Connect with us

អត្ថាធិប្បាយ

អត្ថាធិប្បាយ៖ យកឈ្នះកំហឹងបាន គឺឈ្នះការប្រយុទ្ធដែលមនុស្ស​ដទៃពិបាកនឹងយកឈ្នះ

បានផុស

នៅ

ឬសគល់នៃបញ្ហាទាំងពួងនៅលើលោកយើងនេះ កើតចេញពីអសមត្ថភាពរបស់មនុស្ស​យើងក្នុងការ «ព្រមរំលត់កំហឹង​»
លះបង់ការចងចាំ​ដ៏ឈឺចាប់នានា​ គឺ​ការតស៊ូផ្ទាល់ខ្លួនដ៏ធំបំផុតរបស់ខ្ញុំ ហើយ​ខ្ញុំតែងគិតថា មនុស្ស​ជោគជ័យ​ម្នាក់ៗ តម្រូវឱ្យមានចិត្ត​ទូលំទូលាយ ហ៊ាន​អភ័យ ហ៊ានបំភ្លេច និង មានទំនោរទៅរកឧត្តមគតិដ៏ជាក់លាក់មួយ គឺ​ការដោះខ្សែចំណងបញ្ហា ស្រវា​រកលទ្ធផលថ្មី។​

ប្រសិន​អ្នកដែលកំពុងអានជាវិនិយោគិន សហគ្រិន អ្នកនយោបាយ​ បុគ្គល​ទំនាក់ទំនងសាធារណៈ អត្ថបទនេះសក្តិសម​ណាស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ហេតុផលមួយចំនួនដែលខ្ញុំ សាយ​ ពេជ្រ អាចប្រើមក​វាយតម្លៃថា សិល្បៈនៃការចេះ«យល់ព្រមទទួលយក ​ឬព្រមរំលត់កំហឹង »ជាសិល្បៈគ្រប់គ្រងដ៏មាន​ប្រសិទ្ធិភាពមួយដោយសារ៖

ហេតុផល​​ទីមួយ ទម្លាក់ចោលភាពតានតឹង
ការធុញថប់ក្នុងជីវិត ច្រើនតែជាប្រតិកម្មដែលកើតឡើងនៅពេលគ្រប់យ៉ាងមិនសមបំណង​ឬសូម្បី​រឿងមិនសមបំណងតូចមួយសោះ ក្នុងចំណោម​ការសម្រេចបំណងច្រើនមកហើយក្តី នៅតែធ្វើឱ្យយើងសៅហ្មងបាន ព្រោះយើងគិតថា​ហេតុអ្វីសម្រេចការមកច្រើនហើយ​រឿងមួយនេះ​ធ្វើមិនកើត​ មនុស្សម្នាក់ហ្នឹងយកឈ្នះមិនបាន?។

ជាអកុសល ទោះ​យើងជាអ្នកណាក្តី​ មាន​លុយ មានអំណាច មានបរិវារ មានគេគោរពកោតខ្លាច ពេលខ្លះអ្វីៗនៅតែ​មិនដូចដែលយើង​ចង់បាន ព្រោះអ្វី? ​ព្រោះថា​យើងតែងចង់បាន​អ្វីមួយ​លើសពីលទ្ធភាព ដែលយើងធ្លាប់ធ្វើបានពីមុនមក​នេះ​ហើយជា​ចំណុចកំពូលនៃ​ការរស់នៅដ៏ទាក់ចិត្ត​គឺយើង​រមែងចង់បាន«ថែមទៀត» អ៊ីចឹងហើយ​ដែលយើង​ត្រូវ​តែប្រឹងយកភាពជាកំពូលមួយជាន់ទៀត គឺ «គ្រប់គ្រង»ខ្លួនឯង​ ឱ្យយល់ព្រមទទួលយក​ភាព​ចាញ់ និងលើកលែង។

នៅពេលនោះ ការ​រៀនទទួលស្គាល់ថា យើង​មិនមែន​សុទ្ធ​តែ​អាចគ្រប់គ្រងឬដោះស្រាយស្ថានការណ៍បានជានិច្ច  ការ​រៀនបោះបង់ចោលនូវអ្វីដែលជាចំណង់ចចេសហួសហេតុ និងទីបីសមត្ថភាព​នៃ​ការ​ចាប់យកការពិត ព្រមទាំងទទួល«យល់ព្រម» បោះបង់​ អភ័យនិងបំភ្លេច​ជាកំពូល​សមត្ថភាព​ពិតប្រាកដនៃការរស់នៅ ក៏ជា​វិធី បន្សាបទុក្ខព្រួយកង្វល់នានា ហើយពេលនោះ ភាពជាអ្នកដឹកនាំកំពូលក៏លេចចេញមក ។

ហេតុផលទីពីរ មនុស្ស​ដែលមិនអាចដឹកនាំខ្លួនឯងពិបាកដឹកនាំអ្នកផ្សេងទៀតណាស់

ជាញឹកញាប់ យើងមានការធុញថប់ ការថប់បារម្ភ ខឹងសម្បារខុសពីចរិត​ធម្មជាតិពីវ័យក្មេងៗ ។ ការ​ធ្លាក់ទឹកចិត្ត ជា​អ្វីដែលបានកើតឡើងនៅពេលជួបរឿងខកបំណងច្រើនពេក​ហើយ​យើង​មិនមាន​សមត្ថភាព​អាចបញ្ឈប់ខ្លួនឯងពីការ​គិតរឿងទាំងនោះបាន។

ឧទាហរណ៍ មនុស្ស​ម្នាសុទ្ធតែនិយាយពាក្យ​មិនពិត ការរំពឹងនានាតែងតែ​ជះផលត្រឡប់មកធ្វើឱ្យ​ខូចចិត្ត​។ល។

ជាធម្មជាតិ មនុស្ស​យើងឈ្លក់វង្វេងនឹងអតីតកាល ហើយ​ព្រម​ចមណាយបច្ចុប្បន្នកាល​ទៅប្រឈមជាមួយ រឿងរ៉ាវមិនល្អ​ដែល​ថតជាប់ក្នុងក្បាលយើងឡើងវិញម្តងហើយ​ម្តងទៀត។ យើងមាន​កំហឹងនៅពេលត្រូវប្រឈមមុខនឹងស្ថានភាពអសកម្ម ហើយយើងព្រួយបារម្ភឥតឈប់ឈរអំពីអនាគត ការព្យាយាមគិតតាមរយៈសេណារីយ៉ូផ្សេងៗគ្នា ស្ថានការណ៍រស់នៅ​​ដែល​ត្រូវ​ប្រុងប្រយ័ត្នត្រៀម​ខ្លួន​សម្រាប់អ្វីដែលអាចនឹងកើតឡើង។ល។សុទ្ធតែ​ជាបញ្ហា​ដែលញាំញីជីវិតមនុស្ស​គ្រប់គ្នា។

ប៉ុន្តែ សកម្មភាពនោះមិនអាចទៅផ្លាស់ប្តូរអ្វីៗដែលបានកើតឡើងនៅអតីតកាលបានវិញទេ។ តែយើង​ខ្លួនឯងមាន​អំណាច​អាចផ្លាស់ប្តូរអ្វីដែលបម្រុងនឹង​កើតឡើងនៅក្នុងពេលបច្ចុប្បន្នឬ​ពេលអនាគតបាន។

ដូច្នេះយើងចាំបាច់ត្រូវទុកចោលទុកសោកនោះ​ទៅម្ខាងដោយ​បំភ្លេច​និងអភ័យ។ ការរស់នៅជាមួយ​ភាព​ប្រុងប្រយ័ត្ន សង្ស័យជានិច្ច និងពិបាកទុកចិត្ត​អ្នកណាម្នាក់ ជាសញ្ញាព្រមាននៃជំងឺDepression ដែលជាជំងឺ​ផ្លូវចិត្ត​ដ៏កំណាចនឹង​ស៊ីវិល័យ​ហើយអាចបំផ្លាញមនុស្ស​បានសូម្បីតែរឹងមាំ ពេញកម្លាំងយ៉ាងណាក្តី។

ហេតុផលទីបី ត្រូវបន្ធូរដៃព្រោះការ​ក្តាប់ណែន​ពេកនឹង​បំផ្លាញនំឱ្យខ្ទេចបាន

ប្រតិកម្មខឹងឬអាក់អន់ចិត្តជាមួយមនុស្ស​ម្នាជារឿងធម្មតាសម្រាប់យើងគ្រប់គ្នា​ប៉ុន្តែភាពខ្លាំងរបស់មនុស្ស​ខុសគ្នាត្រង់វិធីគ្រប់គ្រងកំហឹង​។ ត្រូវប្រាប់ខ្លួនឯងថា យើងចង់បញ្ជាឬចង់ឃើញ នរណាម្នាក់ប្រព្រឹត្ដតាមរបៀបមួយដែលយើងយល់ថាល្អ ប៉ុន្តែយើងមិនមែន​ចេះ​តែ​អាចបង្ខំពួកគេធ្វើតាមរបៀបយើងគិតនោះទេ ព្រោះគេ​ជាមនុស្ស​ដែរ គេក៏មានគំនិតធ្វើការ​ផ្ទាល់ខ្លួន។ វិធីគ្រប់គ្រងមនុស្ស​ដែលជោគជ័យ គឺ​ការប្រើមនុស្ស​ឱ្យខុសពីម៉ាស៊ី​ គឺ​អនុញ្ញាត្តិឱ្យពួកគេ​ប្រើវិធីផ្ទាល់របស់ពួកគេនាំជោគជ័យមកឱ្យយើង ជាជាង​មកស្តាប់វិធីសាស្ត្រ​របស់យើង។

លើសពីនេះទៅទៀត នៅពេលដែលយើង​មិនអាច​យល់ដល់ចំណុចនេះ ការគ្រប់គ្រង នឹង​លេច​ចេញជាបញ្ហា​អន្តរាយដល់ទំនាក់ទំនងរវាងយើងជាមួយមនុស្សម្នាក់ទៀតដែលនេះជាកម្សោយនៃទំនាក់ទំនង​ក្នុងសិល្បៈគ្រប់គ្រងមនុស្ស​។

ការខឹងសម្បារឬការអាក់អន់ចិត្តជាមួយពួកគេនឹងក្លាយជាសត្រូវនៃការកសាង​គ្រឹះទំនាក់ទំនងមាំទាំ​រវាង​យើងជាមួយពួកគេដែលនាំឱ្យ​សមត្ថភាព​នៃការដឹកនាំ​ដើរថយក្រោយ។

ហេតុផល​ទីបួន អនុញ្ញាតឱ្យអ្នកដទៃធ្វើជា«ខ្លួនពួកគេ»កុំព្យាយាមធ្វើជាអ្វីដែលយើងចង់ឃើញ

សម្បទានលើអារម្មណ៍ដែលគ្រប់គ្នា​សមនឹងទទួលបានគឺភាព​ស្មោះត្រង់ ទៅវិញទៅមក ប៉ុន្តែមេដឹកនាំល្អម្នាក់ ត្រូវទទួលស្គាល់ថា យើងទាំងអស់គ្នាជាមនុស្សដូចគ្នា ហើយយើងនឹងធ្វើកំហុសវាងមិនរួចទេ​។ យើងក៏មិនល្អឥតខ្ចោះហើយក៏មិនរំពឹងថាមានអ្នកផ្សេងមកល្អឥតខ្វោះដែរ។

ការឆ្លើយតបដោយកំហឹងជាធម្មតាមិនអាចជួយអ្វីបានទាំងអស់ ដោយ​គ្រាន់តែធ្វើឱ្យអ្នកដទៃឈឺចាប់ឬរកល្បិចមកការពារខ្លួនគេដោយវិធីផ្សេងៗ ហើយនឹង​បង្ហាញអំពីធាតុពិតក្នុងសមត្ថភាពគ្រប់គ្រង​ចិត្ត​របស់យើង។

ផ្ទុយទៅវិញប្រសិនបើពួកគេបានធ្វើឱ្យយើង​ឈឺចាប់ឬរំខានខ្លាំងសូមរើសយកវិធីនិយាយពន្យល់ដោយចំហរ ហើយ​ចាកចេញ​បំភ្លេចពួកគេចោល។

ហេតុផលទីប្រាំ ភាព​មិនឆេវឆាវ ក្រអឺតក្រទមនឹងយកឈ្នះរាល់ការប្រយុទ្ធដែលពិបាកបំផុតក្នុងលោក

ភាពជាអ្នកដឹកនាំ គឺមិនមែន​ជាសមត្ថភាព​នៃការ​បង្កើត​ភាពវឹកវរទេ។ មិនថានៅក្នុងអាជីវកម្មឬក្នុងជីវិតឯកជនឡើយ ចង់ធ្វើជាអ្នកដឹកនាំជីវិតយើង​ឬអ្នកដទៃ គឺត្រូវ​បង្កើនសមត្ថភាពនៃការ​បញ្ចប់ជម្លោះ។

ព្រះពុទ្ធអង្គ​បាន​រារាំងសង្គ្រាមជាច្រើននៅក្នុងលោក ហើយ​ទ្រង់បានផ្តល់នូវពុទ្ធិ​ទុកមកថា

«ការផ្លាស់ប្តូរមិនដែលឈឺចាប់ទេ មានតែភាពធន់ទ្រាំទៅនឹងការមិនហ៊ាន​ផ្លាស់ប្តូរប៉ុណ្ណោះដែលឈឺចាប់» មនុស្ស​ធម្មតា ចង្អុលអ្នកដទៃឱ្យផ្លាស់ប្តូរ ចំណែក​មេដឹកនាំតែងតែមាន​វិធីក្នុងការ​ផ្លាស់ប្តូរខ្លួនឯង​ដោយ​ស្ងប់ស្ងៀម និងមាន​ប្រសិទ្ធិភាព។​

មេដឹកនាំណាម្នាក់ អាចបង្កើតភាពជាគម្រូចេញពីខ្លួនឯងបាន នឹងអាចបង្កើត​ចលនាដឹកនាំប្រកបដោយប្រសិទ្ធភាពគ្មានដែនកំណត់ទេ​។ ព្រះពុទ្ធជាគំរូមួយសម្រាប់ការគិតនិងការប្រព្រឹត្ដដោយ​វិជ្ជមាន ហើយ​ឧទាហរណ៏ដ៏មានឥទ្ធិពលមួយនៃរឿងនេះគឺសកម្មភាពនៃការចាកចេញពីអ្វីគ្រប់យ៉ាង ដែលទ្រង់បានដឹង ដើម្បីស្វែងរកការបំភ្លឺ។ បន្ទាប់ពីនោះ ទ្រង់បានឧទ្ទិសខ្លួនឯងដល់អ្នកដទៃ ហើយ​ត្រេចចរផ្សព្វផ្សាយនូវពុទ្ធិ។

គិតអំពីឧទាហរណ៍នេះហើយ ប្រសិន​យើង​ចងក្លាយជាអ្នកដឹកនាំ ប៉ុន្តែ​នៅរក្សា​ភាពច្របូកច្របល់ជាមួយកំហឹង​និង​ចង្អុលរកកំហុស  តើអ្នកណាដែលចង់ធ្វើតាមដោយសុទ្ធចិត្ត?

សាយ ​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម