អត្ថាធិប្បាយ
សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ៖ តើលោក ពូទីន អាចចាត់ទុកថា ជាឧក្រិដ្ឋជនសង្រ្គាម បានដែរឬទេ?
លោក ចូ បាយដិន ប្រធានាធិបតីអាមេរិកកាលពីប៉ុន្មានសប្តាហ៍មុន បានហៅលោក ពូទីន ប្រធានាធិបតីរុស្ស៊ីថា ជាឧក្រិដ្ឋជនសង្រ្គាម បន្ទាប់ពីលោកបានចេញបញ្ជាបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋាភិបាលរុស្ស៊ី មិនអាចទទួលយកបានទេចំពោះការចោទប្រកាន់នេះ ហើយបានទាមទារឲ្យលោក ចូ បាយដិន ដកពាក្យនេះវិញ។ តើការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន លោក ពូទីន អាចចាត់ទុកថា ជាឧក្រិដ្ឋជនសង្រ្គាម បានដែរឫទេ? តើអ្វីទៅជាឧក្រិដ្ឋកម្មសង្រ្គាម?

ឧក្រិដ្ឋកម្មសង្គ្រាម បានបញ្ញត្តិដោយសន្ធិសញ្ញាក្រុងរ៉ូម គឺសំដៅដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងនឹងបុគ្គល ឬទ្រព្យសម្បត្តិ ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាម ដូចជា អំពើឃាតកម្ម ការធ្វើទារុណកម្ម អំពើអមនុស្សធម៌ ការជម្លៀសឲ្យធ្វើការដោយបង្ខំ ឬក្នុងគោលបំណងផ្សេងៗទៀត ទៅលើប្រជាជនដែលស្ថិតនៅក្នុងការគ្រប់គ្រង។ បន្ថែមលើនេះ វា គឺជាអំពើឃាតកម្ម ឬការធ្វើទារុណកម្មទៅលើឈ្លើយសឹកសង្គ្រាម ការចាប់ជាចំណាប់ខ្មាំង ការដកហូតទ្រព្យសម្បត្តិសាធារណៈ ឬឯកជន ការបំផ្លិចបំផ្លាញទីក្រុង ភូមិប្រជាពលរដ្ឋដែលមិនមែនជាមូលដ្ឋានយោធាជាដើម។
តើនរណាខ្លះដែលជាតួអង្គនៃភាគីបណ្ដឹងក្នុងសំណុំរឿងបទឧក្រិដ្ឋកម្មសង្គ្រាម?
យោងតាមអនុសញ្ញាក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ១៩៤៩ និងលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ នាថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ១៩៩៨ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមនេះ គឺគ្រប់ប្រទេសទាំងអស់ ទោះជាសមាជិកអង្គការសហប្រជាជាតិ ឬមិនមែនជាសមាជិកអង្គការសហប្រជាជាតិ និងតុលាការព្រហ្មទណ្ឌអន្តជាតិ សុទ្ធតែមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹងក្រោយពេលដែលប្រទេសនោះទទួលរងនូវអំពើមានលក្ខណៈសាហាវព្រៃផ្សៃ និងអមនុស្សធម៌ដែលតែងកើតឡើងពិសេសនៅក្នុងពេលសង្គ្រាមពីសំណាក់ប្រទេសដទៃ។
តើស្ថាប័នណាខ្លះដែលមានដែនសមត្ថកិច្ចអារកាត់លើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនេះ?
តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាស្ថាប័នដែលមានសមត្ថកិច្ច ដើម្បីដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនេះ។

១. តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) គឺជាអង្គការច្បាប់ដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ។ តុលាការនេះ មានទីស្នាក់ការនៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់ ហើយបានចាប់ផ្ដើមដំណើរការសកម្មភាពរបស់ខ្លួននៅក្នុងឆ្នាំ១៩៤៦។ យោងតាមច្បាប់អន្តរជាតិ គឺតុលាការនេះ អាចដោះស្រាយវិវាទខាងផ្លូវច្បាប់ដែលបណ្ដាប្រទេសនានាបានស្នើឡើង និងដោះស្រាយវិវាទរវាងប្រទេស និងប្រទេស។
ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ សុទ្ធតែត្រូវបានចាត់ទុកជាសមាជិកនៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ។ ចំណែកឯប្រទេសដែលមិនមែនជាសមាជិករបស់អង្គការសហប្រជាជាតិ ក៏អាចចូលរួមក្នុងលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិបានដែរ ប្រសិនបើមានការស្នើឡើងដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយនឹងត្រូវបានមហាសន្និបាតទទួលយល់ព្រម។ ចំពោះបណ្ដាប្រទេសដែលមិនចូលរួមនៅក្នុងលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ ក៏អាចសំណូមពរឲ្យតុលាការនេះ ជំនុំជម្រះវិនិច្ឆ័យរឿងវិវាទរបស់ខ្លួនបានដែរ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ព្រម។
នីតិវិធីនៃការប្ដឹង៖ ប្រទេសទាំងឡាយ អាចលើកយកបញ្ហាវិវាទទៅដោះស្រាយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិតាមការសម្របសម្រួល។ នៅក្នុងករណីភាគីម្ខាងក្នុងជម្លោះដាក់ពាក្យបណ្ដឹង តុលាការយុត្តិធម៌អន្តរជាតិមានសមត្ថកិច្ចទទួលពាក្យបណ្ដឹងបាន ប្រសិនបើខាងភាគីចុងចោទឆ្លើយតបជាលាយលក្ខណ៍អក្សរទទួលយល់ព្រមលើរឿងវិវាទទៅតុលាការ ឬភាគីចុងចោទបានទទួលស្គាល់សិទ្ធិយុត្តាធិការចាប់បង្ខំរបស់តុលាការ។ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិមានតម្លៃចាប់បង្ខំចំពោះគូរវិវាទ ហើយគូរវិវាទមិនអាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមបានឡើយ។ ក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការជាចាំបាច់ ដើម្បីចាប់បង្ខំឲ្យអនុវត្តតាមសាលក្រម។

២. តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court – ICC)៖ លក្ខន្តិកៈរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានអនុម័តនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩៨។ តុលាការនេះ មានយុត្តាធិការពិនិត្យមើលរឿងក្ដីទាំងឡាយដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្គ្រាម។ មហាសន្និបាតរបស់អង្គការសហប្រជាជាតិលេខ ៣០៧៤ (សម័យប្រជុំលើកទី២) បានប្រកាសពីគោលការណ៍នានានៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការស៊ើបអង្កេត ចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ(បត្យាប័ន) និងការដាក់ទោសដល់ជនទាំងឡាយណាដែលមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ១៩៧៣ មហាសន្និបាតអង្គការសហប្រជាជាតិបាន ប្រកាសជាគោលការណ៍ដូចតទៅ ៖
១/ ឧក្រិដ្ឋកម្មសង្គ្រាម ទោះជាកើតឡើងនៅពេលណា ឬទីកន្លែងណាក៏ដោយ ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេត តាមដាន ហើយជនណាដែលបានប្រព្រឹត្តអំពើនេះ ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេត តាមដាន ចាប់ខ្លួន និងកាត់ទោស។
២/ បណ្ដារដ្ឋនីមួយៗមានសិទ្ធិកាត់ទោសប្រជាពលរដ្ឋខ្លួន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មនៃសង្គ្រាម
៣/ រដ្ឋទាំងអស់ត្រូវសហការជាមួយគ្នាទៅវិញទៅមកលើមូលដ្ឋានឯកតោភាគី និងពហុភាគី ដើម្បី បញ្ឈប់ និងទប់ស្កាត់បទឧក្រិដ្ឋនៃសង្គ្រាម ហើយត្រូវចាត់វិធានការក្នុងស្រុក និងជាអន្តរជាតិជាចាំបាច់សម្រាប់គោលដៅនេះ ។
៤/ រដ្ឋទាំងអស់ ត្រូវជួយគ្នាទៅវិញទៅមកនៅក្នុងការស៊ើបអង្កេត ចាប់ខ្លួន និងនាំទៅកាត់ទោសនូវ
ជនទាំងឡាយណាដែលសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋប្រភេទនេះ និងត្រូវដាក់ទោសដល់ជន ទាំងនេះ ប្រសិនបើរកឃើញថាមានកំហុស។
៥/ ជនប្រឆាំងទាំងឡាយដែលមានភស្តុតាងថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋនៃសង្គ្រាមត្រូវបានកាត់ទោស និងត្រូវដាក់ទោស ប្រសិនបើឃើញថាមានកំហុស។
៦/ រដ្ឋទាំងអស់ ត្រូវសហការលើបញ្ហាការចាប់បញ្ជូនមកវិញនូវជនប្រភេទនេះ ។
៧/ រដ្ឋទាំងអស់ត្រូវសហការជាមួយគ្នាទៅវិញទៅមកក្នុងការប្រមែប្រមូលព័ត៌មាន និងភស្តុតាងដែលទាក់ទងទៅនឹងបទឧក្រិដ្ឋទាំងអស់ខាងលើនេះ។
៨/ យោងតាមមាត្រាទី ១ នៃសេចក្ដីប្រកាសអំពីសិទ្ធិជ្រកកោនលើទឹកដី ចុះថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ ១៩៦៧ រដ្ឋទាំងអស់មិនត្រូវផ្ដល់ជម្រកដល់ជនណាមួយដែលទាក់ទងនឹងជនដែលមានហេតុផលធ្ងន់ធ្ងរ ដើម្បីពិចារណាថា ជននោះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
៩/ រដ្ឋទាំងអស់ មិនត្រូវចាត់វិធានការតាមច្បាប់ណាមួយ ឬវិធានការផ្សេងៗដែលធ្វើឲ្យខូចខាតដល់កាតព្វកិច្ចជាអន្តរជាតិចំពោះសកម្មភាពស៊ើបអង្កេត ការចាប់ខ្លួន ការធ្វើបត្យាប័ន។ ដាក់ទោសដល់ជនណាដែលមានកំហុសពីបទឧក្រិដ្ឋកម្មនៃសង្គ្រាម ។
១០/ រដ្ឋទាំងអស់ ត្រូវមានកិច្ចសហប្រតិបត្តិការ ដើម្បីស៊ើបអង្កេត ចាប់ខ្លួន និងការធ្វើបត្យាប័ននូវជនប្រឆាំងដែលមានភស្តុតាងថា ជននោះ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើរកឃើញមានកំហុស នោះនឹងទទួលនូវការដាក់ទោស។ រដ្ឋទាំងអស់ ត្រូវមានវិធានការស្របតាម ខ នៃសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ និងសេចក្ដីប្រកាសស្ដីពីគោលការណ៍នៃច្បាប់អន្តរជាតិ។

តើ រដ្ឋ និង ឧក្រិដ្ឋជនសង្គ្រាម នឹងត្រូវទទួលទោសយ៉ាងដូចម្ដេចខ្លះ ?
១- ការផ្ចាញ់តប ៖ ជាធម្មតាគេឃើញមានវិធានការនេះ កើតឡើងមុនពេលការកាត់ក្ដីនៅក្នុងតុលាការអន្តរជាតិ ជាវិធានការដ៏ចំណាស់មួយនៅក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយ ដើម្បីបង្ខំឲ្យរដ្ឋ ជាសត្រូវទាំងអស់ឲ្យប្រតិបត្តិតាមវិធាននៃច្បាប់ស្ដីពីសង្គ្រាម(The rueso sar) ដែលជារឿយៗជួយធ្វើឲ្យរដ្ឋមានជម្លោះ ប្រតិបត្តិតាមវិធាននៃច្បាប់ស្តីពីសង្គ្រាម។
២- ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនសង្គ្រាម ៖ ជនណាដែលមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាមអាចត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោស។ ក្រោយសង្គ្រាមលោកលើកទី ២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួនត្រូវបានគេឃុំខ្លួន និងជនដែលគេរកឃើញមានកំហុសពីបទឧក្រិដ្ឋនៃសង្គ្រាមត្រូវបានគេកាត់ទោស។
៣- សំណង ៖ មានការដាក់ទណ្ឌកម្មពីច្បាប់ស្ដីពីសង្គ្រាមមួយទៀត គឺថារដ្ឋមានជម្លោះមួយ ដែលរំលោភបំពានលើច្បាប់នានាដែលទាក់ទងទៅនឹងសង្គ្រាម អាចត្រូវបានបង្ខំឲ្យបង់សងសំណងសម្រាប់ការរំលោភបំពាននោះ។ មាត្រា៣ នៃអនុសញ្ញាទីក្រុងឡាអេ នាឆ្នាំ១៩០៧ ចែងថា រដ្ឋមួយដែលរំលោភបំពានច្បាប់នៃសង្គ្រាម អាចត្រូវបានគេបង្ខំឲ្យបង់សំណងចំពោះការរំលោភបំពាននេះ៕
ដោយ ៖ សេម វាសនា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក