អត្ថាធិប្បាយ
វិភាគ៖ ពិធីបុណ្យចូលឆ្នាំបញ្ចប់ជាមួយការបង្ហាញពីគុណតម្លៃនៃសុខសន្តិភាព និងការឈានឆ្ពោះទៅកាន់វិបុលភាព
ស្នាមញញឹម សំឡេងសើចក្អាកក្អាយជាមួយការបាចទឹកដាក់គ្នា ជូនពរគ្នា ក្រោមស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងបង្ហាញឲ្យឃើញពីគុណតម្លៃ “នៃសុខសន្តិភាព” និងការឈានឆ្ពោះទៅកាន់វិបុលភាពរបស់ប្រជាជាតិខ្មែរ។
“អរិយធ៌ម” ចាប់ផ្តើមដុះពន្លកជាថ្មីក្រោមម្លប់សន្តិភាពដែលរកបានដោយកម្រ និងរកបានដោយការបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានបញ្ចប់នូវយុគដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ យកទឹកភ្នែកលាងនូវស្លាកស្នាមសោកនាដកម្ម និងភាពស្លោកស្រពោនរបស់ប្រជាជាតិនេះ។
គុណតម្លៃនៃសុខសន្តិភាព
“សន្តិភាពមានតម្លៃជាងអ្វីទាំងអស់សម្រាប់ការរីកចម្រើនរបស់ប្រជាជាតិមួយនេះ”។ ជាក់ស្តែង ប្រទេសនេះ បានលេចឡើងលើឆាកអន្តរជាតិយ៉ាងត្រដែត ក្រោមការដាក់ចេញគោលនយោបាយសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក។
ជាលទ្ឋផល ក្រោយការបញ្ចប់សង្រ្គាម និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ របស់បុរសខ្លាំងកម្ពុជា គឺ“សម្តេចតេជោ” សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងលឿនគួរឲ្យមោទនភាព។ ជាក់ស្តែង ពីរទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩មកដល់ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយដែលធ្វើឲ្យប្រទេសនេះ ឈានមកកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឈានទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាន ឬប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ។
សំឡេងសើចក្អាកក្អាយលើផ្ទៃមុខពោរពេញដោយម្សៅពណ៌ស សម្លៀកបំពាក់ជោកដោយទឹក បាននឹងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវតម្លៃនៃការរួបរួម តម្លៃនៃសេចក្តីស្រឡាញ់ តម្លៃសាមគ្គីភាព ដែលមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិធ្លាប់កំសត់មួយនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើបណ្តាញ ទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១៧ មេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីដ៏រីករាយនេះថា សង្ក្រាន្តឆ្នាំ២០២៤ នៅ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
សម្តេចបានបញ្ជាក់ថា “កម្ពុជាមានសន្តិភាពពេញលេញ” ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករលេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់”។
សោមនស្ស បង្ហាញពីមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច
បំភ្លេចចោលអតីតកាលដែលពោរពេញដោយទុក្ខសោក និងបញ្ហានានា ប្រជាពលរដ្ឋខ្មែររាប់លាននាក់បាននាំគ្នាលេងល្បែងប្រជាប្រិយនានា ដូចជា ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ប្រលែងកូនមាន់ កញ្ញាធ្លាក់ទឹក វាយក្អមយករង្វាន់ ឡើងសរសរខ្លាញ់យករង្វាន់ជាដើម។
ជាមួយការដើរកម្សាន្តពីតំបន់មួយទៅតំបន់មួយ រមណីយដ្ឋានមួយទៅកាន់រមណីយដ្ឋានមួយ នៅតាមបណ្តារាជធានី ខេត្តទាំង២៥ ព្រមទាំងការមកដល់នៃភ្ញៀវទេសចរចម្រុះជាតិសាសន៍ សាច់ប្រាក់រាប់លានដុល្លារ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលញាំងឲ្យសេដ្ឋកិច្ចមូលដ្ឋានងើបឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងបញ្ហាតានតឹងផ្នែកភូមិសាស្រ្តនយោបាយនានា។
ជាក់ស្តែងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤នេះ ស្របពេលរាជរដ្ឋាភិបាល បានបង្កើនការព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនក្នុងរង្វង់៦,៦ភាគរយផងដែរ។
ដំណើរឆ្ពោះទៅកាន់អរិយធម៌ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាការពារ សន្តិសុខ និងប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមថែររក្សាសណ្តាប់ធ្នាប់ ដើម្បីញាំងបរិយាកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោរពេញដោយភាពសប្បាយរីករាយ។ អ្នកបន្តវេនកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើដំណើរលើកម្រាលព្រំមាស ដែលបានឆ្លងផុតពីឆ្នាំសូន្យអស់រយៈពេល៤៥ឆ្នាំមកនេះ។
ការបញ្ចប់នូវស្នូរកាំភ្លើងនៅឆ្នាំ១៩៩៨ ជាពេលវេលាមាសដែលអាចឲ្យប្រជាជាតិនេះ អាចកសាងសេដ្ឋកិច្ចគ្រួសារ រដ្ឋាភិបាលអាចដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់ឋានៈថ្មី ដែលមានឧត្តមភាពលើឆាកអន្តរជាតិ។ ប្រជាជាតិដែលធ្លាប់តែរងទុក្ខសោកក្នុងយុគដ៏ខ្មៅងងឹត បានញញឹមជាថ្មី “ជាភាសាញញឹមជាមួយកែវភ្នែក” ដែលស្នាមញញឹមនេះ ខានបានឃើញជាយូរមកហើយ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចប់ហើយ តែស្នាមញញឹម អនុស្សាវរីយ៍ ភាពត្រកុំត្រកាលក្នុងលំហចិត្ត បានស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរ ដែលពួកគេតែងតែលួចញញឹម នៅពេលនឹកឃើញអនុស្សាវរីយ៍ល្អៗ និងអន្ទះសារង់ចាំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នៅឆ្នាំខាងមុខទៀត។
ក្នុងដំណើរជាប្រវត្តិសាស្រ្តលើវិថីឆ្ពោះទៅកាន់អរិយធ៌មជាថ្មី ទាមទារឲ្យប្រជាជាតិនេះ កសាងនូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឲ្យបានកាន់តែរឹងមាំ មានឆន្ទះស្នេហាជាតិកាន់តែមោះមុត និងត្រូវមានសីលធម៌ សុភាវធម៌ជាងមុន គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាឲ្យបាននូវមូលដ្ឋានគ្រឹះសុខសន្តិភាព និងកសាងសេដ្ឋកិច្ចជាតិឲ្យមានភាពរីកចម្រើន កាន់តែខ្លាំងថែមទៀត។
ការបញ្ចប់ពិធីបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃនេះ គឺជាពេលត្រូវចាប់ផ្តើមការងារ អាជីវកម្មមានសភាពរស់រវើកជាងមុន ជាមួយទស្សនវិស័យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ហេតុនេះ ប្រជាជាតិនេះ មិនត្រូវសួរថា “តើប្រទេសជាតិនេះ បានផ្តល់អ្វីឲ្យអ្នកនោះទេ ប៉ុន្តែ ត្រួវសួរខ្លួនឯងថា តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិនេះជំនួសវិញ”៕
ដោយ៖ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ