ព័ត៌មានជាតិ
SchneiTec ប្រមូលទុនចំនួន៥០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា
ក្រុមហ៊ុន ស្នេថេក ដាយណាមិក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា (CSX) ក្នុងការយកទុននេះទៅធ្វើការអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា។

លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃCSX បានថ្លែងក្នុងពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសាថា ការបោះផ្សាយរបស់ក្រុមហ៊ុន ស្នេថេក គឺជាការចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់នៅផ្សារមូលបត្រកម្ពុជា សម្រាប់វិនិយោគិនគុណវុឌ្ឍិ ក្នុងទំហំប្រមាណ ៥០ លានដុល្លារអាមេរិក ។
លោកបណិ្ឌតសភាចារ្យ បានមានប្រសាសន៍ថា៖« ការចុះបញ្ជីលក់មូលបត្របំណុលនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យមូលបត្រនៅកម្ពុជា សម្រាប់ដើមត្រីមាសទី ២ ឆ្នាំ ២០២៥ នេះ, បន្ថែមលើការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ធនាគារអេស៊ីលីដា ដែលបានកៀរគរមូលធនពីផ្សារមូលបត្រ ក្នុងទំហំ ១០០ លានដុល្លារអាមេរិក កាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២៥» ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo ។
«ក្រុមហ៊ុន ស្នេថេក ដាយណាមិក ដែលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ គឺជា ក្រុមហ៊ុនមានអាជីវកម្មចម្បងខាងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា តាមរយៈការរួមចំណែកបំពេញបន្ថែម ទាំងបរិមាណ និង ស្ថេរភាព នៃថាមពលអគ្គិសនីនៅកម្ពុជា» ។ នេះបើយោងតាមលោក ស៊ូ សុជាតិ។

លោក ហុង សុហួរ អគ្គនាយកCSX បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជី ចំនួន ២៥ ដែលរួមមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន ចំនួន ១១ និង ក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណ ចំនួន ១៤ ដោយបានកៀរគរមូលធនពីផ្សារមូលបត្រ សរុបប្រមាណ ៥៥០ លានដុល្លារអាមេរិក៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល