អត្ថាធិប្បាយ
បណ្ឌិត គិន ភា៖ កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ
ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។

មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយ និងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរស និងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យ ឬមុខតំណែងអ្វីពីការនិយាយ ឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាន និងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់។
អ្វីដែលដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការនិងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម ប្រជាជនខ្លាំង សង្គមខ្លាំង ប្រជាជនខ្សោយ សង្គមក៏ខ្សោយដែរ។

យើងប្រាថ្នាចង់ឃើញប្រជាជនយើងមានជំនឿដោយផ្អែកលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម ជឿលើសមត្ថភាព ជាជាងការបន់ស្រន់ ជឿលើហេតុផល ជាជាងប្រជាភិថុតិ ជឿលើការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់ ជាជាងពាក្យចចាមអារ៉ាម ជឿលើសកម្មភាព និងសមិទ្ធផលជាក់ស្តែង ជាជាងវោហាសាសព្ទនយោបាយ ជឿលើជាតិខ្លួនឯង ជាជាងការញុះញង់របស់រទេស ជឿលើសច្ចធម៌ ជាជាងសីលធម៌ក្លែងក្លាយ ជឿលើសន្តិភាពជាក់ស្តែង ជាជាងសង្គ្រាមស្រមោល ជឿលើអ្នកនៅជាមួយយើង ជាជាងអ្នករត់ចោលស្រុក ជឿលើភ្នែកខ្លួនយើង ជាជាងមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ហើយចុងក្រោយ សុំជឿលើខ្មែរ ជាជាងជាតិសាសន៍ដទៃ។
សម្រាប់ករណីរឿងតំបន់ត្រីកោណអភិកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នេះ ខ្ញុំសូមបងប្អូនកុំច្រួលច្របល់ វាជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ នយោបាយ សង្គម វប្បធម៌ អប់រំ និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ វាជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនជាការកាត់ទឹកកាត់ដី ឬការដាក់ខេត្តខ្មែរទាំងបួនទៅអភិវឌ្ឍរួមគ្នាដូចការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួននោះទេ។ អ្នកនយោបាយ និងអ្នកវិភាគមួយទាំងនោះ អ្នកខ្លះមិនដែលស្គាល់តំបន់ CLV-DTA ហ្នឹងបែរមុខទៅណាផង ដីមួយដុំត្រុំមួយដើម ក៏មិនស្គាល់ផង តែនិយាយធ្វើដូចជាច្បាស់ណាស់អីចឹង។

សម្រាប់ខ្ញុំ ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការពន្យល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល និងគាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិយើងដំណាលគ្នានឹងការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តអភិវឌ្ឍតំបន់ព្រំដែនតាមរយ:ការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ការវិនិយោគ និងបង្កលក្ខខណ្ឌអំណោយផលផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យប្រជាជនយើងទៅរស់នៅតំបន់ព្រំដែនឱ្យបានកាន់តែច្រើន។
ដូច្នេះ សូមបងប្អូន មេត្តាកុំជឿតាមការញុះញង់ ឬល្បិចកលនយោបាយរបស់ជនជ្រុលនិយម និងឱកាសនិយមទាំងខ្មែរនិងបរទេសមួយចំនួន ដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនិងភាពវឹកវរនយោបាយឱ្យសោះ។ យើងទាំងអស់គ្នាជាចំណែកមួយនៃភាពសុខសាន្តរបស់ជាតិយើង៕
ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?