Connect with us

សេដ្ឋកិច្ច

អ្នកចិញ្ចឹមក្រពើ អាចនឹងមានសង្ឃឹមឡើងវិញ ខណៈមានការព្រមព្រៀងនាំចេញទៅចិន

បានផុស

នៅ

អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា អ្នកចិញ្ចឹមក្រពើ អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈមានកិច្ចព្រមព្រៀងនាំចេញក្រពើទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លោក គង់ ម៉ី អ​នុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប បានឱ្យដឹងថា លោកពិតជាសប្បាយចិត្ត និងសាទរយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងអំពីការចុះពិធីសាររវាងភាគីកម្ពុជា​ និងចិន អំពីការនាំចេញក្រពើដែលបង្កាត់ពូជពីប្រទេសកម្ពុជាទៅប្រទេសចិន។

លោក គង់ ម៉ី បានឱ្យដឹងទៀតថា «ក្នុងនាមលោកជាអនុប្រធានសហគមន៍ ក៏ដូចជាអ្នកចិញ្ចឹមក្រពើទាំងអស់នៅខេត្តសៀមរាប អ្វីដែលយើងចង់បានគឺការចិញ្ចឹមអ្វីមួយមានទីផ្សារនាំចេញ មិនថាតែក្រពើតែមួយ នោះទេ ផលិតផលផ្សេងៗក៏ដូចគ្នា»។

យ៉ាងណាមិញ តាមរយៈការចុះកិច្ចព្រមព្រៀងនៃពិធីសារនាំចេញក្រពើនេះ ប្រសិនបើដំណើរការទៅមុនបានល្អ លោក គង់ ម៉ី ដាក់ក្ដីសង្ឃឹមថាអ្នកចិញ្ចឹមក្រពើទាំងអស់នឹងមានទីផ្សារប្រសើរជាងពេលកន្លងទៅ។

ជាមួយគ្នានោះ លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើខេត្តសៀមរាប ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាថា ក្នុងនាមលោកជាអ្នកចិញ្ចឹមក្រពើម្នាក់ លោកពិតជាមានចិត្តសប្បាយរីករាយ ពេលដែលឃើញការចុះពិធីសាររវាងកម្ពុជា និងចិន អំពីការនាំចេញក្រពើទៅកាន់ទីផ្សារចិន។

ការលើកឡើងបែបនេះ ក៏ព្រោះតែ លោក ញ៉ែម បូរាណ យល់ឃើញថា កន្លងមកការចិញ្ចឹមក្រពើមានទីផ្សារធំបានតែប្រទេសចិនតែមួយគត់ ចំណែកទីផ្សារវៀមណាម គឺត្រឹមតែតិចតួចប៉ុណ្ណោះ។

ក្រៅពីនេះ លោក ញ៉ែម បូរាណ បានឱ្យដឹងថា «ប្រសិនបើ​ មានការនាំចេញទៅចិនស្របច្បាប់មែននោះ កសិករ ក៏ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដទៃទៀត អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈកន្លងទៅទីផ្សារក្រពើបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកចិញ្ចឹមក្រពើមួយចំនួនធំ បានបោះបង់ចោលមុខរបរមួយ​នេះ ស្ទើរតែ ៨០ភាគរយ រួចទៅហើយ»។

គួរឱ្យដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា កន្លងទៅ មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣ មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិង​សុខភាព សម្រាប់​ការនាំចេញ​ក្រពើ​ដែល​បាន​បង្កាត់​ពូជ​នៅ​ កសិដ្ឋាន​​ពីព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋប្រជាមានិត​ចិន ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម