អត្ថាធិប្បាយ
ស្វែងយល់! យុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ គឺជាដង្ហើមកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ចិន
យុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏ធំមួយដែលបានផ្តើមចេញពីប្រទេសចិន គឺ យុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ យុទ្ធសាស្ត្រនេះដែលបានប្រកាសដោយលោកប្រធានាធិបតី ស៊ី ជីងពីងនៅក្នុងឆ្នាំ២០១៣ មានគោលបំណងបង្កើនភាពតភ្ជាប់គ្នារវាងប្រទេសចិនជាមួយបណ្តាប្រទេសដទៃទៀតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីធ្វើឱ្យសេដ្ឋកិច្ចចិនមានកំណើនខ្ពស់។។ យុទ្ធសាស្រ្តនេះព្យាយាមលើកកម្ពស់ និងសម្របសម្រួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រមទាំង ការងារដទៃទៀត។
ប្រវត្តិ និងការផុសឡើងនូវគំនិតខ្សែក្រវ៉ាត់មួយ ផ្លូវមួយ
ជនជាតិចិន គឺជាមនុស្សដំបូងដែលចេះផលិតក្រណាត់សូត្រមុនគេបង្អស់ ហើយក៏បានក្លាយជាប្រភពផ្គត់ផ្គង់ផលិតផលសូត្រតែមួយគត់ទៅកាន់តំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប។ ភូមិវិទូជនជាតិអាល្លឺម៉ង់លោក ហ្វឺដឺណង់ ហ្វុន រីជថូហ្វេន បានដាក់ឈ្មោះផ្លូវនេះថា ផ្លូវសូត្រ នៅក្នុងឆ្នាំ1877 ក្រោយពេលរកឃើញភស្តុតាងជាច្រើនទាក់ទងនឹងអាជីវកម្មសូត្រនៅតាមផ្លូវមួយនេះ។ផ្លូវបុរាណមួយនេះ ត្រូវបានប្រើប្រាស់មិនត្រឹមតែធ្វើជាផ្លូវជួញដូរពាណិជ្ជកម្មតែប៉ុណ្ណោះទេ តែថែមទាំងជាផ្លូវដែលផ្លាស់ប្តូរវប្បធម៌ អរិយធម៌ចិន ឥណ្ឌា អាណាចក្រពែរ្ស ពិភពអារ៉ាប ក្រិក និងចក្រភពរ៉ូម។
ផ្លូវសូត្រត្រូវបានត្រួសត្រាយដោយ ឆាង ឈីយិន ដែលគេស្គាល់ថាជាបិតានៃផ្លូវសូត្រ និងជារាជទូតដំបូងគេក្នុងប្រវត្តិសាស្រ្តពិភពលោក។ ឆាង ឈីយិន គឺជាបេសកជនរបស់អធិរាជអ៊ួនៃរាជវង្សហានដែលបានចាកចេញពីស្រុកចិន ដើម្បីពិនិត្យមើលវប្បធម៌ អរិយធម៌នានានៅតំបន់អាស៊ីកណ្តាលចាប់ពីឆ្នាំ 139 មុនគ.ស ដល់ ឆ្នាំ 129 មុនគ.ស។ ក្រោយពីបើកផ្លូវនេះហើយ ផ្លូវមួយនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបន្តិចម្តងៗក្នុងរជ្ជកាលបន្តៗមកទៀត។
ផ្លូវជំនួញសូត្រ គឺជាបណ្ដាញពាណិជ្ជកម្មបុរាណមួយដែលបានរីកចម្រើនដំបូងចាប់ពីឆ្នាំ ១០០ មុនគ្រិស្ដសករាជ ដល់ឆ្នាំ ១,៥០០ នៃគ្រិស្ដសករាជ។ ការដែលវាមានឈ្មោះបោះសំឡេងល្បីល្បាញទៅបាន ក៏ដោយសារចំនួនសូត្រដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបាននាំចេញពីប្រទេសចិន កាត់តាមផ្លូវដ៏វែងឆ្ងាយទៅកាន់តំបន់នានាជាច្រើន។ ការធ្វើជំនួញសូត្រនេះបានលាតសន្ធឹងលើចម្ងាយផ្លូវប្រមាណជាង ៨,០០០ គីឡូម៉ែត្រ កាត់តាមតំបន់ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ ទន្លេ សមុទ្រ និងទីក្រុងជាច្រើន រាប់ចាប់ពីប្រទេសចិនប៉ែកខាងកើតទៅដល់តំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងសមុទ្រមេឌីទែរ៉ាណេ។ គ្រិស្ដសករាជ ៨០០ ការជួញដូរតាមរយៈផ្លូវសូត្រនេះក៏បានចាប់ផ្ដើមថយចុះជាបណ្ដើរៗ ហើយពាណិជ្ជកម្មតាមផ្លូវសមុទ្រក៏បានចាប់ផ្ដើមមានសកម្មភាពខ្លាំងក្លាវិញម្ដង។ លុះដល់សតវត្សរ៍ទី១៣ និងទី១៤ ពោលគឺក្នុងពេលដែលចក្រភពម៉ុងហ្គោគ្រប់គ្រងអាស៊ីកណ្ដាល និងប្រទេសចិន បណ្ដាញជំនួញតាមផ្លូវសូត្រនេះក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
រហូតដល់យុគសម័យទំនើបនាពេលបច្ចុប្បន្ននេះ លោក ស៊ី ជិនពីង ក៏បានបង្កើតនូវគោលនយោបាយផ្លូវសូត្រថ្មី គឺគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឬខ្សែក្រវ៉ាត់ និងផ្លូវ (One Belt One Road Initiative ឬ Belt and Road Initiative) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេស ហ្គាសាកស្ថាន កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចិនបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ដោយចាត់ទុកគម្រោងនេះគឺជា គោលនយោបាយអាទិភាពរបស់ប្រទេសចិនមុនឆ្នាំ២០២០ ដើម្បីភ្ជាប់ទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើន ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីទក្សិណ ទ្វីបអាហ្វ្រិក និងបន្តទៅដល់តំបន់អឺរ៉ុបថែមទៀតផង។ សករាជផ្លូវសូត្រថ្មីនេះមានវិសាលភាពធំជាងផ្លូវសូត្រកាលពីសម័យបុរាណនោះទៅទៀត។
គិតមកដល់បច្ចុប្បន្ន មានប្រទេសចំនួន ១៣៨ហើយ ដែលបានចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ហើយចំនួននេះនឹងអាចបន្តកើនឡើងទៀត ប្រសិនបើគំនិតផ្តួចផ្តើម នេះផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិក។
យុទ្ធសាស្ត្រ
ខ្សែក្រវ៉ាត់មួយផ្លូវមួយមានសមាសធាតុសំខាន់ៗពីរគឺ៖ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវគោក តាមបណ្តោយផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវគោកតាមបណ្ដោយផ្លូវសូត្រមានបំណងតភ្ជាប់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុប ដោយឆ្លងតាមអាស៊ីកណ្តាល និងអាស៊ីខាងលិច។ ចំណែកផ្លូវសូត្រសមុទ្រវិញនឹងតភ្ជាប់ប្រទេសចិនជាមួយទ្វីបអឺរ៉ុប តាមរយៈតំណភ្ជាប់ផ្លូវសមុទ្រដែលឆ្លងតាមអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងហើយបន្តឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក។ យុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយមិនមែនគ្រាន់តែពាក់ព័ន្ធជាមួយការអភិវឌ្ឍផ្លូវទាំងពីរនេះតែប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀតគឺពាក់ព័ន្ធជាមួយ ការអភិវឌ្ឍបណ្ដាញអន្តរទំនាក់ទំនងមួយ។
ការគ្រប់គ្រងលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ
ខ្សែក្រវាត់ និងផ្លូវ ពុំមែនជាស្ថាប័ន ហើយពុំបានទទួលការសម្របសម្រួលពីអង្គភាពតែមួយនោះឡើយ ផ្ទុយទៅវិញគឺជាការផ្តួចផ្តើមគំនិតមួយដែលជម្រុញដោយរដ្ឋាភិបាល។ នៅខែមិនា ឆ្នាំ២០១៥ គម្រោងខ្សែក្រវាត់ និងផ្លូវ ត្រូវបានទទួលស្គាល់ និងអនុម័តដោយក្រុមប្រឹក្សារដ្ឋ និងនាយកដ្ឋានពាក់ព័ន្ធនានា ដែលដាក់ចេញនូវផែនការលំអិតសម្រាប់គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ មានរួមបញ្ចូលទាំងគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ហើយនៅចុងបញ្ចប់ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សារដ្ឋរបស់ចិន។
ការផ្ដួចផ្ដើមគំនិតនេះស្ថិតក្រោមការមើលខុសត្រូវរបស់ក្រុមថ្នាក់ដឹកនាំសម្រាប់ការជំរុញការអភិវឌ្ឍយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយ។ សមាជិកនៅក្នុងក្រុម រួមមាន មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហើយមានអនុ ប្រធានាធិបតី Zhang Gaoli ជាប្រធាន ដោយលោកអនុប្រធានាធិបតីក៏ជាសមាជិករបស់គណៈកម្មាការ អ ចិន្ត្រៃយ៍ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តចិនផងដែរ។ ចិនកំពុងធ្វើការលើផែនការផ្តោតលើវិស័យជាក់លាក់សម្រាប់វិស័យនានា ដូចជា ថាមពល កសិកម្ម ការការពារបរិស្ថាន ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៅក្រោមការផ្តួចផ្តើមគំនិតនេះ។ ទោះយ៉ាងនេះក្តី ដំណើរការដែលអាច មានភាពបត់បែន ដែលនឹងមានភាពខុសប្លែកពីកន្លែងមួយទៅកន្លែងមួយ ហើយប្រទេសចិននឹងសហការ ជាមួយបណ្តាប្រទេសដទៃទៀតនៅតាមបណ្ដោយផ្លូវដើម្បី “ដាក់ចេញនូវកាលវិភាគ និងផែនទីបង្ហាញផ្លូវដែល ពាក់ព័ន្ធមួយហើយផ្សារភ្ជាប់ជាមួយកម្មវិធីអភិវឌ្ឍន៍ជាតិ និងផែនការសហប្រតិបត្តិការថ្នាក់តំបន់”។
ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវ
ប្រភពហិរញ្ញវត្ថុរបស់គំនិតផ្តួចផ្តើមនេះ ចិនបានបង្កើតឲ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank (AIIB)។ មានមតិមួយចំនួនបានលើកឡើងថា ធនាគារ AIIB ត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងនឹងធនាគារពិភពលោក (World Bank) ដោយផ្តល់នូវភាពទាក់ទាញជាច្រើនដល់ប្រទេសជាសមាជិក។
ប្រភពហិរញ្ញវត្ថុដែលគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ មិនទទួលបានតែពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីផ្ដាច់មុខនោះទេ ដែលប្រភពហិរញ្ញវត្ថុនោះយកមកប្រើសម្រាប់ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ស្ពាន ថ្នល់ បំពង់បង្ហូរប្រេង និងឧស្ម័ន បណ្តាញ
បញ្ចូនអគ្គិសនី និងទូរគមនាគមន៍ជាដើម។ មូលនិធិគាំទ្រគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ កើតចេញពីមូលនិធិជាច្រើនដូចជា មូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគចិន ហើយ
ក្រុមហ៊ុនចិននានា ក៏បានផ្តល់ហិរញ្ញវត្ថុផងដែរ រួមបញ្ចូលទាំងធនាគារដែលចេញពីបណ្តាប្រទេស BRICs។
ចក្ខុវិស័យ
ចក្ខុវិស័យ OBOR បញ្ជាក់ថា គំនិតផ្តួចផ្តើមនេះនឹងប្រើប្រាស់ឧទ្យានឧស្សាហកម្មសេដ្ឋកិច្ចជា វេទិកាសហប្រតិបត្តិការ ចំណែកឯនៅសមុទ្រវិញ ការផ្តួចផ្តើមគំនិតនេះនឹងផ្តោតការយកចិត្តទុកដាក់លើការ ស្ថាបនាផ្លូវដឹកជញ្ជូន “រលូនមានសន្តិសុខ និងមានប្រសិទ្ធភាព” ដោយតភ្ជាប់នូវកំពង់ផែសមុទ្រធំៗនៅតាមបណ្ដោយផ្លូវខ្សែក្រវាត់មួយផ្លូវមួយ។
គោលដៅដ៏សំខាន់មួយនៃការផ្ដួចផ្ដើមគំនិតនេះគឺ “ការសម្របសម្រួលផ្នែកគោលនយោបាយ” ដែល ប្រាថ្នាចង់ឱ្យមានកិច្ចសម្របសម្រួលផ្នែកយុទ្ធសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសចិន និងបណ្ដាប្រទេស ស្ថិតនៅតាមក្នុងខ្សែក្រវ៉ាត់ និងផ្លូវ និងការគាំទ្រផ្នែកគោលនយោបាយចំពោះកិច្ចសហប្រតិបត្តិការ និងគម្រោងខ្នាត ធំ។ “ការតភ្ជាប់ផ្នែកសំណង់” គឺជាវិស័យអាទិភាពមួយទៀត ហើយរួមបញ្ចូលទាំងការកែលម្អការតភ្ជាប់ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ និងការអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន។ ការផ្ដួចផ្ដើមគំនិតនេះក៏ចាត់អាទិភាពទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលជាពិសេសគឺបំពង់ប្រេងឥន្ធនៈ និងឧស្ម័ន ការបញ្ជូនថាមពលឆ្លងដែន និងការកែលម្អខ្សែបណ្ដាញថាមពលអគ្គិសនីក្នុងតំបន់។
ចំណុចផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់មួយទៀត គឺការលុបបំបាត់ ឧបសគ្គផ្នែកការវិនិយោគ និងពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី។ ចក្ខុវិស័យរបស់ក៏បានឆ្លុះ បញ្ចាំងឱ្យឃើញនូវការវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យកសិកម្ម ព្រៃឈើ នេសាទ ឧស្សាហកម្ម ការពារបរិស្ថាន និងទេសចរណ៍ ហើយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនថែមទៀតនៅក្នុងការរុករក និងការអភិវឌ្ឍធ្យូងថ្ម ប្រេង ឧស្ម័ន ថាមពលវារីអគ្គិសនី ថាមពលនុយក្លេអ៊ែរ ថាមពលខ្យល់(កង្ហាទាញថាមពលខ្យល់បង្កើតជាអគ្គិសនី) និង ថាមពលព្រះអាទិត្យ។ ដើម្បីប្រែក្លាយការផ្ដួចផ្ដើមគំនិតនេះឱ្យក្លាយទៅជាការពិត ប្រទេសចិននឹងព្យាយាមបង្កើតអនុស្សរណៈនៃការយោគយល់ ផែនការ និងគម្រោងសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេស នានាក្នុងខ្សែក្រវាត់ និងផ្លូវ។
សូមជម្រាបជូនថា វិនិយោគរបស់ចិនក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ បើគិតត្រឹមឆ្នាំ២០២៧អាចនឹងមានចំនួនប្រមាណលើសពី១២០ម៉ឺនលានដុល្លារ៕
ដោយ៖ សេម វាសនា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ