អត្ថាធិប្បាយ
លោក អ៊ុច លាង៖ ៥៧ឆ្នាំ កម្ពុជា និងវៀតណាម មានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីដ៏យូរអង្វែង
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួប ៥៧ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា និងវៀតណាម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ដោយឈរលើស្មារតី«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គផ្នែកខាងក្រោមជាមួយគ្នា និងផឹកទឹកទន្លេមេគង្គជាមួយគ្នា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺប្រទេសទាំងពីរ ស្ថិតនៅចំទីតាំងដែលមានភូមិសាស្ត្រនយោបាយសំខាន់បំផុត គឺនៅចំចំណុចកណ្តាលនៃការតភ្ជាប់រវាងតំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ តែង តែចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកទាំងនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ក៏ដូចជាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងកិច្ចការកសាង និងការពារប្រទេសជាតិ រហូតមកទល់សព្វថ្ងៃ។
ចាប់តាំងពីបក្សកុម្មុយនិស្តឥណ្ឌូចិន បង្កើតឡើងក្នុងឆ្នាំ១៩៣០ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-វៀតណាម បានរួមគ្នាឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនរាប់មិនអស់។ ប្រជាជននៃប្រទេសទាំងពីរតែងតែរួបរួម គាំទ្រគ្នា និង ជួយគ្នាទៅវិញទៅមកក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងការតស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយមបារាំង និងចក្រពត្តិអាម៉េរិក។ ជាពិសេសបំផុតនោះ គឺកម្ពុជាបានជួយជ្រោមជ្រែងឱ្យវៀតណាមបង្រួបបង្រួមទឹកដីទាំងមូល នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ខណៈវៀតណាមគាំទ្រ និងជួយកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចចាកផុតពីវាលពិឃាត។
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួបលើកទី៥៧ នៃការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ កម្ពុជា និង វៀតណាម។ ក្នុងអំឡុង៥៧ឆ្នាំនេះ បើទោះបីជាទំនាក់ទំនងនេះ មានភាពរប៉ាក់រប៉ើកមួយចំនួន ដែលបានកើតមានឡើងក្នុងដំណាក់កាលប្រវត្តិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ បានឆ្លងកាត់ការសាកល្បងដោយជោគជ័យ បានហាត់ពត់លត់ដំ និងបានឈានទៅដល់ការរីកចម្រើនកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាពជាលំដាប់លើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះ បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងប្រកបដោយវឌ្ឍនភាពជាមួយនឹងចំណុចលេចធ្លោជាច្រើន តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូគ្រប់កម្រិតរវាងប្រទេសទាំងពីរ រវាងប្រជាជន និងប្រជាជន រវាងយុវជន និងយុវជន ដែលជាការពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
ជាក់ស្តែង នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរ បានបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ បន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន វិស័យអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ទេសចរណ៏ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ គឺដើម្បីធ្វើការបោះជំហានជាបណ្តើរៗ សំដៅសម្រេចឱ្យបានតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលយកមនុស្ស ជាអាទិភាពទី១ និងផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ សំដៅជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ ឆ្នាំ ២០៥០ ដែលក្លាយជាប្រទេសអភិឌ្ឍន៍ ហើយក៏ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៤៥ ដែលក្លាយជាប្រទេសអភិឌ្ឍន៍របស់ប្រទេសវៀតណាមផងដែរ។
អំឡុង ៥៧ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាពិសេសចាប់ពីក្រោយប្រទេសកម្ពុជា បង្កើតព្រះរាជាណាច្រកទី២ឡើងវិញ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទសទាំងពីរ កសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបង្កើតបានជាសម្ទុះជំរុញឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ឱ្យឡើង ឈានដល់កម្រិតកំពូលថ្មីមួយ ដែលធានាបានស្ថិរភាពយូរអង្វែង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៃប្រជាជនទាំងពីរ បើទោះបីជាស្ថានភាពនយោបាយនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងតែមានការវិវត្តមិនប្រក្រតី ដោយកត្តាប្រកួត ប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ដោយសង្គ្រាមនៅកាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា ភាពតានតឹងនៅសមុទ្រ ចិនខាងត្បូង ឬសមុទ្រខាងកើត ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ។
លើទិដ្ឋភាពនយោបាយ និងសន្តិសុខ៖ ក្នុងបរិបទដែលប្រទេសកម្ពុជា ប្រកាន់យកគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ប្រកាន់យកគោលការណ៍ពហុភាគីនិយម និងការគោរពច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កម្ពុជាតែងតែចាត់ទុកវៀតណាម ជាអាទិភាពមួយក្នុងចំណោមប្រទេសអាទិភាពកំពូលរបស់ខ្លួនក្នុងគោលនយោបាយការបរទេស។ ចំណែក វៀតណាម ដែលអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ប្រកាន់យកគោលការណ៍ ពហុភាគីនិយម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមក៏បានតែងតែចាត់ទុកកម្ពុជា គឺជាអាទិភាពមួយក្នុងចំណោមប្រទេសអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ដំណើរទស្សនកិច្ចការទូតរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែធ្វើឡើងជាប្រចាំ។ តាមរយៈដំណើរទស្សនកិច្ចទាំងនេះ ភាគីទាំងពីរតែងតែបានឯកភាពគ្នា និងអះអាងជាថ្មីនូវគោលការណ៍ណែនាំស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឯកភាពលើទិសដៅលើកកម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម និងបង្កើតយន្តការជាក់លាក់មួយក្នុងការចរចាជាជំហានៗដើម្បីដោះស្រាយបញ្ហានានាដែលមិនទាន់បានឯកភាពគ្នា និងបង្កលក្ខខណ្ឌអំណោយផល ដើម្បីជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចការទូតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាប្រចាំ។ ក្នុងជំនួបកំពូលរវាងប្រមុខដឹកនាំប្រទេសទាំងពីរ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ។ គួរកត់សម្គាល់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍ កំណត់គោលការណ៍អាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការអប់រំ-បណ្តុះបណ្តាល វប្បធម៌ សុខាភិបាល ពង្រីកសកម្មភាពផ្លាស់ប្តូរមិត្តភាព វប្បធម៌ កីឡា និងជួយគ្នាទៅវិញទៅមក រវាងក្រសួង ស្ថាប័ន គណៈកម្មការនៃរដ្ឋសភា សហជីព អង្គការមហាជន និងអាជ្ញាធរមូលដ្ឋាន នៃប្រទេសទាំងពីរ។
នៅឆ្នាំ២០០៥ ប្រទេសទាំងពីរ បន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង“។ ផ្អែកលើមូលដ្ឋាននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងទូលំទូលាយ នៅលើវិស័យជាច្រើន ចាប់ពីនយោបាយ-កិច្ចការបរទេស ការពារជាតិ-សន្តិសុខ រហូតដល់សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ហើយបានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងស៊ីជម្រៅបន្តិចម្តងៗ ឆ្ពោះទៅរកកិច្ចព្រមព្រៀង យុទ្ធសាស្ត្ររយៈពេលវែងថ្នាក់ជាតិ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ អាជ្ញាធរមូលដ្ឋាន និងធុរកិច្ច នៃប្រទេសទាំងពីរ បានសម្របសម្រួល និងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ និងកម្មវិធីសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ លទ្ធផលដែលទទួលបានក្នុងវិស័យទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបានស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការធានាបានស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសនីមួយៗ ដោយបន្តជំរុញ និងពង្រឹងទំនាក់ទំនង “ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ បានរួមចំណែកលើកកម្ពស់កិត្យានុភាព របស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការរក្សា សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកទាំងមួល។
លើទិដ្ឋភាពនយោបាយ៖ ទំនាក់ទំនងនយោបាយ ត្រូវបានបន្តពង្រឹងនិងពង្រីក លើកកម្ពស់តួនាទីស្នូល និងដាក់ចេញនូវ ទិសដៅចាំបាច់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងតែអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងកាន់តែស៊ីជម្រៅ កាន់តែមានភាពជាក់ស្តែង និងប្រសិទ្ធភាពខ្ពស់លើគ្រប់វិស័យ បានក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងជាកត្តាសំខាន់បំផុតនៃការធានាបានជ័យជម្នះក្នុងការកសាង និងការពារមាតុភូមិសម្រាប់ប្រទេសនិមួយៗ ក៏ដូចជាការប្តេជ្ញាចិត្តរក្សាការពារ លើកកម្ពស់ឥតឈប់ឈរ និងបន្តវេនទៅដល់យុជនជំនាន់ក្រោយឱ្យបានយល់កាន់តែច្បាស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ភាគីទាំងពីរតែងតែរក្សាបាននូវប្រពៃណីនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភា ក៏ដូចជារវាងក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងបរិបទនៃការរីករាលដាលដោយជំងឺ កូវីដ-១៩ និងការវិវឌ្ឍដ៏ស្មុគស្មាញ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ដោយផ្ទាល់រវាងប្រទេសទាំងពីរមិនអាចអនុវត្តបាន ប៉ុន្តែភាគីទាំងពីរនៅតែបន្តរក្សាទំនាក់ទំនងល្អជាប្រចាំតាមបណ្តាញទំនាក់ទំនង ដូចជា៖ ការហៅទូរសព្ទ ការសន្ទនាតាមអ៊ីនធឺណិត ការផ្ញើលិខិតសាកសួរសុខទុក្ខ ការចែករំលែក និងឧបត្ថម្ភ សម្ភារៈបរិក្ខារពេទ្យ ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះទៀត យន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានរក្សាបានយ៉ាងល្អ និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ជាពិសេសរាល់ជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា (CPP) និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្និសីទ រវាងបណ្តាខេត្តជាប់ព្រំដែនជាដើម។ តាមរយៈដំណើរទស្សនកិច្ចទាំងនោះ ភាគីទាំងពីរ បានឈានដល់ការចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើន មិនត្រឹមតែដើម្បីតម្រង់ទិសទំនាក់ទំនងរួមរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយបាននូវការលំបាកនិងឧបសគ្គផ្សេងៗ ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នានាត្រូវបានលើកកម្ពស់និងផ្សព្វផ្សាយឯកសារច្បាប់ជាច្រើនត្រូវបានចុះហត្ថលេខា ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងសកម្ម ដើម្បីរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍នានាយ៉ាងឧឡារិក និងមានអត្ថន័យយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា៖ ទិវាជ័យជម្នះនៃសង្រ្គាមដើម្បីការពារព្រំដែនភាគនិរតីរបស់ប្រទេសវៀតណាម និងការរួមគ្នាជាមួយកងទ័ព និងប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខួប៥៥ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ប្រឆាំងនូវរាល់ទស្សនៈខុសឆ្គង និងបំភ្លៃរបស់កម្លាំងអមិត្ត និងសកម្មភាពនានាដែលចង់បំផ្លាញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាដើម។
ទន្ទឹមនឹងការពង្រឹង និងពង្រីកទំនាក់ទំនងកម្រិតខ្ពស់ ប្រទេសទាំងពីរ ក៏តែងតែយកចិត្តទុកដាក់ ជាពិសេសលើការជំរុញសកម្មភាពការទូតរវាងប្រជាជននិងប្រជាជន ដោយមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ យន្តការសហប្រតិបត្តិការនេះ រួមមាន៖ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម សន្និសិទជំរុញការវិនិយោគ ជាដើម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយប្រទេសទាំងពីរ៕
អត្ថបទដោយ៖ លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ