Connect with us

កូវីដ-១៩

ពលរដ្ឋតំបន់បិទខ្ទប់គ្មានលទ្ធភាពទិញស្បៀង អាចរកជំនួយតាមវិធីនេះ

បានផុស

នៅ

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានបង្ហាញពីវិធីទទួលបានជំនួយស្បៀងទៅដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់។

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្តថា ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់ ហើយគ្មានលទ្ធភាពទិញស្បៀងដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម និងលក់ដោយអាជីវករឯកជន ពួកគាត់អាចជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឬក៏គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលហៅកាត់ថា “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម (Group Telegram) “តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)”។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់បន្តថា ប្រជាពលរដ្ឋក្រីក្រត្រូវការជំនួយទាំងនោះគ្រាន់តែបញ្ជាក់ឱ្យបានច្បាស់លាស់អំពី៖ ១. ស្ថានភាពមុខរបរ ២. ស្ថានភាពគ្រួសារ ៣. ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង ៤. ទីតាំងស្នាក់នៅ ដូចជា លេខផ្ទះ លេខផ្លូវ សង្កាត់ ខ័ណ្ឌ និង ៥. លេខទំនាក់ទំនង ដើម្បីទទួលបាននូវស្បៀងជំនួយសង្គម។ បន្ទាប់មក គណៈកម្មការ គ.ប.ខ. នឹងរៀបចំចាត់ចែងជូនតាមសំណូមពរជាបន្ទាន់ និងតាមការចាំបាច់។

គួរបញ្ជាក់ថា​ កន្លងមករាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី រួមទាំងសប្បុរសជននានាបានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង ព្រមទាំងវិធានការដែលត្រូវអនុវត្ត ការធ្វើចរាចរណ៍ ដល់ប្រជាពលរដ្ឋក្នុងតំបន់នីមួយៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម