អត្ថាធិប្បាយ
បទអត្ថាធិប្បាយ៖ បន្សុទ្ធកម្មមន្ត្រីរាជការនៅក្រសួងមហាផ្ទៃទទួលបានការចាប់អារម្មណ៍ច្រើន
ចាប់តាំងពីការចូលកាន់តំណែងក្នុងអាណត្តិទី ៧មក ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នឧបសម្ព័ន្ធនានា សុទ្ធតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអាចសម្រេចបាននូវប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រង ក៏ដូចជាការបំពេញការងារ ដើម្បីលើកកម្ពស់ការថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ យុត្តិធម៌សង្គម សមធម៌ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនា។
ដើម្បីអាចសម្រេចបាននូវការប្ដេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលបានបង្កើតផែនទីចង្អុលផ្លូវដ៏ច្បាស់លាស់មួយ គឺយុទ្ធសាស្ត្របញ្ចកោណ។ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។

ដើម្បីសម្រេចគោលបំណងជាតិដ៏សំខាន់នេះបាន រាជរដ្ឋាភិបាលអាណត្តិទី៧ បានចេញដំណើរពីការរៀបចំក្រសួង ស្ថាប័ន អង្គភាព រចនាសម្ព័ន្ធ ការបែងចែកធនធានមនុស្ស និងការបែងចែកភារកិច្ច និងការទទួលខុសត្រូវតាមវិស័យនីមួយៗ។ លើសពីនេះទៀត ក្នុងដំណាក់កាលជាង ១០០ថ្ងៃដំបូង ក្រសួងនីមួយៗ កំពុងតែពិនិត្យមើលសមត្ថភាព បទពិសោធន៍ ប្រតិបត្តិការ ភាពសកម្ម ភាពអសកម្ម ចំណុចខ្លាំង ចំណុចខ្សោយ សក្ដានុពល បញ្ហាប្រឈម និងឧបសគ្គនៅក្នុងដំណើរការងាររបស់ខ្លួន។ ជាក់ស្ដែង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ និងបានចេញដំណើរមុនគេក្នុងការបំពេញការងារនេះ ដោយបានចាប់ផ្ដើមពីការធ្វើបន្សុទ្ធកម្មមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងក្រសួងមហាផ្ទៃ ជាពិសេស មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

ជាការណ៍ពិត បញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយមានភាពរ៉ាំរ៉ៃ ស្មុគស្មាញ ពិបាកទប់ស្កាត់ ពិបាកដោះស្រាយ ផ្ដល់ផលអវិជ្ជមាន និងគ្រោះថ្នាក់ជាច្រើនដល់សង្គមមនុស្ស។ បច្ចុប្បន្ន វាបានឹងកំពុងវាយលុកនៅក្នុងពិភពលោក ក្នុងតំបន់រួមទាំងនៅកម្ពុជាផងដែរ។ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង ព្រមទាំងប្រទេសក្នុងតំបន់ និងក្រៅតំបន់ផងដែរ បើមិនដូច្នោះទេ មិនអាចទប់ស្គាត់ និងដោះស្រាយបញ្ហានេះបានជោគជ័យធំដុំឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចាប់ផ្ដើមចេញដំណើរពីគំនិតផ្ដួចផ្ដើម ចក្ខុវិស័យ ទស្សនវិស័យ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការប្ដេជ្ញាចិត្តរបស់ប្រទេសនីមួយៗ ជាពិសេស ក្រសួង ស្ថានប័នដែលទទួលបន្ទុកផ្ទាល់លើបញ្ហានេះ។ ប្រហែលជាក្នុងហេតុផលនេះហើយ បានជាក្រសួងមហាផ្ទៃបានចាប់ផ្ដើមពីការពិនិត្យមើលសុក្រិតភាពរបស់មន្ត្រីនគរបាលជាបន្តបន្ទាប់ដើម្បីពិនិត្យមើលថាតើពួកគេមានសារជាតិញៀននៅក្នុងខ្លួនដែរឬទេ មានជាប់ពាក់ព៍ន្ធក្នុងការរួមគំនិតដែរឬទេ ឬក៏ទទួលផលប្រយោជន៍ពីការជួញដូរ និងការផលិតគ្រឿងញៀនដែរឬទេ។

ជាលទ្ធផល ក្រសួងបានរកឃើញមន្ត្រីនគរបាលមួយចំនួនពិតជាមានសារធាតុញៀននៅក្នុងខ្លួន ហើយមន្ត្រីនគរបាល និងមន្ត្រីពាក់មួយចំនួនទៀតពិតជាមានជាប់ពាក់ព័ន្ធនឹងការរួមគំនិត និងការទទួលផលប្រយោជន៍ពីការជួញដូរ និងការផលិតគ្រឿងញៀនប្រាកដមែន។ ជាចំណាត់ការ ក្រួសួងបានពិន័យរដ្ឋបាល បន្ថយ ឬដកឋានន្តរស័ក្ដិ បណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីទាំងនោះ ឬបញ្ជូនពួកគេទៅតុលការក្នុងករណីមានកំហុសធ្ងន់ធ្ងរលើសពីទោសពិន័យរដ្ឋបាល។
ចំណាត់ការនេះ គឺជាគំរូល្អមួយសម្រាប់បន្សុទ្ធកម្មមន្ត្រី ឬតួអង្គពាក់ព័ន្ធផ្សេងៗទៀតដែលបំពេញការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ខ្ញុំគិតថា ការពិនិត្យឈាមដើម្បីស្វែងរកសារធាតុញៀន គួរតែបន្តធ្វើចំពោះកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីស៊ីវិលគ្រប់កម្រិតចាប់ពីប៉ុស្តិ៍នគរបាល ប៉ុស្តិ៍សន្តិសុខ អធិការដ្ឋាន ស្នងការដ្ឋាន រហូតដល់អង្គភាពពាក់ព័ន្ធក្នុងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធដទៃទៀត។ ក្នុងចំណោមកន្លែងទាំងនោះ តំបន់ព្រំដែន គឺជាកន្លែងដែលត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេ។ ការធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីស៊ីវិលគ្រប់កម្រិត ដែលបំពេញបេសកកម្ម និងប្រតិបត្តិការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមនុស្សបរិសុទ្ធនិងសុក្រិត ដែលមិនមានទាំងសារធាតុញៀននៅក្នុងខ្លួន ថែមទាំងមិនមែនជាអ្នកសមគំនិត និងទទួលផលប្រយោជន៍ពីការជួញដូរ និងការផលិតគ្រឿងញៀន។

ប្រសិនបើយើងធ្វើបែបនេះបាន នោះយើងនឹងមានកម្លាំងពិតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមិនបែកធ្លាយព័ត៌មាននៃការសើបអង្គេត និងការចុះបង្ក្រាបគ្រឿងញៀន អាចកាត់បន្ថយ ឬលុបបំបាត់បញ្ហាគ្រឿងបាន និងអាចរួមចំណែកសង្គ្រោះអ្នករងគ្រោះពីការប្រើប្រាស់គ្រឿងញៀនកាន់តែច្រើនជាងមុន។ បើមិនដូច្នោះទេ ការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន មិនអាចសម្រេចបានជោគជ័យដុំកំភួនឡើយ។
នៅពេលដែលយើងមានកម្លាំងពិតសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បើទោះបីជាយើងមិនអាចទប់ស្កាត់បញ្ហាគ្រឿងបាន១០០%ក៏ដោយ ក៏យើងអាចទប់ស្កាត់បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀននេះ ខ្ញុំយល់ថា ក្រៅពីការពិនិត្យឈាមដើម្បីស្វែងរកសារធាតុញៀនលើកកងកម្លាំងនិងមន្ត្រីស៊ីវិលពាក់ព័ន្ធ ក៏គួរតែបន្តធ្វើចំពោះអ្នកបើកបររថយន្តធុនធំ អ្នកបម្រើការនៅកន្លែងបម្រើសេវាកម្សាន្ត អ្នកបម្រើការនៅក្នុងបនល្បែងឬកាស៊ីណូ និងភ្ញៀវដែលចូលទៅលេងនៅទីនោះផងដែរ៕
អត្ថបទ៖ បណ្ឌិត ឈត ប៊ុនថង រាជបណ្ឌិត្យសភាកម្ពុជា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ