អត្ថាធិប្បាយ
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពកម្ពុជា និងការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/PXkGgtfn-276-1.jpg)
ការប្រកាសបង្កើតមូលនិធិពីសំណាក់រាជរដ្ឋាភិបាកម្ពុជានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពពេញលេញ និងមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា និងការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ គឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។ ប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា បានបង្ហាញឱ្យឃើញទិដ្ឋភាពសំខាន់ៗចំនួន៥គឺ៖
១. ជាការបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់កម្ពុជា
ការប្រកាសបង្កើតនូវ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ជាការបង្ហាញឱ្យសាធារណៈមតិជាតិមើលឃើញកាន់តែច្បាស់អំពីការធានាបាននូវអធិបតេយ្យភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើឱ្យបាត់បង់ការគ្រប់គ្រងនៅលើដែនអធិបតេយ្យភាពជាតិពិតប្រាកដមែននោះ រាជរដ្ឋាភិបាលកម្ពុជានឹងពុំបង្កើតនូវមូលនិធិនេះនោះឡើយ ហើយរាជរដ្ឋាភិបាលនឹងបន្តលាក់បាំងអំពីការអភិវឌ្ឍនៅតាមតំបន់ទាំងនោះ ដើម្បីបញ្ជៀសជ្រួតជ្រាបបញ្ហានៅតំបន់ព្រំដែនកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែពុំបានលាក់បាំងនោះទេ ប៉ុន្តែថែមទាំងរៀបចំដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់អំពីបញ្ហាព្រំដែន ក៏ដូចជាអំពាវនាវឱ្យមហាជនចូលរួមឱ្យបានច្រើនកុះករថែមទៀតផង។
លើសពីនេះ ការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជានេះឡើង រាជរដ្ឋាភិបាលមានបំណងបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា រាជរដ្ឋាភិបាលនៅតែការពារបានយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវដែនអធិបតេយ្យដែលមិនអាចរំលោភបានរបស់កម្ពុជា ហើយប្រសិនបើអធិបតេយ្យនេះត្រូវបានរំលោភដោយប្រទេសជិតខាងពិតមែននោះ រាជរដ្ឋាភិបាលពិតជាមិនអាចប្រកាសបង្កើតឱ្យមានការចូលរួមជាមូលនិធិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅនោះទេ ព្រោះប្រទេសជិតខាងនឹងប្រតិកម្ម ហើយតវ៉ានៅជុំវិញរឿងនេះ។ ការទូងស្គរប្រកាសឱ្យមានការចូលរួមជាមូលនិធិកសាងហេរដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែននេះ ក៏ជាចំណែកមួយនៅក្នុងការកសាងខឿនការពារព្រំដែនរបស់កម្ពុជាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2021-02-18_16-36-55-682x1024.jpg)
២. ជាការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ
រាជរដ្ឋាភិបាលបានបើកទូលាយសម្រាប់ការចូលរួមនៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយគ្មានការរើសអើងភេទ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ ដែលគឺជាការបើកចំហរការចូលរួមជាទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានស្មារតីជាតិនិយម និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដែលមានគោលបំណងដូចគ្នាគឺ កសាងនិងការពារជាតិមាតុភូមិរបស់ខ្លួនឱ្យបានរឹងមាំ។ ការបើកចំហរទូលាយចំពោះការចូលរួមនេះ មានន័យថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបានពេញលេញ ពិសេស គឺការចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍនានានៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង។
៣. ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ
ការចូលរួមចំណែកជាថវិកានៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គឺជាការចូលរួមដោយផ្ទាល់នៅក្នុងការកសាងខឿនការពារព្រំដែន តាមរយៈការជំរុញហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់គឺជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ ដោយសារតែខឿនការពារព្រំដែនទាំងនេះ កើតចេញមកពីទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ខ្មែរគ្រប់រូប។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2021-02-18_17-07-06-1024x471.jpg)
៤. អ្នកស្នេហាជាតិមានឱកាសបញ្ជាក់អំពីមនសិការជាតិពិតប្រាកដរបស់ខ្លួន
ប្រទេសជាតិនីមួយៗតែងតែមានជនស្នេហាជាតិមាតុភូមិរបស់ខ្លួនរាប់មិនអស់ ហើយក៏មានផងដែរអ្នកដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិមាតុភូមិផ្ដាច់មុខ ដែលជួនកាលក៏បានព្យាយាមបំផុសបំផុលឱ្យមហាជនក្រោកឡើងទាមទារ តវ៉ា ឬប្រឆាំងនឹងរដ្ឋាភិបាល ទៅលើប្រធានរឿងណាមួយដែលខ្លួនបំភ្លៃថាជាការខាតបង់ផលប្រយោជន៍ជាតិ។ ដូច្នេះ ដល់ពេលហើយដែលប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិពិតប្រាកដ មានឱកាសបញ្ជាក់អំពីមនសិការជាតិរបស់ខ្លួន តាមរយៈការចូលរួមអភិវឌ្ឍនិងការពារផលប្រយោជន៍ប្រទេសជាតិ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន គឺជាមូលដ្ឋានចម្បងមួយនៅក្នុងការចូលរួមចំណែកការពារព្រំដែន ដែលអ្នកស្នេហាជាតិពិតប្រាកដឥតក្លែងក្លាយ គួរតែចូលរួមទៅតាមលទ្ធភាព និងទឹកចិត្តដែលខ្លួនមានចំពោះប្រទេសជាតិមាតុភូមិមួយនេះ។
៥. ការប្រមូលផ្ដុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យភាព
ស្មារតីជាតិនិយមដ៏រឹងមាំដែលអាចការពារប្រទេសជាតិ ការពារអធិបតេយ្យភាពរបស់ខ្លួនបានគង់វង្ស គឺជាស្មារតីជាតិនិយមដែលមានការឯកភាពផ្ទៃក្នុងរបស់ជាតិ ហើយមិនថាពេលណាជាពេលណានោះទេ ការពង្រឹងឯកភាពផ្ទៃក្នុងរបស់ជាតិគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីការពារជាតិ ប្រជាជន និងទឹកដី ដូចពាក្យស្លោកខ្មែរមួយឃ្លាបានលើកឡើងថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ការធានាបានអធិបតេយ្យភាពនៃប្រជាជាតិ គឺជាការការពារបាននូវឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ដូច្នេះហើយ ខ្មែរគ្រប់និន្នាការ និងពណ៌សម្បុរនយោបាយទាំងអស់ គប្បីរួបរួមគ្នាឱ្យបាននៅពេលដែលកាលៈទេសៈតម្រូវ នៅក្នុងរឿងអធិបតេយ្យភាពរបស់ខ្លួន។ ការចូលរួមដោយផ្ដោតសំខាន់តែទៅលើឧត្ដមប្រយោជន៍ប្រទេសជាតិ គឺជាការចូលរួមប្រកបដោយស្មារតីជាតិនិយម និងមនសិការជាតិពិតប្រាកដ ដែលគួរឱ្យអ្នកជំនាន់ក្រោយគោរព កោតស្ញប់ស្ញែង និងយកជាគំរូតាម៕
ដោយ៖ បណ្ឌិត យង់ ពៅ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត