អត្ថាធិប្បាយ
លោក ថុង ម៉េងដាវិត ៖ តៃវ៉ាន់មើលឃើញជ្រុងអវិជ្ជមានលើកម្ពុជា ជាការយល់ឃើញតែម្ខាងក្រោមស្រមោលនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត
កាលពីពេលថ្មីៗនេះ តៃវ៉ាន់បានចេញសេចក្តីប្រកាសដែលកំណត់ទោសលើប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំដែលមានការឆបោក និងក្លែងបន្លំតាមអ៊ីនធឺណិតច្រើនជាងគេ ក្នុងនោះ មានដូចជា ឡាវ ថៃ វៀតណាម មីយ៉ានម៉ា និងកម្ពុជា ដែលត្រូវបានកំណត់ជាប្រទេសដែលមាន«ហានិភ័យខ្ពស់»ជាងគេបំផុត។ ក្នុងន័យការពារប្រជាពលរដ្ឋរបស់ខ្លួន ការិយាល័យអន្តោប្រវេសន៍ និងអាកាសចរណ៍របស់តៃវ៉ាន់ បានប្រកាសឱ្យប្រជាពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នពីការបោកប្រាស់ផ្សេងៗ និងផ្សព្វផ្សាយមិនធ្វើដំណើរមកកម្ពុជា។ រាល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតៃវ៉ាន់ តម្រូវឱ្យចូលរួមក្នុងការផ្សព្វផ្សាយអំពីបញ្ហានេះ។

ការណ៍នេះបានជំរុញឱ្យប្រជាជនតៃវ៉ាន់មានការយល់ច្រលំ និងគិតអវិជ្ជមានមកលើប្រទេសកម្ពុជា។ ការវាយតម្លៃមកលើប្រទេសកម្ពុជាដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយ និងការវាយតម្លៃលឿនពេកពីសំណាកតៃវ៉ាន់ គឺមិនបានឆ្លុះបញ្ជាំងអំពីទិដ្ឋភាពជាក់ស្ដែងនៃប្រទេសកម្ពុជានោះឡើយ។ ប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីប្រកាសព័ត៌មានខាងលើ ត្រូវបានប្រកាសជាសាធារណៈ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរកម្ពុជា បានសម្តែងនូវការមិនពេញចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃតៃវ៉ាន់។ លោកស្រីបញ្ជាក់ថា បញ្ហាឆបោក និងក្លែងបន្លំនៅតាមអ៊ីនធឺណិត គឺជាបញ្ហាសកល មិនគួរដាក់បន្ទុកមកលើប្រទេសកម្ពុជាចំៗបែបនេះឡើយ។
លោកជំទាវ បានបន្ថែមទៀតថា ការផ្សព្វផ្សាយនូវព័ត៌មានបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាខ្លាំង និងធ្វើឱ្យប្រទេសដែលជាដៃគូអភិវឌ្ឍរបស់កម្ពុជាមានការភ័ន្តច្រលំផងដែរ ហើយលោកជំទាវបានបញ្ចាក់ផងដែរថាព័ត៌មានទាំងនេះ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានភាពអយុត្តិធម៌ ដែលបង្កើតឱ្យមានការភ័ន្តច្រឡំដល់សាធារណៈជន និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃទៀត។

គេកត់សម្គាល់ថា ការយល់ឃើញរបស់បណ្តាញសង្គមតៃវ៉ាន់មកលើកម្ពុជា គឺជាប្រទេសដែលមានការឆបោក និងក្លែងបន្លំនៅតាមប្រព័ន្ធអ៊ីនធឺណិតខ្ពស់ជាងគេក្នុងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគេហទំព័រដ៏ល្បីមួយឈ្មោះថា «PTT» របស់តៃវ៉ាន់ គឺបានដាក់បញ្ចូលមាតិកាដោយមានភ្ជាប់ចំណងជើងថា «ការបោកប្រាស់នៅប្រទេសកម្ពុជា (CAMBODIA SCAMS)» រហូតដល់ទៅ២៧។ បណ្ដាញសង្គមរបស់តៃវ៉ាន់ បាន និងកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនមានភាពគ្រប់ជ្រុងជ្រោយខាងលើនេះផងដែរ ដោយពួកគេបានផ្សព្វផ្សាយថា ការធ្វើដំណើរមកកម្ពុជាដើម្បីបំពេញការងារ ឬក្នុងដំណើរទេសចរណ៍ នឹងប្រឈមនឹងបញ្ហាឆបោកជាក់ជាមិនខាន។
នៅក្នុងបណ្ដាញសង្គមតៃវ៉ាន់ គេបានប្រើប្រាស់ពាក្យ «កម្ពុជា» ប្រៀបទៅនឹងការឆបោក ដោយលើកយកសំណុំរឿងដែលកើតឡើងនៅក្នុងឆ្នាំ២០២២ នៅទីក្រុងតាយយាន កោះតៃវ៉ាន់ពាក់ព័ន្ធទៅនឹងការបោកប្រាស់បុគ្គលិកជនជាតិតៃវ៉ាន់ចំនួន ៦១នាក់ពីសំណាកប្រទេសកម្ពុជា។ បន្ថែមពីនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រយូធូបរបស់ជនជាតិតៃវ៉ាន់មួយដែលមានឈ្មោះថា «Goodnight Chicken» បានបង្ហោះវីដេអូមួយដែលនិយាយថាគាត់ត្រូវបានគេចាប់ពង្រត់ និងធ្វើបាបនៅក្នុងខេត្តព្រះសីហនុ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូចជាBBC, DW,RFA ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមការអង្កេតរបស់ក្រុមមន្រ្តីជំនាញបានបញ្ជាក់ថា “Goodnight Chicken” និងបក្ខពួក មានចេតនាធ្វើដំណើរមកកម្ពុជា ដើម្បីបង្កើតមាតិកាក្លែងក្លាយដើម្បីទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធអ៊ីនធឺណិត។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគេត្រូវបានកាត់ទោសពីបទ «ញុះញង់ និងបង្កភាពវឹកវរក្នុងសង្គម» និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល (១.០០០ ដុល្លារ)។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរមិនអត់ឱន និងប្រកាសដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកផលិតមាតិកាណាដែលមានចេតនាផលិតមាតិកាក្លែងក្លាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ការបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងមិនប្រាកដប្រជារបស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បាន និងកំពុងរុញច្រាន កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលពោរពេញទៅដោយការបោកប្រាស់ និងភាពក្លែងបន្លំទូទាំងផ្ទៃប្រទេសដែលហាក់ដូចជាខ្វះការគោរពមកលើកម្ពុជា និងផ្ទុយពីការពិតដែលកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏សម្បូរបែប និងកំពុងអបអរសាទរជាមួយនឹងសន្តិភាពយ៉ាងពេញលេញ។ ជាក់ស្ដែងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតរហូតទៅដល់ការបង្កើតឡើងនូវគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលជាក្រុមការងារពិសេសដឹកនាំ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។
ក្រៅពីប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ តៃវ៉ាន់ក៏ធ្លាប់បានវាយប្រហារមកលើប្រទេសកម្ពុជាដោយផ្ទាល់ពីស្ថាប័នសាធារណៈផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់បានបោះពុម្ពឯកសារមគ្គុទ្ទេសក៍វិនិយោគដោយបានរិះគន់កម្ពុជាចំៗ ចំពោះកម្រិតគ្រប់គ្រងរដ្ឋបាលទាបរបស់កម្ពុជា និងអំពើពុករលួយដែលតែងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលបានជះឥទ្ធិពលអវិជ្ជមានលើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយបណ្តាប្រទេសដទៃទៀត។ ការវាយតម្លៃទាំងអស់របស់តៃវ៉ាន ភាគច្រើនផ្អែកលើករណីបញ្ហាបុគ្គល ឬព័ត៌មានគ្មានប្រភពច្បាស់លាស់ ហើយកង្វះខាតការស្រាវជ្រាវស៊ីជម្រៅក៏ជាផ្នែកមួយដែលជាហេតុធ្វើឱ្យមានការភ័ន្តច្រលំ។ កិច្ចសហប្រតិបត្តិការកម្ពុជា-តៃវ៉ាន់ គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក យកចិត្តទុកដាក់ប្រកបដោយតុល្យភាព និងកិច្ចសន្ទនាបែបស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង និងបញ្ហាដែលអាចនឹងកើតមានឡើងបន្ថែមទៀតនាពេលខាងមុខ។

ដើម្បីកាត់បន្ថយការយល់ច្រលំរវាងគ្នា និងគ្នា ភាគីទាំងពីរគួរតែមានកិច្ចសន្ទនាជាមួយគ្នាដើម្បីជជែកវែកញែកឱ្យដាច់ស្រេចនិងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ តៃវ៉ាន់ គួរសិក្សាឱ្យបានស៊ីជម្រៅអំពីដើមចមនៃបញ្ហា និងអាចរាយការណ៍មករដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកដំណោះស្រាយរួមដែលជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្សព្វផ្សាយព័ត៌មានដែលមិនប្រឌិត និងគ្រប់ជ្រុងជ្រោយ ដោយមិនចោទប្រកាន់ប្រទេសណាមួយដោយគ្មានភស្តុតាងច្បាស់លាស់នោះឡើយ។ បន្ថែមពីនេះ សារព័ត៌មានកម្ពុជា និងតៃវ៉ាន់ គួរសហការគ្នាក្នុងការផ្តល់ព័ត៌មានពិត និងតម្លាភាពពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបញ្ហាសំខាន់ៗមួយចំនួន និងបង្កើនការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់ និងកាត់បន្ថយការជួញដូរមនុស្សនៅកម្ពុជា។

កម្ពុជាគប្បីជំរុញបន្ថែមទៀតនូវការផ្សព្វផ្សាយអំពីព័ត៌មានតាមរយៈការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគបរទេស និងកាត់បន្ថយអំពើពុករលួយ តាមរយៈការធ្វើកំណែទម្រង់ ក៏ដូចជាវប្បធម៌របស់ខ្លួនដល់សកលលោក និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដៃគូរដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែមទៀត។ ការផ្សព្វផ្សាយដោយភ្ជាប់ជាមួយនូវសារគន្លឹះ ដូចជា វិធានការបង្ក្រាបជនឆបោកតាមប្រព័ន្ធ អ៊ីនធឺណិត និងវិធានការទប់ស្កាត់នានា ដើម្បីកាត់បន្ថយការយល់ច្រលំ និងស្ដារឡើងវិញនូវជំនឿទុកចិត្តពីសំណាកប្រជាជនតៃវ៉ាន់ និងបណ្ដាប្រទេសដទៃទៀតដែលកំពុងមើលឃើញតែពីភាពអវិជ្ជមានរបស់កម្ពុជា ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យកម្ពុជាអាចស្តារឡើងវិញនូវទំនុកចិត្តទាំងក្នុងស្រុក និងក្រៅស្រុក ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះតម្លាភាពយុត្តិធម៌ និងនីតិរដ្ឋ ខណៈពេលដែលកំពុងដោះស្រាយបញ្ហាប្រឈមនៃការប្រឌិតព័ត៌មានមិនពិត៕
ដោយ៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង