Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

បានផុស

នៅ

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្អាកជំនួយបរទេសរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)ទាំងអស់រយៈពេល៩០ថ្ងៃ ដោយចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ដើម្បីវាយតម្លៃភាពស៊ីគ្នារបស់ខ្លួនជាមួយនឹងគោលនយោបាយ«អាម៉េរិកទីមួយ»របស់លោក ដែលការបង្កកការផ្តល់មូលនិធិនេះ ធ្វើឱ្យប៉ះពាល់ដល់ជំនួយរាប់ពាន់លានដុល្លារនៅក្នុងជាង ៣០ប្រទេស។ ថ្មីៗនេះផងដែរ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បានតែងតាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូស រ៉ូប៊ីអូ (Marcos Rubio) ជាអ្នកគ្រប់គ្រងស្តីទី USAID ដោយលើកឡើងពីការយល់ឃើញរបស់គាត់ថា កម្មវិធីជំនួយរបស់ទីភ្នាក់ងារជំនួយអន្តរជាតិរបស់អាម៉េរិកមួយនេះ លែងបម្រើផលប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាមេរិកទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាម្ចាស់ជំនួយដ៏ធំបំផុតលើពិភពលោកនៃជំនួយមនុស្សធម៌ អាម៉េរិកបានបែងចែកទឹកប្រាក់ប្រមាណ១៣.៩ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ស្មើនឹង៤២% នៃជំនួយអន្តរជាតិដែលតាមដានដោយអង្គការសហប្រជាជាតិ។ រដ្ឋបាលលោក ត្រាំ គ្រោងនឹងរក្សាបុគ្គលិក USAID ប្រហែល៦១១នាក់ច្រើន ប៉ុន្តែ នៅតែបណ្តាលឱ្យមានការថយចុះចំនួន៩៥%។ នៅថ្ងៃដដែល លោក Trump បានបង្ហោះនៅលើ Truth Social ដោយអំពាវនាវឱ្យបិទ USAID និងពិពណ៌នាអំពីអំពើពុករលួយរបស់ខ្លួនថាជា«មិនធ្លាប់មានពីមុនមក»។

USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតី លោក ចន ហ្វេស ខេណើឌី (John F. Kenndy) ក្រោមច្បាប់ជំនួយបរទេស USAID គឺជាទីភ្នាក់ងារចម្បងរបស់រដ្ឋាភិបាលអាម៉េរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍអន្តរជាតិ។ ក្នុងចំណោមជាង ៣០ប្រទេស ដែលទទួលបានជំនួយពីUSAID កម្ពុជា ក៏ជាប្រទេសមួយដែលរងផលប៉ះមួយចំនួនពីការបង្កកជំនួយនេះផងដែរ។ ជាអាទិ៍ មានអង្គការ និងស្ថាប័នជាច្រើនដែលទទួលបានការគាំទ្រពី USAID នៅក្នុងប្រទេសកម្ពុជា ក៏បានរងផលប៉ះពាល់ផងដែរ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យសំខាន់ៗនៃការបោសសម្អាតមីន បរិស្ថាន កំណែទម្រង់អភិបាលកិច្ច សិទ្ធិមនុស្ស ការអប់រំ បញ្ហាច្បាប់ និងតម្លាភាពនៃការបោះឆ្នោត។

ការរិះគន់មួយចំនួនទៅលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)

ទោះបីជាមានការអះអាងអំពីជំនួយមនុស៌្សធមក៏ដោយ USAID ត្រូវបានគេចោទប្រកាន់ថា មានពុតត្បុត និងបង្កឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អនៅក្នុងតំបន់មួយចំនួន។ ការរិះគន់សំខាន់ៗមួយចំនួនរួមមានការផ្តល់ជំនួយភ្ជាប់ជាមួយនឹងលក្ខខណ្ឌនយោបាយ, ការផ្តល់ជំនួយជួយដល់ក្រុមប្រឆាំងបង្កអស្ថិរភាព អំពើពុករលួយ និងមិនមានប្រសិទ្ធភាព និងបញ្ហាមួយចំនួនដល់សេដ្ឋកិច្ច។ ជារឿយៗ USAID បានភ្ជាប់ជំនួយរបស់ខ្លួនទៅនឹងលក្ខខណ្ឌនយោបាយដែលតម្រូវឱ្យប្រទេសទទួលជំនួយធ្វើការតម្រឹមជាមួយគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដូចជាការលើកកម្ពស់សិទ្ធិមនុស្ស កំណែទម្រង់សេដ្ឋកិច្ច ឬក៏កិច្ចព្រមព្រៀងយោធាជាដើម។ បន្ថែមពីនេះទៅទៀត ជំនួយរបស់ USAID ទាំងនោះបានធ្វើឱ្យមានការប្រព្រឹត្តអំពើពុករលួយក្នុងជួររដ្ឋាភិបាល ហើយជំនួយទាំងអស់នោះក៏បានទៅដល់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្រោមរូបភាពអង្គការសង្គមស៊ីវិល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងការរៀបចំសកម្មភាពនានា ដើម្បីផ្តួលរលំរដ្ឋាភិបាល។

ជារឿយៗ USAID រងនឹងការចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយត្រូវបានគេដាក់ស្លាកថាជា “កម្លាំងលាក់ខ្លួននៅពីក្រោយបដិវត្តន៍ពណ៌” ។ នៅឆ្នាំ២០១៤ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា USAID បានបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលស្រដៀងនឹង Twitter នៅក្នុងប្រទេសគុយបា ដើម្បីបំផុសគំនិតប្រឆាំងរដ្ឋាភិបាល ក្នុងចំណោមសាធារណជន។ លើសពីនេះ វាត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនយុវជនមកពីបណ្តាប្រទេសនៅអាមេរិកឡាទីន ទៅកាន់ប្រទេសគុយបា ក្រោមការបិទបាំងនៃកម្មវិធីរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាល។នៅថ្ងៃទី៦ ខែកុម្ភៈ លោកប្រធានាធិបតី ត្រាំ បានយកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ “សង្គមពិត” (Truth Social) សរសេរចោទប្រកាន់ USAID និងអង្គការផ្សេងទៀតថា បានក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ ដោយអះអាងថាប្រាក់ភាគច្រើនត្រូវបានគេយកទៅបង្កើត “ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ” ជាទម្រង់នៃការទូទាត់ថវិកាសម្រាប់ការគាំទ្រគណបក្សប្រជាធិបតេយ្យ។ លោកបានធ្វើការចោទសួរលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Politico និង New York Times ថាបានទទួលមូលនិធិដែរ ហើយទាមទារឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាផ្សេងទៀតជាប់ពាក់ព័ន្ធ។ Trump បានអះអាងថា “នេះអាចជារឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក។

ផលប៉ះពាល់មួយចំនួនមកលើកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការបង្កកជំនួយបរទេសស្ទើរតែទាំងអស់ដែលមិនធ្លាប់មានពីមុនមករបស់អាម៉េរិក នឹងមិនបង្អាក់គោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលដៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ របស់កម្ពុជានោះទេ។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមអ្នកទទួលផលពីកម្មវិធីជំនួយដែលផ្តល់មូលនិធិតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលបានផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។

នៅខែតុលាឆ្នាំ២០២៤ អង្គការ Samantha Power ដែលជាអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID នៅពេលនោះ បានសន្យាផ្តល់មូលនិធិថ្មីចំនួន១២លានដុល្លារអាម៉េរិក សម្រាប់គាំទ្រការដោះមីន និង៥លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់សន្តិសុខសុខភាពនៅក្នុងប្រទេស។ អង្គការរដ្ឋាភិបាលដំបូងគេ ដែលប្រកាសពីផលប៉ះពាល់សំខាន់ៗនៃការបង្ខំបុគ្គលិកជាង១០០០នាក់ ឱ្យអត់ការងារធ្វើ គឺអាជ្ញាធរមីននិងជំនួយជនរងគ្រោះដោយគ្រាប់មីននៅកម្ពុជា (CMAA) និងមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមអង្គការសហប្រជាជាតិ។  កម្មវិធីរបស់ CMAC ត្រូវបញ្ឈប់ប្រតិបត្តិការដោះមីនរបស់ខ្លួននៅក្នុងខេត្តចំនួន៨ ដូចជារតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។ គម្រោងទាំងនេះ ត្រូវបានផ្តល់មូលនិធិអាម៉េរិក និងគាំទ្រតាមរយៈដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយ CMAC។

ផលប៉ះពាល់មួយទៀត គឺសេរីភាពសារព័ត៌មាន និងសារព័ត៌មានបើកចំហរ ដោយពី២០ ទៅ៣០ភាគរយនៃមូលនិធិរបស់កាសែតឯករាជ្យមួយចំនួន គឺបានមកពី USAID ដែលក្រុមនេះប្រើសម្រាប់ដំណើរការកម្មវិធីបណ្តុះបណ្តាលអ្នកកាសែត និងជួយផ្តល់មូលនិធិដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចជា CamboJA News ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានឯករាជ្យមួយចំនួនបានបិទទ្វារ ឬត្រូវបានបង្ខំដោយកង្ខះខាតជំនួយហិរញ្ញវត្ថុនិងការបណ្តុះបណ្តាល។ ការផ្អាកជំនួយរបស់រដ្ឋាភិបាលអាម៉េរិក ក៏នឹងកាត់បន្ថយសកម្មភាពមួយចំនួន ដែលទាក់ទងនឹងការផ្តល់អំណាចដល់យុវជន និងសមត្ថភាពក្នុងការការពារធនធានធម្មជាតិ។

របាយការណ៍របស់ USAID ដែលបានចេញផ្សាយកាលពីឆ្នាំមុនបានកត់សម្គាល់ថា ការកាប់បំផ្លាញព្រៃឈើបានរួមចំណែកយ៉ាងខ្លាំងដល់ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថា ងាយនឹងគ្រោះមហន្តរាយធម្មជាតិ។ កាលពីចុងខែមករា សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជួយខ្មែរ (Khmer AIDS NGO Alliance-KHANA) នៅកម្ពុជាបានទទួលការជូនដំណឹងអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់កម្មវិធីជំងឺរបេងរបស់ខ្លួនរយៈពេល៩០ថ្ងៃ របស់USAID។ KHANA ដែលរកឃើញ និងកំណត់ចំនួនអត្រាអ្នកកើតជំងឺរបេងប្រហែល១០.០០០ករណីក្នុងមួយឆ្នាំ បានផ្តល់ការព្យាបាលការពារ និងផ្តល់ការថែទាំដល់អ្នកជំងឺនៅតាមជនបទប្រមាណ៣០០នាក់។ ប្រធានប្រតិបត្តិលោក Job Soe Chamron បាននិយាយថា ការផ្អាកការផ្តល់មូលនិធិនឹងធ្វើឱ្យប្រជាជនកម្ពុជានៅជនបទជាច្រើនមិនទទួលបានសេវាថែទាំសុខភាពចាំបាច់។

ការបាត់បង់ជំនួយ USAID របស់កម្ពុជា​​ បានធ្វើឱ្យកម្ពុជាបាត់បង់ជំនួយជាទឹកប្រាក់រាប់លានដុល្លារអាម៉េរិក ជាពិសេស ប៉ះពាល់ជាខ្លាំងដល់គម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាសុខុមាលភាព អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សធម្មជាតិ ដែលជាគម្រោងសហការជាមួយស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ការបង្កងជំនួយនះផងដែរ អាចជាកត្តាមួយដែលនឹងកាត់បន្ថយសម្ពាធនយោបាយពីអាម៉េរិកមកលើកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចនានា ហើយក៏ជាឱកាសល្អសម្រាប់ចិនបង្កើនការផ្តល់ជំនួយ និងវិនិយោគបន្ថែមទៅលើគម្រោងដែលអាម៉េរិកបានបង្កកជំនួយ។

ហេតុនេះហើយ ទើបការបង្កករបស់អាម៉េរិកនឹងរុញកម្ពុជាទៅកាន់គៀកនឹងចិន ហើយចិនក៏នឹងបង្កើនជំនួយបន្ថែមមកកម្ពុជា ខណៈពេលដែលប្រទេសទាំងពីរក្រោមក្របខណ្ឌ “ជោគវាសនាសហគមន៍រួម ចិន និងកម្ពុជា” និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ”។ ជាចុងក្រោយ ប្រសិនជាអាម៉េរិកនឹងបន្ត ឬផ្តល់ជំនួយមកកម្ពុជាក្រោម USAID វិញ ទំហំទឹកប្រាក់នឹងកាត់បន្ថយច្រើនជាមុន ហើយជំនួយទាំងអស់នឹងផ្តោតសំខាន់លើការជំរុញការទាក់ទាញអ្នកវិនិយោគ តាមរយៈការកែទម្រង់ប្រព័ន្ធពន្ធគយ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាជាងការផ្តល់ជំនួយដល់អង្គការ សង្គមស៊ីវិលមួយចំនួនដែលផ្តោលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតលក្ខខណ្ឌសមស្របទៅនឹងការវិវឌ្ឍបរិបទ សេដ្ឋកិច្ចពិភពលោក និងតម្រូវការទីផ្សារកាងារអន្តរជាតិ។

គោលនយោបាយមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាគួរប្រកាន់យក

ដើម្បីកាត់បន្ថយផលប៉ះពាល់រយៈពេលខ្លី និងវែងពីការបង្កកជំនួយរបស់អាម៉េរិក រាជរដ្ឋាភិបាលកម្ពុជា គួរតែសិក្សារៀបចំគោលនយោបាយជាយុទ្ធសាស្រ្ត និងស្វែងរកឱកាសពីផលអវិជ្ជមាននេះ។ វិធានការទាំងនោះរួមមាន៖

  • ការពង្រឹងការប្រមូលថវិកាជាតិ និងការពឹងផ្អែកលើសេដ្ឋកិច្ចខ្លួន​ឯងតាមរយៈការពង្រឹងយន្តការប្រមូលពន្ធដារ កែសម្រួលនីតិវិធីក្នុងការប្រកាសពន្ធឬបើកអាជីវកម្ម ធ្វើពពិធកម្មសេដ្ឋកិច្ចបន្ថែម និងការលើកកម្ពុជាសហគ្រាសតូច ឬមធ្យម។
  • បង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញការវិនិយោគបរទេស តាមរយៈការធ្វើឱ្យមានភាពងាយស្រួលដល់ការនីតិវិធីបើកអាជីវកម្មឬក្រុមហ៊ុន កាត់បន្ថយលំហូរការងារការិយាល័យធិបតេយ្យ ពង្រឹងយន្តការច្បាប់សម្រាប់អ្នកវិនិយោគ និងការបង្កើតសួនឧស្សាហ៍កម្មសេដ្ឋកិច្ចទៅតាមប្រទេសឧស្សាហ៍កម្មជាដើម។
  • ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង​ អូស្រ្តាលី ឥណ្ឌា ឬសហគមន៍អឺរ៉ុបជាដើម។ បន្ថែមពីនេះកម្ពុជាក៏អាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជាអាស៊ាន និងធនាគារតំបន់ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី។
  • ពង្រីកភាពជាដៃគូឯកជន-សាធារណៈតាយរយៈការជំរុញគម្រោងអភិវឌ្ឍន៍រួមរវាងស្ថាប័នរដ្ឋ និងឯកជនឬក្រុមហ៊ុន បង្កើនការវិនិយោគលើវិស័យសុខាភិបាល អប់រំ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។
  • បង្កើនកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍន៍ និងបណ្តុះ
    បណ្តាលធនធានមនុស្ស​ដើម្បីបង្កើនសមត្ថភាពយុវជនអភិវឌ្ឍជំនាញពលកម្ម និងឆ្លើយតបទៅនឹងការវិវឌ្ឍន៍សេដ្ឋកិច្ចសកល និងទីផ្សារការងារក្នុងតំបន់ និងពិភពលោក។
  • លើកកម្ពស់ការអភិវឌ្ឍន៍ដោយតម្លាភាព និងបរិយាបន្ន តាមរយៈការកាត់បន្ថយអំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់​ និងបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ ដែលការពារដល់ប្រយោជន៍អ្នកវិនិយោគ និងជំរុញការប្រកួតប្រជែង។

ជារួមការបង្កកជំនួយរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលជួយលើកកម្ពស់ដល់ការបណ្តុះបណ្តាលអប់រំ អភិបាលកិច្ច កិច្ចស្រាវជ្រាវនិងអភិរក្សាធម្មជាតិ និងការយល់ដឹងពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យជាដើម។ ក៏ប៉ុន្តែ ការបង្កកជំនួយនេះ នឹងធ្វើឱ្យកម្ពុជាអាចសម្របខ្លួនទៅនឹងការពឹងផ្អែកលើជំនួយបរទេស និងជំរុញការធ្វើពពិធកម្មជំនួយពីប្រទេសដទៃទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឬសហគមន៍អឺរ៉ុបជាដើម ហើយប្រទេស ឬដៃគូអភិវឌ្ឍន៍កម្ពុជាទាំងអស់នោះអាចជំនួសជំនួយបរទេស។ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា អាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងពិចារណាផ្តល់ជំនួយមកកម្ពុជាវិញ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិល្អជាមួយអាម៉េរិកទាំងក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងយុទ្ធសាស្រ្ត៕

ដោយ៖ លោក​ ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ១៣ វិនាទី មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា២៦ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤៣ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម