អត្ថាធិប្បាយ
លោក សម រង្សី ជាអ្នកនយោបាយ«ទុច្ចរិតនឹងជាតិ ឆៅទាំងសេដ្ឋកិច្ច គ្មានចក្ខុវិស័យជាតិ»
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា៖«ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទេសកម្ពុជាមិនត្រូវការព្រែកជីកដូចព្រែកជីក ហ្វូណននេះទាល់តែសោះ។ កំពង់ផែព្រះសីហនុ បច្ចុប្បន្ន មានគ្រប់គ្រាន់ហើយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប្រសិនបើបណ្ដាញផ្លូវថ្នល់ និងផ្លូវដែក ដែលមានស្រាប់ ត្រូវបានរៀបចំឲ្យបានល្អត្រឹមត្រូវ។»
![](https://www.kampucheathmey.com/wp-content/uploads/2024/05/1-1024x816.png)
ការលើកឡើងរបស់លោក សម រង្ស៊ី គេអាចមើលឃើញបាននូវទិដ្ឋភាពចំនួន៤ គឺ៖
១. ចេតនានយោបាយទុច្ចរិតនឹងជាតិ
ជានិច្ចកាល លោក សម រង្ស៊ី តែងតែធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍កម្ពុជានៅក្នុងរូបភាពជាច្រើន ជាបន្តបន្ទាប់រៀងមក ពោលគឺ លោក សម រង្ស៊ី ធ្លាប់រហូតដល់បានចុះកិច្ចព្រមព្រៀងជាមួយនឹង កុក ស ដែលជាមេចលនាតស៊ូវៀតណាមសេរី ដែលសន្យាកាត់ទឹកដីខ្មែរមួយប៉ែកភាគខាងកើតប្រទេសឱ្យទៅក្រុមវៀតណាមសេរី។ បន្ថែមពីនេះ លោក សម រង្ស៊ី គឺជាអ្នកនយោបាយអាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយរបស់លោក សម រង្ស៊ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់ខ្វាយអំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/DSC00323-202-1024x683.jpg)
២. ជាអ្នកសិក្សាជំនាញសេដ្ឋកិច្ច ប៉ុន្តែឆៅខាងសេដ្ឋកិច្ច ហើយបែរជាក្លាយខ្លួនជាអ្នកប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនថែមទៀតផង
មិនមែនត្រឹមតែករណីគម្រោងព្រែកជីកហ្វូណនតេជោនោះទេ នៅក្នុងជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបានប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ នេះ គឺជារឿងអភ័ព្វមួយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ដែលមានអ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប ប៉ុន្តែ មិនអាចប៉ាន់ប្រមាណបានអំពីផលប្រយោជន៍សេដ្ឋកិច្ច ដែលប្រទេសជាតិខ្លួន អាចទទួលបានពីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងនាមជាអតីតអ្នកសិក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកនយោបាយប្រឆាំងអាជីព (ប្រឆាំងអស់មួយជីវិត) ព្រមទាំងធ្លាប់ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាកម្ពុជាដែរនោះ គួរណាស់តែលោក សម រង្ស៊ី មានលទ្ធភាពសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាងនេះ ឬយ៉ាងហោចណាស់ លោកគួរតែអាចប៉ាន់ប្រមាណអំពីទំហំខុសគ្នាដ៏ឆ្ងាយរវាងការចំណាយថវិកា និងពេលវេលានៅក្នុងការដឹកទំនិញតាមកប៉ាល់ តាមរថភ្លើង និងដឹកតាមឡានកុងតឺន័រទៅកាន់កំពង់ផែ។ ការលើកឡើងដោយមិនបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនអាចប៉ាន់ប្រមាណបានសូម្បីតែភាពខុសគ្នាដែលមហាជនទូទៅអាចយល់ដឹងបាននេះ បង្ហាញអំពីភាពទន់ខ្សោយរបស់អ្នកនយោបាយដែលមានជំនាញសេដ្ឋកិច្ច ប៉ុន្តែ មិនសូវពូកែខាងប្រមាណវិធីបូកដកគុណចែកលេខ ហើយបែរទៅជាព្យាយាមបកស្រាយបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រ និងមហាជនទូទៅភ័ន្តច្រឡំ និងយល់ស្របទៅតាមគំនិតដែលរវើរវាយរបស់ខ្លួនទៅវិញ។
៣. គ្មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព និងនិរន្តរភាព ទាមទារឱ្យមេដឹកនាំ ឬអ្នកនយោបាយនៃប្រជាជាតិនោះ កំណត់នូវចក្ខុវិស័យ និងទិសដៅសម្រាប់អភិវឌ្ឍន៍វិស័យនានាទៅតាមដំណាក់កាល និងកាលៈទេសៈដែលតម្រូវជាចាំបាច់។ ដើម្បីឈានទៅដល់ការកំណត់ចក្ខុវិស័យវែងឆ្ងាយបាន អ្នកដឹកនាំត្រូវការពង្រឹង និងកសាងវិស័យនានាជាច្រើនដែលក្នុងនោះ ការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពរឹងមាំ គឺជាលក្ខណៈសម្បត្តិដ៏ប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូក្នុងតំបន់ និងពិភពលោក។ ពាណិជ្ជកម្មធំៗនៅលើពិភពលោកអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ន ពឹងផ្អែកយ៉ាងចាំបាច់ទៅលើនាវាចរណ៍ ដែលជាច្រកដឹកជញ្ជូនដ៏សកម្មនៅលើពិភពលោក បើធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ប៉ុន្តែ វាជាចម្ងល់ដ៏ធំមួយនៅពេលដែលអ្នកនយោបាយដែលត្រូវបានគេដឹងថា ធ្លាប់បានសិក្សារៀនសូត្រជំនាញសេដ្ឋកិច្ច បែរជាច្រានចោលសារៈសំខាន់នៃគម្រោងព្រែកជីកទៅកាន់សមុទ្រ ហើយផ្ដល់សារៈសំខាន់ទៅលើផ្លូវថ្នល់ និងផ្លូវដែកជំនួសទៅវិញ។ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវផលចំណេញដ៏មហាសាលជាមួយនឹងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការជួយពន្លឿនពេលវេលា និងបង្កើនបរិមាណដឹកជញ្ជូនតាមផ្លូវទឹកបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត។ លើសពីនេះ ក្រៅពីផលប្រយោជន៍ខាងដឹកជញ្ជូនដូចបានរៀបរាប់ខាងលើ ក៏នឹងផ្ដល់សារៈប្រយោជន៍ឥតគណនាចំពោះការអភិវឌ្ឍសង្គម និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវនៅអមព្រែកជីក និងស្ពានឆ្លងកាត់ព្រែកជីកជាដើម។
៤. ហេតុអ្វីមិនសាងសង់កាលពី៤០ឆ្នាំជាងមុន?
ដូចដែលបានរៀបរាប់ខាងលើ ការអភិវឌ្ឍប្រទេសជាតិមួយ គឺជាដំណើរពង្រឹងវិស័យជាអាទិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ស្របតាមតម្រូវការ និងលទ្ធភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ។ គេមិនអាចអភិវឌ្ឍនូវគ្រប់វិស័យក្នុងពេលតែមួយ ឬកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់សព្វក្នុងពេលមួយប៉ព្រិចភ្នែកនោះឡើយ ហើយមិនមែនតែប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងតាមបែបស្បែកខ្លាក្នុងរង្វង់ជាង២០ឆ្នាំនោះទេ សូម្បីតែប្រទេសសេដ្ឋកិច្ចរីកចម្រើនលេចធ្លោមួយចំនួនក្នុងតំបន់ និងពិភពលោក ក៏គ្មានលទ្ធភាពកសាងអគារខ្ពស់ និងធ្វើផ្លូវអាកាសបានផងនោះដែរក្នុងរង្វង់រយៈពេលជាង៤០ឆ្នាំមុនដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/4-9-768x361-1.jpg)
ដូច្នេះហើយ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ គេត្រូវមានចំណុចចាប់ផ្ដើមជាដំបូង ហើយអនុវត្តជាដំណាក់កាលៗ តាមភាពចាំបាច់ និងតម្រូវការអភិវឌ្ឍជាក់ស្ដែងតាមលំដាប់លំដោយនៃប្រជាជាតិនីមួយៗ ដូចសុភាសិតខ្មែរលើកឡើងថា «លើកបោះសន្ទូចរំលងភ្នំ» និង «សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»។ ការកសាងប្រជាជាតិមួយដែលមានមូលដ្ឋានច្បាស់លាស់ និងទិសដៅជាក់លាក់ គឺជាការកសាងប្រទេសដែលប្រកបដោយនិរន្តរភាព ហើយគេត្រូវចងចាំថា ការកសាងមូលដ្ឋានអភិវឌ្ឍប្រទេសដែលរឹងមាំ និងយូរអង្វែងជាងគេ គឺត្រូវផ្ដើមចេញពីមូលធនមនុស្ស ពោល គឺធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការជាតិពិតប្រាកដ៕
ដោយ៖ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព