Connect with us

ព័ត៌មានជាតិ

ប្រវត្តិសាស្រ្តនយោបាយកម្ពុជា៖ បក្សកាន់អំណាច ចងសម្ព័ន្ធភាពជាមួយបក្ស២៧ ខណៈបក្សប្រឆាំងចងសម្ព័ន្ធភាពជាមួយបក្ស៤

បានផុស

នៅ

នាវិមាន៧មករា ដែលជាស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងបណ្ដាមេដឹកនាំនៃគណបក្សនយោបាយចំនួន២៧ទៀតនៅកម្ពុជា បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័នភាពនយោបាយជាមួយគ្នាជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នៅពេលកន្លងទៅថ្មីៗនេះ គណបក្សនយោបាយចំនួន៤ផ្សេងទៀត ក៏បានប្រកាសចងស​ម្ព័ន្ធភាពនយោបាយជាមួយគ្នានេះដែរ ដែលហៅថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចងសម្ព័ន្ធភាពនៃប៉ូលនយោបាយទាំង២ នៅកម្ពុជាពេលនេះ ត្រូវបានចាត់ទុកជាការវិវត្តថ្មីមួយសម្រាប់ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ហើយនេះ ក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃនយោបាយរបស់កម្ពុជា ដែលមិនធ្លាប់មានពីមុនមកនោះឡើយ ការណ៍ដែលគណបក្សកាន់អំណាចចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ខណៈក្រុមគណបក្សប្រឆាំង ក៏បានចងសម្ព័ន្ធភាពរួមគ្នាដែរនោះ។

គណបក្សទាំង២៧ ដែលបានសម្រេចចូលរួមចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច នាពេលសព្វថ្ងៃនេះ រួមមាន៖ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គណបក្សខ្មែរអភិរក្សរបស់លោក រៀល ខេមរិន្ទ្រ គណបក្សធម្មាធិបតេយ្យរបស់លោកស្រី ពោធិតី សាវត្ថី ព្រមទាំងគណបក្សខ្មែរក្រោក គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី គណបក្សកសិករ គណបក្សសញ្ជាតិកម្ពុជា​ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សបំណងពលរដ្ឋ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សរស្មីខេមរា​ គណបក្សនគរប្រជាធិបតេយ្យ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សចលនាប្រជាធិប តេយ្យ គណបក្សខ្មែរតែមួយ គណបក្សអភិវឌ្ឍន៍កម្ពុជា គណបក្សមហានគរ និងគណបក្សឯកភាពជាតិខ្មែរ។

គោលបំណងនៃសម្ព័ន្ធភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សទាំង២៧នេះ គឺដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ ប្រមូលកម្លាំងស្នេហាជាតិចូលរួមការពារដ្ឋធម្មនុញ្ញ ថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យមានភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសជាតិរយៈពេលយូរអង្វែង ដោយឈរលើគោល ការណ៍រួមគ្នាបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។​

កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំង២៨ ខាងលើនេះ នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដោយប្តេជ្ញាគោរពប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញកម្ពុជា ការពាររាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ គណបក្សទាំងនេះ នឹងពង្រឹងជាធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

បើតាមសម្ដេចតេជោ គណបក្សប្រជាជនកម្ពុជា និងគណបក្សជាសម្ព័ន្ធភាព នឹងរួមសហការគ្នា ដើម្បីទប់ស្កាត់ និងកំចាត់ ចោលនូវនយោបាយជ្រុលនិយម ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ជុំវិញដំណើរបោះឆ្នោត សម្ព័ន្ធភាពនេះ ក៏រួមសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

នៅចំពោះមុខបណ្ដាមេដឹកនាំគណបក្សជាដៃគូ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា ការចុះហត្ថលេខានៅថ្ងៃនេះ មិនមែនមានន័យថា គណបក្សទាំងនេះ ជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជាទេ តែជាដៃគូសហការ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានអះអាងថា សម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំង២៨នេះ ក៏នឹងមិនធ្វើប៉ះពាល់ដល់ដំណើរការប្រជាធិតេយ្យនៅកម្ពុជា ឬដើម្បីលុបបំបាត់ចោលសំឡេងប្រឆាំងនោះដែរ តែផ្ទុយទៅវិញ សម្ព័ន្ធភាពមួយនេះ នឹងចូលរួមលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត។

ប៉ុន្តែ ផ្ទុយពីសម្ព័ន្ធភាពនយោបាយនៃប៉ូលគណបក្សកាន់អំណាច ក្រុមគណបក្សប្រឆាំងចំនួន៤ផ្សេងទៀត គឺ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ដែលបានប្រកាសចងជាសម្ព័ន្ធភាពរួមគ្នា នាពេលកន្លងទៅ បានបញ្ជាក់ថា មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះ ទើបអាចជាចលករមួយក្នុងការចូលរួមពង្រឹង និងលើកស្ទួយប្រកបដោយប្រសិទ្ធភាពនូវការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលជាប៉ូលនយោបាយថ្មីនៃបក្សប្រឆាំង លើកឡើងថា សម្ព័ន្ធភាពរវាងគណបក្សទាំង៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញ លើកទឹកចិត្ត និងជាជម្រើសរបស់ពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌ ការអភិវឌ្ឍ ប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។

ជាការកត់សម្គាល់ ការរួមគ្នាចងជាសម្ព័ន្ធភាពរវាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នាបរិបទពេលនេះ ទំនងជាការវិធីសាស្ត្រថ្មីមួយរបស់គណបក្សប្រឆាំងក្នុងការស្វែងរកច្រកចេញ ក្រោយពេលដែលគណបក្សភ្លើងទៀន ហាក់កំពុងមានបញ្ហាមួយចំនួនលើសំណុំឯកសាររបស់បក្ស។ ម្យ៉ាងវិញទៀតនោះ សម្ព័ន្ធភាពឆ្ពោះទៅអនាគតនេះ ក៏ជាការចាប់ផ្ដើមថ្មីមួយរបស់ក្រុមប្រឆាំង ដើម្បីប្រមូល និងកសាងកម្លាំងរួមនៃគណបក្សទាំង៤ សម្រាប់បន្តការប្រកួតប្រជែងលើឆាកនយោបាយនៅកម្ពុជា។

ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ គណបក្សភ្លើងទៀន បានជូនដំណឹងដល់សមាជិក-សមាជិកាក្រុមប្រឹក្សា ឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន និងសមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់របស់ខ្លួន អំពីការត្រៀមចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅពេលខាងមុខនេះ។ ការប្រកាសចូលរួមបោះឆ្នោតនេះ យោងតាមស្មារតីនៃកិច្ចប្រជុំរួមនៃសម្ព័ន្ធភាពរបស់គណបក្សទាំង៤។

ជុំវិញការសម្រេចចិត្តទៀតសោត ក្នុងចំណោមគណបក្សទាំង៤ នឹងត្រូវសម្រេចជ្រើសរើសយកគណបក្សនយោបាយណាមួយនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតនេះ ដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

តែយ៉ាងណាមិញ ការចងសម្ព័ន្ធភាពនយោបាយនេះ អាចមិនមែនជាលើកដំបូងទេសម្រាប់ក្រុមប្រឆាំង ខណៈកន្លងមក ក្រុមប្រឆាំងតែងបានចងសម្ព័ន្ធភាពជាមួយគ្នា ឬរួមបញ្ចូលជាបក្សតែមួយ ដោយជាលទ្ធផល មិនទទួលបានជោគជ័យ និងយូរអង្វែងឡើយ ពោល គឺអ្នកទាំងនោះ ក៏បានបែកបាក់ ចែកផ្លូវគ្នាដើររៀងៗខ្លួន រហូតក្រុមប្រឆាំងខ្លះ បានទៅបង្កើតជាគណបក្សថ្មីៗជាច្រើនបន្តបន្ទាប់។

បើតាមការអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ការរួបរួមរវាងគណបក្សទាំង៤នេះ មានតាំងពីយូរកន្លងមកហើយ តែមិនបានហុចនូវលទ្ធផលអ្វីនោះទេ ដោយលោក បញ្ជាក់ថា បើគិតតាមរូបមន្តពីជគណិត គឺចាញ់១ បូកចាញ់១ ស្មើចាញ់២ បើចាញ់៤បូកគ្នា គឺស្មើនឹងចាញ់៤។ លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មិនមានការព្រួយបារម្ភពីការចងសម្ព័ន្ធភាព ឬ ការប្រកាសរួមបញ្ចូលគ្នារវាងគណបក្សទាំង៤នេះទេ។ តែផ្ទុយទៅវិញ គណបក្សប្រជាជានកម្ពុជា គាំទ្រការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងអស់ ដែលជាការរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែស្រស់បំព្រងនៅកម្ពុជា៕

អត្ថបទដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ជុំ លីណូ សប្បាយចិត្តពេលបានរួមការងារជាមួយ Idol តាំងពីក្មេងនិងអ្នកសិល្ប:រួមអាជីព

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

កីឡា២៤ នាទីutes មុន

​អ្នក​គ្រូវិទ្យាល័យ យ៉ាន់ សុជី កំពុង​អភិវឌ្ឍខ្លួន​​ក្លាយ​ជា​គ្រូ​បង្ហាត់​កីឡារត់ដ៏ជោគជ័យ

KPT+៤២ នាទីutes មុន

អ្នកជិះកង់សប្បុរសធម៌ ប្តេជ្ញាបន្តបេសកកម្មរៃអង្គាសប្រាក់ ដើម្បីកុមារកម្ពុជា ទោះកំពុងប្រឈមគ្រោះថ្នាក់

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង

សន្តិសុខសង្គម២៤ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ព័ត៌មានជាតិ២៣ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម