Connect with us

អត្ថាធិប្បាយ

តើអង្គការ OPEC អាចជួយដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈបានដែរឬទេ?

បានផុស

នៅ

ចាប់តាំង​ពី​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន​មក បញ្ហា​វិបត្តិ​ប្រេង​ឡើង​ថ្លៃ​ចាប់​ផ្ដើម​កើត​មាន​ឡើង ពិសេស​ រាប់​ចាប់តាំង​ពី​ខែ​មេសា​រហូត​មក។ កាល​ពី​ពេល​ថ្មីៗ​នេះ​ អាមេរិក​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន រួម​ទាំង ​អង្គការ​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​សម្បើម​​គឺ​ OPEC ឲ្យ​បង្កើន​ទិន្នផល​ផលិត​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ។ តើ​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC គឺ​ជា​អ្វី ទើប​មាន​ការ​អំពាវនាវ​ពី​សហរដ្ឋអាមេរិកបែបនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

OPEC មាន​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា The Organization of the Petroleum Exporting Countries គឺជា​អង្គការ​អន្តរ​រដ្ឋាភិបាល​អចិន្ត្រៃយ៍​នៃ​ប្រទេស​នាំចេញ​ប្រេងកាត​ដ៏​ធំ​បំផុត​នៅ​ក្នុង​បណ្តា​ចំណោម​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទាំង​ពិភពលោក​ ។ OPEC បាន​ក្លាយ​ជា​អង្គការ​សំខាន់​មួយ​ដ៏​មាន​ឥទ្ធិពល ​និង​សក្ដានុពល​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់ប្រទេស​មហា​អំណាច​លោកខាងលិច​។ អង្គការនេះ ត្រូវបាន​បង្កើត​ឡើង​ក្នុង​សន្និសីទ​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ ​នៅថ្ងៃទី១០ ដល់១៤ ខែ​កញ្ញា ឆ្នាំ​១៩៦០ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន ៥ កាន់​សាសនា​ឥស្លាម មាន​ដូចជា ​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត អារ៉ាប់ប៊ី សាអូឌីត និង​ប្រទេសវេណេស៊ុយអេឡា។

ប្រវត្តិនៃការកកើតOPEC

OPEC​ ត្រូវបាន​បង្កើត​ឡើង​ក្នុង​សម័យ​អន្តរកាល​នៃ​ទិដ្ឋភាព​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ពោល​ គឺ​ក្នុង​អំឡុងពេល​ដែល​មាន​ប្រទេស​ជា​ច្រើន​ទើប​តែ​ទទួល​បាន​ឯករាជ្យ និង​ក្លាយ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ដោយ​មើល​ឃើញ​ថា ទីផ្សារ​ប្រេងឆៅ​អន្តរជាតិ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ពហុជាតិ​សាសន៍​ទាំង​៧ដែល​ជា​ប្រទេស​ធំៗ​បាន​ដាច់ចេញ​ពី​សហភាពសូវៀត ព្រមទាំង ​ប្រទេស​ដែល​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​ដទៃ​ទៀត អង្គការ OPEC បាន​អភិវឌ្ឍ​ទស្សនវិស័យ​រួម​របស់​ខ្លួន​ដោយ​មានគោលដៅ​ច្បាស់លាស់ ព្រម​ទាំង​បាន​បង្កើត​លេខាធិការដ្ឋាន​ដំបូង​នៅ​ទី​ក្រុងហ្សឺណែវ ហើយ​បាន​ផ្លាស់​មក​នៅ​ទី​ក្រុង​វីយែន​វិញ​ក្នុងឆ្នាំ១៩៦៥។ OPEC បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​គោល​នយោបាយ​ប្រេងឆៅនៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​ក្នុង​ឆ្នាំ១៩៦៨ ដោយ​សង្កត់​ទៅ​លើ​សិទ្ធិ​ផ្ដាច់មុខ​នៃ​ប្រទេស​ទាំងអស់​ក្នុង​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យទៅ​លើ​ធនធាន​ធម្មជាតិ​របស់​ពួកគេ ដើម្បី​ជា​ផលប្រយោជន៍​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន។

បច្ចុប្បន្ន អង្គការ​នាំ​ចេញ​ប្រេង OPEC មានសមាជិកចំនួន១៣ រួមមាន សមាជិក​៥​ប្រទេស​ដែល​ជា​ស្ថាបនិក​ដំបូង​នៅឆ្នាំ១៩៦០  ប្រទេស​លីប៊ី​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ១៩៦២ ប្រទេស​អារ៉ាប់រួម ​បានចូលជាសមាជិកនៅឆ្នាំ១៩៦៧។ ប្រទេស​អាល់ហ្សេរី ​បានចូល​ជា​សមាជិក​នៅឆ្នាំ១៩៦៩ ប្រទេស​នីហ្សេរីយ៉ា ​បានចូល​ជា​សមាជិក​នៅឆ្នាំ១៩៧១ ប្រទេស​ហ្កាបុង​បានចូល​ជា​សមាជិក​លើក​ទី១នៅឆ្នាំ១៩៧៥ ប៉ុន្តែ​ក៏​បាន​ចាកចេញ​វិញ​នៅឆ្នាំ១៩៩៥ និង​បាន​ចូល​ជា​សមាជិក​ជា​លើកទី​២​នៅ​ឆ្នាំ​២០១៦ បន្ត​រហូត​មកដល់​បច្ចុប្បន្ន។ ប្រទេស​អង់ហ្គោឡា ​បានចូល​ជា​សមាជិក​នៅឆ្នាំ២០០៧ ប្រទេស​ហ្គីណេ​បាន​ចូល​ជា​សមាជិក​នៅឆ្នាំ២០១៧ រីឯសាធារណរដ្ឋ​កុងហ្គោ​ បានចូល​ជាសមាជិកនៅឆ្នាំ២០១៨។

ក្រៅ​ពី​នេះ នៅ​មាន​សមាជិក​ដែល​ធ្លាប់​ចាកចេញ​ចំនួន​៣​ប្រទេស​ទៀត រួមមាន ប្រទេស​អេក្វាទ័រ ​ធ្លាប់​បាន​ចូល​ជា​សមាជិក​លើក​ទី១នៅ​ឆ្នាំ១៩៧៣-១៩៩២ និង​បាន​ចូល​ជា​សមាជិក​លើក​ទី២​នៅ​ឆ្នាំ២០០៧ តែដល់ឆ្នាំ២០២០ ប្រទេស​នេះ​ក៏​បាន​ចាកចេញ​ពី​សមាជិក​ភាព​អង្គការ OPEC ម្ដងទៀត។ ប្រទេស​ឥណ្ឌូណេស៊ី ​ធ្លាប់​បាន​ចូល​សមាជិក​លើក​ទី​១​នៅឆ្នាំ១៩៦២-២០០៨ និង​បាន​ចូល​សមាជិក​ជា​លើក​ទី២​នៅ​ខែ​មករា ឆ្នាំ២០១៦ តែ​ក៏​បាន​ចាកចេញ​ទៅវិញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដដែល។ ប្រទេស​កាតា ​ធ្លាប់​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ១៩៦១ ប៉ុន្តែ​ក៏​បាន​ចាកចេញ​ទៅ​វិញនៅឆ្នាំ២០១៩។

គោលបំណងនៃការបង្កើតអង្គការ OPEC

យោងតាមមាត្រា២ នៃ​លក្ខន្តិកៈ​របស់OPEC គឺអង្គការនេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចម្បង​៣គឺ៖

១. ធានា​ឱ្យ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភព​លោក​មាន​ស្ថិរភាព រួម​ជា​មួយ​នឹង​ទស្សនវិស័យ​ក្នុង​ការ​កាត់បន្ថយ ការ​ប្រែប្រួល​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់ និង​ភាព​មិន​ចាំបាច់​នៃ​ការ​ប្រែប្រួល​តម្លៃ

២. ធានា​ឱ្យ​មាន​ស្ថិរភាព​ប្រាក់ចំណូល​ដល់​ប្រទេស​ផលិត​ប្រេង ដោយ​រក្សា​បាន​នូវ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​អ្នកប្រើប្រាស់

៣. ធានា​ឱ្យ​បាន​នូវ​សមធម៌​នៃ​ចំណូល​មូល​ធន​ដល់​ប្រទេស​ដែល​បាន​វិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​ប្រេងកាត។

រចនាសម្ព័ន្ធដឹកនាំ

យោង​លើ​លក្ខន្តិកៈ​របស់ OPEC គឺសមាជិក​ទាំង​អស់​ត្រូវ​បែងចែក​ជា​ប៣ប្រភេទ​ គឺ​ទី​១. ​សមាជិក ស្ថាបនិក សំដៅ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​លើកទីមួយ​នៅ​ទីក្រុង​បាដាដ ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម​នៃ​ការ​បង្កើត​អង្គការ​នេះ​ឡើង។ ទី២. សមាជិក​ពេញ​សិទ្ធិ សំដៅ​ដល់​ប្រទេស​ស្ថាបនិក និង​ប្រទេស​ដែល​មាន​សមាជិកភាព​ត្រូវ​បាន​អនុម័ត​ទទួលស្គាល់​ដោយ​សន្និសីទ។ រីឯ ទី៣. គឺ​សមាជិក​មិន​ពេញ​សិទ្ធិ ជា​ប្រទេស​ដែល​មិន​មាន​អត្ថប្រយោជន៍​ចម្បង និង​គោលដៅ​ស្រដៀង​គ្នា​នឹង​ប្រទេស​ដែល​ជា​សមាជិក​នៃ​អង្គការ។

រចនាសម្ព័ន្ធ​របស់ OPEC មាន​អង្គការ​ចាត់តាំង​៣​សំខាន់​គឺ ៖

១/ សន្និសីទOPEC គឺ​ជា​អាជ្ញាធរ​កំពូល​របស់​អង្គការ ដែល​មាន​ការចូលរួម​ពី​ប្រតិភូ​តំណាង​ប្រទេស​ជា សមាជិក​នីមួយៗ។ ប្រទេស​នីមួយៗ ​អាច​ចាត់តាំង​ប្រតិភូ​តំណាង​របស់​ខ្លួន​ចាប់​ពី​មួយ​រូប​ឡើង​ទៅ ប៉ុន្តែ​ត្រូវ​មាន​ការចាត់​តាំង​វរជន​ម្នាក់​ជា​ប្រធាន​គណៈប្រតិភូ​នោះ។ ប្រតិភូ​ភាគ​ច្រើន​មាន​សមាសភាព ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ប្រចាំ​ប្រទេស​នីមួយៗ។ ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​តែ​មាន​វត្តមាន​នៅ​រាល់​សន្និសីទ​របស់​អង្គការ ដោយ​ត្រូវ​មាន​កូរ៉ុម បី​ភាគ​បួន នៃ​ចំនួន​ប្រទេស​ជា​សមាជិក។ ប្រទេស​ជា​សមាជិក​នីមួយៗ​មាន​សំឡេង​ឆ្នោត​មួយ​សំឡេង​ស្មើគ្នា ដែល​រាល់​សេចក្ដី​សម្រេច​នៃសន្និសីទ​ត្រូវ​តែ​មាន​ការ​សម្រេច​ជា​ឯកច្ឆន្ទ លើក​លែង​តែ​មាន​ការ​សម្រេច​ពី​នីតិវិធី។ សេចក្ដី​សម្រេច​របស់​សន្និសីទ​មាន​អនុភាព​អនុវត្ត៣០ថ្ងៃ បន្ទាប់​ពី​ការ​ប្រជុំ​បូក​សរុប ឬ​បន្ទាប់​ពី​មាន​ការកំណត់​ជាក់​លាក់​នូវ​កាល​បរិច្ឆេទ​ពី​សន្និសីទ។ ប្រទេស​ដែល​មិន​មែន​ជា​សមាជិក ក៏​អាច​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍​ផង​ដែរ។

សន្និសីទ​ត្រូវ​ប្រព្រឹត្ត​ទៅ​ចំនួន​២ដង​ក្នុង​មួយ​ឆ្នាំ ក្នុង​ខែ​មីនា និង​ខែ​កញ្ញា ចំណែក​ កិច្ច​ប្រជុំ​វិសាមញ្ញ​ត្រូវ​ធ្វើឡើង​តាម​ការ​ស្នើសុំ​ពី​ប្រទេស​ជា​សមាជិក​ណា​មួយ​តាម​រយៈ​អគ្គលេខាធិការ បន្ទាប់​ពី​មាន​ការពិភាក្សា​ពិគ្រោះ​ជា​មួយ​ប្រធាន និង​មាន​ការ​យល់ព្រម​ពី​មតិ​ភាគ​ច្រើន​ពី​ប្រទេស​ជា​សមាជិក។ នៅ​ក្នុង​សន្និសីទ​ត្រូវ​មាន​ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​នៅ​ក្នុង​សម័យ​ប្រជុំ​លើកដំបូង។ អនុប្រធាន​ត្រូវបំពេញ​ភារកិច្ច​ជំនួស​ប្រធាន​ពេល​ប្រធាន​អវត្តមាន ឬ​នៅ​ពេល​ដែល​មិន​អាច​បំពេញ ភារកិច្ច​បាន។

២/ គណៈ​អភិបាល ត្រូវ​បាន​ជ្រើសតាំង​ពី​ប្រទេស​ជា​សមាជិក និង​មាន​ការ​យល់ព្រម​ពី​សន្និសីទ។ អភិបាល​មួយ​រូបៗ​មាន​អាណត្តិ​ពីរ​ឆ្នាំ និង​មាន​សំឡេង​ឆ្នោត​មួយ​សំឡេង​ស្មើគ្នា។ សេចក្តី​សម្រេច​តាម​មតិ​ភាគច្រើន ត្រូវ​បាន​យក​មក​អនុវត្ត​សម្រាប់​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​គណៈ​អភិបាល។ គណៈ​អភិបាល​ត្រូវ ជួប​ប្រជុំ​យ៉ាង​តិច​ពីរ​ដង ក្នុង​មួយ​ឆ្នាំ។ កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈ​អភិបាល​ត្រូវ​ធ្វើឡើង​តាម​សេចក្ដី​ស្នើសុំ​ពី​ប្រធាន​នៃ​គណៈ​អភិបាល អគ្គលេខាធិការ ឬ​សមាជិក​អភិបាល​ចំនួន​ពីរ​ភាគ​បី នៃ​សមាជិក​អភិបាល​ទាំងអស់។

៣/ លេខាធិការដ្ឋាន ដឹកនាំ​ការងារ​ប្រតិបត្តិ​តាម​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ក្រោម​ការដឹកនាំ​ដោយ​គណៈ​អភិបាល។ លេខាធិការដ្ឋាន ​រួម​មាន ​អគ្គលេខាធិការ និង​ក្រុម​មន្ត្រី​មួយ​ចំនួន​តាម​ការ​ចាំបាច់​ដែល​បំពេញការងារ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ។ លេខាធិការដ្ឋាន​ជា​តំណាង​ស្របច្បាប់​របស់​អង្គការ និង​ជា​មន្រ្តី​ដឹកនាំ​លេខាធិការដ្ឋាន​ដែល​មាន​អំណាច ដឹកនាំ​កិច្ចការ​ទូទៅ​របស់​អង្គការ​ស្របតាម​ការ​ដឹកនាំ​របស់​គណៈ​អភិបាល។ អគ្គលេខាធិការ​មាន​អាណត្តិ​បី​ឆ្នាំ អាណត្តិ​នេះ​អាច​បន្ត​សារ​ជា​ថ្មី​ឡើងវិញ​ម្ដង​ទៀត។

លក្ខខណ្ឌ​របស់សមាជិក និង​ការ​ចូល​ជា​សមាជិក

  • •    សមាជិក​ស្ថាបនិក​នៃ​អង្គការ OPEC គឺ​ជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី​មួយ នៅ​ទីក្រុង បាដាដ ​និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម​នៃ​ការ​បង្កើត​អង្គការ។
  • ប្រទេស​ដទៃ​ផ្សេងទៀត​ដែល​ជា​ប្រទេស​អ្នក​នាំចេញ​ប្រេង ហើយ​ដែល​មាន​ចំណាប់​អារម្មណ៍​ប្រហាក់​ប្រហែល​នឹង​សមាជិក​របស់​អង្គការ អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ ប្រសិន​ជា​មាន​ការ​យល់ព្រម​សំឡេង​ភាគច្រើន ពីរ​ភាគ​បី នៃ​ចំនួន​សមាជិក​ទាំងអស់។
  • ប្រទេស​នាំ​ចេញ​ប្រេង​ណា​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ខាងលើ អាច​ត្រូវ​ចាត់ទុកជា សមាជិក​មិន​ពេញ​សិទ្ធិ​តាម​ការ​សម្រេច​ក្នុង​លក្ខខណ្ឌ​ពិសេស​នៃ​សន្និសីទ​និង​មាន​ការ​យល់​ព្រម​សំឡេង​ភាគច្រើន​ពីរ​ភាគ​បី។
  • សមាជិក​ពាក់ព័ន្ធ​អាច​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​កិច្ច​ប្រជុំ​គណៈ​អភិបាល ឬ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​មិន មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​នោះ​ឡើយ។ ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រយោជន៍​ចេញ​ពី​លេខាធិការដ្ឋាន​ផងដែរ។
  • ប្រទេស​ជា​សមាជិក​មិន​ត្រូវ​បាន​ដក​សមាជិក​ភាព​របស់​ខ្លួន​ឡើយ ប្រសិន​បើមិន​មាន​ផ្តល់​ការ​ជូនដំណឹង​ទៅ​កិច្ចប្រជុំ កំពូល​នោះទេ។ ការ​ជូន​ដំណឹង​នេះ​នឹង​មាន​សុពលភាព​នៅ​ដើម​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ថ្ងៃ​ដែល​សន្និសីទ​បាន​ទទួលការ ជូនដំណឹងត្រឡប់ទៅវិញ ហើយ​ប្រទេស​ជា​សមាជិក​នោះ​បាន​បំពេញ​នូវ​កាតព្វកិច្ច​ហិរញ្ញប្បទាន​រួច​ជា​ស្រេច។
  • ក្នុង​ករណី​ដែល​ប្រទេស​បាន​ព្យួរ​សមាជិក​ភាព​របស់​ខ្លួន តែ​មាន​បំណង​ចង់​សុំ​ចូល​ជា​សមាជិក​ឡើងវិញ​គឺ​អនុវត្ត​ដូច សមាជិក​ថ្មី​ដែរ។

ប្រភព​ចំណូល​ថវិកា

ថវិកា​របស់​អង្គការ​ត្រូវ​រៀបចំ​ជា​រៀងរាល់​ឆ្នាំ នៅ​ក្នុង​សន្និសីទ។ នៅ​ក្នុង​សន្និសីទ សម្រាប់​ការ​ទទួល​យក សមាជិក ​ត្រូវ​តែ​មាន​ការ​ស្នើ​ឱ្យ​ប្រទេស​ជា​សមាជិក​នោះ​ធ្វើការ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​ដែល​ចាត់​ទុក​ជា​វិភាគទាន​សម្រាប់ដំណើរការ​អង្គការ។ ការ​បែងចែក​ចំណែក​នៃ​ថវិកា​ត្រូវ​បែងចែក​ស្មើ​គ្នា​រវាង​ប្រទេស​ជា​សមាជិក​ទាំង​អស់ បន្ទាប់​ពី​មាន​ការ​គិតគូរ​រួចរាល់​ពី​ការ​ចូលរួម​បង់​របស់​សមាជិក​មិន​ពេញ​សិទ្ធិ។ ប្រទេស​ជា​សមាជិក​ត្រូវ​ទទួល​រ៉ាប់រង​នូវ​រាល់​ការ​ចំណាយសម្រាប់​ប្រតិភូ​តំណាង​របស់​ខ្លួន និង​ក្រុម​ការងារ​ទៅ​ចូលរួម​ក្នុង​សន្និសីទ និង​កិច្ចប្រជុំ​ពិភាក្សា។ អង្គការ ​ត្រូវ​ធានា​រ៉ាប់រង​នូវ​រាល់​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ និងប្រាក់​ឧបត្ថម្ភ​ដល់​អភិបាល​ដែល​ចូលរួម​ក្នុងកិច្ច​ប្រជុំ​គណៈ​អភិបាល។

ចំពោះ​ការ​កំណត់​ទៅ​លើ​រូបិយវត្ថុ​ក្នុង​ការ​ទិញ​ប្រេងវិញ គឺ​អង្គការ​មួយ​នេះ​បាន​កំណត់​អាស្រ័យ​នឹង​ការ​ប្រែប្រួល​នៃ​ជញ្ជីង​ពាណិជ្ជកម្ម និង​ការ​ជួញដូរ​រវាង​ប្រទេស​ជា​សមាជិក​របស់ OPEC ​ទៅ​នឹង​ពិភពលោក​ទាំងមូល។ ដំបូង​ឡើយ​ប្រើ​មាស បន្ទាប់​មក​ប្រើ​ដុល្លារ​អាមេរិក និង​ចុង​ក្រោយ​អាច​ប្តូរ​ទៅ​ជា​ប្រាក់​អឺរ៉ូ។ ជាក់ស្ដែង​មុនឆ្នាំ១៩៧១ រូបិយវត្ថុ​ដើម្បី​ប្ដូរ​យក​ប្រេង​ គឺ​មាស។ បន្ទាប់​មក​ចាប់​ពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ១៩៧១មក គឺ​ដុល្លារ​អាមេរិក រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ២០០០ ប្រទេស​អ៊ីរ៉ាក់​ជា​ប្រទេស​សមាជិក​ដំបូង​បង្អស់​ដែល​បាន​ផ្លាស់ប្ដូរ​ការ​លក់​ប្រេង​ពី​ប្រាក់​ដុល្លារ​អាមេរិក​មក​ជា​ប្រាក់​អឺរ៉ូ​វិញ។ ការ​ផ្លាស់ប្ដូរ​នេះ ​ដោយសារ​មូល​ហេតុ​នៃ​បរិមាណ​នាំ​ចូល​ប្រេង​ទៅ​កាន់​សហរដ្ឋអាមេរិក​តិច​ជាង​នាំ​ចូល​ទៅ​អឺរ៉ុប។

លក្ខ​ខណៈ​ពិសេស​ដែលប្រទេសនានា និង​ពិភព​លោក​មិន​អាច​មើល​រំលងOPECបាន

លក្ខខណៈពិសេសរបស់OPEC ត្រូវ​បាន​ស្ដែង​ចេញ​ទៅ​កាន់​មជ្ឈដ្ឋាន​ពីរ​សំខាន់ៗ ​គឺ​មួយ​ចំពោះ​ប្រទេស​ជា​សមាជិក និង​មួយទៀត​ចំពោះ​ពិភពលោក។ ទី​មួយ ចំពោះ​ប្រទេស​ជា​សមាជិក​មាន​ដូចជា៖

  • សមាជិក​របស់ OPEC អាច​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​រូបភាព​ពីរ​យ៉ាង ​គឺ​មួយ​ជា​លក្ខណៈ​សេដ្ឋកិច្ច​និង​មួយទៀត​ជា​លក្ខណៈ​នយោបាយ។
  • នៅ​ក្នុង​បណ្ដា​ចំណោម​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទាំង​ពិភពលោក​ OPEC ​បាន​ក្លាយ​ជា​អង្គការ​សំខាន់​មួយ​ដ៏​មាន​ឥទ្ធិពល ​និង​សក្ដានុពល​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់ ប្រទេស​មហា​អំណាច​ភាគ​ខាងលិច​ និង​ក៏​ជា​ឧទាហរណ៍​គំរូ​មួយ​ដែល​អាច​បង្ហាញ​ពីភាព​សហការ​គ្នា​បាន​យ៉ាង​ល្អ​រវាងសមាជិក​ផង​ដែរ។
  • គោល​បំណង​ជា​ចម្បង​របស់ OPEC គឺ​ធ្វើ​ការ​រក្សា​ស្ថាន​ភាព​តម្លៃប្រេង​ឲ្យ​នៅ​ថេរ​សម្រាប់​ប្រទេស​ដែល​ជា​សមាជិក​នីមួយៗ​តាម​រយៈ​មធ្យោបាយ​នៃ​ការ​កំណត់​ចំនួន​កូតា​។


ទីពីរ ចំពោះ​ពិភពលោក​ទាំងមូល​វិញ​យើង​ឃើញ​ថា៖

  • OPEC បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​ទីផ្សារ​ប្រេង​ដែល​មាន​ស្ថិរភាព សុវត្ថិ​ភាព​ និង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព។
  • OPEC បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចៀស​នូវ​វិបត្តិ​នានា ដែល​ជាប់ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេង​ដូច​ជា​ករណី​ដែល​បរិមាណ​ប្រេង​សម្រាប់​ផ្គត់ផ្គង់​មាន​មិន​គ្រប់គ្រាន់ ​ការ​ធ្លាក់​ចុះ ​ឬ​ក៏​ឡើងថ្លៃ​ហួស​ហេតុ​នៃ​តម្លៃ​ប្រេង​ពិភពលោក​ និង​ផល​ប៉ះពាល់​លើ​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។
  • នៅ​ពេល​មាន​វិបត្តិ​ប្រេង​ឡើងថ្លៃ OPEC អាច​ស្នើសុំ​ការ​កាត់បន្ថយ​អត្រាពន្ធ​លើ​ផលិត​ផល​ប្រើប្រាស់ ប្រចាំ​ថ្ងៃ​រួម​មាន​ប្រេងសាំង​ជាដើម​ ដើម្បី​ឲ្យ​ប្រជាជន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​យក​មក​ប្រើប្រាស់៕

អត្ថបទ​ដោយ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៥ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម