អត្ថាធិប្បាយ
«ថ្ងៃជ័យជម្នះ ៧ មករា» គឺជាថ្ងៃកំណើតទី២របស់កម្ពុជាដែលមិនអាចបំភ្លេចបានជារៀងរហូត!
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កាលពី៤៤ឆ្នាំមុន កងទ័ពស្ម័គ្រស្លាប់វៀតណាម និងកងទ័ពតស៊ូដ៏ឆ្នើមរបស់កម្ពុជា បានពួតដៃគ្នាវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានដោយជោគជ័យ នាំយកសន្តិភាពជូនប្រជាជាតិកម្ពុជា។ ដោយសារតែសន្តិភាពនេះហើយ ទើបបច្ចុប្បន្ននេះ កម្ពុជា មានការអភិវឌ្ឍ រីកចម្រើនខ្លាំង និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

ថ្ងៃ៧ មករា ១៩៧៩ ត្រូវបានមហាជនកម្ពុជាចាត់ទុកថា គឺជាថ្ងៃកំណើតទី២ដែលប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិតពីចង្កូមមច្ចរាជខ្មែរក្រហម ក្រោមការដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន និងនួន ជា។ គណបក្សប្រជាជនកម្ពុជា និងកងទ័ពវៀតណាម គឺជាតួអង្គសំខាន់ដែលនាំជ័យជន្នះ និងកំណើតទី២នេះមកជូនប្រជាជាតិកម្ពុជា។ បើគ្មានថ្ងៃជ័យជន្នះ ៧ មករា ទេ ក៏កម្ពុជា មិនអាចមានថ្ងៃនេះឡើយ។
គណបក្សប្រជាជនកម្ពុជា ធ្លាប់បានអះអាងឲ្យដឹងថា ថ្ងៃជ័យជំនះ ៧ មករា នាំឲ្យកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ ទី១. បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះ មិនឲ្យវិលត្រឡប់មកកម្ពុជាជាលើកទី២។ ទី២. គឺបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបាន ប៉ុល ពត កម្ចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។ ទី៣ គឺបានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក និងទី៤. គឺបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

ជាសច្ចៈភាពប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន គឺថាការទទួលបានជ័យជម្នះលើរបបខ្មែរក្រហម គឺមានការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កងទ័ពវៀតណាម។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានបើកការវាយលុកកម្ទេចកងទ័ពខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨។ កាលណោះ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានកងទ័ពតែប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ ខណៈវៀតណាមវិញ មានកងទ័ពដល់ទៅប្រមាណ១០ ម៉ឺននាក់ ដោយរួមមាន ទាំងកងរថក្រោះ និងយន្តហោះចម្បាំង។
ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅកម្ពុជា កងទ័ពវៀតណាម បានជួយផ្តល់ម្ហូបអាហារដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែស្រកឃ្លាន ផ្តល់ថ្នាំសង្កូវ ជួយព្យាបាលជំងឺ និងផ្តល់ជំនួយផ្សេងៗទៀតដល់ពួកគេ។ ក្រោយវាយផ្តួលរំលំរបបខ្មែរក្រហមបានជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម ក៏បានជួយរៀបចំកងកម្លាំងកម្ពុជា ដើម្បីទប់ទល់នឹងកងកម្លាំងខ្មែរក្រហមដែលសេសសល់ និងបានផ្តល់ជំនាញការវៀតណាមជាច្រើននាក់ ដើម្បីជួយរៀបចំរដ្ឋាភិបាលថ្មី ដឹកនាំ និងគ្រប់គ្រងប្រទេសកម្ពុជា មុនដកកងទ័ពចាកចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៨៩។ ចំណែក ផ្នែកការទូតវិញ អ្នកតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនាពេលនោះ ក៏បានផ្តល់ការគាំទ្រផ្នែកតស៊ូមតិដល់សាធារណរដ្ឋប្រជាមានិតុកម្ពុជាដែលទើបបង្កើតឡើង និងបានជួយតវ៉ាប្រឆាំងនឹងការរក្សាអសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។

មកដល់ពេលនេះ កម្ពុជា មានសន្តិភាពពេញលេញ ឯវៀតណាម ក៏ដូចគ្នា។ ក្នុងពេលកំពុងមានសន្តិភាពពេញលេញនេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាន និងកំពុងរក្សាបាននូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់។ គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងទ្វេភាគីរយៈពេល៥៦ឆ្នាំមកហើយ។ កម្ពុជា និងវៀតណាម បានចាត់ទុកគ្នាទៅវិញទៅមកថា ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។ ភាគីទាំងពីរ បានរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈបក្ស និងរដ្ឋាភិបាល ពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចកិច្ចប្រជុំ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។
ក្រៅពីនេះ កម្ពុជា-វៀតណាម ក៏បានសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាការពារជាតិ និងសន្តិសុខនៅក្នុងប្រទេសនីមួយៗ សហការបានល្អក្នុងការអនុវត្តពិធីសារ និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ ភាគីទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែបន្ទាត់ព្រំដែនផងដែរ។ ជាក់ស្តែង ភាគីទាំងពីរបានបញ្ចប់ការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ៗចំនួន ០២ កត់ត្រាការងារបោះបង្គោលព្រំដែនគោក និងបោះបង្គោលព្រំដែនបានចំនួន ៨៤% និងបានកំណត់ការចរចាបញ្ចប់ ១៦% ដែលនៅសេសសល់ ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាពេលអនាគត រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានអះអាងហើយថា នឹងបន្តរក្សាទំនាក់ទំនងជាប្រពៃណី មិត្តភាព និងជាអ្នកជិតខាងល្អ។ ចំណែក បញ្ហាព្រំដែនដែលនៅសេសសល់ ភាគី ទាំង២ បានប្តេជ្ញាបន្តធ្វើការងារបញ្ចប់នាពេលខាងមុខ ប្រកបដោយមិត្តភាព និងដោយសន្តិវិធី។ រីឯ បញ្ហាពាណិជ្ជកម្មវិញ ភាគីទាំង២ ក៏ជំរុញឲ្យមានការកើនឡើងជាលំដាប់ ដោយនៅឆ្នាំ២០២២ រំពឹងថា កើនដល់១០ពាន់លានដុល្លារ ខណៈរយៈពេល៩ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបាន ៨,៤៦ពាន់លានដុល្លារ។ ដោយឡែក ផ្នែកនយោបាយ និងការទូតវិញ កម្ពុជា ក៏ដូច វៀតណាម នឹងបន្តសហប្រតិបត្តិការល្អ ព្រោះកម្ពុជាក្តី វៀតណាមក្តី គឺត្រូវការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រទេសរៀងៗខ្លួន៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់