អត្ថាធិប្បាយ
សម្តេចនាយករដ្ឋមន្រ្តី ប្រើធម៌ក្តៅវាយបំបាក់បំបាត់ចោល«វប្បធម៌អាងខ្នង»នៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីប៉ូលីសចាប់វាយខ្នោះភ្លាមៗលើអ្នកបង្កគ្រោះថា្នក់ចរាចរណ៍ធ្ងន់ធ្ងរ ជាពិសេស អ្នកដែលបុកគេស្លាប់ បើទោះបីអ្នកនោះមាន«ខ្នងធំ»យ៉ាងណាក៏ដោយ។ សម្តេចនាយករដ្ឋមន្រ្តីថែមទាំងប្រាប់ឱ្យមន្រ្តីអនុវត្តច្បាប់ឱ្យយករូបសម្តេច«ធ្វើជាខ្នង» បើមានការរារាំង ឬមានការអន្តរាគមន៍ពីអ្នកធំណាមួយ។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

«វប្បធម៌អាងខ្នងអ្នកនេះ អាងខ្នងអ្នកនោះ អ្នកនេះ កូនអ្នកមាន អ្នកនោះ កូនអ្នកធំ ពេលមានគ្រោះថ្នាក់ចរាចរណ៍» អាចនឹងលែងកើតមានទៀតហើយចាប់ពីអំណឹះតទៅ។ នេះ ក៏ព្រោះតែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមប្រើធម៌ក្តៅវាយបំបាក់បំបាត់ចោលនូវ«វប្បធម៌ដ៏អាក្រក់នេះ» លែងឱ្យកើតមានទៀតហើយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី បានដាក់បញ្ជាយ៉ាងដាច់ណាត់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្ស គឺមិនចាំបាច់សុំគោលការណ៍នោះទេ ជាក់ស្ដែង ដូចជាករណីបុកមនុស្សស្លាប់ គឺត្រូវចាប់ឃាត់ខ្លួនជនបង្កភ្លាមៗ ហើយបើគេតវ៉ា វាយខ្នោះតែម្ដងទៅ។
ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖«បើកូនប៉ូលិសធ្វើចុះ មិនបាច់ស្នើសុំទៅស្នងការអីទេ ចាប់ចុះ និងអនុវត្តចុះ ត្រូវតែអនវុត្ត រឿងវាអ៉ីចឹង ចាំបាច់ទៅណា! ថ្ងៃមុនខ្ញុំឃើញ ឡានណានោះ រីយ៉ែរបុកដល់ទៅទាំងប៉ូលីសបះជើងបីបួននាក់ រត់ចូលទៅក្នុង ចេញមកវិញធ្វើមិនដឹង! អត់ទេណា៎! ចាប់ទៅ គ្មានខ្នងណាទេ។ ឥឡូវក្នុងរដ្ឋបាល ខ្ញុំប្រាប់ទៅបងប្អូនប៉ូលីសរបស់យើង ឬអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់ អនុវត្តចុះ ហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី! និយាយឱ្យច្បាស់អ៉ីចឹងហ្មង។ បើសិនជាគេថាមានខ្នងណាទៀត មិនបាច់សួរទេ ព្រោះនាយករដ្ឋមន្ត្រីចេញគោលការណ៍ហើយ!»។

ចំណាត់ការវាយបំបាក់បំបាត់ចោលនូវ«វប្បធម៌បុកគេស្លាប់ រត់បាត់ អាងខ្នងអ្នកនេះ អាងខ្នងអ្នកនោះ»របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកតាមដាន អ្នកឃ្លាំមើលបញ្ហាសង្គម និងប្រជាពលរដ្ឋទូទៅ។ ក្រោយចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ គេសង្កេតឃើញថា នៅតាមបណ្តាញទំនាក់ទំនងសង្គម ដូចយ៉ាង Facebook, TikTok និងTelegram ជាដើម មានការបង្ហោះ និងចែកចាយបន្តនូវប្រសាសន៍របស់សម្តេចធិបតីជាវីដេអូយ៉ាងភ្លូកទឹកភ្លូកដីដោយភ្ជាប់ជាមួយឃ្លាថា អរគុណសម្តេច គាំទ្រចំណាត់ការរបស់សម្តេច…។
នេះ គឺដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជានេះ ចំពេល ចំកាលៈទេសៈ ឬអាចហៅម្យ៉ាងទៀតថា «សម្តេចអេះចំកន្លែងដែលកំពុងតែរមាស់» ឬ«ដាក់ថ្នាំចំជំងឺ» តែម្តង។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនជាច្រើនបានផ្ទុះការរិះគន់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដែលបង្កឡើងដោយកូនអ្នកធំ កូនអ្នកមានមុខមានមាត់ខ្លះនៅក្នុងសង្គម ហើយជនបង្កមិនទាន់ត្រូវបាននាំយកមកផ្តន្ទាទោស ប្រៀបហាក់បីដូចជាមិនមានរឿងអីកើតឡើងអ៉ីចឹង បើទោះបីបើករថយន្តបុកគេស្លាប់ហើយក៏ដោយ។
អ្នកលេងបណ្តាញទំនាក់ទំនងសង្គមខ្លះ រិះគន់មិនសំចៃមាត់ទៅលើអាជ្ញាធរអនុវត្តច្បាប់ថា មិនមានសមត្ថភាព រកចាប់ខ្លួនជនល្មើសមិនបាន។ អ្នកខ្លះទៀត បានដាក់ការសង្ស័យថា ប្រហែលជនបង្កនោះ ជាកូនអ្នកធំ ជាកូនអ្នកមាន ឬជាអ្នកមានខ្សែអ្នកធំ ឬខ្នងធំណាស់ហើយ ទើបអាចគេចផុតពីកណ្តាប់ដៃរបស់សមត្ថកិច្ចជំនាញ ឬនិយាយមួយបែបទៀតថា អាចគេចផុតពីសំណាញច្បាប់បានយ៉ាងងាយស្រួលបែបនេះ។ ជួបនឹងស្ថានភាពបែបនេះ បើនិយាយពីក្រុមគ្រួសារ និងសាច់ញាតិអ្នករងគ្រោះវិញ គ្មានជម្រើសណាក្រៅពីស្រែកដង្ហោយហៅរកយុត្តិធម៌តាមបណ្តាញទំនាក់ទំនងសង្គម និងបានស្នើសុំដល់ថ្នាក់ដឹកនាំប្រទេសជួយចាត់វិធានការ ជួយរកយុត្តិធម៌ឱ្យនោះឡើយ។

រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់នាពេលកន្លងមក
ប៉ុន្តែ ចាប់ពេលនេះតទៅ ប្រហែលជាគ្មានទៀតឡើយវប្បធម៌បុកគេស្លាប់ ហើយរត់បាត់ ក្រោយមកធ្វើដូចមិនមានរឿងអ្វីកើតឡើងនេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មិនត្រឹមតែដាក់បទបញ្ជាដាច់ណាត់ក្នុងន័យដើម្បីលុបបំបាត់វប្បធម៌នេះទេ ប៉ុន្តែ សម្តេចក៏បានធានាការពារមន្រ្តីនគរបាលដែលអនុវត្តទៅតាមច្បាប់ថែមទៀត។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រសិនបើមន្រ្តីរូបណាអនុវត្តច្បាប់ ស្រាប់តែមានបញ្ហា ហើយទៅកន្លែងវិញ គេដកបញ្ឈរជើង នោះសម្ដេច នឹងដំឡើងស័ក្ដិឱ្យ។ មិនតែប៉ុណ្ណោះ សម្ដេច ក៏នឹងចាត់វិធានការចំពោះថ្នាក់លើដែលដាក់ពិន័យ ដោយគ្មានមូលហេតុនោះថែមទៀតផង។

រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់នាពេលកន្លងមក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្នាខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត បើគ្នាធ្វើត្រូវហើយ ដោយសារបញ្ហាអីមួយ ត្រូវដាក់ទណ្ឌកម្មគ្នា ទៅបំបាក់ទឹកចិត្តអ្នកផ្សេងទៀតមិនឱ្យធ្វើ តើសង្គមយើងទៅជាយ៉ាងណា? ចាំបាច់ទាល់តែទូរស័ព្ទ ឬអី? ឬមួយទាល់តែថ្នាក់លើស្រែក? អនុវត្តតែម្តង សូមអនុវត្តតែម្តង ព្រោះវាវិលមុខពេក។ ច្បាប់យើងត្រូវអនុវត្ត បើមានភស្តុតាង ផឹកស្រវឹង បុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង សាក្សីនៅហ្នឹងហើយ ហើយបើពីណាសួរថា ម៉េចហ៊ានចាប់គេ គេមានខ្នងប៉ុនណា អត់អី! ប៉ូលិសប្រាប់ទៅថា ខ្នងខ្ញុំ នាយករដ្ឋមន្ត្រី»៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ