Connect with us

សេដ្ឋកិច្ច

វៀតណាមបញ្ចូលថាមពលនុយក្លេអ៊ែរ ទៅក្នុងផែនការអគ្គិសនី ១៣៦ ប៊ីលាន​ដុល្លារ

បានផុស

នៅ

វៀតណាម ដែលពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម គ្រោងនឹងបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនឱ្យ​ខ្លាំង​នៅឆ្នាំ ២០៣០ ​ដោយ​ផ្តោតលើថាមពលកកើតឡើងវិញ និង​បញ្ចូលថាមពលនុយក្លេអ៊ែរទៅក្នុងផែនការ​ល្បាយអគ្គិសនីរបស់ប្រទេស​។ នេះតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលវៀតណាម បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅ​​ វៀតណាមនឹងត្រូវការការវិនិយោគសរុបចំនួន ១៣៦,៣ ប៊ីលា​នដុល្លារ ត្រឹមឆ្នាំ ២០៣០ ​ពោលគឺស្មើនឹងជាង ១/៤ នៃផលិតផលក្នុងស្រុកសរុប​ (GDP) ឆ្នាំ ២០២៤ របស់​ប្រទេស​។

វៀតណាមដែលជា​មជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ ត្រូវការពង្រីកការផ្គត់ផ្គង់ថាមពលឱ្យបានរហ័ស ​ខណៈ​តម្រូវការអគ្គិសនីកើនឡើងដើម្បីជៀសវាង​កង្វះខាត ដែល​ធ្វើឱ្យអ្នកវិនិយោគបរទេសចាប់អារម្មណ៍នាពេលថ្មីៗនេះ។ វៀតណាម​ក៏ចង់កាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ដែលនៅតែជាប្រភពថាមពលសំខាន់របស់​ប្រទេស​ផងដែរ​។

រដ្ឋាភិបាលវៀតណាម​បាននិយាយកាលពីយប់ថ្ងៃពុធថា នៅក្រោម​ផែនការមេដែលបានអនុម័ត វៀតណាមចង់បង្កើនសមត្ថភាពផលិតថាមពលសរុបរបស់ខ្លួន ដល់ចន្លោះពី ១៨៣-២៣៦ ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីច្រើនជាង ៨០ ជីហ្គាវ៉ាត់ នៅចុងឆ្នាំ ២០២៣។ ​

ដើម្បី​សម្រេចបានដូច្នេះ វៀតណាម​កំពុងងាកទៅរកថាមពលនុយក្លេអ៊ែរ បន្ទាប់ពី​បានផ្អាក​កម្មវិធីថាមពលនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៦ ក្រោយ​គ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូហ្ស៊ីម៉ា ​នៅជប៉ុន និងចំពេលមានឧបសគ្គថវិកា។

រដ្ឋាភិបាលបាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែដំបូងរបស់វៀតណាម នឹង​បើកដំណើរការ​នៅចន្លោះឆ្នាំ ២០៣០ និង ២០៣៥ ជាមួយនឹងសមត្ថភាព​សរុបរហូតដល់ ៦,៤ ជីហ្គាវ៉ាត់ និងបន្ថែម ៨ ជីហ្គាវ៉ាត់ផ្សេងទៀត​ទៅក្នុងល្បាយអគ្គិសនី ត្រឹមឆ្នាំ ២០៥០។

​កន្លងមក មន្ត្រីវៀតណាម​បាននិយាយថា ​វៀតណាមបានពិភាក្សាអំពីម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច ដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថា នៅតែស្ថិតក្រោមការអភិវឌ្ឍ​ ប៉ុន្តែនឹងមានតម្លៃសមរម្យជាង​ការសាងសង់​ម៉ាស៊ីនរ៉េអាក់ទ័រថាមពលធំ។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបាននិយាយ​ថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាជាមួយដៃគូបរទេស អំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមទាំងពីប្រទេសរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម