អត្ថាធិប្បាយ
មកដឹងមូលហេតុខ្លះៗដែល ពិភពលោក កំពុងជួបរលកកម្ដៅខ្លាំងបែបនេះ
ផ្នែកជាច្រើននៅលើពិភពលោកកំពុងជួបអាកាសធាតុក្ដៅជាងធម្មតា និងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ ក៏ដូចជាសកលលោកទាំងមូលផងដែរ ។

ទន្ទឹមនោះ អ្នកជំនាញក៏បានអះអាងផងដែរពីកត្តាមួយចំនួនដែលឈានទៅដល់ការកើនឡើងកម្ដៅពិភពលោក ក៏ដូចជាផលប៉ះពាល់នៃការគំរាមកំហែងពីសីតុណ្ហភាពដ៏ក្ដៅមួយនេះ ។
ដូច្នេះតើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យពិភពលោកឡើងកម្ដៅខ្លាំងបែបនេះ?
អ្នកវិទ្យាសាស្ត្របានព្រមានថា ការឡើងកម្ដៅពិភពលោកនៅពេលនេះ គឺដោយសារតែផ្នែកមួយនៃ បាតុភូតអាកាសធាតុ El Nino ជាបាតុភូតធម្មជាតិដ៏មានឥទ្ធិពលមួយ ដែលអាចបង្កើនសីតុណ្ហភាពសកលលោក ហើយការវិលត្រឡប់មកវិញនៃបាតុភូតអាកាសធាតុ El Nino នៅឆ្នាំនេះ នឹងធ្វើឲ្យសីតុណ្ហភាព ក៏ដូចជារលកកម្ដៅសកលកើនឡើងមិនធ្លាប់មានពីមុនមក ។

លោកសាស្ត្រាចារ្យ James Hansen នៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កបាននិយាយថា បាតុភូតអាកាសធាតុ El Nino នឹងត្រលប់មកវិញនៅក្នុងឆ្នាំ ២០២៣ នេះ ដោយធ្វើឲ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរនៅជុំវិញពិភពលោក ជាពិសេសពិភពលោកនឹងឡើងកម្ដៅលើសពី ១.៥ អង្សាសេ ហើយវាក៏នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ បើធៀបនឹងឆ្នាំ ២០១៦ និងឆ្នាំ ២០២២ ខណៈនៅឆ្នាំ ២០២៤ សីតុណ្ហភាពពិភពលោកក៏នឹងបង្កើតកំណត់ត្រាថ្មីផងដែរ ។
ជាក់ស្ដែងនៅក្នុងប្រទេសថៃ អ្នកជំនាញអាកាសធាតុបានព្រមានថា បាតុភូតអាកាសធាតុ El Nino នឹងនាំមកនូវអាកាសធាតុកាន់តែក្ដៅ និងស្ងួតហួតហែងនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈកាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្ត Tak បានជួបប្រទះរលកកម្ដៅរហូតដល់ ៤៥.៤ អង្សាសេ ខណៈកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ សីតុណ្ហភាពក្ដៅបំផុតគឺ ៤៤.៦ អង្សាសេ ។

ចំណែកបញ្ហាសំខាន់មួយទៀតនោះគឺ “ការបំភាយឧស្ម័នផ្ទះកញ្ចក់” ។ ឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្ស និងកំពុងធ្វើឲ្យបម្រែបម្រួលអាកាសធាតុ ក៏ជាដើមចមជំរុញឲ្យសីតុណ្ហភាពសកលកើនឡើងផងដែរ ខណៈរហូតមកដល់ពេលនេះ ឧស្ម័នផ្ទះកញ្ចក់កំពុងធ្វើឲ្យសីតុណ្ហភាពសកលលោកកើនឡើងប្រហែល ១.២ អង្សាសេ ។
បញ្ហាមួយនេះបាននាំឲ្យមានផលប៉ះពាល់មហន្តរាយនៅជុំវិញពិភពលោករួចមកហើយ រាប់ចាប់ពីរលកកម្តៅខ្លាំងនៅអាមេរិក និងអឺរ៉ុប រហូតដល់បង្កឲ្យមានទឹកជំនន់ដ៏មហន្តរាយនៅក្នុងប្រទេសប៉ាគីស្ថាន និងនីហ្សេរីយ៉ា ដែលទទួលរងផលប៉ះពាល់ និងគ្រោះថ្នាក់ដល់មនុស្សរាប់លាននាក់ ។

ជាពិសេសថ្មីៗនេះ រលកកម្ដៅបានសម្លាប់មនុស្សប្រមាណ ១១ នាក់នៅប្រទេសឥណ្ឌា ។ ប្រមុខរដ្ឋ Maharashtra បាននិយាយថា អ្នកស្លាប់ទាំង ១១ នាក់នោះ គឺបណ្ដាលមកពីដាច់សរសៃឈាមខួរក្បាល ក្រោយប្រមូលផ្ដុំគ្នាចូលរួមប្រារព្ធពិធីមួយនៅកណ្ដាលវាលក្រោមកម្ដៅថ្ងៃ ដែលមានសីតុណ្ហភាពអតិបរមា ៣៨ អង្សាសេក្នុងតំបន់ Khargar ។
ពាក់ព័ន្ធរលកកម្ដៅនេះដែរ អ្នកជំនាញព្រមានថា មនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី ៤១ អង្សាសេ និង ៥៤ អង្សាសេ អាចប្រឈមហានិភ័យនៃការរមួលសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាលដែលទើបនឹងកើតឡើងនៅឥណ្ឌា ហើយវាក៏ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សផងដែរ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ តម្រុយខ្លះៗនាំឲ្យជនសង្ស័យឈានដល់ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា