អត្ថាធិប្បាយ
បទវិភាគ! តើពលរដ្ឋម្នាក់ៗ គួរប្រើប្រាស់សេរីភាពបែបណា?
ជាទូទៅ សេរីភាព សំដៅដល់សមត្ថភាពធ្វើសកម្មភាព ឬផ្លាស់ប្តូរអ្វីមួយដោយគ្មានការរារាំង ឬព្រំដែនកំណត់។ អ្វីមួយដែលមានសេរីភាព ប្រសិនបើវាអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួល និងមិនមានឧបសគ្គ ឬការរារាំងនៅក្នុងស្ថានភាពបច្ចុប្បន្នរបស់វា។ នៅក្នុងទស្សនវិជ្ជា និងសាសនា សេរីភាព ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានឆន្ទៈសេរី និងការគ្មានការរារាំងហួសហេតុ ឬមិនត្រឹមត្រូវ ឬការចាប់បង្ខំឱ្យទទួលយកដូចទាសករ។ នៅក្នុងទ្រឹស្តី ឬនៅក្នុងការអនុវត្តជាក់ស្តែង មនុស្សម្នាក់ៗ មានសេរីភាពនៅពេលដែលគាត់អាចធ្វើអ្វីមួយ ដែលមិនត្រូវបានរារាំងដោយកម្លាំងផ្សេងទៀត។

សេរីភាព សំដៅយកសេរីភាពនៃឆន្ទ: និងសេរីភាពនៅក្នុងន័យសង្គម និងនយោបាយ។ ដូច្នេះ «សេរីភាព» ផ្ទុយជាមួយ «ទាសភាព» «អនិស្សរភាព » «ការបង្ខិតបង្ខំ» «ភាពចាំបាច់/ការចៀសមិនរួច»។ល។ បច្ចុប្បន្ន ក្នុងទិដ្ឋភាពនៃសេរីភាពនៃឆន្ទ: ឬឆន្ទ:សេរី មនុស្សគ្រប់រូបមានសិទ្ធិគិតអ្វីដែលខ្លួនចង់គិត ជឿអ្វីដែលខ្លួនជឿ និងធ្វើអ្វីដែលខ្លួនចង់ធ្វើ។ ប៉ុន្តែ ចំពោះអ្នកដែលនៅតែមានជំនឿស៊ុបលើអាទិទេព ឬមានជំនឿដាច់ខាតបែបគម្ពីរនិយម សេរីភាពនៃឆន្ទ: ឬឆន្ទ:សេរីរបស់ពួកគេ នៅតែមិនទាន់មានភាពពេញលេញនៅឡើយ។
ក្នុងបរិបទសង្គម និងនយោបាយ សេរីភាពរបស់មនុស្សម្នាក់ៗ ត្រូវបានកំណត់ព្រំដែនដោយច្បាប់សង្គម ដូចជា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សីលធម៌ និងវប្បធម៌ រួមទាំង ច្បាប់រដ្ឋនៅក្នុងដែនដីដែលពួកគេរស់នៅផងដែរ។ អ្នកជឿលើអាទិទេព ឬជឿលើទ្រឹស្ដីកំណត់និយម អះអាងថា មនុស្សគ្មានសេរីភាពនៃឆន្ទ:ឬឆន្ទ:សេរីទេ ពីព្រោះ វាត្រូវបានកំណត់ដោយអំណាចនៃឆន្ទ:របស់អាទិទេព ឬតួអង្គពិសិដ្ឋណាមួយ ពោលគឺអ្វីៗដែលមនុស្សគិត និងធ្វើ គឺគ្រាន់តែអនុលោមតាមអំណាចនៃឆន្ទ:របស់ភាវ:ទាំងនោះតែប៉ុណ្ណោះ។

អ្នកមិនជឿលើអាទិទេព ឬមិនជឿលើទ្រឹស្ដីកំណត់និយមវិញ អះអាងថា មនុស្សម្នាក់ៗ ពិតជាមានសេរីភាពនៃឆន្ទ: ឬឆន្ទ:សេរីរបស់ខ្លួន ពួកគេអាចគិតអ្វីដែលពួកគេចង់គិត និងធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយមិនស្ថិតនៅក្រោមអំណាចបង្ខំ ឬការកំណត់ណាមួយឡើយ។ ប៉ុន្តែ នៅក្នុងសង្គមជាក់ស្ដែង សេរីភាពពិតរបស់ពលរដ្ឋម្នាក់ៗ គឺជាអ្វីដែលកំណត់ដោយច្បាប់សង្គម និងច្បាប់រដ្ឋ។ លើសពីនេះទៅទៀត សូម្បីតែសេរីភាពដែលបានកំណត់ដោយច្បាប់សង្គម និងច្បាប់រដ្ឋហើយនោះក៏ដោយ ក៏ពេលខ្លះ ពលរដ្ឋមិនអាចទទួលបានពេញលេញដែរ ពីព្រោះតែការអនុវត្តច្បាប់របស់អាជ្ញាធរខ្លះ ឬបុគ្គលមួយចំនួន មិនបានធ្វើឡើងដោយត្រឹមត្រូវ និងមានការរំលោភបំពានពីជនខិលខូច ជាដើម។ សេរីភាព ចែកចេញជាពីប្រភេទ គឺសេរីភាពអវិជ្ជមាន និងសេរីភាពវិជ្ជមាន។
តើសេរីភាពអវិជ្ជមាន មានន័យដូចម្ដេច?
សេរីភាពអវិជ្ជមាន (negative liberty) គឺជាសភាពនៃអវត្តមាននូវឧបសគ្គ របាំង ឬការកំណត់ព្រំដែននានា។ មនុស្សម្នាក់ដែលមានសេរីភាពអវិជ្ជមាន គឺជាអ្នកដែលពង្រីកសកម្មភាពតាមដែលអាចធ្វើទៅបានទៅលើមនុស្សម្នាក់ ឬក្រុមណាមួយក្នុងន័យអវិជ្ជមាន។ សេរីភាពអវិជ្ជមាន ជាធម្មតា បាននាំឱ្យមានកំហឹងបុគ្គល ឬកំហឹងក្រុមនៅក្នុងសហគមន៍ជាមួយគ្នា។
សេរីភាពអវិជ្ជមាន គឺជាសេរីភាពដែលគេចផុតពីការជ្រៀតជ្រែកដោយមនុស្សដទៃទៀត។ សេរីភាពអវិជ្ជមាន ទាក់ទងជាពិសេស ជាមួយសេរីភាពនៃការគេចផុតពីចំណងខាងក្រៅ ដូចជា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សីលធម៌ និងច្បាប់រដ្ឋ ជាដើម។ សេរីភាពអវិជ្ជមាន គឺជាសេរីភាពមួយប្រភេទដែលមិនត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឡើយ ពីព្រោះ វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពរបស់អ្នកដទៃ បង្កជម្លោះ និងមហន្តរាយដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សុខដុមក្នុងសង្គម។ ផ្ទុយទៅវិញ ការបង្ខិតបង្ខំ ការជ្រៀតជ្រែកដោយអ្នកដទៃ ឬការរារាំងដោយច្បាប់សង្គម សីលធម៌ និងច្បាប់រដ្ឋ ថ្វីបើប៉ះពាល់ដល់ផ្នែកខ្លះនៃសេរីភាពរបស់មនុស្ស ប៉ុន្តែ វាគឺជាប្រការដែលជៀសមិនរួចក្នុងករណីចាំបាច់មួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ត្រូវតែប្រាកដថា មូលដ្ឋាននៃការរារាំង ការបង្ខិតបង្ខំ ឬការជ្រៀតជ្រែកទាំងនោះ គឺជាគោលការណ៍ត្រឹមត្រូវនិងសមហេតុផល ព្រមទាំងធ្វើឡើងក្នុងគោលបំណងល្អនិងដើម្បីផលប្រយោជន៍រួមរបស់សង្គមទាំងមូល។

តើសេរីភាពវិជ្ជមាន មានន័យដូចម្ដេច?
សេរីភាពវិជ្ជមាន (positive liberty) គឺជាលទ្ធភាពនៃការប្រព្រឹត្តតាមវិធីមួយដែលអាចគ្រប់គ្រងជីវិតរបស់ខ្លួនបាន និងដឹងច្បាស់ពីគោលបំណងសំខាន់របស់ខ្លួន។ សេរីភាពវិជ្ជមាន ពេលខ្លះ បានរួមចំណែកដល់ក្រុមឬបុគ្គលនៅក្នុងសហគមន៍ជាមួយគ្នា។ សេរីភាពវិជ្ជមាន គឺជាសិទ្ធិទទួលបានសមត្ថភាពអនុវត្តតាមឆន្ទៈសេរីរបស់មនុស្សម្នាក់ៗ ផ្ទុយពីសេរីភាពអវិជ្ជមាន ដែលជាសេរីភាពគេចផុតពីចំណងខាងក្រៅចំពោះសកម្មភាពរបស់មនុស្សម្នាក់ៗ។ បញ្ញត្តិស្ដីពីសេរីភាពវិជ្ជមាន ក៏អាចរួមបញ្ចូលនូវសេរីភាពនៃការគេចផុតពីចំណងខាងក្នុងផងដែរ។
បញ្ញត្តិស្ដីពីរចនាសម្ព័ននិងទីភ្នាក់ងារ ជាចំណុចសំខាន់នៃបញ្ញត្តិស្ដីអំពីសេរីភាពវិជ្ជមានដែរ ពីព្រោះដើម្បីមានសេរីភាព មនុស្សម្នាក់ៗគួរតែរួចផុតពីការហាមឃាត់នៃរចនាសម្ព័ន្ធសង្គមក្នុងការអនុវត្តឆន្ទៈសេរីរបស់ពួកគេ។ តាមរយ:រចនាសម្ព័ន្ធ វណ្ណៈនិយម ភេទនិយម អាយុនិយម កាយសប្បទានិយម និងពូជសាសន៍និយម អាចរារាំងសេរីភាពរបស់មនុស្ស។ សេរីភាពវិជ្ជមាន ត្រូវបានយកចិត្តទុកដាក់ជាចម្បងជាមួយនឹងសិទ្ធិកាន់កាប់របស់ទីភ្នាក់ងារបែបសង្គមវិជ្ជា ដែលវាត្រូវបានលើកកម្ពស់តាមរយ:សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងរដ្ឋាភិបាល ហើយដែលសំឡេង ផលប្រយោជន៍ និងការព្រួយបារម្ភរបស់ពួកគេត្រូវបានទទួលស្គាល់ និងយកចិត្តទុកដាក់។

ឆ្លងតាមរយ:ការបកស្រាយខាងលើនេះ យើងអាចនិយាយបានថា ដើម្បីធ្វើឱ្យសង្គមខ្មែរទទួលបាននូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សមធម៌ យត្តិធម៌ ការអភិវឌ្ឍប្រកបដោយចីរភាព សេចក្ដីស្រឡាញ់ពិត សុភមង្គល និងសុខដុមរមនាយូរអង្វែង ប្រជាពលរដ្ឋម្នាក់ៗ ទោះបីជាស្ថិតក្នុងឋាន: តួនាទីណាក៏ដោយ ក៏គួរតែប្រើប្រាស់នូវសេរីភាពវិជ្ជមានរបស់ខ្លួន និងមិនត្រូវប្រើប្រាស់សេរីភាពអវិជ្ជាមាន ដូចបានរៀបរាប់ខាងលើឡើយ។
បើមិនដូច្នោះទេ សង្គមខ្មែរអាចជួបនូវសង្គ្រាម អសន្តិសុខ ភាពស្មានសណ្ដាប់ធ្នាប់ អសមធម៌ អយុត្តិធម៌ ឱនភាព អំពើហិង្សា អពមង្គល និងការបែកបាក់ដោយជៀសមិនរួច៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង