថែមថា៖ «ការផលិតសាច់ជ្រូកនាពេលបច្ចុប្បន្នរបស់​ថៃ ត្រូវគ្នានឹងកម្រិតនៃការប្រើប្រាស់ក្នុងស្រុក។ ការអនុញ្ញាតឱ្យសាច់ជ្រូករបស់​អាមេរិកចូលទៅក្នុងទីផ្សារ នឹងបង្កើត​ការផ្គត់ផ្គង់លើសតម្រូវការ ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល​»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម