Connect with us

អត្ថាធិប្បាយ

ការមិនទទួលស្គាល់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តើជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?

បានផុស

នៅ

ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយបានប្រគល់តំណែងនេះឱ្យទៅឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្ត ក្រុមនិន្នាការឆ្វេងនិយម បានចេញសារនយោបាយជាច្រើនលើកច្រើនសារ ដោយលើកឡើងថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅអាណត្តិទី៧ គឺមិនស្របច្បាប់ ដោយហេតុថា គណបក្សប្រជាជនកម្ពុជា មិនបានដាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នេះ។ តើការលើកឡើងបែបនេះ របស់ក្រុមឆ្វេងនិយម ត្រឹមត្រូវដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិត សម្រាប់អ្នកតាមដានស្ថានការណ៍បោះឆ្នោត និងនយោបាយនៅកម្ពុជា ដែលមិនលំអៀង តាមរយៈសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជាមានបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន ២រូប សម្រាប់ការបោះឆ្នោត អាណត្តិទី៧។ ទី១ សម្ដេចតេជោ ហ៊ុន សែន និងទី២ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សារនេះ ត្រូវបានបញ្ជាក់ក្នុងវេទិការជាសាធារណៈតាំងពីមុនយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះ។

បន្ថែមពីនេះ មនុស្សទាំងអស់នៅកម្ពុជា មើលឃើញ និងឮពាក្យ “គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី” ដែលជាសារនយោបាយច្បាស់ៗពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ បានយកសារទាំងនេះ ចេញឃោសនាតាំងពីយុទ្ធនាការឃោសនាថ្ងៃដំបូង រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។

គិតមកដល់ពេលនេះ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ហើយល្ងាចថ្ងៃទី២២ ដដែល គណៈរដ្ឋមន្ត្រីថ្មី នឹងចូលបំពេញតួនាទីរបស់ខ្លួន។

តើហេតុអ្វីមកដល់ពេលនេះហើយ នៅតែមានសារនយោបាយដែលធ្វើឱ្យពលរដ្ឋក្នុងស្រុកមានភាពច្របូកច្របល់វិលវល់យ៉ាងដូចនេះ? ហើយហេតុអ្វីបានជាគ្រប់គូភាគីមិនព្រមទទួលស្គាល់ពីការឈ្នះចាញ់ ដែលពលរដ្ឋខ្មែរជាអ្នកគូស?

គណបក្សប្រជាជនកម្ពុជា បានប្រកាសតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដែលសម្រេចដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន២រូប គឺសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក៏បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ផងដែរ។

យោងតាមច្បាប់ និងនីតិវិធីនៃការបង្កើតរាជរដ្ឋាភិបាល គណបក្សឈ្នះឆ្នោត នឹងជ្រើសរើសឥស្សរជននយោបាយមួយរូប ដើម្បីថ្វាយឱ្យព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី។ មាត្រា១១៩ថ្មី២ បានចែងថា “តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីឱ្យបង្កើតរាជរដ្ឋាភិបាល។

សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតសេចក្តីទុកចិត្ត ត្រូវធ្វើលើសមាជិកគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភា បានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល…”។ នេះគឺជាទិដ្ឋភាពច្បាប់របស់កម្ពុជាក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។

បើតាមការអង្កេត ការចេញព្រះរាជសារតែងតាំង កាលពីពេលកន្លងមក គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុដូច្នេះ ការរិះគន់ដែលមិនមានមូលដ្ឋានច្បាប់ជាក់លាក់ច្បាស់លាស់ នឹងនាំបង្ហាញឱ្យឃើញពីកំសោយរបស់អ្នករិះគន់តែប៉ុណ្ណោះ។ បើតាមមតិរិះគន់មួយ និងសាររិះគន់ គេអាចយល់បានថា ជាការឡាំប៉ាក្រោយការបោះឆ្នោតពីសំណាក់ក្រុមគណបក្សភ្លើងទៀនទៅវិញទេច្រើនជាងការលើកឡើងថា មិនត្រូវតាមផ្លូវច្បាប់។ ត្បិតអីបក្សដែលចាស់វស្សាមួយនេះ ត្រូវបានផាត់ចេញពីការបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ព្រោះតែខ្វះឯកសារផ្លូវការដើម។

សម្រាប់កម្ពុជា គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាឆ្លងកាត់ការបោះឆ្នោតចំនួន៧លើកជាប់ៗគ្នាឥតដាច់ តាំពីឆ្នាំ១៩៩៣មក។ ការនេះ ល្មមឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយក្នុងប្រទេសទាំងអស់ចាស់ចិត្ត ចាស់គំនិត ហ៊ានទទួលស្គាល់លទ្ធផលផ្លូវការដែលពលរដ្ឋខ្មែរ បានសម្រេចចិត្តជ្រើសរើសបក្សដែលពួកគាត់បានពេញចិត្ត និងចង់ឱ្យដឹកនាំបន្ត។ ក្នុងការបោះឆ្នោតលើកទី៧នេះ ម្ចាស់ឆ្នោតជាង ៨លាន២សែននាក់ បានបញ្ចេញមតិ ដែលស្មើជាង៨៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតមាន៩លាន៧សែននាក់។ ចំនួននេះ ច្រើនជាងការបោះឆ្នោត ឆ្នាំ២០២២ ជាង១លាននាក់ ហើយបើទោះបីជាមានការញុះញុងមិនឱ្យពលរដ្ឋទៅបោះឆ្នោតពីសំណាក់អ្នកនយោបាយខ្មែរនៅក្រៅប្រទេសរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ឬជាមេកើយចាស់របស់គណបក្សភ្លើងទៀនក្តី។  

តាមរយៈព្រឹត្តិការណ៍នេះ យើងអាចយល់បានថា ពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយដោយពលរដ្ឋ បានជ្រើសរើសវិធីប្រើប្រាស់សិទ្ធិនយោបាយ តាមសន្លឹកឆ្នោត ជាជាងការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដូចកាលពីមុន។

ដូច្នេះ ការបន្តធ្វើសកម្មភាពរិះគន់ លើកឡើងពីភាពមិនស្របច្បាប់របស់នាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វាគ្រាន់តែជារឿងនយោបាយពីសំណាក់ក្រុមប្រឆាំងនៅកម្ពុជា ដែលគ្មានក្រឡាដើរតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកនយោបាយ គួរតែកម្កល់ប្រយោជន៍ជាតិជាធំ សុខដុមរមនាសង្គមជាអាទិភាព ទោះនរណាឡើងកាន់អំណាច បក្សណាឡើងកាន់អំណាច ក្រុមណាឡើងកាន់អំណាច ក៏នៅតែជាខ្មែរដដែល។

ឆ្លងកាត់ការបោះឆ្នោតជាង ៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរស្នើឱ្យអ្នកនយោបាយ ដែលមិនទាន់ទទួលបានការគាំទ្រគួរប្តូរវិធីសាស្ត្រស្វែងរកសំឡេងឆ្នោត បង្ហាញពីចំណុចខ្លាំងលើគោលនយោបាយរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋពេញចិត្តជាជាងការឡាំប៉ា ក្រោយការបោះឆ្នោត។ វប្បធម៌នេះ ត្រូវបានអនុវត្តច្រើនអាណត្តិរួចមកហើយ ដែលមិនមានភាពចំណេញដល់សង្គមម្តងណាឡើយ មានតែបង្ហាញពីភាពអាប់អួរក្នុងសង្គមបែងចែងបក្សពួក ហើយបរទេសមើលងាយតែប៉ុណ្ណោះ។

ពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ការបែកបាក់គ្នា ការហែកហួរផ្ទៃក្នុង ពិតណាស់ចង់បានស្ថិរភាព ចង់បានការបន្តអភិវឌ្ឍ និងចង់បានសង្គមនីតិរដ្ឋ។ ពោលគឺ ចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ មិនមែនប្រើប្រាស់សារបំភ្លៃនិយាយគ្មានហេតុផល និងផ្លូវច្បាប់សំអាងច្បាស់លាស់ ហើយអ្វីដែលធ្វើនេះ វាហាក់ដូចជាលំអានចាស់ហួសឌឺឡេសម្រាប់ពលរដ្ឋខ្មែរសម័យទំនើបនេះទៅហើយ៕

ដោយ៖ ចៅមាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៩ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម