អត្ថាធិប្បាយ
លោក អ៊ុច លាង៖ ជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ជាយុគសម័យនៃសន្តិភាព ភាពសុខដុមរមនា និងវឌ្ឍនភាព
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះដែលបានឆ្លាក់ទុកក្នុងប្រវត្តិសាស្ត្រ ជានិមិត្តរូបនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ ស្មោះត្រង់ និងមិត្តភាពរវាងកម្ពុជា និងវៀតណាម។ ដោយមានការសហការរវាងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានជួយឱ្យប្រទេសកម្ពុជារួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានចូលយុគសម័យថ្មីមួយ គឺយុគសម័យសន្តិភាព ភាពសុខដុមរមនា និងវឌ្ឍនភាព។

ពេញមួយប្រវត្តិសាស្ត្រ ជាពិសេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិអាម៉េរិក កម្ពុជា និងវៀតណាម តែងតែរួមសុខរួមទុក្ខជាមួយគ្នាក្នុងការប្រយុទ្ធជាមួយសត្រូវរួម ហើយទទួលបានឯករាជ្យ សេរីភាពសម្រាប់ប្រទេសនីមួយៗ និងនាំមកនូវសន្តិភាពសម្រាប់ឧបទ្វីបឥណ្ឌូចិនទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការឡើងកាន់អំណាចដឹកនាំប្រទេសក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របស់របប ប៉ុល ពត បានអនុវត្តគោលនយោបាយប្រតិកិរិយាដ៏ព្រៃផ្សៃបំផុត។
មានអាយុកាលត្រឹមតែពីឆ្នាំ១៩៧៥ ដល់ចុង ឆ្នាំ១៩៧៨ ប៉ុន្តែ របបឃោរឃៅប្រល័យពូជសាសន៍នេះ ការបង្ខំប្រជាជនឱ្យធ្វើការយ៉ាងទម្ងន់ ធ្វើទារុណកម្ម បង្អត់អាហារ និងកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់គ្មានត្រាប្រណី។ របបប្រល័យពូជសាសន៍របស់ ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជានឋាននរក។ ប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលយ៉ាងខ្លី និងបានជំរុញឱ្យប្រទេសកម្ពុជាប្រឈមមុខនឹងការវិនាសអន្តរាយ។ មិនត្រឹមតែប្រជាជនកម្ពុជាប្រឈមមុខនឹងមហន្តរាយនៃការកាប់សម្លាប់ប៉ុណ្ណោះទេ របបប្រល័យពូជសាសន៍ ប៉ុល ពត ក៏បានធ្វើសង្គ្រាមបង្ហូរឈាម រំលោភលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់វៀតណាម និងប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រជាជនវៀតណាមផងដែរ។

ក្នុងស្ថានភាពនោះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានក្រោកឈរដឹកនាំតស៊ូទាមទារសិទ្ធិសេរីភាព និងការរស់រានមានជីវិតនៅរបស់ប្រជាជន ដោយមានការជួយគាំទ្រពីសំណក់កងទ័ពស្ម័គ្រចិត្តវៀតណាម។ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ ដោយមានកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម កងទ័ពទាំងពីរបានបើកការវាយលុក ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានវាយសម្រុកចូលទីក្រុងភ្នំពេញ និងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះបានទីក្រុងភ្នំពេញ និងផ្តួលរំលំបានរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបក្សពួក។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាបានបង្កើតឡើង ហើយកងទ័ពស្ម័គ្រចិត្តវៀតណាម នៅបន្តសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីបោសសម្អាតកងទ័ពរបស់របបនេះ ដែលនៅសេសសល់។ ទន្ទឹមនឹងប្រតិបត្តិការយោធា វៀតណាមបានបញ្ជូនអ្នកជំនាញការជាច្រើនមកជួយកម្ពុជាក្នុងការកសាងរដ្ឋាភិបាលមូលដ្ឋាន និងផ្តល់ជំនួយជាសម្ភារៈដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍។ នៅថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកត្រឡប់ទាំងស្រុងទៅប្រទេសវិញ កាសែតប្រជាជនកម្ពុជា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៨៩ បានចេញផ្សាយអត្ថបទវិចារណកថាមួយថា៖ «ក្នុងអំឡុងឆ្នាំដ៏សោកសៅបំផុតក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត លើពិភពលោកនេះ មានប្រទេសខ្លាំង និងប្រទេសអ្នកមានរាប់មិនអស់ ប៉ុន្តែ មានតែប្រទេសជិតខាងក្រីក្ររបស់យើង គឺវៀតណាមទេមកជួយប្រជាជនយើង»។

បើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា(CPP) ដែលជាគណបក្សនយោបាយ កំពុងកាន់អំណាចនៅកម្ពុជា គឺថ្ងៃ៧ ខែមករា គឺជាថ្ងៃរំដោះប្រជាជនកម្ពុជា និងប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ស្តារសេរីភាពខាងជំនឿ និងសេរីភាពផ្សេងៗដែលបាត់បង់ក្រោមរបបដឹកនាំ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ទន្ទឹមនឹងនេះត្រូវទប់ស្កាត់ផែនការវិលត្រឡប់ទៅរបបប្រល័យពូជសាសន៍វិញ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ជ័យជម្នះ ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង គឺវៀតណាម។ នៅគ្រាដែលប្រជាជនកម្ពុជានៅជិត«រណ្តៅមរណៈ» មានតែកងទ័ពស្ម័គ្រចិត្តវៀតណាមប៉ុណ្ណោះ ដែលជួយបំពេញតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
សូមរំលឹកថា បន្ទាប់ពីការកាត់ក្តីអស់ជាច្រើនឆ្នាំជាមួយនឹងឯកសារ និងភស្តុតាងរាប់រយ រាប់ពាន់ដែលប្រមូលបាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សវនាការវិសាមញ្ញក្នុងប្រព័ន្ធតុលាការកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិបានចេញសាលក្រមជាផ្លូវការ ចំពោះអតីតមេដឹកនាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ។ កម្ពុជា ក៏កំពុងតែពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមផងដែរ។ ទោះបីជា៤៦ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែ សាលក្រមនេះបានប្រគល់យុត្តិធម៌ជូនជនរងគ្រោះស្លូតត្រង់ដែលត្រូវបានសម្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ជាក់ពីភាពសុចរិតដ៏ភ្លឺស្វាង និងការជួយគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយភាពដោយស្មោះត្រង់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម។

សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម បន្តពង្រឹងដោយប្រពៃណីដ៏យូរអង្វែងក្នុងប្រវត្តិសាស្ត្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើននៃស្ថានភាពតំបន់ និងពិភពលោកក៏ដោយ ក៏ប្រទេសទាំងពីរតែងតែមានភាពជិតស្និទ្ធ ភ្ជាប់ទំនាក់ទំនង ចែករំលែក និងជួយគ្នាទៅវិញទៅមក។ ប្រទេស២រួមគ្នាថែរក្សា បណ្ដុះបណ្ដាល និងអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតី “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” ប្រកបដោយសមិទ្ធិផលលេចធ្លោលើគ្រប់វិស័យ រួមទាំងវិស័យនយោបាយ ការទូត សន្តិសុខ – ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ សង្គម កិច្ចសហប្រតិបត្តិការអប់រំ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ជាដើម។
នាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានប្ដេជ្ញាបន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តយកចិត្តទុកដាក់ថែរក្សា និងបង្កើនការយល់ដឹងឥតឈប់ឈរអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដើម្បីបុព្វហេតុ កសាងនិងការពារមាតុភូមិនៃប្រទេសនីមួយៗក្នុងយុគសម័យថ្មី សំដៅបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ កសាងមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ បន្តជំរុញកិច្ចសហប្រតិបត្តិការល្អ និងជួយគ្នាទៅវិញទៅមករវាងក្រសួង ស្ថាប័ន និងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ជាពិសេស តំបន់ដែលមានព្រំដែនរួម។

ប្រទេសទាំងពីរ ក៏ជំរុញទំនាក់ទំនងមិត្តភាព និងជួយគ្នាទៅវិញទៅមករវាងប្រជាជនគ្រប់លំដាប់ថ្នាក់ សហជីព និងអង្គការមហាជននានានៃប្រទេសទាំងពីរ រួមចំណែកនាំមកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត។ លើសពីនេះ កម្ពុជា និងវៀតណាម ក៏នឹងជំរុញ និងបន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ ដើម្បីធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានដល់ ២០ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។
ជាមួយនឹងច្ខុវិស័យ និងក្របខណ្ឌនៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីវិជ្ជមាន គំនិតផ្តួចផ្តើម ភាពបត់បែន ភាពច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពនាឆ្នាំបន្តបន្ទាប់ទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីកម្ពុជា និងវៀតណាម នឹងបន្តអភិវឌ្ឍន៍ឆ្ពោះទៅកាន់កម្រិតថ្មីមួយ ដើម្បីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទាំងក្នុងតំបន់ និងពិភពលោកទាំងមូល៕
(ដោយ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម)

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ