ព័ត៌មានអន្ដរជាតិ
ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ
រដ្ឋាភិបាលចិននៅថ្ងៃសុក្រនេះ បានដំឡើងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកដល់ ១២៥ ភាគរយ ដើម្បីជាការសងសឹកទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលដំឡើងពន្ធលើគ្រប់មុខទំនិញចិនសរុបដល់ទៅ ១៤៥ ភាគរយ ដោយធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹងទៅៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងហិរញ្ញវត្ថុចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ការដាក់ពន្ធដែលខ្ពស់មិនធម្មតារបស់សហរដ្ឋអាមេរិកលើប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ ហើយជាការសម្លុត និងការបង្ខិតបង្ខំដោយឯកតោភាគីទាំងស្រុង»។
ជុំវិញការប្រកាសពន្ធសងសឹកដដែល គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ចិននឹងឈប់អើពើលើការដំឡើងពន្ធបន្ថែមទៀតពីសហរដ្ឋអាមេរិក ទោះបីជាអាមេរិកបន្ត «ល្បែង» ពន្ធរបស់ខ្លួនក៏ដោយ។
គណៈកម្មាការដដែលបានបន្តថា នៅអត្រាពន្ធបច្ចុប្បន្ន ធ្វើឱ្យទំនិញអាមេរិកដែលនាំចេញទៅប្រទេសចិនគ្មានលទ្ធភាពទីផ្សាររួចទៅហើយ។ ស្ថាប័នដដែលបានបន្ថែមថា៖ «បើទោះបីជាសហរដ្ឋអាមេរិកដំឡើងពន្ធបន្ថែមទៀតដល់កម្រិតកាន់តែខ្ពស់ក៏ដោយ វាក៏នឹងគ្មានន័យខាងសេដ្ឋកិច្ចដែរ ហើយទីបំផុតនឹងក្លាយជារឿងគួរឱ្យអស់សំណើចនៅក្នុងប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ចពិភពលោក»។
យ៉ាងណាមិញ គណៈកម្មការបន្តថា៖ «ប្រសិនបើសហរដ្ឋអាមេរិកទទូចបន្តធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន នោះចិននឹងដាក់ចេញនូវវិធានការណ៍តបតវិញយ៉ាងម៉ឺងម៉ាត់ និងរហូតដល់ទីបញ្ចប់»។

ចំណែកឯប្រធានាធិបតីចិនឯណោះវិញ បានថ្លែងនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះថា ពន្ធគយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង «ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ» ហើយ «គ្មានអ្នកឈ្នះក្នុងសង្រ្គាមពន្ធគយនោះទេ»។
លោកបានអំពាវនាវឱ្យប្រទេសចិន និងសហភាពអឺរ៉ុបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងឯកតោភាគីរបស់សហរដ្ឋអាមេរិក។
ការវិវត្តចុងក្រោយនេះ បង្ហាញពីការឆ្លើយទៅវិញទៅមករវាងគូជម្លោះពាណិជ្ជកម្មទាំង២ ដោយចិនដំឡើងពីអត្រាចាស់ត្រឹម ៨២ ភាគរយ កាលពីប៉ុន្មានថ្ងៃមុន។ ការដំឡើងដល់ ១២៥ ភាគរយ លើទំនិញអាមេរិក គឺជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់រដ្ឋបាល ត្រាំ លើចិន ប្រមាណ ១២៥ ភាគរយ ពីលើអត្រាដែលមានស្រាប់ ២០ ភាគរយ ដែលធ្វើឱ្យពន្ធសរុបលើទំនិញចិននាំចេញទៅអាមេរិក កើនដល់ ១៤៥ ភាគរយ។ នេះបើតាមការបញ្ជាក់របស់សេតវិមានកាលពីម្សិលមិញ ខណៈ ត្រាំ និយាយថា លោកសង្ឈឹមថាលោកនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយលោក ស៊ី៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន