អត្ថាធិប្បាយ
ទស្សនៈ ៖ គួរបញ្ឈប់វប្បធម៌ ប្រព្រឹត្តល្មើសច្បាប់ហើយ «សុំទោស» ឬថា «មានសតិមិនគ្រប់»
ជាការពិត! ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ តែក្នុងមាត្រា៤១ដដែល បានបញ្ជាក់ថា ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់របស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/004-4.jpg)
កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ បានប្រតិបត្តិយ៉ាងត្រឹមត្រូវទៅលើសិទ្ធិសេរីភាព និងការបញ្ចេញមតិនេះ។ ក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយក្ដោបតូច បានប្រព្រឹត្តមិនត្រឹមត្រូវ ទៅលើសិទ្ធិសេរីភាព និងការបញ្ចេញមតិនេះ បើទោះបីជាពួកគេបានដឹង និងយល់អំពីច្បាប់ទម្លាប់ក៏ដោយ ក៏ពួកគេនៅតែបំពានទៀត។ ពួកគេទាំងនោះ បានប្រើប្រាស់បណ្ដាញសង្គមដូចជា៖ ហ្វេសប៊ុក, ទីកតុក, និងយូធូបជាដើម ដោយពួកគេទាំងនោះបានបង្ហោះសារ រូបភាព និងវីដេអូផ្ទុយអំពីច្បាប់បានកំណត់ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ប៉ះពាល់ដល់ថ្នាក់ដឹកនាំប្រទេស និងបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិជាដើម។
ក្នុងចំណោមពួកគេមួយចំនួន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅតាមច្បាប់ និងមួយចំនួនត្រូវបានហៅមកអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពដែលមិនមែនជាការអនុវត្តសិទ្ធិសេរីភាព និងការបញ្ចេញមតិនោះឡើយ។ ក៏ប៉ុន្តែនៅពេលអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការទៅលើបុគ្គលល្មើសច្បាប់ បែរជាមានមជ្ឈដ្ឋានខ្លះ ដែលគេស្គាល់ថា ជាសង្គមស៊ីវិលចេញមុខការពារ ដោយអំពាវនាវឲ្យមានការដោះលែង ឬក៏ឲ្យនៅក្រៅឃុំ ដោយពួកគេថា ជាសេរីភាពនៃការបញ្ចេញមតិ និងជារឿងនយោបាយទៅវិញ។
កន្លងមកមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវ និងស្នើដោយទទូចសុំឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាព ឲ្យបានត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក៏ប៉ុន្តែនៅតែមានអ្នកប្រព្រឹត្តល្មើស ដូច្នេះហើយ ទើបអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការទៅតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។
ថ្មីៗនេះមានបុគ្គលម្នាក់ ឈ្មោះ កុល ចំរើន អាយុ៣២ឆ្នាំ បានប្រើប្រាស់បណ្ដាញសង្គមឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះសារ អមជាមួយវីដេអូ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា «ការចាក់វ៉ាក់សាំងយកកាតគឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សូមឧបត្ថម្ភម្នាក់១$ ដើម្បីជីវភាពរស់តាមរយ: ABA: 500 013 244»។ បន្ទាប់មកទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បុគ្គលដដែលនេះ បានសរសេរ និងបង្ហោះជាវីដេអូថា «ការចាក់វ៉ាក់សាំងចិន គឺជាការចាក់មេរោគចូលទៅក្នុងរាង្គកាយយើង។ សូមឧបត្ថម្ភ មកខ្ញុំបាទម្នាក់មួយដុល្លារ ក្នុងជីវភាពរស់នៅ ដើម្បីធ្វើការកសាងសន្តិភាព ជូនប្រទេសជាតិតាមរយ: Account ABA: 500 013 244 សូមអរគុណ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/002-8.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/003-5.jpg)
ភ្លាមៗលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញមុខបដិសេធទាំងស្រុង ចំពោះការបង្ហោះសារ និងវីដេអូរបស់បុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះស្លាបប៉ាកាទេវរាជនេះ។ ជនសង្ស័យរូបនេះ មានអាយុ៣២ឆ្នាំ និងមានទីលំនៅ នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្តកោះកុង ក៏បានអំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំចាញ់បោក ការបង់ថវិកាចូលតាមសំណេររបស់បុគ្គល កុល ចំរើន នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/007.jpg)
ចំណែកលោក ទិត្យ សុផា មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ រស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន បានចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសាធារណជនទូទៅ ដោយស្នើសុំក្តីយោគយល់អនុគ្រោះ ចំពោះទង្វើកូនរបស់ខ្លួន។ លោក ទិត្យ សុផា បាននិយាយថា មូលហេតុដែលកូនរបស់គាត់បង្ហោះយ៉ាងដូច្នេះ ក៏ព្រោះតែមានជំងឺសរសៃប្រសាទ សតិមិនគ្រប់គ្រាន់ ចាប់ពីតាំងប្រពន្ធរបស់លោកស្លាប់ចោលកាលពីឆ្នាំ២០១៥មកម្លេះ។ បុរសដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បានអះអាងទៀតថា រូបលោកបាននាំកូនរបស់ខ្លួន ទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ពិតជាមានជំងឺសរសៃប្រសាទប្រាកដមែន តម្រូវឲ្យព្យាបាលនៅមន្ទីរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/001-9.jpg)
យ៉ាងណាក៏ដោយបុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ច ដោយរូបគេក៏សុំទៅធ្វើខ្ទមមួយ នៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/06-20.jpg)
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា សមត្ថកិច្ចរបស់លោក បានទទួលឯកសារអស់ហើយ ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ផុន កុលចំរើន នេះ ដោយរួមទាំងលិខិតបញ្ជាក់របស់មន្ទីរពេទ្យផងដែរ។ លោកស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា កម្លាំងរបស់លោក កំពុងតែបន្តស្វែងរកម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ បន្តទៀត ខណៈឪពុកបុគ្គលរូបនេះ ក៏កំពុងស្វែងរករូបគេដែរ ព្រោះប្រសិនបើរូបនេះ មិនមានថ្នាំលេបនោះទេ ជំងឺសរសៃប្រសា ទ នឹងកាន់តែរើខ្លាំងជាងនេះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ អំពីចំណាត់ការបន្តទៅលើបុគ្គលរូបនេះនៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/03-66.jpg)
មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើល ក្រោយទទួលព័ត៌មានថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលបញ្ចេញមតិរិះគន់ទាំងទទឹងទិសនោះ បែរជាចុងក្រោយឪពុករបស់បុគ្គលរូបនេះ ប្រាប់ថា កូនរបស់ខ្លួនមានជំងឺសរសៃប្រសាទ ដោយមានការបញ្ជាក់ពីមន្ទីរពេទ្យថែមទៀត។
លើសពីនេះទៀត មានមតិខ្លះលើកឡើងថា បើសិនជាបុគ្គលរូបនេះ មានសតិមិនគ្រប់មែន ហេតុអ្វីបានជាបុគ្គលរូបនេះ មើលទៅដូចជាជំនាញខាងប្រើប្រាស់បណ្ដាញសង្គម ហើយមើលក៏ទៅយុវជនរូបនេះ ក៏ប្រហែលជាមានជំនាញកាត់តវីដេអូថែមទៀត។ ម្យ៉ាងទៀត បើសិនជាមានជំងឺសរសៃប្រសាទមែន ហេតុអ្វីបានជាចេះឲ្យគេផ្ញើលុយ ចូលកុង ABA របស់ខ្លួនទៀត? ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មានកាតព្វកិច្ចត្រួតពិនិត្យច្បាស់លាស់ ចំពោះករណីនេះ កុំឲ្យប្រព្រឹត្តខុសហើយ សុំទោសរួចខ្លួន ឬបង្ហាញតែលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួននោះទេ។
ទាក់ទងនឹងករណីនេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ការបង្ហាញលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ពីសំណាក់ឪពុករបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ គ្រាន់តែបង្ហាញរបស់ក្រុមគ្រួសារ សាច់ញាតិរបស់បុគ្គលរូបនោះប៉ុណ្ណោះ។ ក៏ប៉ុន្តែសមត្ថកិច្ច និងតុលាការ នឹងពិនិត្យមើលករណីនេះ តាមស្ថានភាពជាក់ស្ដែង។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/01-89.jpg)
លោក ជិន ម៉ាលីន បានថ្លែងថា «អាហ្នឹងវាជាការអះអាង របស់ក្រុមគ្រួសារសាច់ញាតិ និងសាម៉ីខ្លួន ក៏ប៉ុន្តែខាងសមត្ថកិច្ច តុលាការ គេហ្នឹងពិនិត្យមើល និងពិចារណា តាមស្ថានភាពជាក់ស្ដែង ពីសកម្មភាពនៃការប្រព្រឹត្តបទល្មើស ពីស្ថានភាពសុខភាព ថាតើវាមានការពាក់ព័ន្ធយ៉ាងណានោះ អាហ្នឹងគេហ្នឹងពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង ហើយធ្វើការសម្រេចទៅតាមហ្នឹងបាទ ហើយការលើកឡើង គ្រាន់តែជាអំណេះអំណាង ក្នុងការការពាររបស់ខ្លួន ហើយសមត្ថកិច្ច និងតុលាការ គេនឹងហ្នឹងមើលតាមជាក់ស្ដែង»។
ចំណែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានស្ថានការណ៍សង្គមយ៉ាងដិតដល់នោះ បានអះអាងថា លោកមិនគាំទ្រចំពោះការបង្ហាញ លិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួននោះទេ ដោយលោកស្នើឲ្យពិនិត្យរឿងនេះ ឲ្យបានច្បាស់លាស់។
លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា ការសរសេរបង្ហោះព័ត៌មានបំភ្លៃ និងមិនពិតនេះ គឺត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ជាធរមាន នៅក្នុងប្រទេសកម្ពុជា។ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការចាក់វ៉ាក់សាំង គឺជាបញ្ហាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការច្របូកច្របល់ ហើយមិនមែនក្នុងនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោក ចូ បៃឌិន ក៏បាននិយាយដែរថា ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឲ្យប្រជាជនអាមេរិកយល់ច្រឡំ អំពីការចាក់វ៉ាក់សាំង ដោយមិនទៅចាក់វ៉ាក់សាំង ហើយមានប្រជាជនស្លាប់ជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/00d.jpg)
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានលើកឡើងដែរថា ការអះអាងរបស់ឱពុកបុគ្គលម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលថា កូនរបស់ខ្លួនមានសតិមិនគ្រប់ ហើយមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យនោះក៏ដោយ គឺគ្រាន់តែរបស់សាច់ញាតិរបស់បុគ្គលរូបនោះប៉ុណ្ណោះ។ ក៏ប៉ុន្តែការអះអាងនោះ ចេញតែពីភាគីតែម្ខាងតែប៉ុណ្ណោះ ហើយទាំងអស់ គួរទុកឲ្យច្បាប់ជាអ្នកវិនិច្ឆ័យវិញ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើច្បាប់បានចែងថា អ្នកសតិមិនគ្រប់ ឬក៏មានសំបុត្របញ្ជាក់អ្វីអញ្ចឹង អាហ្នឹងវិនិច្ឆ័យផ្សេង។ ក៏ប៉ុន្តែប្រសិនបើច្បាប់ មិនបានចែងទេអាហ្នឹងត្រូវទទួលទោស ឧទាហរណ៍ជាក់ស្ដែងហើយ ដូចនៅសៀមរាបអញ្ចឹង មានជនពិការម្នាក់ គាត់ជេរប្រមាថ មាក់ងាយមកដល់ប្រមុខដឹកនាំ រហូតដល់អង្គព្រះមហាក្សត្រ ដល់គេចាប់ដាក់ពន្ធនាគារ ពួកអង្គការសង្គមស៊ីវិលស្រែកថា រំលោភសិទ្ធិមនុស្សចាប់ជនពិការ ដាក់ពន្ធនាគារ។ ប៉ុន្តែច្បាប់មិនមានចែង ពិការ មិនពិការឯណា គេយកអាបទល្មើសហ្នឹងតើ»។
ជាសរុបមកវិញ ទោះបីជារដ្ឋធម្មនុញ្ញ បានចែងអំពីសិទ្ធិសេរីភាព ក្នុងការបញ្ចេញរបស់ប្រជាពលរដ្ឋក៏ដោយ តែក៏មិនត្រូវធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់អ្នកដទៃ ប៉ះពាល់ទំនៀមទម្លាប់របស់សង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិនោះដែរ។ ប្រជាពលរដ្ឋគួរថ្លឹងថ្លែង ឲ្យបានម៉ត់ចត់អំពីអ្វីទៅជាការបញ្ចេញមតិ និងអ្វីទៅជាការប្រព្រឹត្តល្មើសច្បាប់ ដោយពុំបានដឹងខ្លួន ដែលនាំឲ្យមានការចាត់វិធានការទៅតាមច្បាប់ផ្លូវច្បាប់។ ម្យ៉ាងទៀត ក៏គួរតែបញ្ឈប់ទៅ នូវវប្បធម៌ប្រព្រឹត្ដល្មើសច្បាប់ហើយ សុំទោសរួចខ្លួន ឬក៏ប្រព្រឹត្តខុសច្បាប់ហើយ បង្ហាញលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា មានសតិមិនគ្រប់ ហើយរួចខ្លួនដែរនោះ។ យើងគួរតែខិតខំ គោរពអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ឲ្យសាកសម នឹងការអភិវឌ្ឍន៍ជឿនលឿនរបស់ប្រទេសជាតិ របស់យើងទាំងអស់គ្នា៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក