អត្ថាធិប្បាយ
ទស្សនៈមិត្តអ្នកអាន ៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍?
បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បីទទួលយកសំណងពីក្រុមហ៊ុន!
បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបន្តអូសបន្លាយមកដល់ពេលនេះ សង្កេតឃើញថាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តប្រមូលគ្នីគ្នាធ្វើបាតុកម្មនៅតាមទីសាធារណៈ ដោយអះអាងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផល និងតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។ ក៏ប៉ុន្តែ ភាគីខាងក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកមួយចំនួន ដោយសារតែក្រុមហ៊ុនត្រូវកែសម្រួលរចនាសម្ព័ន្ធកាត់បន្ថយបុគ្គលិក ដើម្បីក្រុមហ៊ុនអាចរស់បានអំឡុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើសកលលោក បាននិងកំពុងរងវិបត្តិជំងឺឆ្លងសាកលកូវីដ១៩។ ការបញ្ឈប់នេះ ក្រុមហ៊ុនមានហេតុផលសមរម្យ និងបានទូទាត់សំណងជូនបុគ្គលិកត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍ ដែលក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យដឹង បានបញ្ជាក់ថា ដោយសារការបន្តធ្លាក់ចុះភ្ញៀវ ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឲ្យសមស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងៗទៀត នៅអំឡុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងប្រជុំជាមួយតំណាងកម្មករនិយោជិត អំពីគម្រោងកាត់បន្ថយបុគ្គលិកនៅផ្នែកផ្សេងៗដែលមានចំនួន ១៣២៩នាក់ ទន្ទឹមគ្នានេះក៏មានបុគ្គលិកចំនួន ២៩២នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តសុំលាឈប់ពីការងារដោយខ្លួនឯង ដែលធ្វើឲ្យចំនួនកម្មករនិយោជិតត្រូវកាត់បន្ថយបានកើនឡើងដល់ ១៦២១នាក់។ ក្រុមហ៊ុនណាហ្គាវើលដ៍ បានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ១៦២១នាក់ ក្នុងនោះមាននិយោជិតចំនួន ១២៤៨នាក់ បានយល់ព្រមទទួលយក និងចំនួន ៣៧៣នាក់ មិនព្រមទទួលយក ទោះបីជាក្រុមហ៊ុនបានផ្ទេរលុយចូលគណនីធនាគាររបស់កម្មករនិយោជិតម្នាក់ៗរួចហើយក្តី។
ពាក់ព័ន្ធករណីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួល និងបញ្ជូនករណីវិវាទការងារនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើសំណុំរឿងនេះទៅតាមច្បាប់ជាធរមាន។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេច ដោយបង្គាប់ឲ្យភាគីនិយោជកអនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាពការងារ, សោហ៊ុយជំងឺចិត្ត, ប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ, និងប្រាក់បំណាច់ជួសការជូនដំណឹងមុនជូនកម្មករនិយោជិតឲ្យបានត្រឹមត្រូវតាមច្បាប់ ពេលបញ្ចប់កិច្ចសន្យាការងារនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ បង្គាប់ឲ្យនិយោជកបន្តបើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០ និងឆ្នាំ២០២១ ជូនកម្មករនយោជិតនៅក្នុងឆ្នាំ២០២១ បន្តទៀត។
ក្រោយការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបែបនេះ ក្នុងចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ មានបុគ្គលិកចំនួនជាង ១០០នាក់បន្ថែមទៀត បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន និងនៅសេសសល់ចំនួនប្រមាណជា ២០០នាក់ប៉ុណ្ណោះ។
ជាការកត់សម្គាល់ ទោះជាមានដំណោះស្រាយពីក្រសួងការងា រនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជាច្រើនលើករួចមកហើយក្តី ក៏អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅសេសសល់ទាំងនេះ នៅតែបន្តធ្វើបាតុកម្មតវ៉ាទាមទារចង់ចូលធ្វើការវិញ និងភ្ជាប់លក្ខខណ្ឌកាន់តែច្រើនឡើង ក្នុងចេតនាបង្កការាំងស្ទះដល់ដំណើរការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ មេខ្លោងសហជីព ដែលជាអ្នកបញ្ជា ដឹកនាំធ្វើបាតុកម្មខុសច្បាប់ ថែមទាំងបានបន្តញុះញង់ និងបំពុល បំភ័ន្តព័ត៌មានជាបន្តបន្ទាប់ក្នុងចេទនាទុច្ចរិតមកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សាលើបាតុករ និងពួកគេបានប្រឌិតព័ត៌មានថា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលបាននិងកំពុងធ្វើការនឹងសុំឈប់ពីការជាច្រើននាក់បន្ថែមទៀត ជាមួយនឹងល្បិចកលលួចបន្លំយកអ្នកផ្សេង ឱ្យមកចូលរួមធ្វើបាតុកម្ម បន្លំធ្វើជាអតីតបុគ្គលិកណាហ្គាវើលដ៏ មកដោះដូរជាមួយនឹងអតីតបុគ្គលិកដែលបានបញ្ឈប់ពីការងារ ក្នុងចេតនាអូសបន្លាយការតវ៉ា ប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់ និងទាមទារលក្ខខណ្ឌផ្សេងៗ។
តាមច្បាប់ការងារ កាលណាមានសេចក្តីសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងករណីដែលខាងភាគីក្រុមហ៊ុន សុខចិត្តផ្តល់សំណងជូនពួកគេទាំងនោះ មានន័យថា ក្រុមហ៊ុនដាច់ខាតមិនទទួលយកពួកគេឲ្យចូលធ្វើការវិញឡើយ ហើយបុគ្គលិកទាំងនោះទៀតសោត ក៏គ្មានសិទ្ធិណាមួយទៅបង្គាប់បញ្ជា ឬក៏ចាប់បង្ខំឲ្យក្រុមហ៊ុនត្រូវតែទទួលយកលក្ខខណ្ឌរបស់ខ្លួននោះដែរ។
បើផ្អែកតាមទិដ្ឋភាពច្បាប់ អតីតបុគ្គលិកណាហ្គាវើលដ៍ គ្មានជម្រើសណាផ្សេងក្រៅពីទទួលយកសំណង ដែលក្រុមហ៊ុនណាហ្គាវើលដ៍ ផ្តល់ឲ្យស្របតាមច្បាប់ការងារនោះទេ ពីព្រោះថា ការធ្វើបាតុកម្មតវ៉ាអនាធិបតេយ្យបែបនេះ មិនមែនជាដំណោះស្រាយ និងក៏គ្មានប្រសិទ្ធភាពក្នុងការដាក់គំនាបលើក្រុមហ៊ុនណាហ្គាវើលដ៍បានឡើយ ដោយសារក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់។
លោក ទូច គង្គា អតីតបុគ្គលិកក្រុមណាហ្គាវើលដ៍ ក្នុងចំណោមបុគ្គលិកដទៃទៀត ដែលយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន បានអំពាវនាវឲ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បីទទួលយកសំណង ដើម្បីបញ្ចប់វិវាទនេះដោយសន្តិវិធី។ លោក ទូច គង្គា អះអាងថា លោកបានទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្តាប់ការបកស្រាយពន្យល់របស់ក្រសួង អំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារតាមគោលការណ៍ច្បាប់នៅទីស្តីការក្រសួង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបានបញ្ជាក់ថា ជាក់ស្តែង គោលការណ៍ទូទាត់ តាមការសម្របសម្រួលរបស់ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញចិត្ត។
ទន្ទឹមគ្នានេះ ការមិនទទួលយកប្រាក់សំណង របស់អតីតបុគ្គលិកណាហ្គាវើលដ៍ ដែលនៅសេសសល់នេះ បានដើរប្រាសចាកពីគោលការណ៍ច្បាប់ និងប្រាសចាកទាំងស្រុងពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក៏បង្ហាញឲ្យឃើញពីភាពទុច្ចរិត របស់ក្រុមអ្នកតវ៉ាដែលមិនចង់មានដំណោះស្រាយបញ្ចប់វិវាទការងារ។ តាមរយៈសកម្មភាពនេះ គេអាចសន្និដ្ឋានបានថា បាតុកម្មនេះ គឺមានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការបណ្តុះបណ្តាលច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករនិងមេបាតុករដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅថែមទៀតផង។ ទន្ទឹមនឹងបាតុកម្មខាងក្នុង ក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញសហជីពអន្តរជាតិ។
ក្នុងនាមជាមន្ត្រីជំនាញសិទ្ធិការងារ ខ្ញុំសូមលើកទឹកចិត្តឲ្យអតីតបុគ្គលិកណាហ្គាវើលដ៍ ដែលនៅសេសសល់ទាំងអស់ ព្រមទទួលយកការដោះស្រាយជាសំណង ដែលស្របតាមគោលការណ៍ច្បាប់ នោះជាការល្អប្រសើរ ក្នុងន័យថា អ្នកដែលព្រមទទួលយកសំណង គឺមានហេតុផលគ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់ខ្លួនតទៅមុខទៀត ពោលគឺយើងមិនអាចទៅធ្វើសកម្មភាពបែបអនាធិបតេយ្យ ឬក៏ចូលទៅក្នុងសកម្មភាពណាមួយបំពានច្បាប់នោះទេ ដែលអាចប្រឈមនឹងនីតិវិធី ឬការចាត់វិធានការផ្លូវច្បាប់ណាមួយរបស់អាជ្ញាធរបើសិនជាសកម្មភាពនោះហួសព្រំដែននៃច្បាប់។
ជារួមមកវិញ ប្រសិនបើបាតុករជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅសេសសល់ប្រមាណជា ២០០នាក់ មានសុច្ឆន្ទៈពិតប្រាកដ ក្នុងការស្វែងរកដំណោះស្រាយ ជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេគួរតែចូលខ្លួនទៅដោះស្រាយ តាមការអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងដូចអ្វីដែលពួកគេបានសន្យា មុនពេលតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបញ្ចប់ជម្លោះនេះ។
ផ្ទុយទៅវិញ ក្នុងករណីវិវាទនេះ មិនបញ្ចប់ អ្វីដែលត្រូវធ្វើបន្តទៀត គឺនឹងបន្តនីតិវិធីទៅតុលាការ។ ផ្អែកតាមច្បាប់ ថៅកែក្រុមហ៊ុនមានសិទ្ធិបញ្ឈប់បុគ្កលិកបាន ឲ្យតែខាងក្រុមហ៊ុនយល់ព្រមដោះស្រាយ តាមគោលការណ៍កំណត់ដោយច្បាប់ ក៏ប៉ុន្តែបើបុគ្គលិកកម្មករមិនសុខចិត្តចំពោះការបញ្ឈប់ ឬការបណ្តេញចេញនោះទេ ពួកគេមានសិទ្ធិប្តឹងទៅតុលាការ ដើម្បីស្វែងរកដំណោះស្រាយ។ ទោះយ៉ាងណា ក្នុងករណីដែលថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេ ការអនុញ្ញាតឲ្យចូលធ្វើការវិញ គឺមានតែយល់ព្រមទទួលយកសំណងតែប៉ុណ្ណោះ។ នេះជាគោលការណ៍ច្បាប់ ដែលពុំគប្បីអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍បន្តញុះញង់ ឬធ្វើសកម្មភាពដឹកនាំបាតុកម្មបំពានច្បាប់ណាមួយដែលអាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈសង្គមនោះឡើយ៕
ដោយ៖ សុខ វាសនា មន្ត្រីជំនាញផ្នែកសិទ្ធិការងារនៅអង្គការក្រៅរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ