អត្ថាធិប្បាយ
បទវិភាគ៖ «បោះឆ្នោត២០២៣» ទំនងជាគោលដៅដែលលោក កឹម សុខា សុខចិត្ត«លែងលះ»លោក សម រង្ស៊ី
និយាយពីអ្នកនយោបាយមិនថា នៅកម្ពុជា ឬប្រទេសណាទេ គឺគ្មានអ្នកណាដែលចង់ដើរដល់ផ្លូវទាល់ ឬចង់ឲ្យអ្នកដទៃបំផ្លាញជីវិតនយោបាយរបស់ខ្លួនឡើយ។ យ៉ាងណាមិញ លោក កឹម សុខា ដែលជាប្រធានអតីតបក្សប្រឆាំងក៏ដូចគ្នាដែរ ដោយលោកសម្រេចជ្រើសរើសផ្លូវដែលត្រឹមត្រូវតាមរយៈការប្រកាសចែកផ្លូវគ្នាដើរជាមួយលោក សម រង្ស៊ី ។ បើពុំធ្វើដូច្នេះទេ អនាគតនយោបាយរបស់លោក កឹម សុខា ប្រាកដជាត្រូវលោក សម រង្ស៊ី អូសទម្លាក់ទឹកជាមួយរូបលោកមិនខានឡើយ។

កាលពីសប្តាហ៍មុន ជាព័ត៌មានដ៏កក្រើកដែលគេគិតតាំងពីយូរមកហើយថានឹងកើតឡើងនោះ គឺលោក កឹម សុខា បានប្រកាសនៅក្នុងតុលាការសាលាដំបូងរាជធានីភ្នំពេញបញ្ចប់សម្ព័ន្ធភាពរវាងរូបលោក និងលោក សម រង្ស៊ី ដែលជាអតីតដៃគូដៃកង់បង្កើតអតីតគណបក្សសង្រ្គោះជាតិរួមគ្នាកាលពីអំឡុងឆ្នាំ២០១២។ ការបញ្ចប់សម្ព័ន្ធភាពនេះ គឺបន្ទាប់ពីអ្នកទាំង២បានរស់នៅផ្អែមល្អែមនឹងគ្នារយៈខ្លី និងជូរចត់រយៈពេលយូរក្នុងពេលប្រមាណ១០ឆ្នាំមកនេះ។ ការសម្រេចចិត្តរបស់លោក កឹម សុខា នេះ គឺបន្ទាប់ពីរូបលោកអត់ទ្រាំនឹងទង្វើរបស់លោក សម រង្ស៊ី លែងបានតទៅទៀត ពិសេស គឺលោក សម រង្ស៊ី បានរិះគន់លោកដែលមិនបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងដាក់ឃុំខ្លួននៅក្នុងពន្ធនាគារកាលពីអំឡុងឆ្នាំ២០១៧មក លោក សម រង្ស៊ី មិនដែលរិះរកវិធីសាស្រ្តណាមួយដែលមានប្រសិទ្ធភាព ដើម្បីស្វែងរកការដោះលែងលោក កឹម សុខា តាមផ្លូវនយោបាយ និងផ្លូវច្បាប់ឡើយ។ ផ្ទុយទៅវិញ លោក និងបក្ខពួក គ្រាន់តែធ្វើយុទ្ធនាការផ្សេងៗនៅបរទេសក្នុងន័យជួយឲ្យមានការដោះលែងលោក កឹម សុខា តែតាមពិត គឺដើម្បីទាក់ទាញបានប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងដើម្បីទទួលបានថវិកាជំនួយពីអ្នកគាំទ្រដែលខ្វះការពិចារណាមួយចំនួននៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះទេ លោក សម រង្ស៊ី និងបក្ខពួក ថែមទាំងប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានជាដៃជើងរបស់ខ្លួនមួយចំនួនធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងជាពិសេស មកលើសម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ និងឥតឈប់ឈរ។

តើសកម្មភាពបែបនេះ ជាទង្វើស្វែងរកដំណោះស្រាយនយោបាយដល់លោក កឹម សុខា ឬ? និយាយឲ្យចំ វាគឺជាទង្វើរុញលោក កឹម សុខា នៅក្នុងពន្ធនាគារកាន់តែយូរ ពីព្រោះគ្មានដំណោះស្រាយនយោបាយណាមួយដែលកើតឡើងដោយរបៀបនេះនោះទេ។ ពេលលោក កឹម សុខា កំពុងនៅក្នុងពន្ធនាគារ លោក សម រង្ស៊ី និងបក្ខពួកកំពុងនៅក្នុងផ្ទះដ៏សែនសុខស្រួលជាមួយម្ហូបអាហារដ៏សំបូរបែបនៅឯបរទេស។ នេះ បង្ហាញពីការរួមសុខរួមទុក្ខដ៏ពិបាកយល់ណាស់។
រឿងរ៉ាវមួយទៀត គឺកាលពីដើមឆ្នាំ២០១៨ លោក សម រង្ស៊ី បានបង្កើតចលនាសង្រ្គោះជាតិនៅខាងក្រៅប្រទេស។ ចំណែក នៅក្នុងឆ្នាំ២០១៩ លោក សម រង្ស៊ី និងបក្ខពួក ក៏បានប្រកាសបង្កើតផែនការវិលចូលប្រទេសកម្ពុជាវិញនាថ្ងៃទី ០៩ ខែវិច្ឆិកា ក្នុងគោលបំណងមករំដោះប្រទេសកម្ពុជា រំដោះប្រជាពលរដ្ឋខ្មែរតាមការស្រមើលស្រមៃរបស់ខ្លួន។ ផែនការនេះ គឹជាផែនការខ្យល់យ៉ាងប្រាកដ ដើម្បីតែប្រមូលលុយរបស់ប្រជាពលរដ្ឋអ្នកគាំទ្រនៅក្រៅប្រទេសតែប៉ុណ្ណោះ។ ទាំងការបង្កើតចលនាសង្រ្គោះជាតិ និងផែនការវិលចូលប្រទេសវិញនេះ គឺមិនមានការឯកភាព និងការគាំទ្រណាមួយពីលោក កឹម សុខាឡើយ។ ប៉ុន្តែ វានៅតែកើតមានឡើង តើនេះឬ ហៅថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ?

«សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយនេះ» គឺគ្រាន់តែជាពាក្យកុហកបោកប្រាស់របស់លោក សម រង្ស៊ី តែម្ខាងប៉ុណ្ណោះ។ លោក សម រង្ស៊ី និងបក្ខពួក យកពាក្យនេះ ដើម្បីប្រើប្រាស់រក្សាបានប្រប្រិយភាពរបស់ខ្លួនទាំងនៅក្រៅ និងក្នុងប្រទេស និងនិយាយឲ្យខ្លី ដើម្បីតែផលប្រយោជន៍ខ្លួន និងក្រុមខ្លួនតែប៉ុណ្ណឹង ពោល គឺគ្មានឡើយផលប្រយោជន៍ណាមួយសម្រាប់លោក កឹម សុខា និងមន្រ្តីគាំទ្ររូបលោកនៅក្នុងប្រទេស។ បើមើលឲ្យដល់ជម្រៅមែនទែនទៅ គឺសម្ព័ន្ធភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខា បានបែកបាក់គ្នាយូរមកហើយ ហើយកាន់តែច្បាស់នោះ គឺបន្ទាប់ពីលោក កឹម សុខា តាមរយៈក្រុមមេធាវីបានផ្ញើសារទៅលោក សម រង្ស៊ី និងក្រុមរបស់ខ្លួនឲ្យបញ្ឈប់យករូបភាព និងឈ្មោះរបស់លោក កឹម សុខា ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីលោក។
ទាំងនេះ អាចជាហេតុផលគ្រប់គ្រាន់សម្រាប់លោក កឹម សុខា ក្នុងការប្រកាសចែកផ្លូវពីលោក សម រង្ស៊ី ជាផ្លូវការនាពេលនេះ។ ប៉ុន្តែ ហេតុអ្វីលោក កឹម សុខា ពេលណាមិនប្រកាស តែទើបមកប្រកាសនៅពេលនេះអ៊ីចឹង? វាទំនងជាមិនមែនជារឿងចៃដន្យទេ។ មិនចៃដន្យ ព្រោះគេដឹងហើយថាដំណើរ និងសកម្មភាពរបស់អ្នកនយោបាយតែងតែមានការគិតទុកជាមុន និងមានសេណារីយ៉ូច្បាស់លាស់។ សម្រាប់លោក កឹម សុខា ពេលវេលានេះ គឺជាពេលសមស្របបំផុតហើយសម្រាប់ការប្រកាសបែកពីលោក សម រង្ស៊ី ជាផ្លូវការ ព្រោះលោកទុកឲ្យលោក សម រង្ស៊ី និងបក្ខពួក ធ្វើសកម្មភាពអាក្រក់ៗជាច្រើនមកដល់រូបលោក ដើម្បីបញ្ជាក់ប្រាប់ដល់អ្នកគាំទ្រថា គឺរូបលោក សម រង្ស៊ីទេ ដែលក្បត់នឹងរូបលោក ក្បត់នឹងសម្ព័ន្ធភាពសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ។ ចុងក្រោយ រូបលោក គឺជាមនុស្សដែលនៅតែទទួលបានការគាំទ្រដដែល។

ម្យ៉ាងវិញទៀត លោក កឹម សុខា ទំនងជាដឹងយ៉ាងច្បាស់ថា បែកគ្នាជាមួយលោក សម រង្ស៊ី គឺអនាគតនយោបាយរបស់លោក នឹងមានសង្ឃឹម។ បទ«សន្ទិដ្ឋិភាពជាមួយបរទេស» ឬហៅយ៉ាងសាមញ្ញថា «បទក្បត់ជាតិ» មិនមែនជាបទល្មើសធម្មតាឡើយ ហើយបើថែមទាញភ្ជាប់លោក សម រង្ស៊ី ដែលរុំព័ន្ធពេញខ្លួនដោយបទចោទផ្សេងៗទៀតនោះ គឺលោក កឹម សុខា មិនអាចរើខ្លួនរួចទេ។ ជាលទ្ធផល លោក និងលោក សម រង្ស៊ី នឹងបញ្ចប់នយោបាយរបស់ខ្លួនទាំងដោយគ្មានន័យ។ ប៉ុន្តែ គួរដឹងថា លោក កឹម សុខា ជាអ្នកនយោបាយ«ត្រជាក់ស៊ីជ្រៅ» ដោយលោកទំនងជាគិតថា ការបែកពីលោក សម រង្ស៊ី គឺសំណុំរឿងរបស់លោក នឹងអាចឆាប់ចប់។ ពេលនោះ រូបលោក អាចនឹងស្នើសុំការលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើបន្តទៅព្រះមហាក្សត្រ។ ក្រោយអាចធ្វើនយោបាយឡើងវិញ បំណងរបស់លោក កឹម សុខា អាចរកគណបក្សនយោបាយណាមួយចូលរួមជាមួយ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖ កម្ពុជាថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ