អត្ថាធិប្បាយ
ការរិះគន់ផ្កាប់មុខ បែបបំផ្លិចបំផ្លាញ ជាចេតនាទុច្ចរិត
ទស្សនវិទូក្រិក លោក អារីស្តូតបន្សល់ទុកពាក្យមកថា ចង់ឱ្យគ្មានការរិះគន់ មិនពិបាកទេ គ្រាន់តែមិននិយាយអ្វី មិនធ្វើអ្វីទាំងអស់ ពុំនោះទេ ជីវិតរមែងរងការរិះគន់ ព្រោះមនុស្សដែលចំណាយពេលចង្អុលអ្នកដទៃលើចំណុចមិនល្អមានច្រើនជាងអ្នកមកលើកតំកើងគ្នា។
លោកបានសរសេរទៀតថា មានតែមនុស្សល្ងង់ខ្លៅទេ ដែលព្រមឱ្យការសរសើរឬរិះគន់ចូលមកបំពុលខ្លួនឯងបាន។
ការរិះគន់ដែលមានលក្ខណៈជំទាស់ផ្កាប់មុខ ជារោគសញ្ញាផ្លូវចិត្តនិងជាចេតនាទុច្ចរិត
ក្នុងនាមជាមនុស្ស យើងនឹងធ្វើខុស ព្រោះគ្រប់គ្នាមិនល្អឥតខ្ចោះទេ ហើយកំហុសរបស់យើងអាចទាក់ទាញការរិះគន់ពីអ្នកដទៃអាស្រ័យកម្រិតតួនាទីនិងឥទ្ធិពលយើងដែលកាន់តែធំកាលណា ទាក់ទាញរិះគន់ច្រើនឡើងកាលណោះ ព្រោះគ្រប់គ្នារមែងសម្លឹងឆ្ពោះមក។
ទោះបីមនុស្សជាច្រើនឱ្យតម្លៃលើការសរសើរ លើកទឹកចិត្ត ច្រើនជាងការរិះគន់ព្រោះការសរសើរនាំមកនូវអារម្មណ៍សប្បាយរីករាយ ឯពាក្យរិះគន់បង្កើតអារម្មណ៍មិនល្អដោយស្វ័យប្រវត្តិ។ ទោះយ៉ាងណាក៏ដោយការរិះគន់ភាគច្រើន ជាឱកាសដើម្បី យើងដឹងខ្លួន ចេះកែលំអខ្លួននិងរីកចម្រើនដោយខ្លួនឯងជាជាងការសរសើរដែលមិនពិត គ្រាន់តែផ្គាប់ចិត្ត។
ប៉ុន្តែ មានផលប៉ះពាល់ច្រើន ពីការរិះគន់ដែលមានចេតនាផ្ទុយពីគោលបំណងបង្កើតការរីកចម្រើន នោះគឺការរិះគន់ទាញទម្លាក់ បំបាក់មុខឬមានគោលដៅចង់ធ្វើឱ្យបរាជ័យតែម្តង
ដែលជាទូទៅការរិះគន់ប្រភេទនេះត្រូវបានចាក់ឫសនៅក្នុងឥរិយាបថរបស់មនុស្ស អមជាមួយ ការស្តីបន្ទោស ការចង្អុលបង្ហាញតែផ្នែកអវិជ្ជមាន និងប្រើសម្តីវាយប្រហារអ្នកណាម្នាក់ ដើម្បីខ្លួនឯងក្លាយជាមនុស្សដែលគ្រាន់បើជាង។
នេះគឺជាយុទ្ធសាស្ត្រជាក់ស្តែងមួយចំនួន ដែលមនុស្សសម័យនេះ និយមប្រើដើម្បីឱ្យខ្លួនគេទទួលបានអត្ថប្រយោជន៍ពីការរិះគន់ទាំងនោះ ទាំងមិនអើពើនិងការបំផ្លិចបំផ្លាញដោយសម្តីរបស់ខ្លួន គួរហៅថា ការរិះគន់បែបបំផ្លិចបំផ្លាញធ្វើឡើងដោយមានចេតនាចង់ឃើញការឈឺចាប់ វាយខូចកេរ្តិ៍ឈ្មោះ វាយលុកសមត្ថភាពជំនាញ អាជីព បុគ្គលភាពជាសាធារណៈ សើចចំអកមាក់ងាយគំនិតអ្នកដទៃ ។ល។ដែលជាមធ្យោបាយទុច្ចរិតប្រើដោយមនុស្សខ្លួនឯងអសមត្ថភាពពិតតែម្តងហើយមានគំនិតច្រណែននិន្ទាច្រើន។
ប្រសិនយល់ហើយថា នោះជាទង្វើទុច្ចរិតហេតុអ្វីបណ្ឌិតត្រូវអើពើ អជ្ញាធរត្រូវព្រងើយ?
ថ្ងៃខ្លះ បើកភ្នែកមកក៏ត្រូវបានធ្វើឱ្យខូចចិត្តដោយសារ ការអត្ថាធិប្បាយ ឬមតិ អត្ថបទ ព័ត៌មានដែល វាយប្រហារ ញុះញង់ មួលបង្កាច់ គៃបន្លំមតិ និងប្រឌិតកេងចំណេញ ចំណែកយើងត្រូវឈឺចាប់និងវិលវល់ មិនដឹងតវ៉ាតាមរបៀបណា?
កុំគិតថា រឿងនេះកើតមានចំពោះតែយើងម្នាក់ឯង! មនុស្សជាច្រើនបានរងឥទ្ធិពលពីការរិះគន់ក្នុង ពិភពលោកមួយដែលប្រព័ន្ធឌីជីថលកំពុងអនុញ្ញាត្តិឱ្យបុគ្គលអាក្រក់ៗ អាចប្រព្រឹត្តិ ការរំលោភលើអ្នកដទៃបាន ទាំងការឆ្មក់ថតរូបភាព ទាំងការបង្ហោះផ្សាយមិនមានការអនុញ្ញាត្តិ ហើយខ្លួនគេលាក់មុខយ៉ាងអនាមិកដោយកម្សាក។
មធ្យោបាយមានតែពីរ គឺត្រូវបញ្ចប់ការនិយាយទុច្ចរិត ឬឈប់ស្តាប់មនុស្សកម្សាកអស់ទាំងនោះ។ ប៉ុន្តែត្រូវចាំថា ចេតនាទិតៀននៃការរិះគន់ប្រកបដោយការបំផ្លិចបំផ្លាញ គឺដើម្បីធ្វើបាប បង្កការឈឺចាប់ បំផ្លាញឱ្យអន្តរាយនិងជះឥទ្ធិពលអាក្រក់ច្រើនទៀតដូច្នេះមនុស្សកម្សាកនឹងមិនបញ្ឈប់ងាយឡើយ។ ប្រសិនបើការចាត់វិធានការណ៍ច្បាប់ជារឿងចាំបាច់ គេគួរប្រញាប់ធ្វើ ព្រោះថា ការព្រងើយកន្តើយចំពោះការរិះគន់មិនមែនជាជម្រើសល្អទេក្នុងរឿងមួយចំនួន។
ប្រសិនបើអ្នកណាម្នាក់ រងការរិះគន់បំផ្លិចបំផ្លាញជាប្រចាំនោះ គួរតែរាយការណ៍ទៅសមត្ថកិច្ចនិងរកវិធានការណ៍ច្បាប់ ប្រឆាំការរំលោភបំពានឥតឈប់ឈរបែបនេះដោយស្ងាត់ស្ងៀមឡើយ។
គ្រប់គ្រងអារម្មណ៍មិនចេញប្រតិកម្មទាំងកំហឹងហើយបង្កើនការគោរពខ្លួនឯង
មនុស្សកំពុងបុកមករកចំណុចខ្សោយរបស់យើង ឱ្យយើងវិលវល់ វង្វេងនិទោសៈ ដូច្នេះស្វែងរកការបំភ្លឺ តែរក្សាភាពស្ងប់ហើយកត់សម្គាល់ពិចារណាលើយោបល់ទាំងនោះសិនថា មួយណាជាចេតនាស្ថាបនា មួយណាជាចេតនាទុច្ចរិត។ ការរិះគន់ក្នុងន័យស្ថាបនាជារឿយៗយើងតែងអាចរៀនបានច្រើនហើយនោះជាផ្នែកមួយនៃជីវិតរស់នៅដែលយើងគ្រប់គ្នាត្រូវការដូច្នេះគ្រប់គ្នាគួរតែរៀនពីរបៀបដើម្បីទទួលបានមតិកែលម្អ និងរបៀបមិនយកចិត្តទុកដាក់ឬវាយបកទៅនឹងមតិយោបល់ដែលបង្កអន្តរាយកើតចេញពីការរិះគន់បែបបំផ្លិចបំផ្លាញ។
នៅពេលចាំបាច់ខ្លះយើងគួរប្រាប់អ្នកផងអំពីអារម្មណ៍យើងថាវាយ៉ាងណាចំពោះបញ្ហាបំពារបំពាននោះ។ ធម្មតា យើងចាំបាច់ថែរក្សាសន្តិភាពជាមួយបណ្តាញនិងមនុស្សម្នាក្នុងសង្គមរស់នៅ តែការអត់ធ្មត់ច្រើនជ្រុលដើម្បីចៀសវាងជម្លោះ មិនមែនជាមធ្យោបាយតែមួយគត់ទេ ព្រោះមនុស្សទុច្ចរិតតែជ្រៀតចូលតាមចំណុចខ្សោយនេះ ហើយធ្វើការវាយប្រហារ។ សម្តីខ្លះអាចបង្កឱ្យមនុស្សស្លាប់បាន ដូចជាការរិះគន់ច្រំដែលនិងងងឹតងងល់ ការវាយប្រហារថ្កោលទោស លាតត្រដាងរឿងបុគ្គល ។ល។ មនុស្សបែបនេះជាឧក្រឹដ្ឋជនដែលពុំសមនឹងទទួលបានការយោគយល់អធ្យាស្រ័យអ្វីឡើយ។
កាត់ផ្តាច់ទំនាក់ទំនងជាមួយមនុស្សដែលមានគ្រោះថ្នាក់ទាំងនោះ
ពិភពលោកនេះបង្កើតមកនូវមនុស្សច្រើនប្រភេទផ្សេងៗគ្នា ហើយក្នុងចំណោមនោះ អ្នកខ្លះរស់នៅមកដើម្បីតែនឹងច្រណែន ថ្លឹងថ្លែង រឿងអ្នកដទៃ។ គ្រប់គ្នាអាចកាត់ផ្តាច់អន្តរកម្មជាមួយមនុស្បប្រភេទដែលមានលំនាំនៃការរស់នៅ ការគិត និងបង្កការវាយប្រហារលើអ្នកដទៃមិនរើសមុខ ជាមួយចរិតរិះគន់អវិជ្ជមាន។ កាត់ចោលតំណភ្ជាប់ជាមួយមនុស្សប្រភេទនេះជារឿងអទិភាព។
រឿងសំខាន់ដែលត្រូវចងចាំគឺថា កាលៈទេសៈណាក៏ដោយកុំឆ្លើយតបដោយកំហឹង ព្រោះអាចជាអន្ទាក់ដែលពួកគេចង់បានឱ្យមានឈុតឆាកមិនល្អហើយបំផ្លាញរូបភាពក្នុងសង្គមរបស់យើង។
ព្យាយាមរក្សាភាពស្ងប់ស្ងាត់និងប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយការគោរព យោគយល់។ ការធ្វើបែបនេះនឹងជួយដោះស្រាយស្ថានភាព បង្ហាញថា យើងជាមនុស្សខ្លាំងមិនជាប់នុយ មិនបាត់បង់ការគ្រប់គ្រងខ្លួនឯងឬនិយាយក៏ដូចជាធ្វើអ្វីមួយដែលអាចធ្វើឱ្យខូចខាតបាន។ មនុស្សកំពុងរិះគន់អ្នកដទៃ មិនដែលរស់ក្នុងសុភមង្គលបានទេ ហើយថ្ងៃណាមួយគេថែមទាំងនឹងត្រូវបាត់បង់សូម្បីតែស្មារតីខ្លួនឯង ព្រោះឥទ្ធិពលនៃការគិតអវិជ្ជមាន ដែលសន្សំទុកសម្រាប់ព្យាបាទជីវិតខ្លួនគេ។
សាយពេជ្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី