អត្ថាធិប្បាយ
បទវិភាគ! ក្មេងទំនើង៖ មូលហេតុ សកម្មភាព ផលប៉ះពាល់ និងដំណោះស្រាយ
ក្នុងរយ:ពេលថ្មីៗនេះ គេសង្កេតឃើញថា សកម្មភាពរបស់ក្មេងទំនើងបានកើនឡើងគួរឳ្យព្រួយបារម្ភ។ សកម្មភាពនេះបានកើនឡើងទាំងនៅរាជធានីភ្នំពេញ ទាំងនៅបណ្ដាខេត្តនានា។ ពេលបានឃើញសកម្មភាពនេះកើតឡើង មហាជន ក៏ដូចជា អ្នកតាមដានស្ថានការណ៍សង្គមនានា បានបង្ហាញការយល់ឃើញខុសៗគ្នាអំពីមូលហេតុដែលនាំឳ្យសកម្មភាពនេះកើតឡើង ហើយពួកគេក៏បានសាកល្បងលើកឡើងនូវដំណោះស្រាយផ្សេងៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលពួកគេបានលើកឡើងនោះគ្រាន់តែជាការសង្កេត និងការយល់ឃើញដាច់ដោយឡែកៗពីគ្នាប៉ុណ្ណោះ វាមិនទាន់មានភាពសព្វជ្រុងជ្រោយនៅឡើយទេ។ ចុះធ្វើដូចម្ដេចទើបទទួលបានចម្លើយពិតប្រាកដចំពោះបញ្ហានេះ?
![](https://www.kampucheathmey.com/wp-content/uploads/2023/09/IMG_4182.jpg)
តាមពិតទៅ ដើម្បីឆ្លើយសំណួរនេះបានល្អ ទាល់តែធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ដែលប្រមូលទិន្នន័យពីខេត្ត ឬតំបន់ដែលមានសកម្មភាពក្មេងទំនើងកើតឡើងជារឿយៗ ឬយ៉ាងហោចណាស់ ក៏ប្រមូលករណីទាំងអស់ដែលអាជ្ញាធរបានកត់ត្រាទុកនាពេលកន្លងមក ហើយយកមកវិភាគទៅតាមកំណត់ហេតុទាំងនោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ តាមព័ត៌ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម អាជ្ញាធរពាក់ព័ន្ធ និងតថភាពសង្គមជាក់ស្ដែង ខ្ញុំក៏អាចសន្និដ្ឋានជាជំហានដំបូងបានដែរ ដើម្បីបានជាសម្មតិកម្មសម្រាប់អាជ្ញាធរ និងអ្នកសិក្សាយកធ្វើជាប្រធានបទសម្រាប់ស្រាវជ្រាវលម្អិតនៅពេលខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1692-1024x683.png)
មុននឹងសាកល្បងឆ្លើយសំណួរខាងលើ យើងគួរយល់ថា «ក្មេងទំនើង» គឺជាក្រុមក្មេងជំទង់ដែលមានអាយុចាប់ពី១៣ ទៅ១៩ឆ្នាំ ឬក៏តិច ឬច្រើនជាងនេះបន្តិចបន្តួច។ លើសពីនេះ ពួកគេ គឺជាក្រុមក្មេងដែលមិនសូវស្ដាប់ដំបូន្មានឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរជាដើម។ ក្រៅពីនេះ យើងក៏អាចហៅបានថា ជាក្រុមក្មេងដែលធ្វើអ្វីៗតាមចិត្តចង់ ឬទំនើងចិត្ត ដែលជាទូទៅ មិនអនុលោមទៅតាមដំបូន្មាន សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ឡើយ។ ប៉ុន្តែ ពួកគេធ្វើតាមការអូសទាញរបស់ក្រុមសង្គមងងឹត ក្រុមក្មេងខិលខូច ឬក្រុមបងតូចបងធំ ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1701.png)
បើយោងតាមព័ត៌ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម អាជ្ញាធរពាក់ព័ន្ធ និងថតភាពសង្គមជាក់ស្ដែងតាំងពីមុន និងនាពេលថ្មីៗនេះ ខ្ញុំអាចសន្និដ្ឋានជាជំហានដំបូងអំពីមូលហេតុ សកម្មភាព ផលប៉ះពាល់ និងដំណោះស្រាយ ដូចខាងក្រោម៖
១. មូលហេតុដែលនាំឳ្យមានក្មេងទំនើង អាចបណ្ដាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖
- ទំនោរពីកំណើត ទោះបីជាមានភាគរយតិចតួចក៏ដោយ ក៏មិនអាចបដិសេធលទ្ធភាពនេះដែរ ពីព្រោះបើយោងតាមការសិក្សាបែបទស្សនវិជ្ជា ធម្មជាតិរបស់ក្មេងម្នាក់ៗ អាចល្អ ឬអាក្រក់ពីកំណើត។ ប្រសិនបើវាអាក្រក់ ហើយពេលកើតមក និងរស់នៅក្នុងគ្រួសារ និងសង្គម វាទទួលឥទ្ធិពលអាក្រក់ទៀត នោះនាំឳ្យក្មេងនោះ អាចនឹងក្លាយទៅជាក្មេងមិនល្អ។
- ធម្មជាតិរបស់យុវវ័យ គឺជាវ័យឈាមរាវ ឆេវឆាវ ចចេស ខ្វះការពិចារណា ចង់សាកល្បង ខ្វះបទពិសោធន៍ ងាយអូសទាញ និងងាយទទួលឥទ្ធិពលពីសង្គម ជាពិសេស ឥទ្ធិពលមិនល្អ។ ម្យ៉ាងទៀត គេក៏អាចប្រដូចយុវវ័យ ឬវ័យជំទង់ ទៅនឹងទំពាំង ដែកក្ដៅ ចាហួយ ឬនំកូរមិនទាន់កក ដែលមិនទាន់មានស្វ័យគ្រប់គ្រង មិនទាន់មានគោលជំហរ និងគោលដៅរបស់ខ្លួនច្បាស់លាស់ ដែលពួកគេអាចទទួលរងការពត់ពេន ការបត់បែន ឬការទាញទៅជាទម្រង់ ឬសណ្ឋានបែបណាមួយបានដោយងាយ ហើយជាទូទៅ ច្រើនតែទទួលរងឥទ្ធិពលមិនល្អ ប្រសិនបើគ្មានការតម្រង់ទិសពីឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ។
- ចន្លោះប្រហោងរបស់ឪពុកម្ដាយ អាណាព្យាបាល គ្រួសារ
- ឪពុកម្ដាយ អាណាព្យាបាលខ្លះ មិនសូវយល់ដឹងអំពីសីលធម៌ ហើយក៏ចូលចិត្តប្រើហិង្សាជាដំណោះស្រាយ ផ្ដល់គំរូមិនល្អ បរិស្ថានមិនល្អ ឬអាចនិយាយថា សមាជិកគ្រួសារនោះចូលចិត្តប្រើហិង្សាជាដំណោះស្រាយ ឬក៏មានចរិតទំនើងដែរ។
- ឪពុកម្ដាយ អាណាព្យាបាលខ្លះ គ្រប់គ្រងកូនរបស់ខ្លួនមិនបានល្អ មិនបានអប់រំសីលធម៌ គុណធម៌ ដល់កូនរបស់ខ្លួនឳ្យបានទៀតទាត់។
- ឪពុកម្ដាយ អាណាព្យាបាលខ្លះ មិនខ្វល់អំពីកូនរបស់ខ្លួន ពួកគេរវល់តែជាប់ដៃជាមួយគ្រឿងស្រវឹង ស្មាតហ្វូន បណ្ដាញសង្គម ឬល្បែងស៊ីសង ឬការឈ្លោះគ្នាប្ដីប្រពន្ធ ជាដើម។
- ឪពុកម្ដាយ អាណាព្យាបាលខ្លះ រវល់មមាញឹកនឹងការងារពេក មិនបានតាមដាន និងស្វែងយល់អំពីការវិវឌ្ឍរបស់កូនទាំងរាងកាយ គំនិត ទាំងសកម្មភាពប្រចាំថ្ងៃរបស់កូន និងផ្ដល់សេរីភាពច្រើនពេកទៅឳ្យកូន។
- ឪពុកម្ដាយ អាណាព្យាបាលខ្លះ ទំរើសកូនតាំងពីតូចរហូតដល់ជំទង់
- ការសេពគប់មិត្តភក្ដិមិនល្អ ឬការអូសទាញពីមិត្តភក្ដិមិនល្អ
- ទទួលឥទ្ធិពលនៃគំរូអាក្រក់ពីសហគមន៍ និងសង្គម (មនុស្សពេញវ័យ មនុស្សចាស់ ឬបុគ្គលជាអាជ្ញាធរមួយចំនួនតូច បានប្រើហិង្សាជាដំណោះស្រាយ និងបានបង្ហាញចរិតមិនល្អចំពោះយុវវ័យដែរ)
- ឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ឥទ្ធិពលអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយ ឬបណ្ដាញសង្គម (រូបភាពហិង្សា ឬរូបភាពទំនើង)
- ឥទ្ធិពលអវិជ្ជមាននៃកម្មវិធី ឬមាតិកាហ្គេម (បាញ់បោះ វាយតប់ និងការប្រើសកម្មភាពមិនល្អដទៃទៀត)
- ចន្លោះប្រហោងរបស់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរពាក់ព័ន្ធការគោរព និងការអនុវត្តច្បាប់នៅមានកម្រិត និងនិទ្ទណ្ឌភាពការអប់រំសីលធម៌មានការធ្លាក់ចុះ (គ្រួសារ សាលារៀន និងសង្គម)
- ក្មេងកំព្រា ក្មេងអនាថា គ្មានការងារធ្វើ មានវិបត្តិ មានបញ្ហាផ្លូវចិត្ត អស់សង្ឃឹមក្នុងជីវិត ជាដើម។
២. សកម្មភាពដែលក្មេងទំនើងមានដូចជា៖
- ប្រើអំពើហិង្សា វាយតប់គ្នា កាប់ចាក់គ្នា (ក្នុងសាលា ទីសាធារណ: តាមដងផ្លូវ ជាដើម)
- បង្ហោះម៉ូតូ ដែលផ្ដល់ការភ័យខ្លាច និងការំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវ
- បំផ្លាញទ្រព្យរបស់អ្នកដទៃ និងទ្រព្យសម្បត្តិរដ្ឋ (គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ ប្លន់ម៉ូតូ ឆក់ទ្រព្យសម្បត្តិរបស់អ្នកដំណើរ)
- ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី សេពគ្រឿង
- ណាត់គ្នាមកវាយតប់គ្នា ឬកាប់ចាក់គ្នា
៣. ផលប៉ះពាល់
- បង្កការការគំរាមកំហែង និងអសន្តិសុខដល់សហគមន៍ និងសង្គម
- បង្កការភ័យខ្លាចដល់សិស្សសាលា អ្នកដំណើរពេលយប់ និងអ្នករស់នៅក្នុងសហគមន៍
- បង្ករបួសស្នាម ធ្វើឳ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តអ្នកទៃ និងទ្រព្យសម្បត្តិរដ្ឋជាដើម
- ធ្វើឳ្យខ្លួនឯងបាត់បង់ឳកាសសិក្សា រៀនសូត្រ និងមានទោសទណ្ឌ
- បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ
- អាចកាត់បន្ថយទេសចរ
៤. ដំណោះស្រាយ
- ពង្រឹងតួនាទីរបស់ឪពុកម្ដាយ អាណាព្យាបាល
- កាត់បន្ថយ ឬលុបបំបាត់គ្រឿងស្រវឹង និងគ្រឿងញៀន
- កាត់បន្ថយការបញ្ចាំងខ្សែភាពយន្តសាហាវៗនៅលើកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម
- កាត់បន្ថយ ឬលុបបំបាត់មាតិកា ឬកម្មវិធីហ្គេមសាហាវៗ
- បង្កើតកន្លែងសម្រាប់កុមារ និងយុវជនកម្សាន្ត លេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាពផង ដើម្បីកាត់បន្ថស្ត្រេសផង និងដើម្បីកាត់បន្ថយពេលសម្រាប់ទៅធ្វើសកម្មភាពមិនល្អផ្សេងទៀត។
- ប្រមូលយុវជនក្រីក្រដែលគ្មានការងារធ្វើ មានវិបត្តិ មានបញ្ហាផ្លូវចិត្ត អស់សង្ឃឹមក្នុងជីវិតជាដើម ឳ្យចូលរួមទទួលការពិគ្រោះយោបល់ ឬការព្យាបាលជំងឺផ្លូវចិត្ត ការអប់រំសីលធម៌ សិក្សាជំនាញវគ្គខ្លីៗ ឬចូលរួមសកម្មភាពស្ម័គ្រចិត្តជួយសង្គមផ្សេងៗ។
- បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្ដល់ការងារដល់យុវជន ដើម្បីបង្វែរពួកគេមករកផ្លូវត្រូវ និងកាត់បន្ថយឳកាសទៅប្រព្រឹត្តអំពើមិនល្អផ្សេងៗ។
- ពង្រឹងការអប់រំសីលធម៌នៅក្នុងគ្រួសារ សាលារៀន វត្តអារាម និងអង្គភាព
- ពង្រឹងតួនាទី និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន
- ពង្រឹងការអនុវត្តច្បាប់ លុបបំបាត់និទណ្ឌភាព កុំឳ្យអ្នកមានទោសរួចផុតពីសំណាញ់ច្បាប់ លើសពីនេះទៀត មណ្ឌលអប់រំកែប្រែ ត្រូវតែអប់រំទណ្ឌិតឳ្យមានការកែប្រែពិតប្រាកដ កុំឳ្យពេលពួកគេចេញពីពន្ធនាការមកកាន់តែសាហាវជាងមុន៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច