អត្ថាធិប្បាយ
ឈាមលើវាលខ្សាច់៖ អាហ្វហ្គានីស្ថាន គឺជាមហន្តរាយចុងក្រោយបំផុតនៃគោលនយោបាយបរទេស របស់អាមេរិក
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលថ្នាក់នយោបាយអាមេរិកបានធ្វើអន្តរាគមន៍ដោយឥតឈប់ឈរនិងដោយមិនគិតគូរ នៅក្នុងប្រទេសដែលប្រជាជនរបស់ពួកគេ ត្រូវបានគេមើលងាយ។ ហើយជាថ្មីម្តងទៀត ពួកគេត្រូវបានជួយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដែលកំពុងស្តីបន្ទោសថា ជ័យជម្នះរបស់ក្រុមតាលីបង់ គឺដោយសារតែអំពើពុករលួយដែលមិនអាចទទួលយកបានរបស់ប្រទេស អាហ្វហ្គានីស្ថាន។
ទំហំនៃការបរាជ័យរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ វាមិនមែនជាបរាជ័យរបស់គណបក្សប្រជាធិបតេយ្យឬគណបក្សសាធារណរដ្ឋទេ ប៉ុន្តែជាបរាជ័យនៃវប្បធម៌នយោបាយអាមេរិក ដែលឆ្លុះបញ្ចាំងពីការខ្វះចំណាប់អារម្មណ៍របស់អ្នកបង្កើតគោលនយោបាយអាមេរិក ក្នុងការស្វែងយល់ពីសង្គមផ្សេងៗ។ ហើយវាជារឿងធម្មតាទៅហើយ។
ស្ទើរតែរាល់អន្តរាគមន៍យោធាអាមេរិកសម័យទំនើប នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានចាប់ផ្តើមឥតន័យ។ នៅទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកបានប្រយុទ្ធនៅឥណ្ឌូចិន វៀតណាម ឡាវនិងកម្ពុជា ហើយនៅទីបំផុតបានដកថយដោយបរាជ័យ បន្ទាប់ពីការសម្លាប់រង្គាលដ៏ឃោរឃៅអស់មួយទសវត្សរ៍។ លោកប្រធានាធិបតី Lyndon B. Johnson ដែលជាអ្នកប្រជាធិបតេយ្យនិងអ្នកស្នងតំណែង Richard Nixon មកពីគណបក្សសាធារណរដ្ឋ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះរឿងនេះ។
នៅក្នុងរយៈពេលប្រហាក់ប្រហែលគ្នានេះ សហរដ្ឋអាមេរិកបានលើកតម្កើងជនផ្តាច់ការ នៅទូទាំងតំបន់អាមេរិកឡាទីន និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក ហើយផលវិបាកដ៏មហន្តរាយបានអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍។ សូមងាកទៅមើលរបបផ្តាច់ការ Mobutu នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីការធ្វើឃាតគាំទ្រដោយ CIA លើលោក Patrice Lumumba នៅដើមឆ្នាំ១៩៦១ ឬរបបយោធារបស់ឧត្តមសេនីយ៍ Augusto Pinochet នៅប្រទេសឈីលីបន្ទាប់ពីការផ្តួលរំលំគាំទ្រដោយអាមេរិកលើលោក Salvador Allende ក្នុងឆ្នាំ១៩៧៣។
ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Ronald Reagan បានវាយលុកអាមេរិកកណ្តាល ក្នុងសង្គ្រាម Proxy ដើម្បីរារាំងឬផ្តួលរំលំរដ្ឋាភិបាលឆ្វេងនិយម។ មកទល់បច្ចុប្បន្ន តំបន់នេះនៅតែមិនទាន់ស្តារឡើងវិញបាន។
ចាប់តាំងពីឆ្នាំ១៩៧៩មក មជ្ឈិមបូព៌ានិងអាស៊ីខាងលិច បានរងគ្រោះដោយភាពល្ងង់ខ្លៅនិងឃោរឃៅរបស់គោលនយោបាយការបរទេសអាមេរិក។ សង្គ្រាមអាហ្វហ្គានីស្ថានបានចាប់ផ្តើមកាលពី៤២ឆ្នាំមុន ពោលគឺក្នុងឆ្នាំ១៩៧៩ នៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Jimmy Carter បានគាំទ្រដោយសម្ងាត់ដល់ពួកជីហាដឥស្លាម ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបដែលគាំទ្រដោយសូវៀត។ មិនយូរប៉ុន្មាន ពួក mujahedeen ដែលគាំទ្រដោយ CIA បានជួយបង្កឲ្យមានការឈ្លានពានសូវៀត ដោយដាក់សហភាពសូវៀតទៅក្នុងជម្លោះមួយ ហើយរុញអាហ្វហ្គានីស្ថានឲ្យធ្លាក់ចូលទៅអ្វី ដែលបានក្លាយជាអំពើហិង្សានិងការបង្ហូរឈាមរយៈពេលសែសិបឆ្នាំ។
នៅទូទាំងតំបន់ គោលនយោបាយការបរទេសរបស់អាមេរិកបានបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងឡើង។ ជាការឆ្លើយតបទៅនឹងការផ្តួលរំលំរបបផ្តាច់ការ Shah របស់អ៊ីរ៉ង់ដែលគាំទ្រដោយអាមេរិកនៅឆ្នាំ១៩៧៩ រដ្ឋបាលរបស់លោក Reagan បានបំពាក់អាវុធដល់ជនផ្តាច់ការអ៊ីរ៉ាក់ Saddam Hussein នៅក្នុងសង្គ្រាមរបស់គាត់ លើសាធារណរដ្ឋឥស្លាម អ៊ីរ៉ង់។ ការបង្ហូរឈាមទ្រង់ទ្រាយធំនិងសង្គ្រាមគីមីគាំទ្រដោយអាមេរិកបានកើតឡើង។ សង្គ្រាមបង្ហូរឈាមនេះ ត្រូវបានបន្តដោយការលុកលុយរបស់ Saddam ទៅលើប្រទេសគុយវ៉ែត ហើយបន្ទាប់មក មានសង្គ្រាមឈូងសមុទ្រដឹកនាំដោយអាមេរិកចំនួនពីរលើកគឺនៅឆ្នាំ ១៩៩០ និង ២០០៣។
ព្រឹត្តិការណ៍ចុងក្រោយនៃសោកនាដកម្មអាហ្វហ្គានីស្ថាន បានចាប់ផ្តើមនៅឆ្នាំ២០០១។ ស្ទើរតែមួយខែ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា លោកប្រធានាធិបតី George W. Bush បានបញ្ជាឲ្យមានការឈ្លានពានដឹកនាំដោយអាមេរិក ដើម្បីផ្តួលរំលំក្រុមជីហាដឥស្លាម ដែលអាមេរិកគាំទ្រពីមុន។ អ្នកស្នងតំណែងខាងប្រជាធិបតេយ្យរបស់គាត់ គឺលោកប្រធានាធិបតី Barack Obama មិនត្រឹមតែបន្តសង្គ្រាមនិងដាក់កងទ័ពបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាឲ្យ CIA ធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីផ្តួលរំលំប្រធានាធិបតីស៊ីរីលោក Bashar al-Assad ផងដែរ ដែលជាហេតុនាំឲ្យមានសង្គ្រាមស៊ីវិលស៊ីរីដ៏សាហាវ បន្តរហូតមកដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោក Obama បានបញ្ជាឲ្យអង្គការណាតូ បណ្តេញមេដឹកនាំលីប៊ីលោក Muammar el-Qaddafi ដោយញុះញង់ឲ្យមានអស្ថិរភាពរយៈពេលមួយទសវត្សរ៍នៅទីនោះនិងប្រទេសជិតខាងរបស់ខ្លួនផងដែរ។
អន្តរាគមន៍យោធាអាមេរិកនិង CIA ភាគច្រើនបានកើតឡើងនៅក្នុងប្រទេសដែលកំពុងតស៊ូដើម្បីជម្នះការខ្វះខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប៉ុន្តែជំនួសឲ្យការបន្ធូរបន្ថយភាពឈឺចាប់និងការទទួលបានការគាំទ្រជាសាធារណៈ អាមេរិកតែងតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតូចតាចដែលប្រទេសនេះមាន ហើយបណ្តាលឲ្យអ្នកជំនាញដែលមានការអប់រំ ត្រូវរត់គេចខ្លួនដើម្បីរស់។
អាមេរិក មិនគួរធ្វើអន្តរាគមន៍យោធានៅអាហ្វហ្គានីស្ថានឡើយ ទាំងនៅឆ្នាំ ១៩៧៩ និងឆ្នាំ ២០០១ ហើយក៏មិនគួរសោះឡើយសម្រាប់រយៈពេល ២០ ឆ្នាំមកនេះ។ ប៉ុន្តែនៅទីនោះ សហរដ្ឋអាមេរិកអាចនិងគួរតែជំរុញប្រទេសអាហ្វហ្គានីស្ថានទៅរកស្ថិរភាពនិងវិបុលភាព តាមរយៈការវិនិយោគលើសុខភាពមាតា សាលារៀន ទឹកស្អាត អាហារបំប៉ន និងអ្វីៗផ្សេងទៀត។ ការវិនិយោគបែបមនុស្សធម៌ជាពិសេសផ្តល់ហិរញ្ញប្បទានរួមគ្នាជាមួយប្រទេសដទៃទៀតតាមរយៈស្ថាប័ននានាដូចជាធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយបញ្ចប់ការបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន និងនៅតំបន់ក្រីក្រដទៃទៀត។
ប៉ុន្តែការពិតដ៏ក្រៀមក្រំគឺថា វណ្ណៈនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិក បានធ្វើឲ្យប្រជាជននៃប្រទេសក្រីក្រ កាន់តែត្រូវបានគេមើលងាយ បើទោះបីជាពួកគេធ្វើអន្តរាគមន៍ដោយឥតឈប់ឈរនិងមិនគិតគូរនៅក្នុងប្រទេសទាំងនោះក៏ដោយ។
បន្ទាប់ពីការដួលរលំនៃទីក្រុងកាប៊ុល ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបន្ទោស ការបរាជ័យរបស់អាមេរិកចំពោះអំពើពុករលួយរបស់អាហ្វហ្គានីស្ថាន។ ការខ្វះភាពយល់ដឹងអំពីខ្លួនឯងរបស់ជនជាតិអាមេរិកគឺគួរឲ្យកត់សម្គាល់។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេបន្ទាប់ពីទឹកប្រាក់រាប់ពាន់លានដុល្លារ បានចំណាយទៅលើសង្គ្រាមនៅអ៊ីរ៉ាក់ ស៊ីរី លីប៊ីនិងលើសពីនេះ។ អាមេរិកគ្មានអ្វីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្រៅពីឈាមនៅលើវាលខ្សាច់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Project-syndicate
ចុចអាន៖ ស្រ្តីអាហ្វហ្គានីស្ថាន ដឹកនាំបាតុកម្មប្រឆាំងក្រុម តាលីបង់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់