អត្ថាធិប្បាយ
កូនខុស ឬត្រូវ ម៉ែឪមិន ដែលបោះបង់..ខ្មែរកាចខ្មែរត្រង់សុទ្ធជាខ្មែរដែលត្រូវយកអសារគ្នា
ដោយមិនភ្ញាក់ផ្អើល ប៉ុន្តែខ្ញុំបានតាមដានយកចិត្តទុកដាក់ ចំពោះភាពជាគំរូនៃស្មារតីមុះមុតចុះជាប់ជាមួយពលរដ្ឋ នៃសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមូលដ្ឋានខណ្ឌដង្កោដើម្បីនាំយកអំណោយបន្ថែមដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង៣០០០គ្រួសារ នៅប្រហែលជា៦០ម៉ោងប៉ុណ្ណោះក្រោយពីប្រមុខរដ្ឋភិបាលសម្តេចអគ្គមហាសេនាបត្តី ហ៊ុនសែន បានចុះផ្ទាល់ពិនិត្យស្ថានការណ៍និងលើកទឹកចិត្តប្រជារងគ្រោះ។
ស្ថានភាពទូទៅនៅខណ្ឌដង្កោដែលជាតំបន់រងគ្រោះជួរមុខនៅភ្នំពេញនិងកម្ពុជាទាំងមូលក្រោមឥទ្ធិពលនៃជំនន់ទឹកភ្លៀង
ខណ្ឌដង្កោរងការជន់លិចយ៉ាងដំណំ ដោយមានគេហដ្ឋានជាង៤,៩៧០ខ្នង និងពលរដ្ឋប្រមាណជាង ៣២០០០នាក់ត្រូវរងគ្រោះចាកចោលលំនៅដ្ឋានបណ្តោះអាសន្ន ខណៈដែល ទូទាំងកម្ពុជាការប៉ាន់ប្រមាណដំបូងៗ គឺគេហដ្ឋាន៦ម៉ឺនខ្នងព្រមជាមួយកសិផលជាង ២៥ម៉ឺនហិកតាត្រូវជន់លិច ។ មនុស្ស២២នាក់ហើយបានត្រូវរាយការណ៍ថា បាត់បង់ជីវិតគិតត្រឹមយប់ថ្ងៃអាទិត្យ ទី ១៨ ខែតុលានេះ ។ ប្រជាពលរដ្ឋសរុបជាង៨ពាន់គ្រួសារបានចាកចោលលំនៅដ្ឋាននិងជម្លៀសទៅស្នាក់បណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ជិត៤០០គីឡូម៉ែត្រ ផ្លូវលំជាង១ពាន់គីឡូម៉ែត្រត្រូវ លិចលង់ ហេដ្ឋារចនាសម្ព័នជាច្រើនរយគីឡូម៉ែត្រទៀតកំពុងប្រឈមនឹងការគម្រាមកំហែង។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានព្រមានថា ទឺកភ្លៀងដ៏អាក្រក់ដោយសារឥទ្ធិពលនៃព្យុះក្នុងតំបន់ នឹងបណ្តាលឱ្យប្រជាជនប្រមាណជា ១៤០.០០០ នាក់រងផលប៉ះពាល់ រាល់ការដឹកជញ្ជូនសេដ្ឋកិច្ច ក៏ត្រូវបានរងផលប៉ះពាល់ រថយន្តដឹកទំនិញត្រូវបានហាមឃាត់ពីផ្លូវធំ ៗ ជាច្រើននៅក្នុងខេត្តដែលរងគ្រោះខ្លាំងនានា ដើម្បីចៀសវាងការបំផ្លាញបន្ថែម។
គំរូនយោបាយជ្រៅជ្រះ ទុករាស្ត្រនិងគុណធម៌ជាធំ ព្រហ្មវិហារធម៌ជាយាន្ត
ប្រសិនពេលនេះមិនមែនជាគ្រាលំបាកតើពេលណាវិញ?
នៅក្នុងសន្តិភាពគ្មានសង្គ្រាម កម្ពុជាបាននឹងកំពុងជំរុញខ្លួនឯង ធ្វើសមហរណកម្មយ៉ាងរលូនទៅក្នុងរបត់ឌីជីថល និង សហគ្រិនភាព ព្រមទាំងធុរកិច្ចអន្តរជាតិ ។ កម្ពុជាលេចចេញនូវយុវជន យុវនារីសសរទ្រូងជាតិ ស្វាហាប់ វាងវៃ គួរជាទីមោទនភាពជាបន្តបន្ទាប់លើគ្រប់វិស័យ ជាបិសេសតួនាទីក្នុងភាពជាអ្នកដឹកនាំ ។ ប៉ុន្តែ តាំងពីចុងឆ្នាំមុនមក វិបត្តិសេដ្ឋកិច្ចដោយមេរោគកូវីដ បូកជាមួយវិបត្តិនយោបាយពិភពលោក ចុងក្រោយគ្រោះមហន្តរាយធម្មជាតិ បានជំរុញឱ្យកូនខ្មែរមើលឃើញច្បាស់អំពីពាក្យថា «គ្រាលំបាក ស្គាល់ចិត្តមនុស្ស» ។
គិតត្រឹមម៉ោងបីរសៀល ថ្ងៃទី១៨ តុលា ២០២០នេះ សម្តេចតេជោទទួលបានថវិកាចូលរួមពីសប្បុរសជនក្នុងនិងក្រៅប្រទេស ប្រមាណ 6,865,749 ដុល្លារអាមេរិកនិង 396,525,000 រៀល ៥.០០០អឺរ៉ូដែលជាការជំរុញទឹកចិត្តពលរដ្ឋរងគ្រោះឱ្យមានសង្ឃឹមឡើងវិញ ព្រមទាំងជឿទុកចិត្តលើការដឹកនាំនៃរាជរដ្ឋាភិបាលមួយដែលមិនធ្លាប់មានប្រវត្តិ«បោះបង់ប្រជាពលរដ្ឋខ្លួនចោលសូម្បីម្តង» ដូចពាក្យពីបុរាណរបស់តម្រាសង្គ្រាមចិន មេទ័ពលីវប៉ី «ទោះរាស្ត្រក្បត់ខ្ញុំ ខ្ញុំមិនក្បត់រាស្ត្រ»ចំណែកខ្មែរយើងមានពាក្យតរៀងមកជាទំនុកដ៏មានតម្លៃថា«កូនខុសឬត្រូវម៉ែឳ មិនដែលចោល»។ មនុស្សដែលកំពុងទទួលអំណោយទាំងសម្ភារៈ ថវិកា និងស្មារតីលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាល ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ គឺបានទទួលដោយមិនប្រកាន់និន្នាការនយោបាយ មិនរើងអើងបែងចែក មិនចាត់ថ្នាក់ អ្វីទាំងអស់។

សេចក្តីមេត្តា ករុណា មុទិតា ឧបេក្ខា ជាឬសគល់ឧត្តុង្គឧត្តមនៃនយោបាយជ្រៅជ្រះដែលប្រមុខរដ្ឋាភិបាលកម្ពុជាតែងតែអាចយកឈ្នះលើគ្រប់ស្ថានការណ៍រហូតមក ហើយអ្នកនយោបាយ ធុរកិច្ចជន ជំនាន់ក្រោយគួរតែយកតម្រាប់តាម និងរៀនសូត្រកុំធ្វេសរំលង។
យើងមិនមែនរងគ្រោះម្នាក់ឯងទេ!
ទិន្នន័យវិទ្យាសាស្ត្រជាច្រើនបានបង្ហាញស្រេចហើយថា ព្យុះនិងទឹកជំនន់កំពុងកើតមានជាទូទៅ ដោយអាំងតង់ស៊ីតេនឹងបន្តកើនឡើងនៅទូទាំងពិភពលោក។ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះ ការយកចិត្តទុកដាក់ជាសាកលបានផ្តោតលើខ្យល់ព្យុះនិងទឹកជំនន់នេះ មិនថា នៅសហរដ្ឋអាមេរិក អាហ្វ្រិកខាងលិច ចិន ឥណ្ឌា ឬអាស៊ានយើងទេ។ នៅឆ្នាំ២០១៨ ការចំណាយជារូបិយវត្ថុត្រូវបានប៉ាន់ស្មានថាឡើងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក ខណៈ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ផ្សេងទៀតបាត់បង់ផ្ទះសម្បែង មុខរបរ ការងារ ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថានស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (PIK) បានបញ្ជាក់ថា ជាមួយនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោកដែលកំពុងកើនឡើង តំបន់ឆ្នេរនិងតំបន់ទំនាបនានា នឹងរងហានិភ័យខ្ពស់នៃទឹកជន់ ។ អាកាសធាតុដែលមិនមានស្ថេរភាពនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់បណ្តាប្រទេសជាច្រើន ពិសេស នៅអាស៊ីនិងប៉ាស៊ីហ្វិកដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ។ ទស្សនាវដ្តី The Economist សរសេរថា “ សមុទ្រក្តៅហួតលឿននិងខ្យល់ក្តៅ អាចផ្ទុកចំហាយទឹកបានច្រើន ដែលបញ្ចេញថាមពលនៅពេលដែលវាកកស្ទះក្នុងប្រព័ន្ធអាកាសធាតុ បំបែរមកជាកម្លាំងព្យុះនិងអាំងតង់ស៊ីតេធ្វើឱ្យមានទឹកជំនន់មិនឈប់»។
វិទ្យាស្ថានស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររបស់អាឡឺម៉ង់ បានប្រៀបធៀបគំរូកុំព្យូទ័រនៃបរិយាកាសនាពេលបច្ចុប្បន្ន ហើយពួកគេបានរកឃើញថាភពផែនដីកំពុងជួបប្រទះនូវព្យុះភ្លៀង មិនធ្លាប់មានតាំងពីចន្លោះឆ្នាំ ១៩៨០ ដល់ ២០១០មក។

ជាមួយនោះដែរបណ្តា ក្រុមហ៊ុនធានារ៉ាប់រងនៅអាមេរិក ក៏បានមើលឃើញពីការកើនឡើងនូវគ្រោះមហន្តរាយទាក់ទងនឹងទឹកនេះដូចគ្នា ហើយចុងក្រោយ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ថ្លៃដើមនៃការខូចខាតដោយព្យុះទីហ្វុងកំពុងកើនឡើងចប្រមាណជា ៦ ភាគរយក្នុងមួយឆ្នាំៗ។ ជាមួយនោះWHO បានសង្កត់ធ្ងន់ផងដែរថា ការខាតបង់ដោយការប៉ះទង្គិចព្រោះ ទឹកជំនន់នៅអឺរ៉ុប នឹងកើនឡើង ៥ ដងក្នុងរយៈពេល ៣ ទសវត្សទៅមុខ។
ស្មារតីរួបរួម និង គុណតម្លៃនៃសេចក្តីក្លាហាន សាមគ្គីភាព ទុកជាតិជាធំ កូនខ្មែរត្រូវប្រកាន់យកដើម្បីចាកចេញពីផ្នត់គំនិតអវិជ្ជមានដោយពួកឆ្លៀតឱកាស បំភាន់ បំភ្លៃ បន្ទោស លាបពណ៌ និងចោទប្រកាន់ តែមិនដែលបានធ្វើអ្វីជាដុំកំភួនទាល់តែសោះនៅរាល់ពេលដែលរាស្ត្រមានទុក្ខលំបាក។
វង្ស បុត្រា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ