អត្ថាធិប្បាយ
តើទំនាក់ទំនងល្អកម្ពុជា-វៀតណាម-ឡាវ មានសារៈសំខាន់បែបណាចំពោះប្រជាជនប្រទេសទាំងបី និងក្នុងតំបន់?
កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសភូមិផងរបងតែមួយ ហើយមានទំនាក់ទំនងជាប្រពៃណីអស់កាលជាយូរលង់ណាស់មកហើយ។ ប្រទេសទាំងបីនេះ មានប្រវត្តិជូរចត់ បត់បែន និងស្មុគស្មាញនៅក្នុងអតីតកាល លុះមកដល់សម័យទំនើប ជាពិសេស ក្រោយពីកម្ពុជាបានរំដោះខ្លួនចេញពីរបបខ្មែរក្រហម ទំនាក់ទំនងប្រទេសទាំងបីកាន់តែមានល្អខ្លាំងឡើងៗគួរឱ្យកត់សម្គាល់។ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចវៀតណាម វៀតណាមក៏ដូចឡាវ គឺចង់ឱ្យទំនាក់ទំនងប្រទេសទាំងបីកាន់តែមានភាពល្អប្រសើរ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី។

ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ កសាងបាននូវសមិទ្ធផលសំខាន់ៗជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី។ បញ្ហាអភិវឌ្ឍសេដ្ឋកិច្ច គឺជាសមិទ្ធផលមួយដែលមិនអាចប្រកែកបាននៅក្នុងទំនាក់ទំនងត្រីភាគីនេះ។ ដោយសារតែទំនាក់ទំនងល្អ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងបី មានការវិវត្តយ៉ាងលឿន ហើយកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងបី ក៏ពឹងអាស្រ័យលើគ្នាទៅវិញទៅមក។ ចេញពីទំនាក់ទំនងដ៏ជិតស្និត និងជាប្រពៃណីនេះ កម្ពុជា វៀតណាម និងឡាវ បានបង្កើតនូវកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងបី។
កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ កំពុងមានការរីកចម្រើនក្នុងវិស័យជាច្រើន។ ក្នុងវិស័យវិនិយោគ កម្ពុជាបានទាក់ទាញវិនិយោគមកពីវៀតណាម និងឡាវក្នុងវិស័យកសិកម្ម បណ្តាញអគ្គិសនី និងសំណង់ ខណៈវៀតណាមជាប្រទេសវិនិយោគធំជាងគេមួយនៅកម្ពុជា។ ឡាវ ក៏ទទួលបានការវិនិយោគពីកម្ពុជា និងវៀតណាមច្រើនដែរនៅក្នុងវិស័យថាមពល និងធនធានធម្មជាតិ។ ចំពោះវិស័យពាណិជ្ជកម្ម ប្រទេសកម្ពុជានាំចេញអង្ករ កៅស៊ូ និងផលិតផលកសិកម្មទៅវៀតណាម និងឡាវ ខណៈវៀតណាមនាំចេញផលិតផលអគ្គិសនី គ្រឿងអេឡិចត្រូនិក និងសម្ភារៈសំណង់មកកម្ពុជា និងទៅឡាវ។ ឯឡាវវិញ ផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជា និងទៅវៀតណាម។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី គឺនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ តែត្រូវការការអភិវឌ្ឍបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយពាណិជ្ជកម្ម ដើម្បីពង្រឹងសហប្រតិបត្តិការបន្ថែម។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញ កម្ពុជា វៀតណាម និងឡាវ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយផ្តោតលើកញ្ចប់ទេសចរណ៍រួមដែលជាការបង្កើតការធ្វើដំណើរតែមួយទៅប្រទេសទាំងបី,ការសម្រួលវីសាដើម្បីធ្វើដំណើរបានងាយស្រួល ក៏ដូចជា ការចូលរួមការផ្សព្វផ្សាយពីវិស័យទេសចរណ៍ព្រឹត្តិការណ៍អន្តរជាតិនានាជាដើម ដែលកិច្ចសហការនេះ ជួយជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវអន្តរជាតិច្រើនជាងមុន។ រីឯ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលវិញ គឺប្រទេសកម្ពុជា វៀតណាម និងឡាវផ្តោតលើការផ្គត់ផ្គង់អគ្គិសនី វិនិយោគ និងការអភិវឌ្ឍបណ្តាញបញ្ជូន។ ប្រទេសកម្ពុជា នាំចូលអគ្គិសនីពីប្រទេសវៀតណាម និងឡាវ ដើម្បីបំពេញតម្រូវការក្នុងប្រទេស ឯវៀតណាម ផ្គត់ផ្គង់អគ្គិសនី និងវិនិយោគក្នុងបណ្តាញបញ្ជូនអគ្គិសនីនៅកម្ពុជា។ ប្រទេសឡាវវិញ ផ្តោតលើការនាំចេញថាមពលមកកម្ពុជា និងទៅវៀតណាម។ កិច្ចសហប្រតិបត្តិការផ្នែកថាមពលនៃប្រទេសទាំងបីនេះ ជួយបង្កើតប្រព័ន្ធថាមពលតំបន់ និងលើកកម្ពស់សន្តិសុខថាមពលក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទំនាក់ទំនងដ៏ជិតស្និតនៃប្រទេសកម្ពុជា វៀតណាម និងឡាវ ក៏បានជួយធានាដល់វិស័យសន្តិសុខ និងការពារជាតិនៃប្រទេសទាំងបី។ ប្រទេសទាំងបីបានប្តេជ្ញាជាមួយគ្នាហើយថា មិនឱ្យភាគីណាយកទឹកដីនៃប្រទេសណាមួយធ្វើសកម្មភាពនយោបាយ ឬសកម្មភាពប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយកន្លងមក និងមកដល់ពេលនេះ គឺមិនមានសកម្មភាពបែបនេះកើតឡើងនោះទេ។ សកម្មភាពប្រព្រឹត្តបទលើ្មសឆ្លងព្រំដែន ដូចជា ការរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀនជាដើម សុទ្ធតែត្រូវបានអាជ្ញាធរនៃប្រទេសទាំងបីសហការផ្តល់ព័ត៌មាន និងសហការបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព។

ចំណែក សន្តិភាពនៅតាមព្រំដែននៃប្រទេសទាំងបីវិញ ក៏ធានាបានផងដែរ ព្រោះអាជ្ញាធរទាំងបីប្រទេសតែងតែទាក់ទងគ្នាជាប្រចាំ។ មិនតែប៉ុណ្ណោះទេ ប្រទេសទាំងបី ក៏បានអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍ។ ពាក់ព័ន្ធនឹងវិស័យការពារជាតិវិញ ប្រទេសទាំង៣ ក៏មានទំនាក់ទំនងល្អ និងយ៉ាងជិតស្និត។ ជាក់ស្តែង កាលពីឆ្នាំ២០២៤កន្លងទៅ កងទ័ពកម្ពុជា-ឡាវ-វៀតណាម បានរួមគ្នាធ្វើលំហាត់សមយុទ្ធ ស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តកំពង់ឆ្នាំងរបស់កម្ពុជា។ ប្រមុខការពារជាតិនៃប្រទេសទាំងបីបានចូលរួមដឹកនាំដោយផ្ទាល់។
ត្បិតថា កម្ពុជា បានប្រកាសដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណា(CLV) ក៏ដោយ ក៏មិនបានរំខានដល់ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងបីឡើយ។ ទំនាក់ទំនង ក៏ដូចជាសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងបីនៅតែដំណើរការល្អដូចដើម។ នៅក្នុងជំនួបក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវកាលពីមុន នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ដើម្បីធ្វើឱ្យតំបន់មេគង្គ និងឥណ្ឌូចិន ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី ក៏បានបញ្ជាក់ពីជំហរមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ការការពារបរិស្ថាន និងជាពិសេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា វៀតណាម និងឡាវនេះ មិនមែនផ្តល់ផលល្អសម្រាប់តែប្រទេសទាំងបីនោះទេ តែវាក៏បានផ្តល់ផលវិជ្ជមានចំពោះតំបន់ផងដែរ។ កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសសមាជិកអាស៊ាន ហើយមានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយប្រទេសសមាជិកដទៃទៀត។ ជាមួយការជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ទំនាក់ទំនងនៃប្រទេសទាំងបី ក៏បានជំរុញឱ្យមានការសហការរួមគ្នានៅក្នុងការបង្កើតសន្តិភាព និងការពារសុខ សុវត្ថិភាពនៅក្នុងតំបន់។ ប្រទេសទាំងបី បានសហការចាប់ដៃគ្នាយ៉ាងជិតស្និត ដើម្បីទប់ស្កាត់ប្រឆាំងនឹងសកម្មភាពអាក្រក់ៗនៅក្នុងតំបន់ និងជំរុញអភិវឌ្ឍន៍សន្តិភាពឱ្យបានគង់រង្ស។

កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។ សហគមន៍អាស៊ានត្រូវបានបង្កើតឡើងដោយមានគោលបំណងជំរុញសន្តិភាព សេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំពោះផ្នែកនយោបាយ និងសន្តិសុខ ប្រទេសកម្ពុជា វៀតណាម និងឡាវ បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្លូវការនយោបាយ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។ ប្រទេសទាំងបី បានចូលរួមជាទៀងទាត់ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ាន និងកិច្ចសហប្រតិបត្តិការការពារសន្តិសុខព្រំដែន។ ចំណែក ផ្នែកសេដ្ឋកិច្ច ប្រទេសទាំងបី បានរួមចំណែកក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា វៀតណាម និងឡាវក្នុងសហគមន៍អាស៊ាននេះ មានសារៈសំខាន់ក្នុងការធានាសន្តិភាព និងការរីកចម្រើន។
ប្រវត្តិសាស្ត្របានចារឹកហើយនូវទំនាក់ទំនងនៃសាមគ្គីភាព ចំណងមិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា វៀតណាម និងឡាវ។ មិនត្រឹមតែផឹកទឹកទន្លេមេគង្គតែមួយប៉ុណ្ណោះទេ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី ក៏បានប្រកៀកស្មាគ្នា ដើម្បីជួយគ្នាដណ្តើមឯករាជ្យ សេរីភាព និងឯកភាពជាតិ។ ការជួយជ្រោមជ្រែងគ្នានេះ មិនមែនតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ រដ្ឋសភានៃប្រទេសទាំងបី ក៏បានសហការ ជួយគ្នាទៅវិញទៅមកដែរ។ ជាក់ស្តែង រដ្ឋសភាវៀតណាម ធ្លាប់បានជួយឧបត្ថម្ភថវិកាសាងសង់អគាររដ្ឋសភាឡាវថ្មី និងអគាររដ្ឋបាលរដ្ឋសភាកម្ពុជាកាលពីពេលកន្លងមក។ នៅក្នុងខែតុលា ឆ្នាំទៅ ប្រធានរដ្ឋសភានៃប្រទេសទាំងបី បានជួបគ្នានៅក្នុងប្រទេសឡាវ។ នៅពេលនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនប្រទេសទាំងបី និងក្នុងតំបន់។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង៣ ក៏បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។ កិច្ចសហប្រតិបត្តិការប្រទេសទំាងបី មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ឡាវ និងវៀតណាមប៉ុណ្ណោះទេ តែក៏ជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។
ជារួម ទំនាក់ទំនងល្អនៃប្រទេសកម្ពុជា វៀតណាម និងឡាវ គឺរវាងរដ្ឋ បក្ស និងប្រជាជននៃប្រទេសទាំងបី។ ជាភូមិផងរបងតែមួយ កម្ពុជា វៀតណាម និងឡាវ តែងតែពង្រីក និងពង្រឹងទំនាក់ទំនងត្រីភាគីដូចដែលមេដឹកនាំប្រទសទាំងបីបានប្តេជ្ញាឱ្យបានល្អប្រសើរ ដើម្បីកាន់តែផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងបី។ បច្ចុប្បន្ន និងទៅអនាគត ប្រទេសទាំងបី មិនអាចអត់គ្នាបានទេ ពោល គឺត្រូវតែបន្តជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចធ្លាប់ធ្វើនាពេលកន្លងមកក្នុងនាមជាអ្នកជិតខាងល្អ និងបន្តជួយការពារ និងគាំទ្រគ្នានៅក្នុងតំបន់ ក៏ដូចជាឆាកអន្តរជាតិ៕



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?