អត្ថាធិប្បាយ
អ្នកវិភាគ ៖ វត្តមានសម្តេច ហ៊ុន សែន អញ្ជើញទៅទទួលផ្ទាល់វ៉ាក់សាំងជំនួយជប៉ុន បង្ហាញពីកាយវិការ ការទូតដ៏ឈ្លាសវៃ និងទន់ភ្លន់
ក្រុមអ្នកវិភាគបញ្ហានយោបាយ និងសង្គមនៅកម្ពុជា បានលើកឡើង និងកោតសរសើរ នូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃ ទន់ភ្លន់ និងប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីបណ្ដាប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
ការកោតសរសើរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលដោយផ្ទាល់ នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅឯនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះជាលើកទី២ ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅទទួលដោយផ្ទាល់ នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនលើកដំបូង ចំនួន៦០ម៉ឺនដូស។


កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១លានដូស ដល់កម្ពុជា ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ការផ្ដល់ជូននេះ ធ្វើឡើងតាមរយៈយន្តការ COVAX ហើយនៅយប់ថ្ងៃទី២៣ ខែកក្កដានេះ ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់ជប៉ុនចំនួន ៣៣ ២០០០ ដូស ក្នុងចំណោម១លានដូស។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការអញ្ជើញទៅទទួលដោយផ្ទាល់ នូវវ៉ាក់សាំងដែលជំនួយរបស់ជប៉ុន ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយប់នេះ គឺបានបង្ហាញយ៉ាងច្បាស់កាយវិការការទូត ប្រកបដោយភាពឈ្លាសវៃ និងទន់ភ្លន់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនេះសបញ្ជាក់ឲ្យឃើញ អំពីពហុភាពនៅក្នុងទំនាក់ទំនងការបរទេសរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបណ្ឌិត គិន ភា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ គឺជាសារមួយដ៏មានអត្ថន័យ ក្នុងសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនានា នៅលើពិភពលោក។

អ្នកវិភាគរូបនេះ បានកត់សម្គាល់ថា «កន្លងមក គឺមានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនតូច តែងតែមានការដាក់បន្ទុកថា កម្ពុជាហាក់ដូចជាផ្កាប់មុខ ទៅនឹងប្រទេសចិន ឬក៏មានទំនាក់ទំនងចាក់ទឹកមិនលិច ជាមួយចិន ឬក៏ទទួលវ៉ាក់សាំងតែពីប្រទេសចិនអីជាដើមអញ្ចឹង ហើយមែនទែនជានយោបាយការបរទេស របស់កម្ពុជា ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញហើយ គឺយើងប្រកាន់ភ្ជាប់នូវគោលនយោបាយ អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធទី១…ទី២ ជុំវិញបញ្ហាវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ហើយ ជាពិសេសសម្ដេចតេជោ លោកបានបញ្ជាក់ច្បាស់ហើយ ថា លោកទទួលវ៉ាក់សាំងពីខាងណាក៏ដោយ ឲ្យតែវ៉ាក់សាំងហ្នឹង អាចយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរបាន គឺយើងមិនបានមានការរើសអើង អំពីវ៉ាក់សាំងហ្នឹងទេ»។

លោកបណ្ឌិត គិន ភា បានកត់សម្គាល់ទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា រង់ចាំការផ្ដល់ជំនួយវ៉ាក់សាំងពីគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ក៏ប៉ុន្តែយើងឃើញថា មានតែប្រទេសចិនទេ ដែលបានផ្ដល់ជំនួយ និងលក់វ៉ាក់សាំង ជូនប្រទេសកម្ពុជាបានច្រើនជាងគេ និងបន្ទាប់មកទៀត ប្រទេសកម្ពុជាទទួលវ៉ាក់សាំងមួយចំនួនពីយន្ដការ COVAX និងចុងក្រោយនេះ ប្រទេសជប៉ុនបាន ផ្ដល់ជំនួយវ៉ាក់សាំង១លានដូសទៀត តាមរយៈយន្ដការ COVAX ដែរ។
ចំណែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមួយរូបដែរនោះ បានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅទទួលវ៉ាក់សាំង ដែលជំនួយរបស់ជប៉ុនដោយផ្ទាល់នាយប់នេះ គឺបានសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាចាត់ទុក វ៉ាក់សាំងគឺទំនិញយុទ្ធសាស្រ្ដ ដូចអ្វីដែលសម្ដេចតេជោ ធ្លាប់បានលើកឡើងនាពេលកន្លងទៅ ហើយក៏នឹងបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាពិតជារក្សានូវគោលជំហរ «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី»។

លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយបានកត់សម្គាល់ថា «ខ្ញុំបានចាំប្រសាសន៍របស់សម្ដេចថា លោក ក្រៅតែពីទៅដង្ហែរព្រះករុណា ជីវិតតម្កល់លើត្បូងរបស់យើង ទៅដល់ព្រលានយន្ដហោះ ក្រៅពីនោះ គឺលោកមិនទៅព្រលានយន្ដហោះទេ ចាប់តាំងពីយើងសាងសង់វិមានសន្តិភាពមក!…ក៏ប៉ុន្តែនៅពេលដែលលោក ទៅទទួលវ៉ាក់សាំង គឺលោកបានមានប្រសាសន៍ហើយថា វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្ដ អញ្ចឹងលោកត្រូវទៅទទួលដោយផ្ទាល់ អញ្ចឹងដូចយើងបានមើលឃើញហើយ គឺទៅទទួលលើកទី១ គឺទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ចិន ហើយយប់នេះគឺជាដំណើរលើកទី២ ដែលទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ជប៉ុន ចំណុចត្រង់នេះយើងបានមើលលឃើញហើយថា ទី១ វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្ដ ដូចអ្វីមួយ ដែលប្រសាសន៍របស់សម្ដេចតេជោ បានមានប្រសាសន៍មែន ទី២ គឺ បានឃើញពិតប្រាកដថា កម្ពុជាពិតជារក្សានូវគោលជំហរ «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី» ចឹងបានន័យថាម៉េច បានន័យថា «មិត្តណាក៏ដោយ» គឺយើងមិនដែលបោះបង់ចោលមិត្តនោះទេ បើទោះមិត្តខ្លះបានបំពានមកលើយើងក៏ដោយ ក៏យើងមិនដែលបោះបង់គេចោលដែរ»។

អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយរូបនេះ បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅទទួលដោយផ្ទាល់ នូវជំនួយវ៉ាក់សាំងរបស់ជប៉ុននាយប់នេះ គឺជាសារនយោបាយច្បាស់លាស់មួយ ទៅដល់មជ្ឈដ្ឋានខ្លះ ដែលមានការសង្ស័យថា កម្ពុជាលម្អៀងទៅខាងចិន ឬទៅខាងនេះ ឬខាងនោះ។ លោកថា «នេះគឺជាសាររបស់សម្ដេច បានប្រាប់ថា កម្ពុជា គឺចេះណាស់ ចេះគិតគូណាស់ អំពីគោលនយោបាយការបរទេសរបស់ខ្លួន»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបជាង១៦លានដូសហើយ។ ក្នុងចំណោមវ៉ាក់សាំងទាំងនេះ គឺ ភាគច្រើនជាជំនួយ និងការទិញពីប្រទេសចិន ហើយមួយចំនួនទៀត គឺកម្ពុជាទទួលបានពីយន្តការ COVAX។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ដដែល គឺរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចំនួន ៦,៤៥៤,៦០១ នាក់ ហើយគិតជាភាគរយស្មើនឹង ៦៤,៥៥ ភាគរយហើយ បើធៀបនឹងគោលដៅ១០លាននាក់៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី