Connect with us

អត្ថាធិប្បាយ

បណ្ឌិត គិន ភា៖ «ពេលដែលដំរីជល់គ្នា ងាប់ស្រមោចសង្អារ!»

បានផុស

នៅ

ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន បានកើនឡើងហួសពីការប្រជែងដណ្តើមឥទ្ធិពលសកល វាបានវិវត្តទៅជាល្បែងចាញ់-ចាញ់ ដែលផ្តល់ផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសតូចៗ។ ខណៈដែលប្រទេសមហាអំណាចទាំងពីរប្រើពាណិជ្ជកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធជាអាវុធ ដើម្បីបំផ្លាញគ្នាទៅវិញទៅមក បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម កំពុងត្រូវបានអូសចូលទៅក្នុងព្យុះសង្ឃរាមួយដែលពួកគេមិនបានបង្កើត។ ពន្ធគយចុងក្រោយបំផុតរបស់សហរដ្ឋអាម៉េរិកដែលដាក់ទៅលើការនាំចូលបន្ទះសូឡាពីប្រទេសទាំងនេះ រួមជាមួយនឹងការគំរាមកំហែងសងសឹករបស់ប្រទេសចិន បង្ហាញឱ្យឃើញពីរបៀបដែលការប្រកួតប្រជែងរបស់មហាអំណាចកំពុងធ្វើឱ្យមានអស្ថិរភាពដល់ការអភិវឌ្ឍ ធ្វើឱ្យខូចដល់គោលដៅអាកាសធាតុ និងលុបបំបាត់ចោលនូវគោលការណ៍ពហុភាគីនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនាពេលថ្មីៗនេះដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់នីតិវិធីដំឡើងអត្រាពន្ធលើការនាំចូលបន្ទះសូឡាពីប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Reuters បានបង្ហាញពីស្ថានការណ៍ដ៏គ្រោះថ្នាក់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន។ ក្នុងចំណោមប្រទេសទាំងនេះ កម្ពុជាប្រឈមនឹងការយកពន្ធលើសពី ៣,៥០០%។ នេះ ជាអត្រាពន្ធដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ការដំឡើងអត្រាពន្ធដ៏សែនខ្ពស់ហួសពពកបែបនេះ ត្រូវបានសហរដ្ឋអាម៉េរិកលើកយុត្តិកម្មដោយផ្អែកលើហេតុផលថា កម្ពុជាមិនបានសហការពេញលេញជាមួយនឹងការស៊ើបអង្កេតទាក់ទងនឹងការគេចវេសពន្ធដែលមានស្រាប់ទាក់ទងនឹងក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន។ ពន្ធគយទាំងនេះ មានគោលបំណងទប់ស្កាត់នូវអ្វីដែលសហរដ្ឋអាម៉េរិកមើលឃើញថា ជាការប៉ុនប៉ងរបស់ក្រុមហ៊ុនចិន ដើម្បីគេចវេសពន្ធដោយការបង្វែរទីតាំងផលិតកម្មតាមរយៈប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែ ធ្វើឱ្យប៉ះពាល់ដោយមិនសមាមាត្រចំពោះប្រទេសនានា ដូចជា កម្ពុជាដែលកំពុងខិតខំអភិវឌ្ឍឧស្សាហកម្មបៃតង និងធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ការសងសឹកយ៉ាងរហ័សរបស់ចិន ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Euronews ក៏ជាបញ្ហាប្រឈមដូចគ្នា។ ប្រទេសចិន បានប្តេជ្ញាចិត្តថា នឹងសងសឹកដល់ប្រទេសណាដែលគាំទ្រនូវអ្វីដែលខ្លួនកំណត់ថាជា«ឯកោនិយមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាម៉េរិក» (U.S.-led trade isolationism) ខណៈដាក់ពន្ធសងសឹកយ៉ាងឆាប់រហ័សលើការនាំចេញកសិផលពីអាស៊ីអាគ្នេយ៍ ដូចជា ធូរេនវៀតណាម និងអង្ករថៃ។ យុទ្ធសាស្ត្របែបនេះ ឆ្លុះបញ្ចាំងពីនយោបាយប្លុកសម័យសង្រ្គាមត្រជាក់ ដែលបង្ខំឱ្យប្រទេសនានា«ជ្រើសរើសភាគីណាមួយ»នៅក្នុងការប្រកួតប្រជែងទ្វេភាគ (ពីរប្លុកឬពីរប្រទេស)។ ផ្នត់គំនិតបែបនេះ ទុកលំហតិចតួចណាស់សម្រាប់ស្វ័យភាព ឬអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសតូចៗ ដែលភាគច្រើននៃពួកគេកំពុងព្យាយាមរក្សាអព្យាក្រឹតភាព និងផ្តោតលើវឌ្ឍនភាពក្នុងស្រុក។

នេះ ជាទ្វេគ្រោះដ៏សោកនាដកម្មដែលប្រទេសជាច្រើនកំពុងប្រឈមមុខសព្វថ្ងៃ។ ប្រជាជាតិទាំងអស់ រួមទាំង ប្រទេសដែលមានសេដ្ឋកិច្ចតូចតាច ដូចជា កម្ពុជា មិនចង់ឱ្យគេបង្ខំឱ្យជ្រើសរើសភាគីណាមួយឡើយ។ ប្រទេសទាំងអស់ចង់រក្សាទំនាក់ទំនងប្រកបដោយផលិតភាពជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ពីព្រោះប្រទេសទាំងពីរនេះ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់។ មិនខុសពីប្រទេសកំពុងអភិវឌ្ឍជាច្រើនផ្សេងទៀតទេ កម្ពុជាស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការចូលរួមដោយសន្តិវិធីជាមួយតួអង្គពិភពលោកទាំងអស់។ ការរំពឹងទុករបស់មហាអំណាចចង់ឱ្យប្រជាជាតិនានា ត្រូវតែនៅជាមួយតែភាគីម្ខាង បើពុំនោះ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្សេងៗ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ និងមិនអាចអនុវត្តបាន។

ស្ថានភាពគ្រោះថ្នាក់ គឺខ្ពស់បំផុតសម្រាប់ប្រទេសនានាក៏ដូចជាកម្ពុជា ដែលបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហូបនីយកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កំណើនសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស ហានិភ័យដែលបង្អាក់ការអភិវឌ្ឍរបស់ខ្លួន គឺមិនមែនដោយភាពទន់ខ្សោយខាងក្នុងទេ ប៉ុន្តែ គឺដោយសាររលកខាងក្រៅនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ។ ជាការណ៍ពិត យើងជាស្រមោចសង្អារ ឬជាស្មៅនៅក្រោមជើងដំរី។ ពាណិជ្ជកម្មគួរតែនិយាយអំពីផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនការប្រកាន់បក្សពួកនយោបាយ ឬការប្រកួតប្រជែងមនោគមវិជ្ជានោះទេ។ ក៏ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មកាន់តែក្លាយជាអាវុធមួយនៅក្នុងការតស៊ូដ៏ទូលំទូលាយសម្រាប់ឧត្តមភាពសកល។ ការអនុវត្តបែបនេះ ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានអនុញ្ញាតឱ្យប្រទេសតូចធំអាចចូលរួមដោយស្មើភាពគ្នាក្នុងសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នេះ ជាពេលវេលាដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវតែដើរតួនាទីឱ្យសកម្ម និងរឹងមាំបន្ថែមទៀត។ ក្នុងនាមជាអាណាព្យាបាលចម្បងនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ WTO ដែលត្រូវបានបង្កើតឡើង ដើម្បីបង្ការបែបផែនសេដ្ឋកិច្ចបែបគំរាមកំហែង និងឯកតោភាគីនិយមដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ យន្តការរបស់ WTO ដើម្បីដោះស្រាយវិវាទ ត្រួតពិនិត្យពាណិជ្ជកម្ម និងកំណត់បទដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់រក្សាការប្រកួតប្រជែងដោយយុត្តិធម៌ និងការពារសិទ្ធិរបស់សមាជិកទាំងអស់ ជាពិសេស ប្រទេសដែលងាយរងគ្រោះបំផុត។

ទោះជាបែបនេះក្តី សមត្ថភាពដំណើរការរបស់ WTO ត្រូវបានចុះខ្សោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយស្ថាប័នដោះស្រាយបណ្ដឹងរបស់ខ្លួនបានពិការបាត់ទៅហើយ, ហើយសមាជិកសំខាន់ៗរបស់អង្គការនេះ កំពុងបន្តសកម្មភាពពាណិជ្ជកម្មឯកតោភាគីដែលបំពានស្មារតី និងលិខិតូបករណ៍របស់ខ្លួន។ ប្រសិនបើពហុភាគីនិយមត្រូវតែរស់រានមានជីវិត និងរីកចម្រើន, WTO ត្រូវតែត្រូវបានផ្តល់អំណាច និងត្រូវតែកែទម្រង់ មិនមែនទុកចោលឱ្យនៅកៀនជញ្ជាំងបែបនេះទេ។ WTO ត្រូវតែជាវេទិកាដែលវិវាទអាចត្រូវបានដោះស្រាយបានដោយឈរលើច្បាប់ មិនមែនអំណាច ហើយជាកន្លែងដែលរដ្ឋតូចៗ មានសិទ្ធិ និងទទួលបានការការពារដូចៗគ្នាទៅនឹងរដ្ឋធំៗដែរ។

លើសពីនេះទៀត ស្ថានភាពបច្ចុប្បន្ន មានផលវិបាកហួសពីរឿងសេដ្ឋកិច្ចទៅទៀត។ នៅពេលដែលពាណិជ្ជកម្មក្លាយជាសមរភូមិ សកម្មភាពអាកាសធាតុនឹងក្លាយជាជនរងគ្រោះ។ ប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលបៃតង ដូចជា ការផលិតថាមពលពន្លឺព្រះអាទិត្យ ទាំងដើម្បីបំពេញតាមគោលដៅអាកាសធាតុផង និងដើម្បីជំរុញការបង្កើតការងារផង។ អត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើបន្ទះសូឡានេះគំរាមកំហែង បង្អាក់ដំណើរកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយធ្វើឱ្យផលិតផលរបស់យើងមានភាពប្រកួតប្រជែងតិចតួច បង្អាក់ការវិនិយោគ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ការប្រឈមមុខគ្នាដែលកំពុងកើនឡើងនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦៥០លាននាក់ មានការប្តេជ្ញាចិត្តជាយូរមកហើយចំពោះអព្យាក្រឹតភាព ការរួមរស់ដោយសន្តិភាព និងសមាហរណកម្មសេដ្ឋកិច្ច។ អាស៊ានក្នុងនាមជាប្លុកតំបន់បានផ្តល់អាទិភាពចំពោះ«មជ្ឈភាពអាស៊ាន» ក្នុងកិច្ចការតំបន់ក្នុងគោលបំណងដើរតួនាទីជាស្ពានរវាងមហាអំណាច មិនមែនជាសមរភូមិសម្រាប់មហិច្ឆតារបស់ពួកគេទេ។ ការបង្ខំឱ្យប្រទេសនានាជ្រើសរើសរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានតែធ្វើឱ្យខូចតុល្យភាពដ៏មានសារៈសំខាន់នេះ ហើយចាក់បញ្ចូលភាពប្រែប្រួលទៅក្នុងតំបន់ដែលគេឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងសុខសន្តិភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ទីបំផុត មហាអំណាចត្រូវតែទទួលស្គាល់ថា សកម្មភាពរបស់ពួកគេ គឺហួសពីព្រំដែនរបស់ពួកគេហើយ។ ការគណនាផលបូកសូន្យរបស់ពួកគេមិនមែនប៉ះពាល់តែពួកគេទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែ ប៉ះពាល់ដល់ប្រជាជាតិជាច្រើនដែលបំណងប្រាថ្នាតែមួយគត់របស់ខ្លួន គឺការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ប្រជាជនរបស់ខ្លួន។

ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសាកល ស្ថិតនៅលើមហាអំណាចធំៗដែលចាំបាច់ត្រូវតែបោះបង់ចោលល្បែងចាញ់-ឈ្នះដែលបម្រើតែផលប្រយោជន៍ខ្លួនឯង ហើយត្រូវមានការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយមានអង្គការសហប្រជាជាតិជាស្នូល។ ប្រជាជាតិទាំងអស់ រួមទាំងប្រទេសតូចៗ ដូចជាកម្ពុជា មានការប្តេជ្ញាចិត្តលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយបរិយាបន្ន ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានទុកឱ្យនៅឯកោ និងប្រឆាំងនឹងការបង្ខំឱ្យឈរនៅតែជាមួយភាគីម្ខាង។

ដូចដែលសុភាសិតខ្មែរយើងពោលថា«ពេលដំរីជល់គ្នា ងាប់ស្រមោចសង្អារ» គឺបានរំលឹកយើងថា ការប្រកួតប្រជែងរវាងមហាអំណាច គឺមិនមែនជាការប្រកួតអរូបីទេ ប៉ុន្តែ ជាកម្លាំងបំផ្លិចបំផ្លាញដែលកម្ទេចជីវភាពរស់នៅ ពង្រីកវិសមភាព និងបំផ្លាញអនាគតរួមរបស់យើង។ មាគ៌ាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ប្រកបដោយនិរន្តរភាព គឺស្ថិតនៅលើកិច្ចសហប្រតិបត្តិការ គឺមិនមែនស្ថិតនៅលើការប្រឈមមុខដាក់គ្នាទេ និងអនុញ្ញាតឱ្យប្រទេសទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូទាំងអស់។ សម្រាប់អាស៊ីអាគ្នេយ៍ ការរស់រានមានជីវិត និងវឌ្ឍនភាពអាស្រ័យទៅលើការរួបរួមគ្នា នាវានុវត្តន៍ និងការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះពហុភាគីនិយម។ ស្មៅ អាចត្រូវព្យុះបោកបក់ឱ្យបត់បែន តែមិនត្រូវបែកបាក់ទេ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អត្ថាធិប្បាយ២៤ វិនាទី មុន

បណ្ឌិត គិន ភា៖ «ពេលដែលដំរីជល់គ្នា ងាប់ស្រមោចសង្អារ!»

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ត្រីមាស​ដំបូង​ តំបន់ទេសចរណ៍ហ្លួងព្រះបាង​របស់​ឡាវ មាន​កំណើនទេសចរ​ជាង​៧២២​% ទទួលចំណូល​​ជាង ៥៨៤លានដុល្លារ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៣៧ នាទីutes មុន

ថ្ងៃទី២៣ មេសានេះ នាយករដ្ឋមន្រ្តីថៃ​​ ផ្តើមទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ៤២ នាទីutes មុន

ការជួញដូរឧបករណ៍និស្សន្ននៅកម្ពុជាមានទំហំជិត ១៩១លានដុល្លារកាលពីឆ្នាំមុន

ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម